ខណៈរដ្ឋាភិបាលកំពុងបើកយុទ្ធនាការបោសសម្អាតក្រុមក្មេងទំនើង ដោយចោទប្រកាន់ពួកគេថា ជាក្រុមបង្កអសន្តិសុខក្នុងសង្គមនោះ ពលរដ្ឋមួយចំនួនបានមើលឃើញបញ្ហាទាំងនេះ ពីជ្រុងម្ខាងទៀត ដោយពួកគាត់យល់ថា ក្រុមយុវជនទាំងនោះ ក៏ជាជនរងគ្រោះក្នុងបរិបទនៃសង្គមដែរ។ ពួកគាត់យល់ថា វិបត្តិសង្គមមួយនេះ គឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីកំហុសការដឹកនាំរបស់រដ្ឋាភិបាល ដែលគ្មានសមត្ថភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកឱ្យក្រុមហ៊ុនគ្រឿងស្រវឹងវាយលុកចូលក្នុងសង្គម និងបញ្ហាអំពើពុករលួយជាដើម។
នៅមុនដំណាច់ឆ្នាំ២០២៤ អាជ្ញាធរ សមត្ថកិច្ចនៅតាមបណ្ដាខេត្តក្រុង រាជធានី ហាក់មានភាពមមាញឹកក្នុងការបង្ក្រាបក្មេងទំនើង ដែលបង្កហិង្សា និងធ្វើសកម្មភាពបង្កអសន្តិសុខនៅតាមមូលដ្ឋាន។ នៅលើបណ្ដាញសង្គម គេឃើញមានក្រុមយុវជន ដែលភាគច្រើនមានអាយុចន្លោះពី១៤ ដល់ ២០ឆ្នាំ ខ្លះមានសាក់ពេញខ្លួន ត្រូវសមត្ថកិច្ចដាក់ខ្នោះដៃ កោរត្រងោល កាន់កាំបិត ដាវ និងដំបងជាដើមឈរវាស់កម្ពស់ ក្នុងនោះក៏មានក្មេងស្រីផងដែរ។
រូបភាពទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមពេញចិត្ត និងបានបញ្ចេញមតិបែបឌឺដង និងសើចចំអកដល់យុវជនទាំងនោះ ប៉ុន្តែមានពលរដ្ឋមួយចំនួនតូច បានបញ្ចេញមតិវិជ្ជមានដោយដាស់តឿន និងក្រើនរំលឹក ដោយចង់ឱ្យយុវជនទាំងនោះកែខ្លួន ពេលចេញពីពន្ធនាគារវិញ។ ពួកគាត់យល់ថា យុវជនទាំងនោះមិនមែនកើតមកក្លាយជាក្មេងទំនើងតាំងពីកំណើតមកនោះទេ ប៉ុន្តែគឺដោយសារពួកគេទទួលរងឥទ្ធិពលពីសង្គម ដែលរដ្ឋាភិបាលមើលរំលង។
ពលរដ្ឋនៅខេត្តបាត់ដំបង កញ្ញា ស៊ុន ស្រីនិច ប្រាប់វិទ្យុអាស៊ីសេរីថា ក្មេងៗមួយចំនួនក្នុងសហគមន៍របស់កញ្ញាបានក្លាយជាក្មេងទំនើង ដោយសារអាណាព្យាបាលមិនបានអប់រំ ព្រោះពួកគាត់គិតតែលេងល្បែងស៊ីសង និងទទួលទានគ្រឿងស្រវឹង។ កញ្ញាប្រាប់ថា យុវជនមួយចំនួនទៀត បានក្លាយជាក្មេងទំនើង បន្ទាប់ពីឈប់រៀន ដោយសារខ្វះលទ្ធភាព ដោយសារគ្រូបង្រៀនមួយចំនួន ដាក់សម្ពាធឱ្យរៀនគួក្រៅម៉ោង ដែលធ្វើឱ្យពួកគេបោះបង់ការសិក្សាទាំងវ័យក្មេង និងសេពគប់ជាមួយក្រុមជើងកាង។
