ពលរដ្ឋមួយក្រុមទៀតស្ថិតក្នុងតំបន់ក្រហមនៅរាជធានីភ្នំពេញនាំគ្នាប្រមូលផ្ដុំនៅមុខរនាំងដែករបស់សមត្ថកិច្ច នៅព្រឹកថ្ងៃទី៣០ មេសា នេះដើម្បីទាមទារឱ្យរដ្ឋាភិបាលផ្ដល់ស្បៀងអាហារដល់ពួកគេ។ ឆ្លើយតបករណីនេះអ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា អាជ្ញាធរនិងអ្នកពាក់ព័ន្ធកំពុងរៀបចំឱ្យពលរដ្ឋជាបន្តបន្ទាប់ហើយ ហើយលោកស្នើឱ្យពលរដ្ឋអត់ធ្មត់បន្តិចសិន។
ពលរដ្ឋមួយក្រុមទៀតស្ថិតក្នុងតំបន់ក្រហម នៅភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ជាង១០០នាក់ បាននាំគ្នាស្រែកទាមទារសុំជំនួយស្បៀងអាហារ និងបានប្រាប់ទៅរដ្ឋាភិបាលថា ពួកគាត់ដាច់បាយហើយ។ ពលរដ្ឋទាំងនោះថា ពួកគាត់លែងខ្លាចកូវីដ១៩ស៊ីសួតហើយ ប៉ុន្តែខ្លាចក្រៀមក្រពះជាង។
ពលរដ្ឋរស់នៅតំបន់ក្រហមម្នាក់ លោកស្រី អៀម រដ្ឋាវី អាយុ៥៦ឆ្នាំធ្វើការផ្នែកអនាម័យ ឱ្យអាស៊ីសេរីដឹងថា មូលហេតុដែលលោកស្រីចេញទៅស្នើស្បៀងអាហារ ព្រោះពេលនេះផ្ទះលោកស្រីដែលមានសមាជិក៧នាក់ ជិតអស់អង្ករច្រកឆ្នាំងហើយ។ លោកស្រីបន្តថា ការចេញក្រៅស្នើសុំស្បៀងនេះលោកស្រីមានការព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដដែរ ប៉ុន្តែលោកស្រីមិនអាចស៊ូទ្រាំរស់នៅក្នុងបន្ទប់ដែលគ្មានអាហារហូបចុកនោះទេ។ លោកស្រីរៀបរាប់ទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដក្នុងសហគមន៍មក កន្លែងការងារលោកស្រីត្រូវបានបិទ បណ្ដាលឱ្យលោកស្រីបាត់ចំណូល និងត្រូវជំពាក់គេថ្លៃបន្ទប់ជួលថែមទៀតផង៖ «សុំឱ្យលោកជួយឱ្យបានហូបគ្រប់គ្រាន់ក្នុងការខ្វះខាតឥឡូវនេះចង់ដាច់ស្បៀងមិនដឹងទៅរកឯណាទេ»។
ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតលោកស្រី មួង សម្ភស្ស ឱ្យដឹងថា គ្រួសារលោកស្រីដែលមានសមាជិក៨នាក់ ក៏កំពុងប្រឈមការខ្វះស្បៀងដែរ។ លោកស្រីព្រួយបារម្ភថា បើការបិទខ្ទប់នៅបន្តអូសបន្លាយរយៈពេលយូរថែមទាំងទៀត គ្រួសារលោកស្រីអាចស្លាប់ដោយសារដាច់បាយមុនស្លាប់ដោយជំងឺកូវីដ១៩៖ «អត់មានអីហូបអ៊ីចឹងមានតែដាច់ខ្យល់មុនកូរ៉ូណាដដែល បើធ្វើអ៊ីចឹងមិនដល់ថ្ងៃមួយអាទិត្យហើយមួយអាទិត្យ ខ្ញុំព្រួយបារម្ភពីកូនខ្ញុំដែរ»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ ថ្ងៃថែមទៀតចាប់ពីថ្ងៃទី២៩ ដល់ទី០៥ ឧសភា ព្រមទាំងមានការបែងចែកជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង«តំបន់លឿង» ទៅតាមកម្រិតឆ្លងធ្ងន់ មធ្យម និងស្រាលផងដែរ។ ការបិទខ្ទប់នេះ ក៏មាននៅតំបន់មួយចំនួនតាមខេត្តដែរ ដូចជា នៅសៀមរាប និងខេត្តព្រះសីហនុ ជាដើម។ ពេលបិទខ្ទប់នេះដែរ នៅកន្លែងខ្លះ អាជ្ញាធរ បានបង្កើនវិធានការមិនឱ្យពលរដ្ឋចេញក្រៅទ្វេដង ដូចជាដាក់ដុំថ្ម ឬលូធំៗបាំងផ្លូវចេញចូលនៅក្នុងតំបន់ហាមឃាត់នោះទៀតផង។
ទាក់ទងបញ្ហានេះ អាស៊ីសេរីមិនទាន់អាចសុំការបកស្រាយពីអភិបាលសាលារាជធានីភ្នំពេញ លោកឃួង ស្រេង និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ នៅថ្ងៃទី៣០ មេសា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការទាមទារជំនួយស្បៀងអាហាររបស់ពលរដ្ឋពេលនេះ ជាសិទ្ធិសេរីភាព និងជាមធ្យោបាយរបស់ពលរដ្ឋក្នុងការផ្ដល់ដំណឹងទៅអាជ្ញាធរ ឬអ្នកពាក់ព័ន្ធឱ្យបានដឹង។ លោកជឿថា ក្រោយដឹងការទាមទាររបស់ពលរដ្ឋបែបនេះ អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធ កំពុងរៀបចំស្បៀងអាហារបញ្ជូនទៅឱ្យពលរដ្ឋហើយ៖ «យើងដឹងហើយថា មនុស្សរាប់ពាន់រាប់ម៉ឺននាក់មិនមែនដោះស្រាយភ្លាមៗហើយដំណាលគ្នាបានទេមានមុនមានក្រោយមានឆាប់ មានយឺត អ៊ីចឹងទេ តាមសំណូមពរបងប្អូនរដ្ឋាភិបាលដោះស្រាយជូនបងប្អូនហើយ»។
ជុំវិញរឿងនេះ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុក (Facebook) ដោយអ្នកស្រីចោទជាសំណួរថា តើហេតុអ្វីបាន ទាល់តែពលរដ្ឋចេញតវ៉ា ទើបអាជ្ញាធរសន្យាដោះស្រាយ។ អ្នកស្រីបន្តថា អាជ្ញាធរគួរមានការជជែកពីបញ្ហានេះដើម្បីរកឱ្យឃើញថាអ្វីជាឧបសគ្គ និងត្រូវ ដាក់ចេញជាដំណោះស្រាយឱ្យបានចំគោលដៅ និងឆ្លើយតបការប្រឈមរបស់ពលរដ្ឋ។
រីឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ឯណោះវិញ លោកសរសេរលើហ្វេសប៊ុកនៅថ្ងៃទី៣០ ខែមេសា ដោយណែនាំឱ្យពលរដ្ឋដែលដាច់ស្បៀងអាហារនៅភ្នំពេញ សរសេរសំណើដោយផ្ទាល់ទៅអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme)។ លោកបន្តថា អង្គការនេះគ្រប់គ្រងដោយអង្គការសហប្រជាជាតិ (United Nations) ហើយដែលមានតួនាទីផ្ដល់ស្បៀងអាហារដល់ប្រជាពលរដ្ឋទូទាំងពិភពលោកដែលកំពុងខ្វះស្បៀងអាហាររហូតដល់ប្រឈមទុរ្ភិក្ស។
លោក សម រង្ស៊ី បានផ្តល់ជាគំរូនៃសំណើនេះនៅលើហ្វេសប៊ុករបស់លោក។ លោកឱ្យដឹងទៀតថាពលរដ្ឋអាចសរសេរសំណើនេះជាភាសាខ្មែរ ឫភាសាអង់គ្លេសក៏បានដោយផ្ញើសារតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោកhttps://www.facebook.com/WorldFoodProgramme/)និងប្រាប់ពីស្ថានភាពដែលពួកគាត់ជួបប្រទះ រួមទាំង ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទ ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។