ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ព្រួយបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខ ក្រោយពីទឹកជំនន់លិចផលដំណាំ កន្លែងចិញ្ចឹមសត្វ និងផ្ទះសម្បែង។ សង្គមស៊ីវិលយល់ឃើញថា បញ្ហាទឹកជំនន់ធ្វើអោយពលរដ្ឋប្រឈមបញ្ហាជីវភាព កើតឡើងច្រើន ដែលអាជ្ញាធរពាក់ព័ន្ធគួរតែមានយន្តការជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលា ដើម្បីសម្រួលដល់ទុក្ខលំបាក និងធានាការរស់នៅសមរម្យរបស់ពលរដ្ឋ។
ប្រជាពលរដ្ឋនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ និងស្រុកក្រឡាញ ស្រុកស្រីស្នំ ខេត្តសៀមរាប មានកង្វល់ថា ទឹកជន់លិចដំណាំ កន្លែងចិញ្ចឹម និងផ្ទះសម្បែង ធ្វើអោយគ្មានប្រាក់សម្រាប់សងបំណុលធនាគារ ដោះស្រាយជីវភាព និងគ្មានប្រាក់សម្រាប់ប្រកបរបរ និងធ្វើកសិកម្មបន្ត។ ពលរដ្ឋលើកឡើងថា កន្លងមកពួកគាត់បានជួបវិបត្តិកូវីត១៩ ធ្វើអោយតម្លៃកសិផលចុះថោក ហើយជួបវិបត្តិសេដ្ឋកិច្ចដោយសារបញ្ហាទំនិញលើទីផ្សារ ជីគ្រប់ប្រភេទឡើងថ្លៃ ដែលធ្វើអោយចំណាយដើមទុនដាំដុះអស់ច្រើន ប៉ុន្តែចំណូលថយ ចុះ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរួចមកហើយ បែរជាមកជួបគ្រោះទឹកជំនន់លិចថែមទៀត។
ប្រជាពលរដ្ឋម្នាក់នៅឃុំស្ពានស្រែង លោក ហួត ផើ ប្រាប់វិទ្យុអាស៊ីសេរី ថ្ងៃ២៥ កញ្ញានេះថា ផ្ទះរបស់លោកទឹកលិចត្រឹមចុងដង្ហើមមនុស្សចាស់ ហើយដំណាំស្រូវលិចទឹកខូចអស់ និង មិនអាចប្រកបរបរចិញ្ចឹមជីវិតកើតឡើយ។ លោកបន្តថាភ្លៀងបន្តធ្លាក់ខ្លាំង នាំយកទឹកពីខេត្តឧត្តរមានជ័យធ្វើ អោយលិចនៅស្រុកជាប់ព្រំប្រទល់នៃភ្នំស្រុក គឺស្រុកចុងកាលខេត្តឧត្តរមានជ័យ និងស្រុកក្រឡាញ់ ស្រុកស្រីស្នំខេត្តសៀមរាប។ លោក ហួត ផើ អះអាងថារហូតមកដល់ពេលនេះមិនទាន់ឃើញអាជ្ញាធរណាចុះ មកសួរសុខទុក្ខពលរដ្ឋនៅឡើយទេ។
លោក ហួត ផើ អំពាវនាវដល់រដ្ឋាភិបាលជួយស្បៀងអាហារនិងផ្ដល់ពូជស្រូវដល់កសិករនៅតាមឃុំលិចលង់ ដើម្បីដាំដុះនៅពេលរដូវទឹកស្រក៖ « ទៅណារួចនៅហ្នឹងឯង! ខាតអស់វាស្វិតអស់ វាខូចអស់ យកទៅណាមិនរួច វារងប៉ះពាល់ខ្ញុំខ្ចីប្រាក់ធនាគារមកគ្មានអីសង បើមិនដឹងប៉ុន្មានថ្ងៃវាមិនស្រកអីផង។ ទេមិនមានអាជ្ញាធរណាគេសួរសុខទុក្ខ គេមកមើលមកអីផងមានណា។ វាមកពីអូរតាម៉ុក មកឈ្មោះស្ទឹងតាម៉ុកមក បានវាមកឧត្តរមានជ័យមក ចិនវាធ្វើប្រឡាយ ខាងស្ទឹងណា មើលទៅវាទ្រាំមិនបាន វាបើកមួយទំហឹងមកក៏វា ទឹកហ្នឹងមានកម្លាំងណាស់ តែមួយយប់មួយថ្ងៃវាលិចខ្លាំងឡើងមួយម៉ែត្រជាង២ម៉ែត្រឯណោះ»។
