ជំងឺ​រលួយ​ឫស​និង​ស្វិត​ស្លឹក​លើ​ដំណាំ​ម្រេច​រាតត្បាត​នៅ​​រតនគិរី

0:00 / 0:00

ដំណាំ​ម្រេច កំពុង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ធ្វើ​អោយ​កសិករ​កាន់​តែ​ច្រើន​នៅ​ខេត្ត​រតនគិរី ចាប់​អារម្មណ៍ និង​នាំ​គ្នា​ដាំ​ដំណាំ​នេះ។ ទន្ទឹម​នឹង​ដំណាំ​ម្រេច កំពុង​អភិវឌ្ឍ​នៅ​តំបន់​ភាគ​ឦសាន​មួយ​នេះ កសិករ​ដំណាំ​ម្រេច​ក៏​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ជំងឺ​រាតត្បាត​ដើម​ម្រេច។

ជំងឺ​រលួយ​ឫស និង​ស្វិត​ស្លឹក បាន​រាតត្បាត​ដំណាំ​ម្រេច​នៅ​ខេត្ត​រតនគិរី គ្រា​ដែល​ភ្លៀង​ធ្លាក់​ជោគជាំ​ចាប់​ពី​ខែ​កក្កដា រហូត​បច្ចុប្បន្ន។

កសិករ​ដាំ​ម្រេច​ជាច្រើន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ជំងឺ​រាតត្បាត​ដើម​ម្រេច ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​ទៅ​នឹង​ការ​ខាត​បង់​ពេល​វេលា ប្រាក់កាស​ច្រើន​ក្នុង​ការ​ដាំ​ដំណាំ​នេះ ប្រសិន​មិន​មាន​វិធានការ​ព្យាបាល​ជំងឺ​នេះ​ទាន់​ពេល​វេលា។

កសិករ​ដាំ​ម្រេច នៅ​ឃុំ​តាអង ស្រុក​កូនមុំ លោក ឧត្តម រៀបរាប់​ថា កសិករ​ដាំ​ម្រេច​ជាច្រើន​នៅ​ស្រុក​បរកែវ អូរយ៉ាដាវ ស្រុក​អណ្ដូងមាន កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដើម​ម្រេច ជាពិសេស​ជំងឺ​រលួយ​ឫស និង​ជំងឺ​ស្វិត​ស្លឹក​នេះ។ លោក​ថា ដើម​ម្រេច ២០% ក្នុង​ចម្ការ​ម្រេច​មួយ​នៅ​ស្រុក​អូរយ៉ាដាវ ប្រឈម​ទៅ​នឹង​រលួយ​ងាប់​ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍ បន្ទាប់​ពី​កើត​មាន​ជំងឺ​នេះ ហើយ​ជំងឺ​នេះ​ក៏​ឆ្លង​ពី​ដើម​មួយ​ទៅ​ដើម​មួយ​យ៉ាង​ឆាប់​រហ័ស​ទៀត​ផង។ ចំណែក​ជំងឺ​ស្វិត​ស្លឹក ក៏​មាន​សញ្ញាណ​ធ្វើ​ឲ្យ​ដើម​ម្រេច​ទ្រុឌទ្រោម ស្វិត​ស្លឹក និង​ងាប់​យ៉ាង​ឆាប់​រហ័ស​ដូច​គ្នា៖ «ចម្ការ​នៅ​អូរយ៉ាដាវ ដែល​ខ្ញុំ​ទៅ​មើល​ហ្នឹង គឺ​គាត់​ដាំ ២​ម៉ឺន​ជន្លង់ គាត់​មាន​បញ្ហា​ហ្នឹង​ចង់ ៣​ពាន់​ជន្លង់​ហើយ។ វា​មាន​ងាប់ វា​មាន​ជ្រុះ​ស្លឹង ហើយ​អា ២​ម៉ឺន​ជន្លង់​ដែល​គាត់​ដាំ ជំងឺ​ហ្នឹង​វា​ឆ្លង​ដែរ។ យើង​សង្កេត​មើល​ស្លឹក​វា មើល​អាការៈ​ដើម​វា វា​មាន​ជំងឺ​ហ្នឹង​ហើយ គ្រាន់​តែ​យើង​មិន​ទាន់​ព្យាបាល»

