ពលរដ្ឋ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រីក​សេវា​រថយន្តក្រុង​សាធារណៈ​នៅ​តាម​ខេត្ត

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រីក​ទិសដៅ និង​សេវា​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅតាម​ខេត្ត​ក្រុង​នានា​បន្ថែម​ទៀត ដើម្បី​កាត់បន្ថយ​ការ​ចំណាយ ពោល​គឺ​មិន​ត្រឹមតែ​ផ្ដល់​សេវា​រថយន្ត​ក្រុង​ដោយ​ឥតគិតថ្លៃ​ក្នុង​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ពង្រីក​វិស័យ​ដឹកជញ្ជូន​សាធារណៈ នឹង​ធ្វើ​ឱ្យ​ការ​សេវា​ដឹកជញ្ជូន​នៅ​កម្ពុជា​មាន​ការ​ល្អ​ប្រសើរ និង​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ។

បន្ទាប់​ពី​រដ្ឋបាល​ក្រុង​ភ្នំពេញ បញ្ចេញ​ឡាន​ក្រុង​សាធារណៈ​ជិត ៣០០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅ​បណ្ដា​ខេត្ត​នានា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ​ថា រដ្ឋាភិបាល ​គួរតែ​ពង្រីក​សេវា​នេះ​ទៅ​គ្រប់​ខេត្ត​ក្រុង ដើម្បី​សម្រួល​ទៅដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ មាន​ដើមកំណើត​មកពី​ខេត្ត​កោះកុង កញ្ញា​ រុំ ស្រីណាត ​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២០ មេសា ​ថា កញ្ញា​ធ្លាប់​ជិះ​ឡាន​ក្រុង​សាធារណៈ​ច្រើន​ដង ដោយសារតែ​វា​មាន​តម្លៃ​សមរម្យ និង​មាន​ផាសុកភាព។ កញ្ញា​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ពង្រីក​សេវា​រថយន្តក្រុង​ទៅតាម​បណ្ដា​ខេត្ត​នានា នោះ​វា​នឹង​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​បាន​ច្រើន ជាពិសេស​សម្រាប់​អាជីវករ​ដែល​ឡើងចុះ​មក​លក់ដូរ​ទំនិញ​នៅ​រាជធានី​ភ្នំពេញ។

កញ្ញា រុំ ស្រីណាត៖«សម្រាប់​អ្នក​ដែល​គ្នា​ខ្សត់ខ្សោយ ដែល​ត្រូវ​ការ​ឡើងចុះ​ភ្នំពេញ​ញឹកញាប់ ឬក៏​ជា​អាជីវករ​មួយ​ចំនួន​អី​គាត់​អាច​ប្រើប្រាស់​សេវាកម្ម​(រថយន្ត)​រដ្ឋ​ហ្នឹង​គឺ​វា​ល្អ​ម្យ៉ាង​ដែរ។ បើសិនជា​អាច​ធ្វើ​បាន​គឺ​ជួយ​ច្រើន​ដល់​ប្រជាពលរដ្ឋ ព្រោះ​យើង​ដឹង​ស្រាប់ ហើយ​ឡាន​ទៅមក​ចំណាយ​ជួនកាល​អាច​ថា លើស​ពី​អ្វី​ដែល​ពួកគាត់​អាច​​​រក​បាន​ក្នុងមួយថ្ងៃ​ទៀត»។

ស្រដៀង​គ្នា​នេះ និស្សិត​មួយ​រូប​ដែល​កំពុង​សិក្សា​ក្នុង​រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះវិហារ កញ្ញា​ ប៉ូលីណា ឱ្យ​ដឹង​ថា សេវា​រថយន្តក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ មាន​ភាព​ល្អ​ប្រសើរ​ទាំង​ការ​បើកបរ និង​សុវត្ថិភាព។ កញ្ញា​យល់​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ពង្រីក​សេវា​រថយន្ត​នេះ ទៅតាម​បណ្ដា​ខេត្ត ក្រៅតែ​ពី​ថ្ងៃបុណ្យ​ជាតិ​ធំៗ នោះ​វា​នឹង​ចូល​រួមចំណែក​ពន្លឿន​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​សេវា​ដឹកជញ្ជូន​ឯកជន​ដែល​មាន​តម្លៃ​ថ្លៃ។

