ពលរដ្ឋ​នៅ​ស្វាយរៀង​ត្អូញត្អែរ​ពី​រថយន្ត​ដឹក​ដំឡូង​របស់​វៀតណាម​ធ្វើ​ឲ្យ​ខូច​ផ្លូវ

0:00 / 0:00

អ្នក​ភូមិ​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង រិះគន់​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​អើពើ​ទប់ស្កាត់​រថយន្ត​ដឹក​ដំឡូងមី​របស់​ជនជាតិ​វៀតណាម ក្នុង​ទឹក​ដី​ខ្មែរ ដែល​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ គ្មាន​អ្នក​ទទួល​ខុស​ត្រូវ។

ពួក​គាត់​បញ្ជាក់​ថា ផ្លូវ​ខូច​ទាំង​ស្រុង​ប្រមាណ​មួយ​គីឡូម៉ែត្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មិន​អាច​ធ្វើ​ដំណើរ​ដោយ​រថយន្ត និង​ម៉ូតូ​បាន​ឡើយ។ ប៉ុន្តែ មេ​ឃុំ​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​រថយន្ត​ជនជាតិ​វៀតណាម ចូល​មក​ដឹក​ដំឡូង ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ។

អ្នក​ភូមិ​ដែល​រស់នៅ​តំបន់​ជាយ​ដែន​កម្ពុជា​វៀតណាម សម្ដែង​ការ​មិន​ពេញ​ចិត្ត និង​ខឹង​សម្បា​ចំពោះ​រថយន្ត​ដឹក​ដំឡូង​របស់​ជនជាតិ​វៀតណាម ថា​ជា​ដើម​ចម​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ហើយ​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រស់នៅ​ភូមិ​ព្រែកពក ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ សីហា ថា រថយន្ត​ដឹក​ដំឡូងមី​របស់​ជនជាតិ​វៀតណាម ធ្វើ​សកម្មភាព​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​តំបន់​នៃ​ឃុំ​ថ្នាធ្នង់ ជាយ​ដែន​ប្រទេស​កម្ពុជា​វៀតណាម ហើយ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ទាំង​ស្រុង​ប្រមាណ ១​គីឡូម៉ែត្រ មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ឬ​ម៉ូតូ​បាន​នោះ​ទេ។

អ្នក​ភូមិ​រូប​នេះ​បន្ត​ថា ដំណាំ​កសិកម្ម​នោះ​ភាគ​ច្រើន​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​វៀតណាម ដែល​ក្នុង​រូបភាព​ជួល​ដី​ខ្មែរ​ធ្វើ​អាជីវកម្ម ហើយ​ពេល​ប្រមូល​ផល គេ​យក​ទៅ​លក់​នៅ​ប្រទេស​របស់​ខ្លួន​វិញ ហើយ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​របស់​ខ្មែរ​ពុំ​មាន​អាជ្ញាធរ​ណា​អើពើ​នោះ​ទេ៖ «អាជ្ញាធរ​ដែន​ដី​គេ​ចេះ​តែ​បណ្ដោយ​អ៊ីចឹង អា​ហ្នឹង​ប្រហែល​គេ​មាន​សំណូក​ពី​យួន​ខ្លះ​ហើយ បាន​ចេះ​តែ​ចូល​អី​អ៊ីចឹង​បាន​បង! គ្រលុក​ក្រហេងក្រហូង​ហ្នឹង​វា​ច្រើន​ណាស់ ប៉ុន្តែ​គ្រាន់​វា​ដោយ​ដុំៗ​អា​ខូច​ទាំង​ស្រុង​តែ​ម្ដង ម៉ា​គីឡូម៉ែត្រ​ខូច​ទាំងអស់​តែ​ហ្មង ដូចជា​អា​ផ្លូវ​រទេះ​បរ​ក្នុង​ស្រែ​អ៊ីចឹង​បង វា​លែង​ទៅ​ជា​ថ្នល់។ ប្រជាពលរដ្ឋ​គាត់​ធ្វើ​ដំណើរ​មក បើ​ដើរ​ថ្មើរ​ជើង​ចេះ​តែ​បាន​ហើយ ប៉ុន្តែ​ប្រឡាក់​ភក់​ទាំងអស់​តែ​ហ្មង​ជើង»