ស្រដៀងគ្នានោះដែរ ប្រជាកសិករម្នាក់ទៀតលោក សេង ឈិន លើកឡើងថា ពលរដ្ឋរងគ្រោះទាំងអស់សង្ឃឹមថា ទឹកជំនន់និងឆាប់ស្រកទៅវិញ ព្រោះស្រូវ ដំណាំ និងផ្ទះលិចទឹកប្រមាណ១២ថ្ងៃមកហើយ។ លោកបន្តថា បើទឹកភ្លៀងនៅតែបន្តធ្លាក់ចុះ នឹងធ្វើអោយដំណាំស្រូវរលួយអស់ ហើយនឹងប៉ះពាល់ជីវភាពរបស់លោក និងពលរដ្ឋដទៃជាមិនខាន។ លោក សេង ឈិន បារម្ភចំពោះជីវភាព និងបញ្ហាការប្រាក់បំណុលនៅធនាគារ ព្រោះទឹកលិច មិនអាចប្រកបរបរ និងដំណាំខូចអស់។ លោក សេង ឈិន អំពាវនាវដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគិតគូរទាក់ទងបញ្ហាសម្របសម្រួលជាមួយធនាគារសម្រាប់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដើម្បីពន្យារពេលបង់ប្រាក់ ព្រោះមិនអាចប្រកបរបរអ្វីកើតក្នុងពេលទឹកជំនន់ឡើយ៖ « ការរកស៊ីទៅវាអត់បាន ហើយការងារអ្នករកត្រី ក៏ត្រីវារកមិនសូវបាន ព្រោះអាលិចលុងទៅ ដូចថាវារកលំបាកដែរ ក្នុងនោះវាអត់មានទីទួលសុវត្ថិភាពដូចឃុំស្ពានស្រែងគ្នាលិចឆ្ងាយដែរ! បើឃុំណាំតៅសល់៥០ភាគរយលិច។ ស្រែស្រូវយើងលិចអស់ហើយស្រែស្រូវអត់មានឃើញចុង ឃើញត្រួយអីទេ លិចអស់រលីងហើយ។ ហើយមិនដឹងថា ដល់ពេលទឹកស្រកទៅ មិនដឹងថានៅសល់ប៉ុន្មាន អីប៉ុន្មានទេ អាហ្នឹងនេះព្រោះលទ្ធភាពដែលយើងលិចនេះ វាលិចអស់រយៈពេល១២ថ្ងៃហើយ ដូចជាស្រូវស្រែយើងដែលធ្វើបាន វាលិចលុងហ្នឹង ហើយវារលួយទៀត»។
ចំណែកជំទប់ទី២ឃុំស្ពានស្រែងស្រុកភ្នំស្រុកមកពីគណបក្សភ្លើងទៀន លោក ណែម ឡេង ថ្លែងថា ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់លិចស្រែ ផ្ទះសម្បែង និងដំណាំមានចំនួនច្រើន ដោយពលរដ្ឋខ្លះត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព និងពលរដ្ឋខ្លះប៉ះពាល់កម្រិតមធ្យមក៏គាត់សម្រេចចិត្តនៅតាមលំនៅឋានពួកគាត់។ លោកបន្តថា ពលរដ្ឋព្រួសស្រូវ និងដាក់ជីរួច ក៏ត្រូវទឹកជំនន់មកដល់ ហើយពលរដ្ឋមិនអាចប្រកបរបរអ្វីកើតឡើយ ។ លោក ណែម ឡេង ព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋក្នុងឃុំ និងស្រុកភ្នំស្រុក ព្រោះនៅពេលជួបគ្រោះទឹកលិច ពលរដ្ឋ និងមានជីវភាពកាន់តែក្រីក្រ ពិសេសបញ្ហាបំណុល និងជីវភាពប្រចាំថ្ងៃដែលត្រូវដោះស្រាយ។ លោក ណែម ឡេង បញ្ជាក់ថាក្នុងនាមអាជ្ញាធរឃុំ និងរដ្ឋបាលស្រុកបានត្រៀមថ្នាំ និងទីតាំងសម្រាប់ សង្គ្រោះ និងព្យាបាលពលរដ្ឋនៅពេលមានជម្ងឺដង្កាត់ផ្សេងៗរួចហើយ៖ « ខាងបងប្អូនយើងឃុំ ហើយនិងកងទ័ព គាត់ចូលនៃការជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពមួយចំនួនខ្លះ អ៊ីចឹងហើយមួយចំនួនខ្លះគាត់អត់បានទៅ គាត់ថាអត់ពិបាកទៅទេ គាត់ធ្លាប់នៅទឹកហើយ គាត់អាចនៅបាន មានទូក មានអីបាន។ ហើយទឹកហ្នឹងវាទូទៅ មួយឃុំស្ពានស្រែង គឺលិចទូទៅ មានជ្រៅ និងរាក់តែប៉ុណ្ណោះឯង។ ទុក្ខលំបាកវាស្មើតែនឹងគ្នាហ្នឹងឯង វាទី១ការផ្លូវឆ្លងកាត់ ក៏វាសព្វថ្ងៃវាហូរដាច់ផ្លូវកំណាត់ៗអស់ទៅអស់ទៅវា។ ទាល់តែមានទូក ហើយនិងកាណូតអី ម៉ូតូអីយើងជិះទៅអត់បានទេ អត់មានរកអីបាន គឺអត់សុទ្ធតែ គឺអត់សុទ្ធ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី និង លោក ឃុន សុខា បានទេនៅថ្ងៃទី ២៥ ខែកញ្ញា ដោយទូរស័ព្ទចូលតែមិនមានអ្នកទទួល។ ប៉ុន្តែហ្វេសប៊ុក របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងហ្វេសប៊ុក រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តសៀមរាប និងឧត្តរមានជ័យបង្ហាញថា នៅខេត្តបន្ទាយមានជ័យទឹកជន់លិចនៅស្រុកភ្នំស្រុក និងមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥៤ គ្រួសារ។ ចំណែកនៅស្រុកមង្គលបូរី និងនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួន ២៦គ្រួសារ ដែលកំពុងរស់នៅលើទួលសុវត្ថិភាព។ ទឹកជំនន់ជនលិចបណ្ដាលមនុស្ស លង់ទឹកស្លាប់ចំនួន៦នាក់ កាលពីថ្ងៃទី២៣ ខែកញ្ញា។
ចំណែកឯនៅស្រុកក្រឡាញ់ខេត្តសៀមរាបទឹកជន់លិចប៉ះពាល់ពលរដ្ឋជិត២ពាន់គ្រួសារ (១,៧៣៩) លិចផ្ទះជាង១ពាន់៦រយខ្នងផ្ទះ (១,៦៧៩) សាលារៀន ១៧សាលា វត្ត ៤ លិចអាគាររដ្ឋបាល(ស្រុក-ឃុំ) ៦កន្លែង មន្ទីរពេទ្យបង្អែកស្រុកចំនួន ១កន្លែង លិចផ្លូវជាតិ៦៨ ប្រវែង១ពាន់៥រយម៉ែត្រ (១,៥០០) លិចផ្លូវលំក្នុងភូមិប្រវែងជាង១ម៉ឺន៦ពាន់ម៉ែត្រ(១៦,០៨៨) និងខូចខាតដំណាំ ស្រូវរបស់កសិករ ចំនួនជាង៦ពានហិកតារ (៦,៥៥៥)។
ចំណែកស្រុកស្រីស្នំ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួនជាង៥រយខ្នងផ្ទះ (៥០០) ស្មើនឹងជិត២ពាន់គ្រួសារ(១,៧៦៩) ស្រូវ និងដំឡូងមី ប៉ះពាល់ជាង៤ពាន់ហិកតារ(៤,០០០)។ ប៉ុន្តែរដ្ឋបាលខេត្តឧត្តរមានជ័យមិនបាន បង្ហាញអ្វីធ្ងន់ធ្ងរអំពីការប៉ះពាល់ពីការលិចដោយទឹកជំនន់ឡើយ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋ និងសង្គមស៊ីវិល នៅតែទទូចដល់រដ្ឋាភិបាលគួរជួយសម្រួល និងធ្វើផែនការច្បាស់លាស់ជាមុន ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់ពីគ្រោះធម្មជាតិ ដែលតែងកើតឡើងរាល់តែឆ្នាំក្នុងខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត។
ជុំវិញរឿងនេះ នាយកផ្នែកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូលោក អុំ សំអាត លើកឡើងថា ការព្រួយបារម្ភជារឿងត្រឹមត្រូវ និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមរបស់ពលរដ្ឋនៅតំបន់ទឹកលិច។ លោកបន្តថា ពលរដ្ឋជាកសិករប្រកបរបរកសិកម្មដាំស្រូវ និងចិញ្ចឹមសត្វ គឺរងផលប៉ះពាល់ខ្លាំង ទោះបីជាគ្រោះធម្មជាតិ ប៉ុន្តែរដ្ឋត្រូវមានការទទួលខុសត្រូវជាបន្ទាន់ ដើម្បីធានាការរស់នៅប្រកបដោយសុខសុវត្ថិភាពពលរដ្ឋ។ លោកបន្តថា ក្តីកង្វល់របស់ពលរដ្ឋ នៅពេលទឹកលិចអូសបន្លាយ គឺប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ពលរដ្ឋ និងការរកប្រាក់សងត្រឡប់ទៅកាន់ធនាគារ។ លោក បន្ថែមថា រដ្ឋាភិបាលគួរ មានយុទ្ធសាស្ត្រដោះស្រាយបញ្ហាយូរអង្វែង និងគោលការណ៍ច្បាស់លាស់ក្នុងការកែប្រែ ឬជួយពលរដ្ឋ ដើម្បីអោយរួចផុតពីបញ្ហាទឹកជំនន់។
លោក អុំ សំអាត យល់ថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធត្រូវរកវិធីសាស្ត្រ ឬយុទ្ធសាស្ត្រណាមួយ ដើម្បីជួយដល់កសិករ និងត្រៀមឧបករណ៍សង្គ្រោះ និងសម្ភារៈបរិក្ខារពេទ្យគ្រប់គ្រាន់៖ « ពលរដ្ឋភាគច្រើនរបស់គាត់ គឺជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ឬក៏ធនាគារហាស ដែលជាការកង្វល់របស់គាត់ បើសិនជាទឹកលិចនេះវាយូរ វាធ្វើអោយគាត់នេះគ្មានលទ្ធភាព នៅក្នុងការសងត្រឡប់។ អ៊ីចឹងហើយ ដែលការលើកឡើងសុំអោយមានការសម្រួលទាក់ទងនិងបញ្ហាបំណុលធនាគារអី។ មីក្រូហិរញ្ញវត្ថុ នឹងធនាគារគួរតែសិក្សាអោយបានច្បាស់លាស់ ជាពិសេសរដ្ឋាភិបាលក៏ធ្លាប់ធ្វើដែរពីមុនៗមក នៅពេលពលរដ្ឋជួបនូវផលលំបាកអ៊ីចឹង ប៉ុន្តែយើងគិតថាអាហ្នឹង វាជាការដោះមួយគ្រាៗ។ ហើយពិតមែនតែទឹកជំនន់ វាជាគ្រោះធម្មជាតិ ក៏ប៉ុន្តែបើសិនជាប់គ្នាជារៀងរាល់ឆ្នាំពេក ឬក៏ច្រើនឆ្នាំពេកក៏មិនល្អដែរសម្រាប់ពលរដ្ឋរស់នៅ»។
រដូវវស្សាឆ្នាំ ២០២២ មានទឹកភ្លៀងធ្លាក់ច្រើន ធ្វើអោយខេត្តមួយចំនួនរងការជន់លិចដូចជា ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ ហើយនឹងផ្នែកមួយចំនួននៃខេត្តពោធិសាត់ និងរាជធានីភ្នំពេញ ដែលលិចដោយសារស្ទះលូទឹកហូរមិនទាន់។
សង្គមស៊ីវិល យល់ឃើញថារដ្ឋាភិបាលគួរមានផែនការទប់ស្កាត់គ្រោះធម្មជាតិយូរអង្វែង មុនពេលបញ្ហាមកដល់ ទើបរៀបចំធ្វើការងារជួយសង្គ្រោះពលរដ្ឋ។ សម្រាប់ពលរដ្ឋវិញ ពួកគាត់ក៏ចង់ឃើញអាជ្ញាធររដ្ឋ ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ត្រួតពិនិត្យ និងសិក្សារកយន្តការជួយពួកគាត់ទាន់ពេល និងយុទ្ធសាស្ត្រថ្មី ដើម្បីដោះស្រាយបញ្ហាកើតឡើងដដែលៗបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។