កញ្ញា​ ប៉ូលីណា៖ «បើសិនជា​មាន​ទៅតាម​ខេត្ត​ផ្សេងៗ ក្រៅពី​បុណ្យភ្ជុំបិណ្ឌ ឬ​បុណ្យទាន​អី​ផ្សេងៗ អាច​និយាយ​ថា មាន​ជា​រៀងរាល់ថ្ងៃ នោះ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ក៏​តិច ការ​ធ្វើដំណើរ​របស់​ពួកគាត់​ក៏​ងាយស្រួល ដោយសារ​ថា​ឥឡូវនេះ​បញ្ហា​ថ្លៃ​ឡានឈ្នួល​ទៅតាម​ខេត្ត​មានការ​ចំណាយ​ច្រើន​អាច​ពី ៣ម៉ឺន​រៀល(៣០.០០០) ឬ​២០ដុល្លារ​ជាដើម»។

នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្តក្រុង​ចំនួន ៣៤៥​គ្រឿង សម្រាប់​ដឹក​អ្នកដំណើរ ដោយ​បែងចែក ៧០​គ្រឿង​ដឹកជញ្ជូន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​២៧៥គ្រឿង​ទៀត សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​មួយ​ចំនួន។

របាយការណ៍​របស់​អាជ្ញាធរ​ឱ្យ​ដឹង​ថា ក្នុងរយៈពេល​៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី១៣ ​ដល់​១៧ ​មេសា ​នៃ​ការ​ផ្ដល់​សេវា​ដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​នេះ មាន​ពលរដ្ឋ​ជិត​៥ម៉ឺន​នាក់(៥០.០០០)​បាន​មក​ទទួល​សេវា​រថយន្តក្រុង​សាធារណៈ​នេះ។

អាជ្ញាធរ​បញ្ជាក់​ថា ការ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​ឥតគិតថ្លៃ​នេះ គឺជា​ការចូលរួម​ចំណែក​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ​មួយ​កម្រិត។ ប៉ុន្តែ​អ្នក​តាមដាន​បញ្ហា​សង្គម​យល់ឃើញ​ថា នេះ​គឺជា​ការ​ទាញ​យក​ផលប្រយោជន៍ និង​ទិញ​ទឹកចិត្ត​ពលរដ្ឋ​នៅមុន​ការបោះឆ្នោត ព្រោះ​កន្លងមក​រដ្ឋាភិបាល​មិនសូវ​យកចិត្តទុកដាក់​ពង្រឹង​វិស័យ​ដឹកជញ្ជូន​សាធារណៈ​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ សង្កេត​ឃើញ​ថា​ ​សេវា​ដឹក​ជញ្ជួន​នៅ​កម្ពុជា ភាគច្រើន​សម្បូរ​តែ​វិស័យ​ឯកជន ចំណែក​សេវា​ដឹកជញ្ជូន​សាធារណៈ​វិញ រដ្ឋាភិបាល​នៅ​មិនទាន់​ពង្រីក​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ លោក​យល់​ឃើញ​ថា ការពង្រីក​សេវា​ដឹកជញ្ជូន​របស់​រដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត គឺជា​រឿង​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេវា​ដឹកជញ្ជូន​ឯកជន​តាមរយៈ​ការប្រកួតប្រជែង​ទៅលើ​តម្លៃ និង​សេវាកម្ម ហើយ​ពលរដ្ឋ​ជា​អ្នកទទួល​បាន​ផលប្រយោជន៍។

លោក សន ជ័យ៖ «ខ្ញុំ​គិត​ថា បើ​កម្ពុជា​មាន​សេវា​រថយន្តក្រុង​របស់​រដ្ឋ​សម្រាប់​ធ្វើដំណើរ​ឆ្លង​ខេត្ត​គឺជា​រឿង​ល្អ​មួយ។ គួរតែ​សាកល្បង​មើល​ទៅ ដើម្បី​ឱ្យ​ពលរដ្ឋ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​សេវាកម្ម​ឡាន​ក្រុង​របស់​រដ្ឋ»។

សេវា​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) ​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ដំណើរការ​ពី​ម៉ោង៥ ​កន្លះ​ព្រឹក ដល់ម៉ោង៨ ​កន្លះ​យប់​ដោយ​តម្លៃ​សំបុត្រ១៥០០ ​រៀល​ក្នុង​ម្នាក់ ឬ​១លើក ​ហើយ​តម្លៃ​នេះ​ត្រូវ​បាន​លើកលែង​ចំពោះ​ព្រះសង្ឃ ជន​ចាស់ជរា ជន​ពិការ កម្មករ កម្មការិនី សិស្ស និស្សិត និង​កុមារ​ដែល​មាន​កម្ពស់​ក្រោម១​ម៉ែត្រ។
ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រីក​វិស័យ​ដឹកជញ្ជូន​សាធារណៈ​របស់​រដ្ឋ​ ឱ្យ​បាន​គ្រប់​ខេត្ត​ក្រុង ដើម្បី​ការ​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ កាត់បន្ថយ​ការ​កក​ស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។