ពលរដ្ឋ​ថា អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​រើសអើង​ពលរដ្ឋ​ផ្ដល់​បទ​សម្ភាស​ឱ្យ​អាស៊ីសេរី

ដោយ ឡេង ម៉ាលី
2020.08.03
Share on WhatsApp
Share on WhatsApp
ផែនទី​ខេត្ត​ស្ទឹងត្រែង ៨៥៥ ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន រស់នៅ​តំបន់​ដាច់ស្រយាល ក្នុង​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​តូច​ចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ថា បាន​គំរាម​មិន​ធ្វើ​ប័ណ្ណ​សមធម៌ ឱ្យ​ពលរដ្ឋ​ណា ដែល​ផ្ដល់​បទសម្ភាសន៍​ឱ្យ​អាស៊ីសេរី និង​រើសអើង​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​ឱ្យ​សមាគម​អាដហុក។ ចំណែក​អាជ្ញាធរ​ឃុំ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ចំនួន ៣ នៃ​ឃុំ​កាំងចាម ឱ្យ​ដឹង​នៅ​ថ្ងៃទី២ ខែ​សីហា​​ថា អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​ឃុំ រើសអើង មិន​ធ្វើ​ប័ណ្ណ​សមធម៌ ឱ្យ​ពលរដ្ឋ​ណា ដែល​ហ៊ាន​រិះគន់ ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​សារព័ត៌មាន​ឯករាជ្យ និង​សមាគម​អាដហុក​នោះ​ទេ​។ ពួកគេ​អះអាង​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ក្រីក្រ ជាច្រើន​គ្រួសារ មិន​ត្រូវ​បាន​អាជ្ញាធរ​ចុះឈ្មោះ​​ក្នុង​បញ្ជី​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ របស់​រដ្ឋាភិបាល​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ភូមិ​កាំងក្ងោក លោកស្រី សួង សុត ថ្លែង​ថា លោកស្រី​ធ្លាប់​ផ្ដល់​បទ​សម្ភាស​ឱ្យ​អាស៊ីសេរី​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​បន្ទាប់​មក​អាជ្ញាធរ​ភូមិ​បាន​បដិសេធ មិន​ធ្វើ​ប័ណ្ណ​សមធម៌​ឱ្យ​នោះ​ទេ​។ លោកស្រី​ថា គ្រួសារ​លោកស្រី​ក្រីក្រ លំបាកលំបិន រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ-១៩ ជីវភាព​គ្រួសារ​លោកស្រី​កាន់តែ យ៉ាប់យ៉ឺន​ខ្លាំង៖ «ខ្ញុំ​តេ​ប្រាប់​អាដហុក មើល​លោកគ្រូ គេ​គំរាម​ខ្ញុំ​ចុះ​មួយ ខ្ញុំ​តេ​ប្រាប់​គាត់​។ គាត់​ថា មាន​បញ្ហា​គេ​គំរាម​អី ខ្ញុំ​តេ​ប្រាប់​គាត់​។ ប័ណ្ណ​ក្រីក្រ​ហ្នឹង​បានតែ​បក្ខពួក អ្នក​មានៗ មែន​អា​ស្រី ចាស លោកគ្រូ ខ្ញុំ​ហ៊ាន​អះអាង​។ អត់​ទេ ប្អូន​ខ្ញុំ​ទេ ប្អូន​ខ្ញុំ​ក្រ រក​ផ្ទះ​នៅ​មិនបាន ចម្ការ​ក៏​មិន​មាន​ធ្វើ អត់​បាន​ប័ណ្ណ​ក្រីក្រ គេ​ទេ គេ​ថា មាន​វគ្គ​មុន និង​វគ្គ​ក្រោយ»

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ភូមិ​កំពង់​ប៉ាង លោក គង់ រី ត្អូញ​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ក្រីក្រ​តោកយ៉ាក​ជាង ២០​គ្រួសារ អាជ្ញាធរ​ភូមិ​មិន​ធ្វើ​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​សមធម៌​ឱ្យ​នោះ​ទេ​។ ចំណែក​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ ជាប់​សាច់ញាតិ​អាជ្ញាធរ​ភូមិ បែរជា​ទទួល​បាន​ប័ណ្ណ​សមធម៌​ទៅវិញ ៖ «ពួក​យើង​ធ្វើការ​ខាង​ហ្នឹង គេ​មិន​ចុះឈ្មោះ ធ្វើ​ប័ណ្ណ​ក្រីក្រ​ឱ្យ​ពលរដ្ឋ​ទេ គេ​រឹតត្បិត។ យើង​ធ្វើការ​សិទ្ធិមនុស្ស​អាដហុក ពលរដ្ឋ​ដែល​យើង​សម្ភាសន៍​ប៉ុន្មាន​? គេ​មិន​ចុះ​ឱ្យ​យើង​ទេ​។ អត់​ដឹង​គេ​ដែរ ហើយ​ពលរដ្ឋ​ក្រីក្រ នៅតែ​ក្រីក្រ គេ​ដាក់​តែ​បង​ប្អូន​គេ​ហ្នឹង ដូច​នៅ​ភូមិ​កាំ​ង​ក្ងោក និង​កូន​មេភូមិ​បាន​ទាំងអស់ បានតែ​ប័ណ្ណ​ក្រីក្រ​១ ហើយ​ទៅ​មើល​ដី​រាប់​សិប​ហិកតារ គោ​រាប់​ក្រោល»

