ប្រជាពលរដ្ឋនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ចោទមន្ត្រីប៉ូលិសខេត្តនេះ ថាតម្រូវឲ្យពលរដ្ឋអ្នកធ្វើអត្តសញ្ញាណប័ណ្ណ បង់ប្រាក់ក្នុងតម្លៃខ្ពស់ហួសពីច្បាប់កំណត់។ ចំណែកមន្ត្រីប៉ូលិសខេត្តបញ្ជាក់ថា ពុំបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ខុសពីគោលការណ៍ច្បាប់កំណត់ឡើយ។
ប្រជាពលរដ្ឋនៅតំបន់ប៉ៃលិន អំពាវនាវឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ចាត់វិធានការទៅលើមន្ត្រីប៉ូលិសធ្វើអត្តសញ្ញាណប័ណ្ណ និងបញ្ឈប់សកម្មភាពយកលុយពីប្រជាពលរដ្ឋបន្តទៀត។
ប្រជាពលរដ្ឋអ្នកធ្វើអត្តសញ្ញាណប័ណ្ណម្នាក់ គឺលោក វន ចិន រស់នៅសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ថ្លែងនៅថ្ងៃទី២៩ តុលា ថា មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន តម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ធ្វើអត្តសញ្ញាណប័ណ្ណម្នាក់ ១ម៉ឺន ៤ពាន់រៀល ដែលជាតម្លៃមួយខ្ពស់ពីតម្លៃច្បាប់កំណត់។ លោកបន្តថា ប្រាក់ដែលតម្រូវឲ្យបង់នោះ មន្ត្រីប៉ូលិសចេញវិក្កយបត្រឲ្យក្នុងតម្លៃតែមួយម៉ឺនរៀលទេ ក្រៅពីនោះ គឺគ្មានវិក្កយបត្រនោះឡើយ។ លោកថា ប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណ តែងរអ៊ូរទាំស្ទើរគ្រប់ៗគ្នា ប៉ុន្តែពុំមាននរណាហ៊ានតវ៉ាជាមួយមន្ត្រីប៉ូលិសនោះទេ៖ «គេអ្នកធ្វើហ្នឹង ប៉ូលិសគេអ្នកធ្វើហ្នឹង មូលដ្ឋានគេអ្នកធ្វើហ្នឹង។ យកទូទៅសុំទូទៅអ៊ីចឹងហ្មង ហើយអត់ដឹងរឿងគេផងបង តែគេសុំអ៊ីចឹង គេថាសុំថ្លៃបាយប្រជាជនអ៊ីចឹងហ្មង»។
ឆ្លើយតបនឹងបញ្ហានេះ ស្នងការនគរបាលខេត្តប៉ៃលិន លោក ជា ច័ន្ទឌឹន មានប្រសាសន៍បញ្ជាក់ថា សមត្ថកិច្ចប៉ូលិសខេត្ត ពុំបានតម្រូវឲ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណប័ណ្ណបង់ប្រាក់លើសពីច្បាប់កំណត់ ដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋឡើយ គឺឲ្យពួកគាត់បង់ថ្លៃម្នាក់ក្នុងតម្លៃមួយម៉ឺនរៀល ចំណែកឯប្រាក់ក្រៅពីនោះ គឺអ្នកទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រាក់ដល់មន្ត្រីប៉ូលិស ក្នុងលក្ខណៈមនោសញ្ចេតនាដោយខ្លួនឯងទេ៖ «ខ្ញុំថាបើគេឲ្យយកទៅ បើសិនជាឲ្យកំណត់ហ្មងអត់មានទេ ជួនកាលឲ្យទឹកមួយដបអ៊ីចឹងទៅនោះណាស់ កាលទៅធ្វើហ្នឹងអ៊ីចឹងនោះ ខ្លះគេឲ្យ ខ្លះគេមិនឲ្យក៏អត់អីដែរ។ ហើយខ្ញុំថាអត់អីទេ កុំទៅកំណត់ឲ្យគាត់អី ព្រោះយើងមានប្រាក់ខែ យើងស៊ីប្រាក់ខែរបស់ តើយកអាប្រាក់ខែហ្នឹងធ្វើការទៅ។ ប៉ុន្តែ គ្រាន់តែថា អ្នកខ្លះគេឲ្យ ២ពាន់រៀល ម៉ាពាន់រៀល គ្រាន់តែទិញទឹកផឹកអីហ្នឹង បើថាឲ្យកំណត់មិនមានទេ ហើយបើថាមាន ខ្ញុំសុំឲ្យបញ្ឈប់ឲ្យមាន»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍បញ្ជាក់ថា ការយកលុយថ្លៃសេវាសាធារណៈរបស់រដ្ឋលើសពីច្បាប់កំណត់ បើទោះជាឲ្យដោយមិនបង្ខំក្ដី គឺចាត់ជាអំពើពុករលួយ និងខុសច្បាប់។ លោកថា អង្គភាពប្រឆាំងអំពើពុករលួយ គួរមានវិធានការទៅលើមន្ត្រីខិលខូចទាំងនោះ៖ «ព្រោះថា ហេតុអីបានជាអ៊ីចឹង រួចចុះហេតុអីបានជាប្រជាជនទាំងអស់ហ្នឹង គាត់មិនយកទៅឲ្យអ្នកដទៃ ហើយថាឲ្យទឹកតែដែរ។ ដោយសារតែអាជ្ញាធរហ្នឹងមានសមត្ថកិច្ចក្នុងការធ្វើឯកសារឲ្យគាត់ ដូចថាធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណអីអ៊ីចឹងនោះណាស់ អឺ! សេវាសាធារណៈឲ្យគាត់ បើសិនអាជ្ញាធរហ្នឹងគ្មានសេវាសាធារណៈហ្នឹងទេ ខ្ញុំគិតថា រឿងហ្នឹងគាត់មិនទៅខំប្រឹងដើម្បីចំណាយថវិកាហ្នឹងទេ»។
មន្ត្រីប៉ូលិសចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដំណើរការចំនួន ៣ថ្ងៃមកហើយ នាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ បើតាមស្នងការនគរបាលខេត្តប៉ៃលិន ឲ្យដឹងថា ការធ្វើអត្តសញ្ញាណប័ណ្ណនេះ នឹងបន្តធ្វើតាមសង្កាត់នានាទូទាំងខេត្ត ដោយក្នុងមួយកន្លែងប្រើរយៈពេលប្រមាណ ៥ថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។