តំណាង​សហជីពថា​រឿង​បន្ទាន់​ដែល​រដ្ឋាភិបាល​គួរ​គិត​ គឺ​ដោះស្រាយ​​បញ្ហា​ក្រពះសិន​

ដោយ មួង ណារ៉េត
2021-03-31
Share
តំណាង​សហជីពថា​រឿង​បន្ទាន់​ដែល​រដ្ឋាភិបាល​គួរ​គិត​ គឺ​ដោះស្រាយ​​បញ្ហា​ក្រពះសិន​ លោក វន់ ពៅ ប្រធាន​​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​​នៃ​​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​​(IDEA)​ និងអ្នករត់រម៉ក់កង់បីនៅក្នុងទីក្រុងភ្នំពេញ។
រូប៖ ហ្វេសប៊ុក pao vorn

តំណាង​​កម្មករ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ​បាន​ព្យាយាម​​គ្រប់​មធ្យោបាយ​ ដើម្បី​​ឲ្យ​​រដ្ឋាភិបាល​ គិតគូរ​​អំពី​បញ្ហា​បន្ទាន់​របស់​ពួកគាត់។ ​ប៉ុន្តែ​​នៅតែគ្មាន​ដំណោះស្រាយ​ជាក់​លាក់ ​និង​​ចំគោលដៅ​។​ ពួកគាត់​​ថា គម្រោងថ្មី​​របស់​ក្រសួង​​សេដ្ឋកិច្ច ​និង​​ហិរញ្ញវត្ថុ​​អំពី​ការ​ធានា​ផ្តល់​ប្រាក់​កម្ចី​ ដោយ​​កាត់​បន្ថយ​ទ្រព្យបញ្ចាំ ​ដែលមាន​ទំហំ​ទឹក​ប្រាក់​ ២០០ លានដុល្លារ​​ ដែល​ក្រសួង​​នេះ​ អះអាងថា បង្កើត​​ឡើង​​ដើម្បី​​ស្ដារ​អាជីវកម្មនោះ ​គឺជា​រឿង​អេះមិនចំរមាស់​ទៀត​ហើយ។

ប្រធាន​​សមាគម​ប្រជាធិបតេយ្យ​​ឯករាជ្យ​​នៃ​​សេដ្ឋកិច្ច​ក្រៅ​​ប្រព័ន្ធ​​(IDEA)​ លោក វន់ ពៅ ថា​បញ្ហាបន្ទាន់នៅពេលនេះ​ គឺ​រឿង​ក្រពះ​ បើមិន​ដោះស្រាយ​រឿងនេះមុនទេ​ គឺ​ពលរដ្ឋ​នឹង​​ដាច់ពោះស្លាប់​ជាក់ជា​មិនខាន​ ព្រោះ​កំពុង​តែ​​ទាល់ខ្លាំង​៖ «សំខាន់បន្ទាន់ទីមួយ គឺការហូបចុកប្រចាំថ្ងៃ​។ ឥឡូវ​មនុស្ស​កំពុង​តែ​ដាច់ស្បៀង។ អ៊‌ីចឹង​រដ្ឋ​ត្រូ​វផ្ដល់​ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ សម្រាប់ប្រជាពលរដ្ឋ​ឲ្យមានការហូបចុក​គ្រប់គ្រាន់ទីមួយ​។ ទីពីរ ​គឺអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ទាំង​អស់ ដើម្បី​ពន្យារពេលនៃការ​បង់ការប្រាក់ និង​ថ្លៃដើម។ ខ្ញុំគិតថា នោះគឺអាចជាការសម្រួល​បន្ទាន់មួយ​ សម្រាប់​ប្រជាពលរដ្ឋ​ អ្នកណា​ក៏ដូចអ្នកណា​ដែរ រាល់ថ្ងៃនេះ​ត្អូញត្អែ​រឿង​ជំពាក់លុយ​ធនាគារ​សឹង​តែ​គ្រប់គ្នា​​»

ជាងនេះទៅទៀត​លោក ថា​រដ្ឋ​គួរ​យកចិត្ត​​ទុកដាក់​បញ្ចុះថ្លៃទឹក​ភ្លើង​​ ដើម្បី​​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព​​ប្រើប្រា​ស់​បាន​ និង​​គួរ​​ពិនិត្យ​មើល​ថ្លៃប្រេង​ឥន្ធនៈ និង​​ថ្លៃជួល​ផ្ទះ​ផង ព្រោះវាជា​បន្ទុក​ធ្ងន់មួយ​ក្នុងពេល​ពលរដ្ឋ​បាត់ប្រាក់ចំណូល​ដោយសារតែ​ស្ថានភាព​ជំងឺកូវីដ-១៩នេះ។