ឆ្លើយតប​ការ​លើក​ឡើង​នេះ មេភូមិ​កាំងក្ងោក លោក ហែម ឃឿន បដិសេធ​ថា លោក​មិន​បាន​គំរាម ពលរដ្ឋ​ណា​នោះ​ទេ ហើយ​ការ​ស្រង់​ឈ្មោះ ពលរដ្ឋ​ក្រីក្រ ក៏​គ្មាន​ការរើសអើង​ដែរ។ លោក​ថា មាន​ពលរដ្ឋ​ក្រីក្រ​ខ្លះ ដែល​មិនទាន់​ទទួល​បាន​ប័ណ្ណ​សមធម៌ លោក​បាន​បញ្ជូន​ឈ្មោះ​ពួកគេ ទៅ​ក្រុម​ប្រឹក្សា​ឃុំ​រួចហើយ ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យ​ពី​ស្ថានភាព​គ្រួសារ​៖ «អ្នក​ដែល​ប្ដឹង​ទៅ​ខាង​ប៉ុស្តិ៍​អាស៊ីសេរី ដោយសារតែ​ពួកគាត់​នៅ​ចម្ការ​ឆ្ងាយ ហើយ​ខ្ញុំ​ដាក់ពាក្យ​ស្នើសុំ ខ្ញុំ​ផ្ញើ​ខាង​ក្រុមប្រឹក្សា ដល់ពេល​គាត់​ទៅ​ប្តឹង​ខ្ញុំ​ថា មិន​ធ្វើ​ឱ្យ​។ ខ្លះ​ទៅ​ប្តឹង​ឃុំ តាមពិត​ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើសុំ​រួចហើយ ដាក់ពាក្យ​ស្នើសុំ​ខ្ញុំ​មើល​ឃើញ​ថា អ្នកណា​ក្រ​យើង​មើល​គាត់​ស្រាប់​ហើយ»

សមាជិក​ក្រុម​ប្រឹក្សាឃុំ​កាំងចាម និង​ជា​អ្នក​កាន់​គម្រោង​សម្ភាសន៍​ពលរដ្ឋ​ក្រីក្រ គឺ​អ្នកស្រី កែវ ប៊ុណ្ណា ថ្លែង​ថា ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​នីតិវិធី​ស្រង់​ឈ្មោះ​ពលរដ្ឋ​ក្រីក្រ ដែល​ទទួល​បាន​ប័ណ្ណ​សមធម៌​នោះ​ទេ​។ លោកស្រី​ថា ពលរដ្ឋ​ណា ដែល​គ្មាន​ឈ្មោះ ក្នុង​ប័ណ្ណ​អាទិភាព ត្រូវ​ជួប​អាជ្ញាធរ​ភូមិ ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ប័ណ្ណ​សមធម៌ ដែល​អនុម័ត​ដោយ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​៖ «គាត់​យល់​ថា ការ​ស្នើសុំ គឺ​គាត់​ស្នើសុំ​មក​ឃុំ​រួចហើយ ក៏ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ទាន់​ចុះបញ្ជី ដោយសារតែ​ឃុំ​កាំងចាម​យើង ធ្វើ​សម្ភាសន៍​វិល​ជុំ រហូត​។ អ៊ីចឹង​ក្នុង​មួយ​សប្ដាហ៍​ពួក​ខ្ញុំ​ចុះបញ្ជី​ស្នើសុំ បានតែ ៦ ទៅ ៧​គ្រួសារ​ទេ ក្នុង​មួយថ្ងៃ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី យល់ថា ប្រសិន​បើ​អាជ្ញាធរ​ឃុំ រើសអើង និង រឹតត្បិត​ពលរដ្ឋ​ដែល​ហ៊ាន​ផ្តល់​ព័ត៌មាន ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល គឺជា​ទង្វើ​រំលោភ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «បើសិនជា​យើង​បាន​ដឹង​ពី​បញ្ហា​ពី​ពលរដ្ឋ យើង​គួរតែ​យកចិត្តទុកដាក់ ក្នុង​ការ​បម្រើ ក្នុង​នាម​បម្រើ ហើយ​ប្រសិន​គាត់​ដឹង​ពី​បញ្ហា​របស់​ពលរដ្ឋ ទៅជា​គំរាម និង​រើសអើង នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា គំរាមកំហែង និង​រំលោភ​លើ​សិទ្ធិ​ពលរដ្ឋ​ហ្នឹងឯង»

រដ្ឋាភិបាល​ចាប់ផ្ដើម​អនុវត្ត​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​ជាង ៥​សែន ៦​ម៉ឺន​គ្រួសារ (៥៦២.៦៨៦) កាលពី​ថ្ងៃ​ទី​២៤ មិថុនា ដោយ​ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ​អាមេរិក​។ ពលរដ្ឋ​នឹង​ទទួល​បាន​ថវិកា​ខុសៗ ​គ្នា​ទៅតាម​កម្រិត​នៃ​ភាព​ក្រីក្រ និង​ទីតាំង​ដែល​ពួកគាត់​រស់នៅ​ជា​ឧទាហរណ៍ អ្នក​រស់​នៅ​ជនបទ​ពួកគាត់​អាច​ទទួល​បាន​យ៉ាងតិច​បំផុត ២០​ដុល្លារ​អាមេរិក ហើយ​នៅ​ទីប្រជុំជន និង​រាជធានី​ភ្នំពេញ ពួកគាត់​អាច​បាន​ទាប​បំផុត ៣០​ដុល្លារ​ក្នុង​មួយ​ខែ។

អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ លើកឡើង​ថា រដ្ឋាភិបាល​គួរ​ពង្រីក​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ឱ្យ​បាន​ច្រើនជាង​នេះ​ដោយ​គ្មាន​ការរើសអើង ព្រោះ​ពលរដ្ឋ​ជាច្រើន​បាន​ធ្លាក់ខ្លួន​ក្រីក្រ និង​កំពុង​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។