តុលាការក្រុងភ្នំពេញនឹងបន្តសវនាការលើអង្គសេចក្តីយុវជនសង្គមចំនួន ៧នាក់ នៅថ្ងៃទី៣១ សីហា
2021.07.27
តុលាការក្រុងភ្នំពេញប្រកាសបន្តសវនាការលើអង្គសេចក្តីរបស់យុវជនខ្មែរថាវរៈ និងយុវជនសមាគមនិស្សិតបញ្ញវ័ន្តខ្មែរចំនួន ៧នាក់ ទៅថ្ងៃទី៣១ ខែសីហា ក្រោមហេតុផលពេលវេលាខ្លីដែលមិនអាចបន្តសួរដេញដោលបានទៀត។ សាច់ញាតិជនជាប់ឃុំស្នើតុលាការក្រុងភ្នំពេញផ្តល់យុត្តិធម៌ ដោយទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ។ មន្រ្តីសង្គមស៊ីវិលសង្កេតឃើញថា ដំណើរការលើសំណុំរឿងនេះអូសបន្លាយនឹងធ្វើឲ្យពួកគេបន្តជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌។
នៅក្នុងសវនាការសួរដេញដោលលើអង្គសេចក្តី តុលាការបានអនុញ្ញាតឱ្យគ្រួសាររបស់យុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរច្រើននាក់បានចូលស្តាប់សវនាការ។
មេធាវីការពារក្តីឱ្យយុវជនសង្គមទាំង ៧រូប លោក សំ ចំរើន ថ្លែងថា ចៅក្រមតុលាការក្រុងភ្នំពេញលោក ទិតសុទ្ធី បូរ៉ាឆាត បានសួរដេញដោលមួយព្រឹកលើអង្គសេចក្តីដោយវត្តមានកូនក្តីរបស់លោកទាំងអស់ ប៉ុន្តែចៅក្រមសួរដេញដោលតែយុវជនចំនួន ៤នាក់ប៉ុណ្ណោះ រួមមានកញ្ញាថា ឡាវី កញ្ញាអេង ម៉ាឡៃ លោកមួង សុភ័ក្រ្ត និងព្រះតេជគុណកើត សារ៉ាយ ក្រោមបទចោទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកយុវជន ៣ នាក់ មានលោកស្រីឈឿន ដារ៉ាវី លោកហ៊ុន វណ្ណៈ និងលោកមាន ព្រហ្មមុនី តុលាការលើកពេលសវនាការទៅចុងខែសីហាវិញ៖ «សំណុំរឿងក្តីនេះអង្គហេតុខ្លះវាជាអង្គហេតុដែលមិនឋិតនៅក្នុងអង្គហេតុចោទប្រកាន់ក៏ត្រូវបានបញ្ចូលនៅក្នុងសំណុំរឿងនេះតែមួយ ដូចជាអង្គហេតុព្រះតេជគុណ កើត សារ៉ាយ គឺសកម្មភាពខ្លះគាត់អត់បាននៅចូលរួមផ្ទាល់ទេ គឺគាត់នៅទីតាំងផ្សេងមិនទៅមុខតុលាការទេ ហើយក៏ត្រូវបានគេបញ្ចូលមករឿងក្តីតែមួយនេះជាអ្វីដែលយើងចំឡែក»។
លោក សំ ចំរើន បន្តទៀតថា សវនាការថ្ងៃដំបូងបានសួរដេញដោលពេញមួយព្រឹកដែលមានអ្នកចូលពីគ្រប់ភាគី។ ប៉ុន្តែលោកមិនធ្វើអត្ថាធិប្បាយលើដំណើរការសួរដេញដោល ឬភស្តុតាងនោះទេ ដោយលោកបញ្ជាក់ថាសវនាការនៅថ្ងៃនេះជាមូលដ្ឋានសម្រាប់លោកធ្វើសេចក្តីសន្និដ្ឋាននៅថ្ងៃទី៣១ សីហាខាងមុខនេះ។
ដោយឡែកម្តាយយុវជនសង្គមលោកស្រី ឈឿន ដារ៉ាវី គឺលោកស្រី ថាច់ ធីតា ថ្លែងថា កូនរបស់លោកស្រីនិងយុវជនផ្សេងទៀតមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ព្រោះពួកគេជាយុវជនស្រឡាញ់សង្គមដែលតែងតែចេញមុខការពារបរិស្ថាន ធនធានធម្មជាតិ និងទាមទារឱ្យមានយុត្តិធម៌សង្គមជាដើម។ លោកស្រីសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងផ្តល់យុត្តិធម៌ដល់កូនលោកស្រី និងទម្លាក់ចោលបទចោទប្រកាន់ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ៖ «តាមខ្ញុំក្តាបការងាររបស់គាត់គួរតែរដ្ឋាភិបាលផ្តល់ការលើកចិត្តដល់ពួកគាត់ ព្រោះសកម្មភាពពួកគាត់ការពារយុត្តិធម៌ គឺទាមទារឱ្យរដោះលែងលោក រ៉ុង ឈុន ដោយសារពួកគាត់គិតថាលោក រ៉ុង ឈុន ហ្នឹងជាបុគ្គលស្អាតស្អំ ជាបុគ្គលដែលស្នេហាទឹកដី»។
អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ខ្លួនយុវជនខ្មែរថាវរៈ និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរទាំង ៧នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ កាលពីខែសីហា និងខែកញ្ញា ឆ្នាំ២០២០។ ការចាប់ខ្លួននេះ ក្រោយពេលពួកគាត់តវ៉ាដោយសន្តិវិធីទាមទារឱ្យដោះលែងមេដឹកនាំសហជីពលោក រ៉ុង ឈុន និងមានគម្រោងប្រមូលផ្តុំធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម នៅទីលានប្រជាធិបតេយ្យ។ តុលាការបានចោទប្រកាន់ពួកគាត់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ។ បច្ចុប្បន្នសកម្មជនសង្គមទាំង ៧នាក់បានជាប់ពន្ធនាគារជិត ១ឆ្នាំហើយ។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក ប្លង់ សុផល ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកសុំមិនអធិប្បាយជុំវិញបញ្ហានេះ ទេ ដោយលោករុញឱ្យផ្ញើសំនួរតាមប្រព័ន្ធតេឡេក្រាម (Telegram) វិញ។ វិទ្យុអាស៊ីសេរីបានផ្ញើសំនួរតាមប្រព័ន្ធតេឡេក្រាម ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនទាន់ឆ្លើយតប នៅឡើយទេគិតត្រឹមល្ងាចថ្ងៃ២៧ ខែកក្កដានេះ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា សង្គមស៊ីវិលមើលថា យុវជនសង្គមទាំងនោះពុំមានកំហុសដូចការចោទប្រកាន់នោះទេ ព្រោះពួកគាត់បានប្រើប្រាស់សិទ្ធិសេរីភាពដែលធានាដោយច្បាប់។ លោកទទូចដល់តុលាការទម្លាក់ចោលបទចោទប្រកាន់សកម្មជនប្រឆាំងនឹងក្រុមយុវជនសង្គមទាំងនោះ ហើយដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ៖ «ព្រោះយើងដឹងថា នៅពេលឃុំខ្លួនជនជាប់ចោទដែលមានរយៈពេលរហូតដល់ឥឡូវនេះមួយឆ្នាំហើយ បទល្មើសពួកគាត់ជាប់មជ្ឈិមទេ ដូច្នេះខ្ញុំគិតថា នេះជាការរំលោភលើគោលការណ៍សិទ្ធិទទួលបានយុត្តិធម៌របស់ពួកគាត់ យើងឧទាហរណ៍ថា បើសិនពួកគាត់រកទោសកំហុសទៅឃើញអាហ្នឹងមិនអីទេ ចុះបើសិនជាពួកគាត់អត់បានប្រព្រឹត្ត ចុះការជាប់ឃុំឡើយមួយឆ្នាំនេះយើងត្រូវដោះស្រាយយ៉ងមិច ចឹងបានយើងចង់ឱ្យតុលាការពន្លឿននីតិវិធីហើយប្រសិនយើងមិនពន្លឿននីតិវិធីឱ្យទាន់ពេលវេលា ឬលឿនទេ គឺថាយើងស្នើឱ្យដោះលែងពួកគាត់ឱ្យនៅក្រៅឃុំបណ្តោះអាសន្តសិនទៅ»។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនផង បានទាមទារឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនសង្គមទាំងនេះ ព្រមទាំងសកម្មជនមួយចំនួនទៀតឱ្យមានសេរីភាពវិញជាបន្ទាន់។ ជាមួយគ្នានេះ ពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើបាបក្រុមអ្នកការពារបរិស្ថាន ដោយងាកទៅគោរពសិទ្ធិពលរដ្ឋ និងលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការងារការពារបរិស្ថានឱ្យបានទូលំទូលាយវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។