ពលរដ្ឋក្រីក្រខ្វះខាត ជាច្រើននៅតែត្អូញត្អែរថា ពួកគាត់មិនទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលទេ បើទោះបីជាមន្ត្រីរដ្ឋាភិបាលអះអាងថា បានចែកប្រាក់ដល់ពលរដ្ឋប្រមាណ ២ លាននាក់ទៅហើយក្ដី។
ពួកគាត់អំពាវនាវឱ្យរដ្ឋាភិបាល ជួយអ្នករងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយមិនចាំបាច់ទាល់តែមានប័ណ្ណក្រីក្រនោះឡើយ ព្រោះមានអ្នកធ្លាក់ខ្លួនទីទាល់ក្រច្រើនណាស់ ដែលត្រូវការជំនួយបន្ទាន់។
តំណាងសហគមន៍កសិករក្រីក្រខ្វះខាត នៅតាមខេត្តនានា នៅតែបន្តដង្ហោយឱ្យរដ្ឋាភិបាល ជួយប្រជាពលរដ្ឋទាំងអស់គ្នា ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ នេះ ទោះពួកគាត់មានប័ណ្ណ ឬគ្មានប័ណ្ណក្រីក្រ ដ្បិតតាំងពីមានវិបត្តិនេះមក អ្នករងគ្រោះធ្លាក់ខ្លួនទីទាល់ក្រ មានច្រើនគុណនឹងពីរ។
តំណាងកសិករ នៅឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាលលោក ស្រី អឿ សារី ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៨ ខែកក្កដា ថាពលរដ្ឋនៅសហគមន៍លោកស្រី សឹងតែមួយភូមិៗ ៨០% ដែលជំពាក់បំណុលធនាគារ។ ស្ថានភាពទាល់នេះ ពួកគាត់ប្រវេប្រវាខ្ចីលុយបន្ថែមពីសេវាខ្ចីប្រាក់ឯកជនទៀត ដែលមិនត្រូវការវត្ថុបញ្ចាំសាំញ៉ាំ ប៉ុន្តែការប្រាក់ខ្ពស់ ដែលធ្វើឱ្យពួកគាត់ កាន់តែជំពាក់គេវ័ណ្ឌកបន្ថែម៖ «ពេលកូវីដហ្នឹងកើតឡើង គឺទាល់ ! ទាល់ច្រើន ! សូម្បីតែខ្ញុំធ្លាប់ធ្វើការងារក្នុងសហគមន៍ ធ្លាប់ដាំបន្លែលក់ជួយសម្របសម្រួលសមាជិក ក៏នៅតែលំបាក។ គិតថាពិបាកមែនទែន ! ពិបាកសព្វគ្រប់ ! អ្នកប៉ះទង្គិចមិនមែនតែក្រ១ ឬក្រ ២នោះទេ។ អ្នកល្មម អ្នកអត់ល្មម គឺប៉ះមួយគុណនឹងពីរឬបី»។
ដោយសារតែចំនួនអ្នកធ្លាក់ខ្លួនក្រ និងទាល់កើនឡើងទ្វេដង នៅក្នុងភូមិបែបនេះ លោកស្រីស្នើឱ្យរដ្ឋាភិបាល ជួយជាលក្ខណៈទូទៅ ជាជាងសម្លឹងមើលតែអ្នកដែលធ្លាប់មានប័ណ្ណក្រីក្រ ព្រោះក្រមានច្រើនជានេះណាស់ មិនមែនប៉ុណ្ណឹងទេ៖ «ខ្ញុំនឹកឃើញកាលពីជំនាន់ ១៩៩១ - ១៩៩២ ទឹកជំនន់លិចនៅស្រុកកណ្ដាលស្ទឹង គឺលិចណាលិចណី ! កាលណោះ គេចែកអំណោយដែរ គឺចែកទូទៅ ព្រោះលិចដូចគ្នា។ ដូចកូវីដនេះ ប្រៀបដូចជាលិចទាំងអស់ដែរ។ ខ្ញុំស្នើឱ្យចែកឱ្យស្មើគ្នា។ រដ្ឋាភិបាលមានលទ្ធភាពទៀត អាចចម្រាញ់អ្នកក្រខ្លាំង ថែមឱ្យទៀត។ រកជំនួយមកជួយទៀត។ អ្នកណាមាន ផាត់គាត់ចោលក៏បាន»។