ថ្មីៗនេះ ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានដាក់ឱ្យដំណើរការ «គម្រោង​ធានាឥណទាន​ ដើម្បី​ស្តារ​អាជីវកម្ម ​[Business Recovery Guarantee Scheme,​ BRGS]» របស់​សាជីវកម្ម​ធានា​ប្រាក់កម្ចី​នៅ​កម្ពុជា​ ដែលមាន​ទំហំទឹកប្រាក់ ​២០០ ​លានដុល្លារ។ ក្រសួងនេះ ​អះអាង​នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​ កាលពីថ្ងៃទី២៩​ ខែ មីនា​ ថា​​គម្រោងនេះ​មានគោលដៅ​គាំទ្រ​​អាជីវកម្ម​ ទាំង​អាជីវកម្ម​ខ្នាត​មីក្រូ​ ខ្នាតតូច​​និង​​មធ្យ​ម​ និង​​អាជីវកម្មខ្នាតធំ​ ដើម្បី​បង្កើន​លទ្ធភាព​ក្នុងការ​​ទទួល​បាន​​ប្រាក់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​សម្រាប់​ការ​កៀរគរទុន​បង្វិល​វិនិយោគ​ និង​​​ពង្រីក​​អាជីវកម្ម។ ក្រសួង​ដដែល​បញ្ជាក់ថា​ គម្រោងនេះ​មាន​គោលដៅ​គាំទ្រ​អាជីវកម្ម​​ឲ្យ​បន្ត​ដំណើរការ​ទៅមុខ​ និង​​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​​​ជំងឺកូវីដ-១៩។

ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​(ACLEDA) លោក ​អ៊ិន ចាន់នី ​ប្រាប់សារព័ត៌មាន​ក្នុង​ស្រុក​ថា ​ដើម្បី​ប្រើប្រាស់សេវាធានាឥណទាន​បាន​ប្រជាពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ស្នើសុំកម្ចី​ នៅ​តាម​​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុណា​មួយ។​ ក្នុង​ករណី​ដែល​​ទ្រព្យធានា​មិនគ្រប់​ អតិថិជន​អាច​​ប្រើប្រាស់​សេវាធានាឥណទាន​នេះ​បាន​។

5767a269-ad38-46fc-b7cb-394c23cfa640.jpeg
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA)។ (រូបភាព Channy's Facebook page)

អ្នកជំនាញ​យល់ថា​ ​គម្រោងនេះ​អាច​ជួយដោះស្រាយ​បញ្ហា​បានមួយ​ផ្នែកដែរ។​ អ្នកជំនាញ​កសិកម្ម​ និង​​ជា​ស្ថាបនិក​​គណបក្ស​​​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP)​ លោក​បណ្ឌិត​​ យ៉ង សាំងកុមារ ​ថា​អ្វី​ដែល​គម្រោងនេះ​អាចជួយ​បាន ​គឺ​ជួយធានា​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ខ្ចីលុយបាន​ ដើម្បីជា​ទុន​សម្រាប់​បន្តរបររបស់ខ្លួន​ ដូចជា​​ក្រុម​ជំនួញ​​ខ្នាតតូច​និង​​មធ្យម​​​​កំពុងជួប​វិបត្តិ​ ដោយ​ចំណូល​មិន​គ្រប់គ្រាន់​ គ្មានលុយបង្វិល​ ដើម្បី​ជួយ​ទប់​ប្រតិបត្តិការ និង​​ការ​ចំណាយ។​ ប៉ុន្តែ​លោកថា ​បើគ្រាន់​តែផ្តល់​ការធានា​​ឲ្យខ្ចីប្រាក់​ មិន​គ្រប់គ្រាន់ទេ។​ រដ្ឋគួរ​គិតគូ​អំពីការ​បញ្ចុះអត្រាការ​ប្រាក់ផង​ដែរ។

ស្របពេល​ជាមួយគ្នានេះ​លោកបណ្ឌិត យ៉ង សាំង​កុមារ​ ថា​សេដ្ឋកិច្ចអាច​ងើប​ឡើងវិញបាន​លឿន​ បើរដ្ឋ​ជួយ​ផ្តល់ទុនដល់​ម្ចាស់​អាជីវកម្ម​ ជាពិសេស​អាជីវកម្ម​​ក្នុង​វិស័យទេសចរណ៍ ​ដូចជា​ម្ចាស់សណ្ឋាគារ​ ឬ​ភោជនីយដ្ឋានជាដើម៖ «នៅពេល​ដែលថា​​ នៅ​ពីរបីខែទៀត ក្រែងស្ថានភាព​ល្អប្រសើរច្រើន​ មានវ៉ាក់សាំង ​អាច​មាន​ភ្ញៀវទេសចរណ៍មក​បណ្ដើរៗ​ ពួកគាត់​ត្រូវ​​មាន​ដើមទុន ​ដើម្បី​ចាប់​​ផ្តើម​ងើបឡើងវិញ​​ឲ្យបាន​លឿនទាន់ពេល​ហ្នឹង​។​ មួយផ្នែកទៀត​ គឺលើ​វិស័យ​​មួយចំនួន ​ដែលមាន​សក្ដានុពល​ គាត់អត់​ជួប​វិបត្តិ​ បាត់បង់ចំណូល​ គាត់អាច​ពង្រីក​ការ​ផលិត​ ការកែច្នៃ​​ក្នុង​វិស័យ​កសិកម្ម​ និង​​សិប្បកម្មជាដើម​ ដើម្បីផលិតឲ្យបានច្រើន ​ជំនួស​​ការនាំចូល​ បង្កើត​ការងារ​ថែម»

