អាជ្ញាធរអះអាងថា អ្នកស្នាក់នៅលើផ្ទៃទឹកបានរុះរើសំណង់មិនរៀបរយចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ស្ទើរទាំងអស់ហើយ នៅថ្ងៃឱសានវាទ ១២ មិថុនា។
អភិបាលខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១២ ខែមិថុនាថា ផ្ទះបណ្ដែតទឹកនិងសំណង់មិនរៀបរយទាំងអស់ប្រហែល ៧០ ភាគរយ ក្នុងមូលដ្ឋានរបស់លោក ត្រូវបានរុះរើចេញទាំងស្រុងហើយ។ លោកបន្តថា អ្នកស្នាក់នៅលើផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយជាច្រើនយល់ព្រមរុះរើចេញដោយស្ម័គ្រចិត្តដោយមិនបានជំទាស់នោះទេ ព្រោះនេះជាការអនុវត្តទូទៅមិនមែនជាការរើសអើងទេ៖ « អត់អ្វីទេ បងប្អូនគាត់ទទួលយកបាន អ្វីដែលជាគោលការណ៍រួម ព្រោះយើងធ្វើហ្នឹងធ្វើរួមមិនប្រកាន់ថា ជនជាតិនេះជនជាតិនោះ យើងអនុវត្តទាំងអស់ខ្មែរ។ ទាំងបងប្អូនខ្មែរឥស្លាម ខ្មែរអនិកជន អត់មានថា ធ្វើអ្នកនោះអត់អ្នកនេះទេ»។
ទោះយ៉ាងណា លោកអភិបាលខណ្ឌរូបនេះ មិនបានបញ្ជាក់ថា អាជ្ញាធរនឹងដោះស្រាយបែបណាទៀត សម្រាប់អ្នកដែលជួបការលំបាកនៅពេលចល័តចេញពីលើផ្ទៃទឹកនោះទេ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញលោក សាន សុខសីហា ដើម្បីសាកសួរអំពីការអនុវត្តវិធានការជារួមរបស់អាជ្ញាធរនៅថ្ងៃឱសានវាទនេះបានទេ ដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ទោះជាយ៉ាងណា អ្នករស់លើផ្ទៃទឹកក្នុងភូមិសាស្ត្រមួយចំនួនក៏មិនពេញចិត្តនឹងវិធានការរបស់អាជ្ញាធរដែលតម្រូវឱ្យពួកគាត់រុះរើសំណង់ក្នុងរយៈពេល ១០ ថ្ងៃនេះដែរ ក្រោមហេតុផលថា ពេលវេលាខ្លីពេក។
ពលរដ្ឋស្នាក់នៅលើផ្ទះបណ្ដែតទឹកនៅខណ្ឌឫស្សីកែវលោកស្រី ស្មាន ម៉ៃសំ នៅតែសម្ដែងការសោកស្ដាយចំពោះវិធានការប្រញាប់របស់អាជ្ញាធរ ព្រោះលោកស្រីទើបខ្ចីលុយធនាគារទិញត្រីយកមកចិញ្ចឹម។
ស្ត្រីជនជាតិចាមរូបនេះឲ្យដឹងថា អ្នកស្នាក់នៅលើទន្លេក្នុងសហគមន៍ចាមនៅម្ដុំច្រាំងចំរេះរាប់រយគ្រួសារ បានរុះរើឡើងគោកទាំងអស់គ្នាហើយពេលនេះកំពង់សង់ខ្ទមស្នាក់នៅតាមមាត់ច្រាំង។ ចំណែកអ្នកមានបែត្រីធំៗវិញ លោកស្រីថា អាជ្ញាធរបានអនុញ្ញាតឲ្យអូសសណ្ដោងឡើងទៅតាមខ្សែទឹក ទៅសំចតមួយរយៈនៅម្ដុំព្រែកក្ដាម៖ « ខ្ញុំមិនប្រឆាំងរាជបញ្ជាអ្វីឬប្រឆាំងគោលការណ៍អ្វីទេ។ ខ្ញុំគ្រាន់តែថា អ៊ីចឹងបើឲ្យខ្ញុំរុះរើអ៊ីចឹងខ្ញុំអត់យកលុយអង្គការ ( ធនាគារ ) មកដាក់ត្រីទេ។អ៊ីចឹងខ្ញុំយកលុយអង្គការហ្នឹងប្រាំ ប្រាំមួយពាន់ដុល្លារហ្នឹងមកដាក់ត្រីអស់ ៤ ពាន់។ នៅ ២ ពាន់ឲ្យកូនខ្ញុំហ្នឹងទិញត្រីរ៉ស់យកមកធ្វើត្រីងៀតមកលក់តាមយឿយើងនេះហើយយឿគីឡូ៩។ យើងបានចំណេញតិចតួច យើងទុកបង់អង្គការទៅ។ ចាំពេលណាយើងចាប់ត្រីយើងបង់អង្គការផ្ដាច់អ៊ីចឹងណាគ្រូ»។
