ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខ្មែរ​ថា មិន​ជួយ​​​ដល់​ពលករ​ខ្មែរ​​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​គុក​នៅ​តំបន់​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ

ពលរដ្ឋ​មួយ​ចំនួន​ រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា មិន​អើពើ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​​​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ដោយសារ​ពួកគេ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​​ជាប់​ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ​។ ប្រតិកម្ម​របស់​ពលករ​​នេះ ​ធ្វើ​​ឡើង​ក្រោយ​ពី​​​ពួកគេ​​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​​ពន្ធនាគារ​​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ​យ៉ាង​លំបាក​វេទនា ហើយ​ពុំ​មាន​អាជ្ញាធរ​ខ្មែរ​​​ជួយ​​ដល់​ពួកគាត់​​ឡើយ។

ពលរដ្ឋ​ដែល​​អាជ្ញាធរ​ថៃ​ទើប​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ​​ថ្លែង​ថា ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​ឃុំ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ។

ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​លោក សួរ ពិសិដ្ឋ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា​ថា លោក និង​ពលករ​ខ្មែរ​ចំនួន ៧នាក់ ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ដាក់​គុក​នៅ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះ​កែវ (Sra kao) រយៈ​ពេល ៤ថ្ងៃ​យ៉ាង​លំបាក​វេទនា​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ ។ ពលករ​​វ័យ​៣៧​ឆ្នាំ​រូប​នេះ បន្ត​ថា ​នៅ​ក្នុង​គុក​នោះ​មាន​ពលករ​ខ្មែរ​ប្រមាណ ៥០នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ក្នុង​ពេល​ពួកគេ​ធ្វើ​ដំណើរ​ឆ្លងដែន​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះ​កែវ​ដែរ។ លោក​បន្ថែម​ថា អាជ្ញាធរ​ថៃ​បាន​ឃុំឃាំង​ពួក​លោក​ក្នុង​គុក​ណែន​ចង្អៀត និង​ផ្ដល់​អាហារ​ហូប​ចុក​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ៖ «បើ​អត់​មាន​លុយ​សម្រាប់​ទិញ​បាយ​ហូប​ទេ​គឺ​លំបាក​ខ្លាំង​ នៅ​ថ្ងៃ​ចុង​ក្រោយ​មួយ​ថ្ងៃ​ពេញ​គឺ​វា​អត់​ឱ្យ​បាយ​ហូប​បណ្ដោយ។ ពេល​ហ្នឹង​ខ្ញុំ​រត់​បាន​ប្រហែល​ជា​ ២០​ម៉ែត្រ​ដែរ​ប៉ុន្តែ​ដល់​ពេល​គេ​បាញ់​កេត​ស្លឹកត្រចៀក ហើយ​គេ​ស្រែក​ថា បើ​រត់​គេ​បាញ់​សម្លាប់​ចោល ខ្ញុំ​ខ្លាច​ព្រោះ​អី​ឃើញ​ល្ហើយ​ស្លឹក​ត្រចៀក ខ្ញុំ​ក៏​ខ្ជិល​រត់​បណ្ដោយ​ទៅ។ វេទនា​ខ្លាំង​ជាង​សម័យ​មុន​ទៅ​ សម័យ​នេះ​មិន​គួរ​ដល់​ថ្នាក់​​ហ្នឹង​ ឥឡូវ​វា​ចង់​លើស​​ពី​មុន​ទៅ​ទៀត។ បង​ឯង​គិត​មើល​គ្នា​សំពះ​ឡើង​ដល់​បាត​ជើង​ហើយ​ ទាត់​គ្នា​ឡើង​ដួល​និយាយ​ទៅ​​ពីរ​នាក់​ទាត់​ម្នាក់​គិត​មើល​ទៅ »

