ជនជាតិថៃនៅភូមិមួយក្នុងខេត្តចាន់បុរីនិយាយភាសាខ្មែរក្នុងការទាក់ទងគ្នាប្រចាំថ្ងៃ
2018.01.01

ប្រជាពលរដ្ឋរបស់ថៃ រាប់រយគ្រួសារ នៅឃុំប៉ូងណាំរ៉ន ស្រុកថាប់សៃ (Thap Sai) ខេត្តចាន់បុរី (Chanthaburi) ជាប់ព្រំប្រទល់ស្រុកសាលាក្រៅខេត្តប៉ៃលិន កម្ពុជា និយមប្រើប្រាស់ភាសាខ្មែរដើម្បីទំនាក់ទំនងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែពួកគេមើលឃើញថា ក្មេងៗជំនាន់ក្រោយ នឹងមិនសូវមានអ្នកប្រើប្រាស់ភាសាខ្មែរទៀតទេ ដោយពួកគេភាគច្រើនប្រើប្រាស់ភាសាថៃ ដើម្បីទំនាក់ទំនងគ្នាទៅវិញ។
ពលរដ្ឋថៃ ដែលមានវ័យចំណាស់បារម្ភពីការបាត់បង់អត្តសញ្ញាណដើមក្នុងការប្រើប្រាស់ភាសាខ្មែរ ក្នុងការប្រាស្រ័យទាក់ទងគ្នា ត្បិតចំនួនអ្នកចេះនិយាយភាសាខ្មែរក្នុងសហគមន៍របស់ពួកគេកាន់តែថយចុះ។ ពួកគេចង់ឲ្យក្មេងៗជំនាន់ក្រោយរក្សាប្រពៃណី និងភាសាខ្មែរទៅមុខទៀត។
បុរសវ័យ ៧០ប្លាយម្នាក់ឈ្មោះ សយ សុវណ្ណ ដែលចេះនិយាយខ្មែរមួយៗ មានប្រសាសន៍ថា លោកចេះនិយាយខ្មែរតាមរយៈដូនតា និងឪពុកម្ដាយបានបង្រៀនពីដើមមក។ លោកបន្តថា នៅពេលមានពិធីបុណ្យទាន ឬមង្គលការម្ដងៗ គេប្រើប្រាស់ភាសាថៃ ទាំងអស់។ ពលរដ្ឋរូបនេះចេះតែនិយាយភាសាខ្មែរ ប៉ុន្តែលោកមិនចេះសរសេរអក្សរខ្មែរទេ។ ចំណែកកូនៗរបស់គាត់វិញ គឺបានបង្រៀននិយាយខ្មែរដែរ ប៉ុន្តែពួកគេមិនចេះទេ ពោលគឺចេះតែភាសាថៃ និងអក្សរថៃ ប៉ុណ្ណោះ៖ «សព្វថ្ងៃហ្នឹងមិនសូវចេះទៅហើយ ចេះតែថៃ។ អស់ពីតាហ្នឹងទៅ គ្មានទេ គ្មានអ្នកចេះខ្មែរទេ»។
មិនខុសគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ស៊ុំ ជិតអៀវស៊ូ មានប្រសាសន៍ថា កូនៗរបស់គាត់អាចស្តាប់ភាសាខ្មែរបាន ប៉ុន្តែនិយាយមិនបាន ដោយសារពួកគេនិយាយតែភាសាថៃ។ បុរសរាងស្គមសម្បុរស្រអែម វ័យ ៦៨ឆ្នាំរូបនេះ បន្តថា ជីដូនជីតារបស់លោកចេះភាសាខ្មែរច្បាស់ ប៉ុន្តែថ្ងៃក្រោយទៅកូនៗរបស់លោក និងក្មេងជំនាន់ក្រោយទៀត គឺមិនចេះនិយាយខ្មែរទេ។ ពលរដ្ឋរូបនេះបញ្ជាក់ថា ប្រពៃណីការធ្វើបុណ្យទាន ឬមង្គលការ របស់ពួកគាត់មានលក្ខណៈស្រដៀងគ្នាទៅនឹងពលរដ្ឋខ្មែរនៅឯប្រទេសកម្ពុជាដែរ។ លោកថា ការចេះភាសាខ្មែរគឺងាយស្រួលម្យ៉ាងដើម្បីទាក់ទងគ្នាទៅវិញទៅមក ព្រោះចេះនិយាយខ្មែរក៏មិនខុសពីចេះភាសាថៃដែរ៖ «ប្រាប់ថា ឱ្យវារៀនខ្មែរទៅ ឱ្យវាចេះខ្មែរខ្លះ ចេះសៀមខ្លះ ក៏សប្បាយចិត្ត»។