អ្នកស្នាក់នៅលើបែចិញ្ចឹមត្រីម្នាក់លោកស្រី ផុន អាន ប្រាប់ថា អាជ្ញាធរខណ្ឌព្រែកព្នៅប្រាប់ឲ្យលោកស្រីនិងអ្នកចិញ្ចឹមត្រីខ្លះទៀតដែលសណ្ដោងបែត្រីចេញហើយ អាចទៅសំចតនៅម្ដុំវត្តគ្រួសជាប់ព្រំប្រទល់ខណ្ឌនេះមួយរយៈបាន។ ស្ត្រីជនជាតិវៀតណាមរូបនេះអះអាងថា ពួកលោកស្រីគ្មានជម្រើសអ្វីផ្សេង ក្រៅពីសណ្ដោងបែត្រីចេញទេ ព្រោះខ្លាចអាជ្ញាធររុះរើនៅនឹងកន្លែង៖ « បែចិញ្ចឹមត្រីហ្នឹងគេដេញយើងទៅគ្រួសអស់រលីង។ អត់មានអ្នកណានៅសល់ទេ។ អត់មានម៉ាស៊ីនគេអូសទេ អូសខ្លួនឯងទេ។ គ្មានអ្នកណាមកជួយ គេដឹងតែដេញៗយើងទៅហ្នឹង។ គេឲ្យយើងសណ្ដោងទៅវត្តគ្រួស។ យើងចតនៅត្រង់ហ្នឹងទៅ»។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ថ្លែងថា អាជ្ញាធរមិនគួរចាត់វិធានការបណ្ដេញអ្នករស់លើផ្ទៃទឹកទាំងនោះចេញដោយគំហុកនៅពេលនេះទេ ព្រោះជំងឺកូវីដ-១៩ កំពុងផ្ទុះរាលដាលខ្លាំងក្នុងសហគមន៍។ លោកយល់ថា អាជ្ញាធរត្រូវដោះស្រាយបញ្ហាលំនៅឋានជូនពលរដ្ឋ ដែលគ្មានទីជម្រកនៅក្រោយការបណ្ដេញចេញនេះ។ ឯជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់វិញ លោកជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ ស្ថានទូតវៀតណាម និងសមាគមវៀតណាមជាដើម ជួយរៀបចំឯកសារឲ្យពួកគេ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ៖ « ខ្ញុំថាកម្ពុជាហ្នឹងគឺមិត្តជិតស្និទ្ធជាមួយវៀតណាម។ គួរតែចរចាជាមួយស្ថានទូតវៀតណាមដើម្បីបញ្ជូនពលរដ្ឋរបស់គាត់ហ្នឹងត្រឡប់ទៅស្រុកគាត់វិញ ដោយស្របច្បាប់ដោយតាមនីតិវិធីច្បាប់។ មិនត្រូវទុកគាត់អ៊ីចឹងអត់មានអ្នកណាទទួលខុសត្រូវអ៊ីចឹងទេហើយពិសេសហ្នឹងគឺស្ថានទូតវៀតណាម ជាមួយសមាគមវៀតណាមត្រូវខ្នះខ្នែងមែនទែនក្នុងការធានាសុវត្ថិភាពជូនពួកគាត់ណា»។
អាជ្ញាធររាជធានីភ្នំពេញមិនទាន់បង្ហាញតួលេខ និងលទ្ធផលនៃការរុះរើផ្ទះបណ្ដែតទឹក និងសំណង់មិនរៀបរយលើផ្ទៃទឹកនៅថ្ងៃទី១២ ខែមិថុនាទេ។ ភាគច្រើននៃអ្នកស្នាក់នៅទាំងនោះ គឺជាជនជាតិវៀតណាម និងជនជាតិចាម។
សមាគមខ្មែរវៀតណាមនៅកម្ពុជា ធ្លាប់បញ្ជាក់ថា ជនជាតិវៀតណាមស្នាក់នៅលើផ្ទះបណ្ដែតទឹក មានជាងមួយពាន់ (១.០០០) គ្រួសារ។ ប៉ុន្តែតួលេខជាក់ស្ដែងអាចច្រើនជាងនេះ ព្រោះគ្រាន់តែខណ្ឌជ្រោយចង្វាមួយ មានអ្នកស្នាក់នៅលើផ្ទៃទឹកប្រមាណមួយពាន់ (១.០០០) គ្រួសារទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។