សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនជនជាតិចិន និងខ្មែរចំនួនជាង ១៣០ នាក់ ក្រោយពីពួកគេបានកាត់សោទ្វារ និងសោរបង ទម្លាយទ្វារចេញពីកន្លែងចត្តាឡឺស័កនៅក្នុងខណ្ឌពោធិ៍សែនជ័យក្រុងភ្នំពេញ។
អ្នកនាំពាក្យស្នងការនគរបាលក្រុងភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ជនជាតិចិន និងខ្មែរទាំងនោះត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលដល់ថ្ងៃទៅ១៤ ខែមិថុនា នៅក្នុងក្លឹបខារ៉ាអូខេមួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
លោកបន្តថា ដោយសារយប់ពេកសមត្ថកិច្ចបានចាក់សោពួកគេទុកនៅក្នុងក្លឹបខារ៉ាអូខេមួយរយៈសិន ដើម្បីរង់ចាំថ្ងៃ ស្អែកធ្វើការបន្ត។ ប៉ុន្តែលុះដល់ព្រឹកឡើងពួកគេបានកាត់សោទ្វា និងរបងចេញបាត់អស់។ លោកថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់មានតម្រុយថា ពួកគេចេញទៅទីណានោះទេ តែទោះជាយ៉ាងណាសមត្ថកិច្ច និងព្យាយាមរកពួកគេមកធ្វើចត្តាឡឺស័កឡើងវិញ ដោយសារពួកគេបំពានបម្រាបរបស់រដ្ឋាភិបាល៖ «យើងមិនទាន់បានធ្វើអីទេ ដោយសារយប់ផង។ គណៈកម្មាធិការឯកភាពខណ្ឌក៏បានបញ្ជាឱ្យចាក់សោទីតាំងសិន ដើម្បីរង់ចាំដល់ព្រឹកយកទៅធ្វើតេស្តរកកូវីដ អីសិន តាមជាក់ស្ដែង។ ដល់ពេលមានបញ្ហាចលាចលពីខាងក្នុងអីទៅ ក៏បានកាត់សោចេញ ប្រសេចប្រសាចអីចឹងទៅ»។
សមត្ថកិច្ចបានឱ្យដឹងថា នេះជាលើកដំបូងហើយ ដែលជនជាតិចិនហ៊ានកាត់សោរត់ចេញពីកន្លែងគ្រប់គ្រងរបស់សមត្ថកិច្ច។ មកដល់យប់ថ្ងៃទី១៥ ខែមិថុនា សមត្ថកិច្ចមិនទាន់មានជនជាតិចិន និងខ្មែរណាម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនវិញបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។