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ទើប​​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ លោក​ស្រី ច្រឹប ណាវីន ថ្លែង​ថា ​លោក​ស្រី​ និង​ពលករ​ខ្មែរ​​​ជិត​ ២០​នាក់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ដាក់​​គុក​​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះ​កែវ​រយៈ​ពេល ៣ថ្ងៃ។ លោក​ស្រី​បន្ត​ថា ​អាជ្ញាធរ​ថៃ​បាន​បង្ខំ​ឱ្យ​ពួក​លោក​ស្រី​បង់​ប្រាក់​ម្នាក់​៦ពាន់​បាត ឬ​ស្មើ​ប្រមាណ ១៩០ដុល្លារ ជា​ថ្នូរ​ចាប់​ពួកគេ​ត្រឡប់​មក​កម្ពុជា​វិញ​​កាល​ពី​ថ្ងៃ​ទី១៥ វិច្ឆិកា៖ «គេ​ថា បើ​សិន​ជា​យើង​មិន​បង់​លុយ​យើង​នឹង​ត្រូវ​ជាប់​គុក​ ២​ខែ ទៅ​ ៣​ខែ​ បើ​មាន​លើក​ទី​២​ លើក​ទី​៣​ ទោស​យើង​កាន់​តែ​ធ្ងន់​ គេ​ថា​ យើង​ទៅ​ខុស​​ច្បាប់​។ ​ប្រឈម​តឹងរ៉ឹង​មែន​​ ចុះ​បើ​យើង​ជំពាក់​ធនាគារ​យើង​មិន​ដឹង​ធ្វើ​ម៉េច​​ទៅ​រក​ណា​បាន​រក​ស្រុក​ខ្មែរ​អត់​មាន​ការងារ​ធ្វើ ហើយ​ស្រូវ​លិច​ទឹក​អស់​អីចឹង »

ពលករ​ទាំង​នេះ​​ឆ្លង​ដែន​​ទៅ​ប្រទេស​ថៃ​ខុស​ច្បាប់ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក​ ហើយ​​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​នៅ​តំបន់​ព្រំដែន​ជាប់​ខេត្ត​បន្ទាយមានជ័យ។ ពួក​គាត់​សង្កេត​ឃើញ​ថា ​ពលករ​ខ្លះ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​វាយ​ទាត់​ធាក់​ដួល​សន្លប់​ ដោយសារ​ពួកគេ​រត់​គេច​ត្រឡប់​មក​កម្ពុជា ​ហើយ​ត្រូវ​​ទាហាន​ថៃ​ដេញ​បាញ់​ស្ទាក់​ចាប់​បាន។ ពួក​គេ​អះអាង​ថា បើ​ទោះ​បី​ជា​មាន​ពលករ​ខ្មែរ​​ជា​ច្រើន​នាក់​​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​និង​វាយ​ធ្វើ​បាប​យ៉ាង​នេះ​ក្ដី​ក៏​ពុំ​មាន​មន្ត្រី​ស្ថានទូត​ និង​អាជ្ញាធរ​ខ្មែរ​ណា​​ចុះ​សួរ​សុខទុក្ខ និង​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ឡើយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​​ការពារ​ព្រំដែន​ លោក អ៊ុំ សុផល​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​ពលករ​ដែល​ថៃ​ចាប់​ខ្លួន​នៅ​តំបន់​ព្រំដែន​ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​​​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ​ ក្រោយ​ពេល​សាកសួរ​​ពួកគេ​ធ្វើ​កំណត់​ហេតុ​រួច​រាល់​​។​ ចំពោះ​​ករណី​ដែល​ថា​អាជ្ញាធរ​ថៃ​វាយ​ធ្វើ​ធ្វើ​បាប​ពលករ​​នោះ​ លោក​ថា ពុំ​ទទួល​ព័ត៌មាន​​​ជុំ​វិញ​រឿង​នេះ​នៅ​ឡើយ​ទេ៖ «អត់​ទេ​ដូច​អត់​មាន​ទេ ខ្ញុំ​អត់​បាន​សួរ​ព័ត៌មាន​នឹង​ដែរ។ ប៉ុន្តែ​កាល​ដែល​ខ្ញុំ​ទំនាក់ទំនង​ទៅ​ថៃ​ហ្នឹង​គាត់​ចាប់​អត់​ទុក​ទេ​ ចាប់​ហើយ​គាត់​បញ្ជូន​មក​វិញ​ភ្លាម។ លុះ​ត្រា​ណា​តែ​គាត់​ចាប់​បាន​មេខ្យល់​​ខាង​ថៃ​ ដែល​គាត់​នាំ​មនុស្ស​ឆ្លង​ដែន​បាន​គាត់​ទុក​ បើ​សិន​អត់​ចាប់​បាន​មេខ្យល់​ដឹក​ជញ្ជូន​ទេ​គាត់​អត់​ទុក​ទេ​ គាត់​បញ្ជូន​មក​វិញ​ភ្លាម »