Yang_Saing_Koma_GDP.jpg
លោកបណ្ឌិត​ យ៉ង សាំងកុមារ អ្នកជំនាញកសិកម្ម និង​ជា​ស្ថាបនិក​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP)។ (រូបភាព GDP)

ក្នុង​ស្ថានភាព​ជួបវិបត្តិ​ដោយសារ​ជំងឺកូវីដ-១៩​ នេះ ​រដ្ឋាភិបាល​ជាច្រើន​លើពិភពលោក​ ជាពិសេស​​ប្រទេសលោក​សេរី ​ផ្តោតការយកចិត្តទុក​លើការ​ដោះស្រាយ​បញ្ហា​ជីវភាព​បន្ទាន់​របស់​ប្រជាពលរដ្ឋ ​ដូចជា​ចេញច្បាប់ថវិកា​ ដើម្បីចែកសាច់​ប្រាក់​ជូន​ពលរដ្ឋគ្រប់គ្នា​​ដើម្បីដោះទាល់ ​និង​​ច្បាប់ថវិកា ​ដើម្បី​ជួយស្តារ​សេដ្ឋកិច្ច​ឡើងវិញ។​ ប៉ុន្តែរដ្ឋាភិបាល​នៃ​ប្រទេសក្រីក្រ​ គ្មាន​លទ្ធភាព​ធ្វើដូច្នេះបាន​នោះ​ទេ​ ព្រោះ​ខ្វះថវិកា។ ​ដូច្នេះ​មាន​តែ​ការ​សន្យា​និងរងការ​រិះគន់ថា​ ចេះតែ​​​ប្រកាស​គម្រោង​នេះ ឬ​គម្រោងនោះ ​ដើម្បីស្អំចិត្ត​ពលរដ្ឋប៉ុណ្ណោះ ​ឯជំនួយ​ជាក់ស្ដែង​មិន​សូវ​ឃើញ​មាន​នោះ​​ទេ។

ដូចគ្នា​នេះដែរ​ លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ប្រកាស​សន្យាថា នឹង​បញ្ចេញ​កញ្ចប់ថវិកា ២ពាន់លានដុល្លា​រ​ ដើម្បី​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច​ និង​​ជីវភាព​របស់​​ប្រជាពលរដ្ឋ​ បើ​វិបត្តិជំងឺកូវីដ-១៩​ បន្ត​អូសបន្លាយ​ដល់​មួយ​ឆ្នាំ។​ ការសន្យានេះ​ លោកធ្វើឡើង​កាលពីខែមករា ឆ្នាំ២០២០។​ ជាងមួយឆ្នាំក្រោយមក​ មន្រ្តី​ក្រសួង​​សេដ្ឋកិច្ច​ប្រកាសថា​ លុយនោះ​ចាយជិតអស់​ទៅហើយ។​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ជាពិសេស​កម្មករ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ នៅតែ​ត្អូញត្អែថា​ ពួកគាត់​ច្រើនលើសលុប​ ​មិនដែល​បាន​ទទួល​ជំនួយ​អ្វីពីរដ្ឋនោះទេ។​ ជាងនេះទៅទៀត​ ពួកគាត់​ខំដើរ​ដាក់ញត្តិគ្រប់ច្រកល្ហក​​ និង​ចុងក្រោយ​​​ដង្ហោយ​ឲ្យអង្គ​ព្រះ​មហាក្សត្រ​ជួយ​ផង​ ក៏នៅតែគ្មាន​ស្ថាប័នណា​​ឈឺឆ្អាល​រឿងនេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​​ចំណីអាហារ​កម្ពុជា​អ្នកស្រី អ៊ូ ទេពផល្លីន ថា​អ្នក​ដែល​លំបាក​ជាងគេបំផុត​នៅពេលនេះ ​គឺវណ្ណៈកម្មករ​ ជាពិសេស​​កម្មករ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ។​ អ្នកស្រីថា​ គម្រោង​របស់​រដ្ឋាភិបាល​ដែលគិតគូ​អំពី​ការធានាប្រាក់​កម្ចីនេះ​ ជារឿងល្អ​ ប៉ុន្តែ​មិន​ត្រូវពេល​វេលានោះទេ​ ព្រោះ​ពេលនេះ​គ្មាន​ម្ចាស់​អាជីវកម្មណា​ អាចងើបឡើងវិញ​បាន​នោះទេ ​ទោះរដ្ឋ​ឲ្យលុយខ្ចី​បន្តដំណើរការ​ក៏ដោយ​ ព្រោះ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ មនុស្ស​ម្នា​លែងហ៊ាន​ចេញពីផ្ទះ​ និង​​ជាង​នេះទៅ​ទៀត​ ពេលនេះ​ពលរដ្ឋស្ទើរតែ​ទូទាំងប្រទេស​​បាត់ចំណូល​ស្ទើរតែទាំងស្រុង​អស់ទៅហើយ​ តើពួកគាត់​​បាន​ប្រាក់​ឯណា​ដើម្បីជួយជាវ​ ឬ​គាំទ្រសេវា ​ឬផលិតផល​របស់​អាជីវកម្ម​ទាំងនោះ៖ «បើប្រជាពលរដ្ឋ​ចំណូល​ផ្គត់​ផ្គង់​​តែតម្រូវការចាំបាច់​ហ្នឹង​​ យើងរៀងបារម្ភផង ​តើនរណា​​ទៅហ៊ានចំណាយ​​ពាសវាលពាសកាល ​ខ្លាច​ទុនដែលយើងសល់ ​ឬលុយ​ដែលយើង​បម្រុងនោះ ​វាអត់គ្រប់គ្រាន់​ ព្រោះស្ថានភាព​រាល់ថ្ងៃ​ វានៅក្នុង​​ភាព​ផុយស្រួយ​នៅឡើយ»

