រដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី៦ ខែឧសភា តទៅ ក្រោយរងការរិះគន់ខ្លាំងពីរឿងពលរដ្ឋដាច់ស្បៀង។
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី៦ ឧសភា តទៅ ក្រោយរងការរិះគន់ខ្លាំងពីរឿងពលរដ្ឋដាច់ស្បៀងក្នុងតំបន់បិទខ្ទប់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែឧសភា បានចុះហត្ថលេខាបញ្ចប់ការបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅ ក្រោយបានបិទខ្ទប់អស់រយៈពេល បីសប្តាហ៍ ហើយដាក់ជំនួសមកវិញនូវវិធានការថ្មី ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ វិធានការថ្មីនោះ លោក ហ៊ុន សែន ទុកលទ្ធភាពឲ្យគណៈអភិបាលក្រុងភ្នំពេញ និងក្រុងតាខ្មៅ ជាអ្នកដាក់ចេញវិធានការបិទខ្ទប់ផ្នែកណាមួយនាពេលបន្ទាប់ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ ផ្អែកតាមស្ថានភាពវិវត្តន៍ជាក់ស្តែងនៃជំងឺនេះ។
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ថ្មីៗនេះបានព្រមានប្តឹងលោក ហ៊ុន សែន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅក្រុងឡាអេ (The Hague) ក្រោយពលរដ្ឋក្រីក្រជាច្រើនគ្រួសារ ក្នុងនោះ មានស្ត្រី និងកុមារផង នៅតំបន់បិទខ្ទប់ បានផ្ទុះតវ៉ាជុំវិញរឿងដាច់ស្បៀង និងខណៈពលរដ្ឋខ្លះត្អូញត្អែរថា អាជ្ញាធរលោក ហ៊ុន សែន ចែកចាយអំណោយប្រកាន់បក្សពួកនិយម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។