មេ​ប៉ូលិស​ផ្កាយ​ ១​​រូប​នេះ​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​​ដដែល​នេះ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង ​៦០​នាក់​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​​របៀង​ព្រំដែន​អូរបីជាន់​ ស្រុក​អូរជ្រៅ​និង​ច្រក​របៀង​ព្រំដែន​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង មន្ត្រី​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​អំពី​ការ​រិះគន់​​របស់​ក្រុម​ពលករ​ទាំង​នោះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៩ វិច្ឆិកា។

ជុំ​វិញ​រឿង​នេះ​មន្ត្រី​ផ្នែក​ការពារ​សិទ្ធ​ពលករ​ចំណាក​ស្រុក នៃ​អង្គការ​សង់​ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុន ​សង្កេត​ឃើញ​ថា អំឡុង​ពេល​នេះ​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​កាន់​តែ​ច្រើន​ឡើង ដោយសារ​ពួកគេ​អត់​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក និង​ជំពាក់​ប្រាក់​ធនាគារ។ លោក​យល់​ថា ការណ៍​ដែល​អាជ្ញាធរ​ថៃ​វាយ​ធ្វើ​បាប​ពលករ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ដោយសារ​ការ​អត់​ឃ្លាន​នេះ​ជា​ទង្វើ​អមនុស្សធម៌ និង​ជា​ការ​រំលោភ​សិទ្ធិមនុស្ស។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ និយាយ​ថា ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ឱ្យ​បញ្ឈប់​វាយ​ដុំ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​បន្ត​ទៀត និង​ស្នើ​ឱ្យ​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ភ្លាមៗ ក្រោយ​ពេល​ចាប់​ខ្លួន៖ «គួរ​ណា​តែ​សម្រួល​ហើយ​ឱ្យ​ពលករ​គាត់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​សន្តិវិធី​ ដើម្បី​ឱ្យ​ពូក​គាត់​ចូល​មក​ថៃ​ដោយ​ស្របច្បាប់​។ ​សម្រាប់​ពលករ​ដែរ​ គឺ​គេ​មិន​ទាន់​បើក​ឱ្យ​មក​ខុស​ច្បាប់​ទេ​ យើង​រង់ចាំ​មើល​ថា​តើ​​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បើក​ច្រក​ព្រំដែន​នៅ​ណា​ តែ​គេ​នឹង​បើក​ច្រក​ឱ្យ​ពលករ​ចូល​មក​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ »

របាយការណ៍​អាជ្ញាធរ​ថៃ​ឱ្យ​ដឹង​ថា រយៈ​ពេល ១សប្ដាហ៍ នៅ​ដើម​ខែ​វិច្ឆិកា មាន​ពលករ​ខ្មែរ ៩៩៦នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ក្នុង​ពេល​ពួក​គេ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។ ក្នុង​នោះ ពលករ​ភាគ​ច្រើន​ឆ្លង​ដែន​តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បាត់ដំបង​ និង​ខេត្ត​បន្ទាយមានជ័យ។ ក្រុម​ពលករ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ប្រមាណ ២.០០០​នាក់ កំពុង​ជាប់​ឃុំ​នៅ​មន្ទីរ​ឃុំឃាំង​ក្នុង​ខេត្ត​ស្រះកែវ ហើយ​អ្នក​ជាប់​គុក​ជិត​មួយ​ខែ​មក​ហើយ​ក៏​មាន​ដែរ។ ពួកគេ​បន្ត​ថា ពលករ​ភាគ​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​ពេល​ពួកគាត់​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខុស​ច្បាប់៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។