people_effect_from_Covid.jpg
អាជីវករនៅតាមផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញ លក់ដូរមិនដាច់សោះឡើយ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ។

អ្នកស្រីថា​ ស្ថានភាពផុយស្រួយនេះ ​អាចអូសបន្លាយ​ពេលយូរទៀត ​ដោយសារតែការ​រីករាលដាល​នៃ​ជំងឺកូវីដ-១៩​ នៅកម្ពុជា​ កាន់តែ​ធ្ងន់​ទៅជាលំដាប់ ហើយ​បញ្ហាលំបាក​ និង​​បន្ទាន់​របស់​ប្រជាពលរដ្ឋ ក៏​កាន់តែកើន​ឡើង។

ដូច្នេះអ្នកស្រីថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហាជីវភាព​ជាបន្ទាន់​ដល់កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ដូចជាការ​ផ្ទេរសាច់ប្រាក់សុទ្ធ​ ពីរដ្ឋ​ទៅដល់​កម្មករ​ទាំងនោះ ​និង​​ជាពិសេស​ដល់​ស្រ្តីមេម៉ាយ ​ស្រ្តីសេវាកំសាន្ត​ដែលបាត់បង់​ការងារ​ ដើម្បី​ឲ្យពួកគាត់​អាច​បន្តរស់បាន​ ក្នុងស្ថានភាព​ដ៏លំបាកលំបិន​នេះ។

ទោះជា​រដ្ឋាភិបាល​លោក ហ៊ុន សែន​ បានសន្យា​ត្រៀមថវិកា​ជួយដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយសារ​ជំងឺកូវីដ-១៩នេះ​ក៏ដោយ​ ក៏អ្នកវិភាគ​ និង​អ្នក​ឃ្លាំមើលសង្គម​លោក គឹម សុខ យល់ថា នោះ​គ្រាន់​តែជា​នយោបាយ​ប្រជាភិថុតិប៉ុណ្ណោះ ​ព្រោះរដ្ឋាភិបាល​គ្មាន​ប្រាក់​បម្រុង​ពិតប្រាកដនោះ​ទេ។​ ជាងនេះទៅទៀត​ ដោយសារ​ការខ្វះថវិកា​នេះ ​រដ្ឋាភិបាល​បានកាត់បន្ថយ​ថវិកាជាតិ​ពាក់កណ្តាល​តាំងពីឆ្នាំ ២០១៩​ មកម្ល៉េះ។​ ភាពខ្វះថវិកានេះ ​បានស្តែ​ង​ចេញ​នៅពេល​ដែល​រដ្ឋត្រូវការ​លុយ​ សូម្បី​តែលុយ​ដើម្បី​ទិញវ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ក៏រដ្ឋត្រូវ​ប្រកូកប្រកាស​ កៀរគរ​សុំការ​បរិច្ចាគ​ពីមន្រ្តីគ្រាក់ៗ​ និង​​ឧកញ៉ា​ម​ហាសេដ្ឋី ​ដែល​ស្និទ្ធនឹង​​របបក្រុង​ភ្នំពេញ​នោះដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល