ក្រុមហ៊ុន​ចិន​មួយ​លួច​ជីក​យក​រ៉ែ​មាស​ក្រោម​រូបភាព​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១

ដោយ មាន ឫទ្ធិ
2023.04.28
ក្រុមហ៊ុន​ចិន​មួយ​លួច​ជីក​យក​រ៉ែ​មាស​ក្រោម​រូបភាព​គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ ច្រក​ចូលក្រុមហ៊ុន​ចិន ស៊ីនណូហាយដ្រូ (SINOHYDRO BUREAU 8 CO., LTD.) នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​គម្រោង​សាងសង់​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ របស់​ក្រុមហ៊ុន Stung Pursat Hydro Power (SPHP) (Cambodia) Co Ltd’s ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ីនណូហាយដ្រូ (SINOHYDRO BUREAU 8 CO., LTD.) សង្ស័យ​ក្រុមហ៊ុន​មួយ​នេះ កំពុង​លួចលាក់​ជីក​យក​រ៉ែ​មាស​ដឹក​យក​ទៅ​ប្រទេស​របស់​ខ្លួន ក្រោយ​រូបភាព​សាងសង់​ទំនប់​វារីអគ្គិសនី។ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ អះអាង​ថា ក្រុមហ៊ុន​ចិន ស៊ីនណូហាយដ្រូ (SINOHYDRO BUREAU 8 CO., LTD.) ដែល​ម៉ៅការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ពោធិ៍សាត់ ពី​ក្រុមហ៊ុន Stung Pursat Hydro Power (SPHP) (Cambodia) Co Ltd’s កំពុង​លួច​ជីក​យក​រ៉ែ​មាស​ដឹក​ចេញ​ទៅ​ក្រៅ។ ប្រជាពលរដ្ឋ​ថា កម្មករ​ខ្មែរ​ដែល​ចូល​ធ្វើ​ការ​នៅក្នុង​ការដ្ឋាន​បាន​ប្រទះឃើញ ជនជាតិ​ចិន​ជីក​យក​ថ្ម​ដែល​មាន​លាយ​មាស​ដាក់​ក្នុង​កេស​ឈើ​បិទ​ជិត រួច​ដឹក​យក​ទៅ​ក្រៅ​ការដ្ឋាន​ជាប្រចាំ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទួលគ្រួស និង​ភូមិ​ស្ទឹង​ថ្មី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ មេសា ថា ពលរដ្ឋ​ក្នុង​ភូមិ​ដែល​ជា​កម្មករ​បាន​ជួយ​លើក​កេស​ឈើ ដាក់​លើ​ឡាន ក៏​ប្រទះឃើញ​ថ្ម​លាយឡំ​ដោយ​ពណ៌​មាស ហើយ​កន្លែង​ទាំង​នោះ គេ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ខ្មែរ​ចេញ​ចូល​នោះ​ទេ ដោយ​អនុញ្ញាត​ឱ្យ​តែ​កម្មករ​ជា​ជនជាតិ​ចិន​ប៉ុណ្ណោះ​ចេញចូល នៅក្នុង​ការដ្ឋាន​ជីក​យក​ថ្ម​នោះ។ ពលរដ្ឋ​បន្ត​ទៀត​ថា កម្មករ​ខ្មែរ​ដែល​ដឹង​អំពី​ថ្ម​លាយ​មាស ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ហើយ។ ប្រជាពលរដ្ឋ​រូប​នេះ​បន្ថែម​ថា ពួកគេ​មិន​ហ៊ាន​ផ្សព្វផ្សាយ​បញ្ហា​នេះ​ទៅកាន់​អ្នកសារព័ត៌មាន​ទេ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាមកំហែង​ដល់​ពួកគេ។

ពលរដ្ឋ​សុំ​លាក់​ឈ្មោះ៖ «ដឹក​ថ្ម​ចេញ​សុទ្ធតែ​រ៉ែ កុំ​អី​ក៏​ពួក​យើង​អត់​ដឹង​ទេ ដោយសារ​រក​កម្មករ​ជួយ​លើក (លើក​កេស​ដាក់​ថ្ម​) ព្រោះ​វា​លើក​អត់​រួច ហើយ​ថ្ម​នឹង​ថ្ម​មាស​សុទ្ធ គ្រាន់តែ​ទំនប់​គេ​បើក​ឡាន​អាត្រាក់​ពីរ​គ្រឿង​មិន​ចង់​ទើស​ផង»