អ្នក​ភូមិ​បញ្ជាក់​បន្ថែម​ថា ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ជួប​ការ​លំបាក​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ និង​ការ​ទៅ​ទិញ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ឯ​ទីផ្សារ​ជាដើម គឺ​អ្នក​ភូមិ​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ត្រូវ​ចំណាយ​ពេល​អស់​ជាច្រើន​ម៉ោង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​ថ្នាធ្នង់ លោក គឹម ញ៉ាញ ទទួល​ស្គាល់​ថា រថយន្ត​ដឹក​ដំឡូងមី​របស់​ជនជាតិ​វៀតណាម នោះ ពិត​ជា​ចូល​មក​ដឹក​ដំឡូង​ក្នុង​ទឹក​ដី​ខ្មែរ ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ថ្នល់​ខ្លះ​មែន ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​របស់​ពួក​គេ​ទាំង​នោះ ក្នុង​គោល​បំណង​ប្រមូល​ទិញ​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ដែល​ដាំ​ដុះ​នៅ​តាម​តំបន់​ជាយ​ដែន​ប៉ុណ្ណោះ៖ «ហើយ​ដល់​ពេល​មិន​ទាន់​ដល់​ខែ​ផង មាន​ទឹក​ជំនន់​ជន់​មក ហើយ​គាត់​ត្រូវ​ដើម្បី​លក់ ហើយ​លក់​ទៅ​ណា យើង​រោងចក្រ​សហគ្រាស​ដើម្បី​ស្ល​ដំឡូង​អី​ហ្នឹង​កើត​អ៊ីចឹង មាន​តែ​ទំនាក់ទំនង​បញ្ហា​របស់​វៀតណាម។ ដល់​ទំនាក់ទំនង​ទៅ គេ​យក​អាត្រាក់​មក​ធំ​អី​អ៊ីចឹង​ទៅ ខ្ញុំ​ប្រាប់​ហើយ​តើ បង​ប្អូន​មាន​អាជីវកម្ម​កុំ​វា​ខាត​ផល​ប្រយោជន៍ ហើយ​កុំ​វា​ថា​វា​នៅ​រាំង​ស្ទះ ប៉ុណ្ណឹង​វា​ដក​មិន​ទាន់​ទៀត។ វា​មិន​ឲ្យ​ខូចខាត​ទាំង​ប្រជាជន កុំ​ឲ្យ​ខូចខាត​ទាំង​ផ្លូវ​ថ្នល់»

តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ថា ផ្ទៃ​ដី​ដាំ​ដំឡូងមី​តាម​ជាយ​ដែន​កម្ពុជា​វៀតណាម ភាគ​ច្រើន​ជា​ក្រុមហ៊ុន​របស់​ជនជាតិ​វៀតណាម ជាពិសេស​នៅ​ស្រុក​រំដួល​តែ​ម្ដង។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ចាត់​ទុក​ការ​ថ្លែង​របស់​អាជ្ញាធរ​ឃុំ​ថ្នាធ្នង់ ថា​ជា​លេស​មួយ​ដើម្បី​ដោះ​បន្ទុក​ពី​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​រំដួល ពុំ​មាន​លទ្ធភាព​ដាំ​ដំឡូងមី​ឡើយ ហើយ​ហេតុ​ដែល​កសិករ​ខ្មែរ​ពុំ​មាន​លទ្ធភាព​នោះ ពីព្រោះ​ថា ពួក​គាត់​ខ្វះ​បច្ចេកទេស និង​គ្មាន​ដើម​ទុន​សម្រាប់​ធ្វើ​កសិកម្ម៖ «អឺ! ដោយសារ​តែ​វៀតណាម ទាំងអស់​ហ្នឹង​គិត​ថា​ប្រជាពលរដ្ឋ​កម្ពុជា ហ្នឹង​ពុំ​មាន​លទ្ធភាព​ដាំ ទើប​គេ​ចុះ​មក​ជួល​ដី។ អ៊ីចឹង ប្រសិន​បើ​ក្រុមហ៊ុន​វៀតណាម ដឹក​ឲ្យ​ខូច​ផ្លូវ​ខូច​ហេដ្ឋារចនាសម្ពន្ធ​ហ្នឹង អាជ្ញាធរ​គួរ​តែ​ព្យាយាម​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង ទទួល​ខុស​ត្រូវ ពីព្រោះ​ក្រុមហ៊ុន​ទាំងអស់​ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូវ ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​បញ្ហា​ការ​ដឹក​ជញ្ជូន។ ហើយ​ម្យ៉ាង​វិញ​ទៀត អាជ្ញាធរ​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ផង​ដែរ»

ដំណាំ​ដំឡូងមី​នៅ​ឃុំ​ថ្នាធ្នង់ ស្រុក​រំដួល សព្វថ្ងៃ​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ ៣០០​ហិកតារ ហើយ​ដំណាំ​ទាំង​នោះ ទីផ្សារ​សំខាន់​នៅ​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។