នៅក្នុងឯកសារប្រវត្តិសាស្ត្រ ខេត្តចាន់បុរី ស្ថិតនៅក្នុងទឹកដីថៃ បច្ចុប្បន្ន គឺជាអតីតខេត្តមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរ។ ពលរដ្ឋថៃ រស់នៅភូមិក្លងតាគង់ ឃុំប៉ូងណាំរ៉ន ស្រុកថាប់សៃ ខេត្តចាន់បូរី ប្រទេសថៃ ដែលនៅប្រើប្រាស់ភាសាខ្មែរក្នុងទំនាក់ទំនងប្រចាំថ្ងៃមានរាប់រយគ្រួសារ។ តំបន់នេះគឺមានចម្ងាយពីព្រំដែនច្រកអន្តរជាតិព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រមាណ ២៥គីឡូម៉ែត្រ។ ពួកគាត់ភាគច្រើនប្រកបរបរធ្វើចម្ការដូចជា ដំណាំស្វាយ តាង៉ែន មង្ឃុត ដំឡូងមី និងចម្ការធូរេនជាដើម។ នៅតំបន់នោះជាភូមិនៅទីជនបទដាច់ស្រយាល ឆ្ងាយពីទីរួមខេត្តចាន់បុរី ប្រហែល ៦០គីឡូម៉ែត្រ ហើយមានវត្ត សាលារៀន និងមានតូបលក់ចាប់ហួយតាមផ្ទះជាប់ដងផ្លូវស្រដៀងនឹងពលរដ្ឋរស់នៅស្រុកខ្មែរដែរ ក៏ប៉ុន្តែខុសត្រង់ថា នៅតំបន់នេះមានផ្លូវចាក់បេតុងខ្វាត់ខ្វែង ព្រមទាំងមានប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើងបែបទំនើប ប្រហាក់ប្រហែលពលរដ្ឋខ្មែរនៅតាមទីរួមខេត្តធំៗ និងនៅទីក្រុងភ្នំពេញ ដែរ។
ពលរដ្ឋភូមិក្លងតាគង់ មួយរូបទៀត លោក ថៃរូត យូស៊ូ រៀបរាប់ថា លោកមានសាច់ញាតិនៅស្រុកខ្មែរច្រើន ប៉ុន្តែលោកមិនស្គាល់អស់ទេ ដោយសារអស់ពីម៉ែឪទៅគឺដាច់គ្នាឆ្ងាយ។ បុរសសម្បុរស្រអែមវ័យ ៣១ឆ្នាំរូបនេះ លើកឡើងថា មនុស្សនៅក្នុងភូមិដែលមានវ័យកណ្ដាល និងវ័យចំណាស់អាយុចាប់ពី ៣០ឆ្នាំឡើងទៅ ដោយភាគច្រើនអាចនិយាយភាសាខ្មែរបាន ហើយបងប្អូនរបស់លោកចំនួន ៥នាក់ គឺអាចនិយាយខ្មែរបានទាំងអស់។ បុរសនិយាយខ្មែររដឺនរូបនេះបន្ថែមថា ក្មេងៗ ជំនាន់ក្រោយ ព្រមទាំងប្រពន្ធរបស់លោកផង មិនចេះនិយាយភាសាខ្មែរទេ៖ «ពីដើមមានបុណ្យ មានចាប គេក៏ធ្វើដូចគ្នា។ មានបុណ្យមានអី គេក៏ទៅជួយគ្នា ដកដៃដកជើងជួយគ្នាធ្វើ»។