ពលរដ្ឋ​រូប​នេះ​បន្ត​ទៀត​ថា ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ពួកគេ​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី។ អ្នកភូមិ​ចាត់ទុក​ការ​ស្លាប់​នេះ ជា​ការ​ដាក់ទោស​ទណ្ឌ​ពី​អ្នកតា​ក្រហម​ក ដែល​បាន​ថែរក្សា​ព្រៃភ្នំ​នៅ​តំបន់​នោះ។ ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមោយ​សោកស្ដាយ​ការបាត់បង់​ធនធាន​ធម្មជាតិ និង​មច្ឆាជាតិ​នៅ​តាម​ស្ទឹង​ពោធិ៍សាត់ ដែល​ប្រជាពលរដ្ឋ​តែងតែ​ចុះទៅ​នេសាទ​ជា​ប្រចាំ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ដោយ​ពលរដ្ឋ​ខ្លះ​អាច​រក​ត្រី​ទៅ​លក់​រក​កម្រៃ​ទុក​សម្រាប់​កូន​របស់​ពួកគេ​សិក្សា​រៀនសូត្រ​ថែម​ទៀត​ផង។

china-dam-pursat1.jpg
ទិដ្ឋភាពពីលើ​នៃក្រុមហ៊ុន​ចិន ស៊ីនណូហាយដ្រូ (SINOHYDRO BUREAU 8 CO., LTD.) នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន ស៊ីនណូហាយដ្រូ បាន​នៅ​ឡើយ​ទេ។ ចំណែក​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​នៅ​ថ្ងៃទី​២៧ មេសា។ រីឯ​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា មិន​អត្ថាធិប្បាយ​ទេ​ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ។

សកម្មជន​បរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ហៅ​ថា អាឡិច យល់ឃើញ​ថា គ្រប់​គម្រោង​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចិន ប្រជាពលរដ្ឋ​កម្ពុជា​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ឡើយ ពោល​គឺ​ក្រុមហ៊ុន​ទាំងអស់​នោះ​លាក់បាំង​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ហើយ​តែងតែ​ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​។ មិនតែប៉ុណ្ណោះ លោក​ថា អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ក៏​ជាប់​ព័ន្ធ​រឿងអាស្រូវ​ប្រព្រឹត្តិ​អំពើពុករលួយ​ជាមួយ​នឹង​ក្រុមហ៊ុន។

លោក អាឡិច៖ «អាជ្ញាធរ​លួចលាក់​ព័ត៌មាន​លាក់​ដោយ​ចេតនា​ជា​ទូទៅ​គឺ​អ៊ីចឹង ហើយ​ក្រុមហ៊ុន​ចិន​នឹង​ក៏​មិនមែន​ជា​ក្រុមហ៊ុន​ដែល​មាន​ទម្លាប់ បើ​ជំហរ​មាន​តម្លាភាព​អ្វី​ចំពោះ​ប្រជាជន​អី​គឺ​អត់​ទេ​ទម្លាប់​ធ្វើការ​របស់​ក្រុមហ៊ុន​ចិន​គឺ​លាក់​ព័ត៌មាន​ប្រជាជន អ៊ីចឹង​ប្រជាជន​យល់​ច្រឡំ ប្រជាជន​មិន​ដឹង​ប្រជាជន​ថា ជា​រឿង​ធម្មតា»

គម្រោង​វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ នៅ​ត្រង់​ចំណុច​ចិនយំ ស្ថិត​នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ដំណើរការ នៅ​ចុងឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន​ចិន និង​កូរ៉េ មាន​អានុភាព ៨០​មេហ្គាវ៉ាត់។ គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០២៦។

ប្រទេស​កម្ពុជា​មាន​វារីអគ្គិសនី​ចំនួន ៧​កន្លែង​ដោយ​៥​កន្លែង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ឆៀង​ខាងលិច​នៃ​ប្រទេស​កម្ពុជា មាន​ដូចជា​វារីអគ្គិសនី​តាតៃ ឫស្សីជ្រុំ កំចាយ គីរីរម្យ​១ គីរីរម្យ​៣ ។ ចំណែក​មួយ​កន្លែង​ទៀត​គឺ​វារីអគ្គិសនី​សេសាន​ក្រោម​២ ស្ថិតនៅ​ខេត្ត​ស្ទឹងត្រែង។

ចំណែក​ខេត្ត​ពោធិ៍សាត់ មាន​វារីអគ្គិសនី​ចំនួន ២​កន្លែង គឺ​ទី​១ វារីអគ្គិសនី​ស្ទឹងអាតៃ ស្ថិត​ក្នុង​ឃុំ​អូរសោម ស្រុក​វាលវែង សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៥ និង​ទី​២ វារីអគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​ក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ត្រង់​ចំណុច​ចិន​យំ កំពុង​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន កូរ៉េ គ្រោង​បញ្ចប់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុង​ឆ្នាំ​២០២៦៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។