ពលរដ្ឋ​នៅ​ចងចាំ​កេរដំណែល​របស់​បណ្ឌិត កែម ឡី

0:00 / 0:00

ប្រជាពលរដ្ឋ​រំលឹក​ឡើង​វិញ​​អំពី​ការ​លះបង់​របស់​បណ្ឌិត កែម ឡី អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ ក្នុង​ពិធីបុណ្យ​ខួប​ ១០០​ថ្ងៃ​ឧទ្ទិស​ជូន​​រូប​លោក (កែម ឡី)។ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ពិធី​បុណ្យ​ខួប​ឲ្យ​ដឹង​ថា ពួកគាត់​មិន​បំភ្លេច​ការ​លះបង់​របស់​លោក​នោះ​ទេ។

នៅ​ពេល​ព្រឹក រូប​ចម្លាក់​ស្ពាន់​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​រំកិល​ពី​ព្រះវិហារ នៃ​វត្ត​ចាស់ ទៅ​តម្កល់​ក្នុង​រោងបុណ្យ ដោយ​មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ឈរ​អម​លើក​ដៃ​សំពះ ដោយ​មាន​សំឡេង​សូរស័ព្ទ​ធម៌។

​លោកស្រី វ៉ាត ស្រី ស្កាត់​មក​ពី​ខេត្ត​បាត់ដំបង ចូល​រួម​បុណ្យ ១០០​ថ្ងៃ​នៅ​ភ្នំពេញ។ លោកស្រី​រំឭក​ពី​ការ​លះបង់​របស់​បណ្ឌិត កែម ឡី ដែល​និយាយ​ពន្យល់​ឲ្យ​ពលរដ្ឋ ដូចជា​លោកស្រី​បាន​ចេះដឹង​រឿងរ៉ាវ​សង្គម៖ «នៅ​តែ​ស្រណោះ​ដិតដាម អាណិត​គាត់ ដែល​គាត់​ខំ​តស៊ូ​ដើម្បី​ខ្មែរ​យើង​ចេះ​ដឹង​ទាំង​អស់​គ្នា។ អារម្មណ៍​នៅ​តែ​ជាប់​ដិតដាម ស្រណោះ​រហូត ដែល​គាត់​ជា​បណ្ឌិត​ដ៏​ល្អ ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​ទៅ​ផ្លូវ​ល្អ​ទាំង​អស់​គ្នា»

ចំណែក​ម្ដាយ​របស់​បណ្ឌិត កែម ឡី ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ស្រុក​កំណើត មក​រៀបចំ​បុណ្យ​កូន​និយាយ​ទាំង​អួល​ដើម​ក​ថា ការ​បាត់បង់​នេះ​មិន​អាច​មាន​អ្វី​មក​ប៉ះប៉ូវ​បាន​ឡើយ។ លោកស្រី​នឹក​ឃើញ​ដល់​គ្រា​ដែល​កូន​ស្កាត់​មក​ជួប​សួរ​សុខ​ទុក្ខ៖ «អារម្មណ៍​នៅ​តែ​នឹក​កូន សកម្មភាព​កូន​នៅ​រស់ បាន​មក​មើល​ម៉ែ។ ស្លាប់​បាត់​ហើយ បើ​ទោះ​ជា​យក​អ្វី​មក​ប៉ះប៉ូវ​ក៏​អត់​ស្មើ​នឹង​កូន​នៅ​អោប​នឹង​ទ្រូង»

​បន្ថែម​ពី​លើ​នេះ លោកស្រី​ចង់​ឲ្យ​ការ​លះបង់​របស់​កូន​លោកស្រី​ក្លាយ​ជា​ការ​ជំរុញ​ឲ្យ​ប្រជាជន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ និង​លះបង់​ដើម្បី​សង្គម​ដូច​អ្វី​ដែល​កូន​លោកស្រី​បាន​ធ្វើ។

ភរិយា​របស់​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា កំពុង​ស្ថិត​ក្រៅ​ប្រទេស​មិន​អាច​ចូលរួម​ពិធី​បុណ្យ​នេះ​បាន​ទេ។ យ៉ាង​នេះ​ក្ដី ពេល​គេ​លើក​រូប​ចម្លាក់​បណ្ឌិត កែម ឡី ដាក់​តម្កល់​នៅ​រោងបុណ្យ បងប្អូន​សាច់​ញាតិ​ទាក់ទង​លោកស្រី​និយាយ​តាម​វីដេអូ ដើម្បី​បង្ហាញ​ពី​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ពិធីបុណ្យ។ ម្ដាយ​ក្មេក​របស់​លោកស្រី ប៊ូ រចនា បញ្ជាក់​ថា គាត់​មិន​អន់​ចិត្ត​នឹង​កូន​ប្រសា​ស្រី​នោះ​ទេ៖ «កូន​ប្រសា​មក​មិន​រួច ក៏​ចេះ​នាំ​គ្នា​ធ្វើ​អ៊ីចឹង​ទៅ អត់​ខឹង ព្រោះ​វា​បាន​ទៅ​រួច​ខ្លួន​ហើយ»

​ដំបូង​ឡើយ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​បុណ្យ ១០០​ថ្ងៃ នៅ​ទីតាំង​វត្ត​ចាស់​នោះ​ទេ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ចូល​រួម​ពិធី​បុណ្យ​នេះ សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​ឡើង​វិញ របស់​សាលា​រាជធានី​ភ្នំពេញ ដែល​យល់​ព្រម​ឲ្យ​មាន​ការ​រៀបចំ​បុណ្យ​នៅ​វត្ត​ចាស់។ ព្រះអង្គ​ក៏​សង្កេត​ឃើញ​ពី​ការ​ចងចាំ​របស់​ពលរដ្ឋ​ចំពោះ​ការងារ​របស់​បណ្ឌិត កែម ឡី៖ «ខ្ញុំ​អំពាវនាវ​ឲ្យ​យក​ឯកសារ​ទាំង​អស់​នេះ​ជា​មូលដ្ឋាន ដើម្បី​សិក្សា​ពី​សង្គម។ យើង​មិន​អាច​រក​យុត្តិធម៌​ជូន​គាត់ បើ​យើង​មិន​បាន​បន្ត​ពី​គាត់។ ការ​បន្ត​វេន​ហ្នឹង​ហើយ​ដែល​ជា​ការ​បន្ត​វេន​ជា​អវសាន​ចំពោះ​លោក​បណ្ឌិត កែម ឡី»

​បណ្ឌិត កែម ឡី ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ក្នុង​ស្ថានីយ​សាំង​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។