ពលរដ្ឋថៃ ដើមកំណើតខ្មែររូបនេះ បញ្ជាក់ថា នៅក្នុងស្រុកដែលពួកគាត់ ក៏មានកន្លែងខ្លះបង្រៀនភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ ជាដើម ប៉ុន្តែអ្នកចេះភាសាខ្មែរ ថ្ងៃក្រោយទៅនឹងអាចបាត់បង់ទៀតផង។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ និងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងចារឹកសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា មានប្រសាសន៍ថា មូលហេតុពលរដ្ឋថៃ ទាំងនោះចេះនិយាយភាសាខ្មែរ ពីព្រោះក្នុងប្រវត្តិសាស្ត្របង្ហាញថា ទឹកដីខ្មែរពីសម័យដើមមកមិនមែនមានទំហំតូចដូចបច្ចុប្បន្ននេះទេ ពោលគឺទឹកដីថៃ ភាគច្រើននៅពេលបច្ចុប្បន្ន គឺជាទឹកដីរបស់ខ្មែរ។ លោកបញ្ជាក់ថា នេះដោយយោងទៅតាមប្រវត្តិសាស្ត្រខ្មែរសម័យអង្គរ និងសម័យក្រោយអង្គរ ហើយពលរដ្ឋខ្មែរដែលនៅតំបន់ទាំងនោះមួយចំនួននៅរក្សាប្រពៃណី និងបន្តនិយាយភាសាខ្មែររហូតមក។ ជាងនេះ មានឈ្មោះភូមិសាស្ត្រ ឬទីតាំងជាច្រើន ទាំងទីតាំងភូមិសាស្ត្ររដ្ឋបាល និងទីតាំងធម្មតា គឺមានឈ្មោះជាខ្មែរ គ្រាន់តែមានសំនៀងថៃ ប៉ុណ្ណោះ។
លោកបន្ថែមថា នៅក្នុងសម័យអាណាព្យាបាលបារាំង តំបន់ខ្លះទៀត ដូចជានៅខេត្តសុរិន្ទ និងបុរីរ៉ាំ គឺមានពលរដ្ឋខ្មែរមួយចំនួនមកពីខេត្តសៀមរាប មករស់នៅតែម្ដង និងមានទំនាក់ទំនងរកស៊ីជាមួយគ្នាទៀតផង៖ «មានសិលាចារឹកនៅចុងសតវត្សទី១៥ ដែលបាននិយាយចាត់ទុកជាទឹកដីខ្មែរហ្នឹង មានតាំងពីសុខោទ័យ នោះមក ខាងលិចសុខោទ័យ គេហៅព្រៃស្វាយ គេដាក់ឈ្មោះថា ស្រីសុចនាល័យ មិនមែនជាភាសាថៃ ទេ ជាភាសាបាលី ហើយភាសាសំស្ក្រឹត គេដាក់ថា ស្រ៊ីសុចនាល័យ អាហ្នឹងឈ្មោះជាខ្មែរហៅថា ព្រៃស្វាយ នៅខាងសុខោទ័យឯណោះ ។ អាហ្នឹងក៏ជាទឹកដីខ្មែរ»។
សាស្ត្រាចារ្យរូបនេះកត់សម្គាល់ទៀតថា ពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលនិយាយភាសាខ្មែរ មានច្រើនជាងគេនៅភូមិភាគឦសាននៃប្រទេសថៃ បច្ចុប្បន្ន ពិសេសគឺនៅខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ ប៉ុន្តែលោកមិនបានដឹងថា មានចំនួនប៉ុន្មានពិតប្រាកដឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។