កញ្ញា ស៊ុន ស្រីនិច៖«មកពីសង្គមក្នុងគ្រួសារហ្នឹងម្ដាយឪពុកហ្នឹងអ្នកខ្លះគាត់រវល់ទៅលេងល្បែង អ្នកខ្លះរវល់ទៅស្រែចម្ការរវល់តែអត់មានអីហូបហ្នឹង បានគាត់ទៅចោលបាត់ៗទៅ បណ្ដោយឱ្យកូនទៅរៀនទៅ។ ដល់ពេលកូនទៅរៀន វាជួបបរិបទនៅសាលាដូចជាវាមានបញ្ហារៀនគួ បញ្ហាមិត្តភ័ក្ដិគេមានជាង ឬក៏ខ្លួនក្រជាងគេ គេរើសអើងអ៊ីចឹងទៅ ក៏កើតទៅជាមានបញ្ហាក្មេងទំនើង»។
ភាគច្រើនយុវជនក្លាយជាក្មេងទំនើង ក្រោយពេលពួកគេឡើងថ្នាក់អនុវិទ្យាល័យ ដែលជាឱកាសធ្វើឱ្យពួកគេបានរាប់អានមិត្តភ័ក្ដិវ័យជំទង់ៗ។ ក៏ប៉ុន្តែ នៅក្នុងកម្រិតឌីប្លូមនេះ គ្រូបង្រៀននៅតាមសាលាមួយចំនួន បានដាក់សម្ពាធឱ្យសិស្សរៀនគួពីព្រលឹម ដល់ព្រលប់ ដោយយកមេរៀនក្នុងម៉ោងរៀនគួដាក់ក្នុងវិញ្ញាសាប្រឡង។ បញ្ហានេះបានធ្វើឱ្យសិស្សមួយចំនួនចាប់ផ្ដើមគេចម៉ោងរៀន ហើយលង់តាមការអូសទាញរបស់មិត្តភ័ក្ដិ បង្កើតបក្ខពួកបង្កហិង្សានៅតាមទីសាធារណៈ រហូតដល់មានអ្នកខ្លះឈានដល់ការសេពគ្រឿងញៀនទៀតផង។
ពលរដ្ឋនៅរាជធានីភ្នំពេញ កញ្ញា ខែម ស្រីមុំ យល់ឃើញថា បញ្ហាដែលនាំឱ្យយុវជនក្លាយជាក្មេងទំនើង គឺបណ្ដាលមកពីកត្តាផ្ទាល់ខ្លួន កំហុសរបស់អាណាព្យាបាលដែលមិនបានអប់រំកូន បរិបទសង្គម និងកំហុសនៃការដឹកនាំរបស់រដ្ឋាភិបាល ដែលបើកឱ្យគ្រឿងស្រវឹង និងគ្រឿងញៀន ស្ថិតនៅកៀកជាមួយយុវជន។
កញ្ញា ខែម ស្រីមុំ៖«យើងគិតមើលពីឫសគល់ប្រសិនថាហេតុអ្វីសម្បូរក្មេងទំនើងម្ល៉េះ វាមកពីអ្វី?ដោះស្រាយបញ្ហាហ្នឹងទៅ ស្រាវជ្រាវទៅ គ្រឿងញៀន គ្រឿងស្រវឹង គ្រឿងអីផ្សេងៗវាលាយឡំចូលគ្នា ដោះស្រាយបញ្ហាហ្នឹងមុនមក។ បន្ទាប់មកយើងដោះស្រាយទៅ យើងយកគាត់ទៅអប់រំ កែប្រែឬក៏ដាក់ទោសតាមកម្រិតបែបណា អប់រំបែបណា ឱ្យគាត់កែប្រែចេញមកជាធនធានមនុស្សវិញ មិនមែនមកចាប់គ្នា ច្បាប់ចេញមកដាក់គុកកុំឱ្យលែងអីឯណា អត់ទេ។ អ្នកដឹកនាំប្រទេស អ្នកឯងត្រូវការធនធានមនុស្សសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ»។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋមួយចំនួនបានរិះគន់ថា ការអនុវត្តច្បាប់ទៅលើក្មេងទំនើងរបស់អាជ្ញាធរមួយចំនួន មិនប្រកបដោយសុភវិនិច្ឆ័យ និងរំលោភសិទ្ធិ ដោយអាជ្ញាធរចោទប្រកាន់ និងចាប់ខ្លួនយុវជនស្លូតត្រង់យកទៅធ្វើទារុណកម្ម និងបង្ខំឱ្យទទួលស្គាល់ខ្លួនឯងថាជាក្មេងទំនើងជាដើម។
ក្នុងនោះ ពលរដ្ឋនៅសង្កាត់ក្របីរៀល ក្រុងសៀមរាប លោក ហង់ វឿន បានអះអាងថា កូនប្រុសរបស់លោក ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទថាជាក្មេងទំនើង និងកាត់ទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំដោយសាររូបគេបានជាន់ដានក្រុមក្មេងស្ទាវដែលបង្កហិង្សានោះក្បែរនោះ ហើយត្រូវអាជ្ញាធរចាប់ខ្លួនដោយទៅជាមួយ។ លោក ហង់ វឿន លើកឡើងថា ការអនុវត្តច្បាប់របស់អាជ្ញាធរ បានធ្វើឱ្យកូនប្រុសរបស់លោកដែលមានអាយុ ១៦ឆ្នាំ ជួបរឿងអយុត្តិធម៌ត្រួតលើគ្នា ដោយត្រូវអាជ្ញាធរចោទប្រកាន់ទាំងគ្មានភស្តុតាងរឹងមាំ ត្រូវអាជ្ញាធរធ្វើទារុណកម្មរហូតដល់សន្លប់ ដើម្បីបង្ខំឱ្យទទួលយកការចោទប្រកាន់ ហើយត្រូវតុលាការ សម្រេចកាត់ទោស ទាំងមិនបានស្រាវជ្រាវថែមទៀត។
លោក ហង់ វឿន៖«កូនខ្ញុំគ្មានជាតិញៀនជាតិអីទេ ពួកវាគ្នាបីនាក់ហ្នឹងអត់ទេ កូនខ្ញុំទៅរៀនរាល់ថ្ងៃហ្នឹង។ ពេលព្រលប់ឡើងវាមកលេងបាល់មួយសិច ពីរសិចវាទៅផ្ទះវិញខ្ញុំនិងពួកហ្នឹងមិនចេះផឹកផងហ្នឹង»។
លោក ហង់ វឿន ថ្លែងថា វិធានការរបស់អាជ្ញាធរនេះ បានធ្វើឱ្យប្ដីប្រពន្ធលោកស្រក់ទឹកភ្នែក ដោយការអនុវត្តដែលហួសដែនកំណត់ពីច្បាប់នេះ នឹងធ្វើឱ្យកូនរបស់ពួកគាត់ប៉ះទង្គិចផ្លូវចិត្ត ផ្លូវកាយ ខាតបង់ការរៀនសូត្រ និងទទួលរងការរើសអើងនៅពេលចេញពីពន្ធនាគារវិញ។
ទាក់ទិនករណីអាជ្ញាធរចាប់ខ្លួនកូនប្រុសលោក ហង់ វឿន នេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលក្រុងសៀមរាប លោក ដា ចំរើន និងនាយប៉ុស្តិ៍នគរបាលសង្កាត់ក្របីរៀល លោក សឿន សីហា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល។
យ៉ាងណាមិញ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់វិទ្យុអាស៊ីសេរី ថា អាណាព្យាបាលយុវជន អាចដាក់ពាក្យប្ដឹងមន្ត្រីសមត្ថកិច្ច ទៅកាន់ព្រះរាជអាជ្ញាដើម្បីស៊ើបអង្កេតឡើងវិញ ប្រសិនបើមានករណីធ្វើទារុណកម្មបង្ខំឱ្យទទួលយកការចោទប្រកាន់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែធ្នូ។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រកាលពីថ្ងៃទី២៦ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរនៅគ្រប់រាជធានីខេត្ត បន្តចាត់វិធានការច្បាប់ ដោយគ្មានការលើកលែងចំពោះករណីក្មេងទំនើងដែលបង្កហិង្សាដាក់គ្នា។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងយុត្តិធម៌ ធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទម្ងន់ទោសបន្ថែមទៀតចំពោះក្មេងទំនើង ដើម្បីឱ្យពួកគេរាងចាល និងខ្លាចរអា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា នារយៈពេលប្រមាណ ៧ខែមកនេះ អាជ្ញាធរបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេសចំនួនជិត ៧រយសំណុំរឿង ឃុំខ្លួនចំនួនជាង ៣ពាន់នាក់ និងកាត់ទោសចំនួនជាង ២ពាន់នាក់។
បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជានេះមក ស្នងការដ្ឋាននៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស បានចេញប្រតិបត្តិការតាមប្រមាញ់ក្មេងទំនើង គ្រប់ច្រកល្ហក និងចាប់ខ្លួនយកមកសួរចម្លើយនៅប៉ុស្តិ៍នគរបាល និងបង្ហោះតាមហ្វេសប៊ុករបស់ស្ថាប័ន។ ទោះជាបែបនេះក្ដី មតិពលរដ្ឋមួយចំនួនលើកឡើងថា ការចាត់វិធានការនេះ គឺធ្វើឱ្យតែល្អមើល និងដើម្បីផ្គាប់តាមបញ្ជារបស់មេដឹកនាំ ខណៈកន្លងមក អាជ្ញាធរមិនសូវខ្វល់ខ្វាយពីករណីក្មេងទំនើងបង្កហិង្សា និងប្រព្រឹត្តបទល្មើសនោះឡើយ។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សាទរចំណាត់ការនេះ តែយ៉ាងណាលោកស្នើឱ្យរដ្ឋាភិបាលពិនិត្យ និងពង្រឹងបន្ថែមទៀត លើការអនុវត្តរបស់ស្ថាប័នពាក់ព័ន្ធ និងលើកកម្ពស់វិស័យអប់រំឱ្យក្លាយជាកន្លែងបណ្ដុះធនធានមនុស្សប្រកបដោយគុណភាព និងតម្លាភាព។ លោកបន្តថា ការដាក់ទោសទណ្ឌលើក្មេងទំនើងជារឿងត្រូវតែធ្វើ តែរដ្ឋាភិបាលត្រូវដុសខាត់ពួកគេឱ្យក្លាយជាមនុស្សល្អ និងមានជំនាញផ្សេងៗ ដើម្បីឱ្យពួកគេមកអភិវឌ្ឍប្រទេសជាតិពេលមានសេរីភាពវិញ។
លោក សេក សុជាតិ៖«វាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកនៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជន ឱ្យឆ្ពោះទៅរកភាពវិជ្ជមាន និងរីកចម្រើន ជាជាងការដាក់ទណ្ឌកម្មតែម្យ៉ាងគឺវាមិនល្អនោះទេ»។
ពលរដ្ឋលើកឡើងថា ការបង្ក្រាបបានច្រើនតែបរិមាណ និងគ្មានចំណាត់ការឱ្យចំឫសគល់នៃបញ្ហាបែបនេះ មិនអាចធានាពីប្រសិទ្ធភាពយូរអង្វែងនៃការបង្ក្រាបក្មេងទំនើងបានឡើយ ដែលប្រៀបបាននឹងការចាប់ក្ដាមដាក់ចង្អេរដូច្នោះដែរ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលលុបបំបាត់ការជួញដូរគ្រឿងញៀន រឹតបន្តឹងការចរាចរគ្រឿងស្រវឹង និងធ្វើឱ្យសាលារៀនក្លាយជាកន្លែងអប់រំដែលគ្មានអំពើពុករលួយ ទើបអាចកសាងធនធានមនុស្សជំនាន់ក្រោយដោយគ្មានភាពទំនើងនៅក្នុងខ្លួនពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។