យល់​ស្រប​តាម​ការ​លើក​ឡើង​នេះ កសិករ​ម្រេច​នៅ​ស្រុក​អូរយ៉ាដាវ លោក នួលី កត់​សម្គាល់​ដែរ​ថា ជំងឺ​រលួយ​ឫស​ពិបាក​ក្នុង​ការ​ព្យាបាល​ជាង​ជំងឺ​ម្រេច​ឆ្កួត ឬ​ជំងឺ​ក្រា​ដើម​ម្រេច។ លោក​ថា ប្រសិន​កសិករ​ដាំ​ម្រេច​ជួប​ជំងឺ​រាតត្បាត​នេះ ត្រូវ​ប្រញាប់​រក​អ្នក​ជំនាញ​ផ្នែក​ដំណាំ​ម្រេច ដើម្បី​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​រួសរាន់៖ «ជំងឺ​ក្រា​យើង​បាញ់​ការពារ ជំងឺ​ឫស​ក្នុង​ដី​ហ្នឹង យើង​មិន​ដែល​បាន​ការពារ​ត្រង់​ថា​ថ្នាំ​មួយ​ណា​ទៅ​ការពារ ទាល់​តែ​ឃើញ​ឈឺ ហើយ​បាន​យើង​ព្យាបាល។ ព្យាបាល​ហ្នឹង​អត់​ពិត​ប្រាកដ​ជា​មួយ​រយ​ភាគរយ​ទេ ជួន​កាល​អាណា​ឈឺ​ខ្លាំង ក៏​វា​ងាប់​ទៅ តែ​កន្លង​មក​វា​ឈឺ​មួយ​គុម្ព​ហ្នឹង យើង​ចាក់​បី​បួន​គុម្ព​ជុំវិញ​វា​ហ្នឹង​ការពារ​តែ​ម្តង»

ដំណាំ​ម្រេច​នៅ​ខេត្ត​រតនគិរី កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី​ជាង ១០​ហិកតារ កាល​ពី​ឆ្នាំ​២០០៨ ដល់​ជាង ១២០​ហិកតារ​នា​ចុង​ឆ្នាំ​២០១៣ និង​កើន​ដល់ ១៧០​ហិកតារ​នៅ​ពេល​បច្ចុប្បន្ន។ ដំណាំ​នេះ​គេ​សង្កេត​ឃើញ​មាន​ដាំ​ច្រើន​នៅ​ស្រុក​អូរយ៉ាដាវ បរកែវ អូរជុំ តាវែង និង​ក្រុង​បានលុង។

ដើម​ម្រេច​មាន​ជំងឺ​រលួយ​ឫស និង​ស្វិត​ស្លឹក នៅ​ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។
ដើម​ម្រេច​មាន​ជំងឺ​រលួយ​ឫស និង​ស្វិត​ស្លឹក នៅ​ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។ (Photo Provided)