បើតាមមន្ត្រីរដ្ឋាភិបាល បានអះអាងថា រហូតមកត្រឹមថ្ងៃទី៨ ខែកក្កដា រដ្ឋាភិបាលបានចែកលុយដល់គ្រួសារដែលមានប័ណ្ណក្រីក្រ បានជិតអស់ហើយ។ អនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លោក សំហេង បុរស ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃដដែលនោះ ថានៅសល់ពលរដ្ឋដែលមានប័ណ្ណក្រីក្រ ១០% ទៀតប៉ុណ្ណោះ ដែលមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ៖ «១៤ ថ្ងៃនេះ យើងបានប្រជាពលរដ្ឋ ២ លាននាក់ទទួលផល។ ៥០ ម៉ឺនគ្រួសារ។ យើងសល់ប្រហែល ៦ ម៉ឺនគ្រួសារទៀត។ ពួកគាត់នៅបន្តមកបើក ប្រហែល ៦ពាន់ទៅ ៧ពាន់នាក់ក្នុងមួយថ្ងៃ។ ២ , ៣ លាន ក្នុងតង់ទីមួយ មិនទាន់បញ្ចប់ត្រឹមណឹងទេ»។
ទោះបីក្រសួងផែនការអះអាងថា មានប្រជាពលរដ្ឋក្រីក្រី និងមានប័ណ្ណក្រីក្រ តែ ប្រមាណ ២,៣ លាននាក់ ឬ ជាង ៥សែន៦ម៉ឺនគ្រួសារប៉ុណ្ណោះ នៅទូទាំងប្រទេស ក៏តួលេខនេះ គឺជាតួលេខចាស់ ដែលគ្រាន់តែធ្វើបច្ចុប្បន្នភាព។
បើតាមអ្វីដែលធនាគារពិភពលោករាយការណ៍ថ្មីៗនេះ ដែលថា ពេលមានវិបត្តិកូវីដ-១៩ មានពលរដ្ឋខ្មែរប្រមាណ ២ លាននាក់បន្ថែមទៀត ដែលអាចធ្លាក់ខ្លួនក្រីក្រ មានន័យថា បើទោះបីរដ្ឋចែកលុយឱ្យគ្រប់គ្រួសារទាំងជិត ៦ សែននោះ ក៏ទើបតែបានពាក់កណ្ដាលប៉ុណ្ណោះ នៃពលរដ្ឋក្រីក្រខ្វះខាត។ ដូច្នេះពលរដ្ឋទូទៅ ដែលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ មិនទាន់បានទទួលជំនួយពីរដ្ឋាភិបាលនៅឡើយទេ។
ការចែកប័ណ្ណក្រីក្រនេះ រងការរិះគន់ពីពលរដ្ឋ ថាធ្វើមិនស្មើភាព និងប្រកាន់បក្សពួក និងរើសអើងនយោបាយដែរ។ ពលរដ្ឋនៅខេត្តត្បូងឃ្មុំ ត្អូញត្អែរថា អ្នកខ្លះមិនមែនក្រីក្រឯណាទេ តែបានប័ណ្ណក្រីក្រ។ ឯអ្នកក្រមែនទែន គ្មានខ្សែនឹងបក្សពួក អត់បាន។ ពលរដ្ឋនៅ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម ចំណាន ថាភាពអយុត្តិធម៌នេះ អាចកាត់បន្ថយបាន បើរដ្ឋចែកលុយទូទៅ ឱ្យតែអ្នកប៉ះពាល់ដោយសារជំងឺកូវីដ-១៩ កុំធ្វើដូចសព្វថ្ងៃ។ «»

អាស៊ីសេរី បានសុំការបំភ្លឺពីមេឃុំត្រពាំងព្រីង លោក ហ៊ិន បូណាល់ អំពីរឿងនេះ ដែរ តែលោកចុចបិទទូរស័ព្ទ ពេលប្រាប់ថា តេទៅពីខាងវិទ្យុអាស៊ីសេរី និងសុំឱ្យលោកបំភ្លឺបញ្ហានេះ។