មូលហេតុ​នាំ​ឲ្យ​កើត​មាន​ជំងឺ​រាតត្បាត​រលួយ​ដើម និង​ស្វិត​ស្លឹក​នេះ លោក ឧត្តម ដែល​មាន​បទពិសោធន៍​ដំណាំ​ម្រេច ប៉ាន់​ប្រមាណ​ថា ដោយសារ​ភ្លៀង​ធ្លាក់​ជោគជាំ​ពេក ហើយ​កសិករ​ខ្លះ​រៀបចំ​ដី​ធ្វើ​ជន្លង់ ប្រក់​ស្បៃ និង​កាត់​ទង​ម្រេច​លក់​មិន​បាន​ល្អ នាំ​ឲ្យ​មាន​មេរោគ​ឆ្លង​ទៅ​ដើម​ម្រេច។ លោក​បន្ត​ថា សញ្ញា​សម្គាល់​កាល​ណា​ដើម​ម្រេច​មាន​ភាព​ជាំ​ខ្មៅ​នៅ​គល់ ហើយ​ស្លឹង​ប្រែ​ពណ៌​លឿង​បន្តិច​ម្តងៗ ហើយ​បើ​យើង​ដក​ដើម​ម្រេច​មក​មើល​ឃើញ​ឫស​វា​រលួយ គឺ​ដើម​ម្រេច​មាន​ជំងឺ​រលួយ​ឫស ប្រសិន​ដើម​ម្រេច​មាន​សភាព​ទ្រុឌទ្រោម ហើយ​ស្លឹក​ក្រៀម​ស្វិត​ភ្លាម​នោះ គឺ​ជា​ជំងឺ​ស្វិត​ស្លឹក៖ «តែ​រយៈពេល​មួយ​អាទិត្យ​ទៅ​កន្លះ​ខែ វា​ចាប់​ផ្ដើម​អាការៈ​ទ្រុឌទ្រោម។ បើ​សិន​ម្រេច​ហ្នឹង​អត់​បាន​បាញ់​ថ្នាំ​ការពារ វា​ទន់​ខ្សោយ។ ហើយ​បើ​ជំងឺ​រួញ​ស្លឹក គ្រោះថ្នាក់​ជាង​ជំងឺ​រលួយ​ដើម បើ​យើង​មាន​ថ្នាំ​ព្យាបាល យើង​ស្រោច​ទៅ​កន្លែង​វា​មាន​របួស បើ​សិន​វា​អត់​ទាន់​ងាប់​ទេ វា​អាច​រស់​ឡើង​វិញ ប៉ុន្តែ​បើ​អា​រួញ​ហ្នឹង​វា​ឆ្លង​តាម​ខ្យល់​ជ្រុះ​ស្លឹក​ហើយ​ងាប់»

ដំណាំ​ម្រេច​ក្នុង​ផ្ទៃ​ដី​មួយ​ហិកតារ គេ​អាច​ប្រមូល​ផល​បាន ២ ទៅ ៣​តោន។ បច្ចុប្បន្ន​នេះ ទីផ្សារ​ម្រេច​កម្ពុជា មាន​នៅ​ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក សហរដ្ឋ​អាមេរិក ជាដើម និង​មាន​តម្លៃ​ជា​មធ្យម ៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។ ក៏ប៉ុន្តែ កសិករ​ត្រូវ​ចំណាយ​ទុន​សម្រាប់​ដំណាំ​នេះ​ក្នុង​កម្រិត​ខ្ពស់​ប្រមាណ ៤​ម៉ឺន​ដុល្លារ ក្នុង​ការ​ដាំ​ម្រេច​លើ​ផ្ទៃដី​មួយ​ហិកតារ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា ពន្យល់​ថា មន្ត្រី​ជំនាញ​កសិកម្ម​មិន​ទាន់​មាន​បទពិសោធន៍​ជាក់លាក់​ពី​ការ​ព្យាបាល​ជំងឺ​នេះ​នៅ​ឡើយ។ លោក​ថា បច្ចុប្បន្ន​កសិករ​ម្រេច នាំ​គ្នា​នាំ​ចូល​ពូជ​ម្រេច​ពី​ប្រទេស​ជិត​ខាង មាន​ថៃ និង​វៀតណាម មក​ដាំ​ដោយ​មិន​បាន​សិក្សា​ពី​បញ្ហា​ដី និង​ការ​ប្រើប្រាស់​ជី។ ហេតុ​នេះ ទើប​កើត​មាន​ជំងឺ​រាតត្បាត​បែប​នេះ។ លោក​ថា នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ពី​ជំងឺ​ដើម​ម្រេច ដើម្បី​រក​វិធានការ​ជួយ​កសិករ​ដាំ​ម្រេច​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម៖ «មិន​ទាន់​ដឹង​វិធានការ​យ៉ាង​ម៉េច​ទេ ប្រភេទ​ជំងឺ​វា​ច្រើន​តាម​រយៈ​ពូជ​ហ្នឹង។ ពូជ​ហ្នឹង​ចម្លង​ពី​ខាង​កំពង់ចាម ខ្លះ​យក​ពី​វៀតណាម ដោយសារ​ពូជ​ហ្នឹង​ហើយ​ធ្វើ​ឲ្យ​មាន​បញ្ហា​អាច​ចម្លង​មេរោគ។ តំបន់​ខ្លះ​នាំ​ចូល​ខ្លួន​ឯង ពូជ​ផ្សេង​មិន​ល្អ​មក​សាក​ណា!»

ទាក់ទិន​ជំងឺ​រាតត្បាត​ដំណាំ​ម្រេច​នេះ អ្នក​បច្ចេកទេស​ផ្នែក​កសិកម្ម​នៃ​ក្រុមហ៊ុន​ជី អេច្ឆ.អឹម (HM) ប្រចាំ​ខេត្ត​រតនគិរី អះអាង​ថា កត្តា​សំខាន់​នាំ​ឲ្យ​កើត​ជំងឺ​ទាំង​ពីរ​នេះ មក​ពី​ទឹក​មិន​គ្រប់គ្រាន់ ហើយ​តំបន់​ដាំ​ម្រេច​មាន​កម្តៅ​ខ្ពស់ ចំណែក​ដី​ក៏​មាន​មេរោគ។ ដោយ​ឡែក​ជំងឺ​ស្វិត​ស្លឹក បណ្ដាល​មក​ពី​ដី​ខ្វះ​ជីវជាតិ ឬ​ខ្វះ​ជាតិ​កាល់ស្យូម។ លោក​ថា ម្សៅ​ការពារ​ជំងឺ​រលួយ​ឫស អាច​សម្លាប់​មេរោគ​ក្នុង​ដី កាល​ណា​កសិករ​យក​ទៅ​ស្រោច​នៅ​ជុំវិញ​ជន្លង់​ម្រេច​មាន​ជំងឺ​រលួយ​គល់ និង​ការពារ​កុំ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ដើម​ម្រេច​ផ្សេង​ទៀត។ ទាក់ទិន​ជំងឺ​ស្វិត​ស្លឹក កសិករ​អាច​ទាក់ទង​អ្នក​ជំនាញ​ក្រុមហ៊ុន​មាន​ឧបករណ៍​ត្រួត​ពិនិត្យ​ជំងឺ​នេះ ឬ​ក៏​ប្រើ​មេ​ជី​ធម្មជាតិ អេច្ឆ.អឹម បាញ់​បំប៉ន​ដើម​ម្រេច​ឲ្យ​មាន​ជីវជាតិ​ឡើង​វិញ៖ «វា​មាន​បញ្ហា​ក្តៅ​ខ្លាំង ទឹក​យើង​អត់​គ្រប់គ្រាន់ យើង​ស្រោច​ទៅ​វា​ឡើង​កំសួលៗ ធ្វើ​ឲ្យ​រលួយ​ឫស​រលួយ​គល់ ទី​១។ ដី​ហ្នឹង​មាន​ជំងឺ​រលួយ​ឫស​រលួយ​គល់ កាល​ណា​ដាក់​ដាំ​ទៅ គឺ​វា​រលួយ​ឫស​រលួយ​គល់​រហូត។ បើ​សិន​ក្រហម​ស្លឹក​ធម្មតា យើង​អាច​បាញ់​ជាមួយ​មេ​ជី អេច្ឆ.អឹម បាន»

ជំងឺ​ម្រេច​សំខាន់ៗ​ដែល​ពិបាក​ព្យាបាល រួម​មាន ជំងឺ​រលួយ​ឫស ជំងឺ​ស្វិត​ស្លឹក ជំងឺ​ផ្សិត​ដើម និង​ជំងឺ​ខ្វាក់​ត្រួយ ជាដើម។

ទោះ​ជា​យ៉ាង​នេះ​ក្តី កសិករ​ដំណាំ​ម្រេច​នៅ​ខេត្ត​រតនគិរី អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​កសិកម្ម ចាត់​វិធានការ​សិក្សា​ពី​កត្តា​ពូជ​ដី និង​ការ​ព្យាបាល​ជំងឺ​ម្រេច ដើម្បី​ផ្សព្វផ្សាយ​បច្ចេកទេស​ដល់​កសិករ​សម្រាប់​អភិវឌ្ឍ​ដំណាំ​ម្រេច​បាន​ជោគជ័យ និង​លទ្ធផល​ល្អ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។