កន្លងមកលោក ហ៊ុន សែន ធ្លាប់អះអាងថា រដ្ឋាភិបាលត្រៀមប្រាក់រហូតដល់ ២ ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ ដែលជួបការលំបាក ដោយសារវិបត្តិជំងឺកូវីដ។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋទើបតែបញ្ចេញថវិកា ២៥ លានដុល្លារ សម្រាប់ជួយពលរដ្ឋដែលមានប័ណ្ណក្រីក្រ និងជួយកម្មករកាត់ដេរ និងវិស័យទេសចរណ៍ប្រមាណ ១០ លានដុល្លារប៉ុណ្ណោះ។ ប្រាក់នេះប្រហាក់ប្រហែល តែតម្លៃសង់ទីស្នាក់ការគណបក្សប្រជាជន ដែលទើបសម្ពោធថ្មីៗនេះ។
ទឹកប្រាក់ដ៏តិចតួចស្តួចស្តើងនេះ គឺមិនសមនឹងទំហំនៃផលប៉ះពាល់ និងតម្រូវការជំនួយរបស់ពលរដ្ឋនៅទាំងប្រទេសនោះទេ។
ប្រការនេះធ្វើអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបច្ចុប្បន្នជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី រិះគន់ថា លោក ហ៊ុន សែន ចូលចិត្តតែធ្វើនយោបាយបែបប្រជាភិថុតិ។ ម្យ៉ាងទៀត អ្នកដែលប៉ះពាល់មែនទែន មិនសូវទទួលបានជំនួយទេ៖ «នេះដូចទឹកមួយដំណក់ ចាក់ទៅក្នុងស្ទឹងដែលរីង។ ទឹកនោះវាអត់គ្រប់គ្រាន់ទេ។ សូម្បីតែមួយដំណក់ហ្នឹង មិនដឹងគេចែករបៀបយ៉ាងម៉េចដែរ។ ចែកដោយអយុត្តិធម៌។ ចែកមិនស្មើភាពគ្នា ដោយមានការលម្អៀង។ អ៊ីចឹង វាអត់ទៅដៃប្រជាពលរដ្ឋទេ។ ខ្ញុំកត់សម្គាល់ឃើញថា លោក ហ៊ុន សែន និយាយអ្វី តួលេខដែលគាត់បញ្ចេញកាលមុន ថាប្រមាណ ២ ពាន់លានដុល្លារ មានមាស ៣០ តោន គឺគាត់និយាយខ្យល់ទាំងអស់។ មិនដែលឃើញស្អីជារូបរាងជាក់ស្ដែងមកដល់ដៃប្រជាពលរដ្ឋទេ»។
លោក សម រង្ស៊ី ថា បើនៅប្រទេសគេ ក្នុងស្ថានភាពបែបនេះ រដ្ឋត្រូវបញ្ចេញថវិកាស្ទើរទ្វេដង នៃថវិកាជាតិ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលជួបវិបត្តិ។ ជាងនេះទៅទៀត រដ្ឋត្រូវរកវិធានការយ៉ាងណា ជួយឱ្យពលរដ្ឋអាចផ្អាកសងបំណុលធនាគារ មួយរយៈសិន មិនមែនដូចលោក ហ៊ុន សែន ដែលគំរាមរឹបអូសទ្រព្យសម្បត្តិពលរដ្ឋ ដែលគ្មានលទ្ធភាពសងបំណុលធនាគារបែបនេះនោះទេ។
ចំណែកឯពលរដ្ឋសហគមន៍វិញ ក្រៅពីស្នើឱ្យចែកលុយជំនួយ ជួយឱ្យបានទូទៅ ដោយមិនចាំបាច់ទាល់តែមានប័ណ្ណក្រីក្រ ពួកគាត់ស្នើឱ្យរដ្ឋាភិបាល រិះរកមធ្យោបាយយ៉ាងណា ឱ្យពលរដ្ឋអាចរកប្រាក់ចំណូលបាន ទោះក្នុងស្ថានភាពមានវិបត្តិ ដូចជារដ្ឋាភិបាលត្រូវជំរុញវិស័យកសិកម្ម និងបណ្ដុះបណ្ដាលជំនាញកសិកម្មដល់កសិករ និងរកទីផ្សារលក់ផលិតផល ព្រមទាំងមានគម្រោងលើកទឹកចិត្តអ្នកដែលធ្វើការងារជួយសហគមន៍ ដែលកំពុងជួយប្រជាពលរដ្ឋនៅមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។