ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បារម្ភ​ពី​ជនជាតិ​ចិន​ចូល​មក​កម្ពុជា ស្រប​ពេល​ជំងឺ​កូវីដ​កំពុងតែ​រាតត្បាត

ដោយ មួង ណារ៉េត
2020.03.25
ចិន មក​ប៉ោយប៉ែត ៩២២ ជនជាតិ​ចិន​ចូល​មក​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២០។
photo provided

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ​រិះគន់​រដ្ឋាភិបាល​ថា បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​ចូល​មក​រស់នៅ​ក្រុង​ប៉ោយប៉ែត​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូវីដ១៩។ ពួកគាត់​ព្រួយបារម្ភ​ខ្លាច​ជន​បរទេស​​ទាំងនេះ​នាំ​មេរោគ​រលាក​ផ្លូវ​ដង្ហើម​នេះ​មក​ចម្លង​ដល់​ពលរដ្ឋ​ក្នុងស្រុក។

ប្រជាពលរដ្ឋ​នៅ​ម្នាក់​រស់នៅ​ក្រុង​ប៉ោយប៉ែត​លោក ព្រីង សុផានី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ មីនាថា ​ចាប់​តាំង​ពី​ដើមខែ​មីនា​មក មាន​ជនជាតិ​ចិន​ជាច្រើន​រយ​នាក់​បាន​ចូល​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​ជា​បន្តបន្ទាប់​ដោយ​ពុំ​ដឹង​មូលហេតុ​អ្វី​ឡើយ។ ពលរដ្ឋ​រូប​នេះ បន្ថែម​ថា ជនបរទេស​ទាំងនេះ​ដោយ​មួយ​ចំនួន​ជួល​បន្ទប់​ស្នាក់​នៅ​តាម​កាស៊ីណូ និង​ខ្លះ​ទៀត​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ៖ «មួយរយៈ​នេះ​មាន​ច្រើន​គេ​មក​ម្ដង​បី​បួន​រថយន្ត​អីចឹង​ទៅ​គេ​មិន​សម្រុក​មក​ដូច​ពីមុខ​ទេ​គ្រាន់តែ​មក​អីចឹង​ប្រមូលផ្ដុំ​ទៅ​វា​ច្រើន​។ ដូច​ខ្ញុំ​ឃើញ​សារព័ត៌មាន​ក្រុង​ស្រុក​បាន​បង្ហោះ​តាម​ហ្វេសប៊ុក នៅ​ខាង​ក្រុង​បាវិត ស្វាយរៀង​ក៏​មក​ច្រើន​ដែរ តាម​ការ​លេច​ឮ​ដូចជា​ចេញពី​ប្រទេស​ភូមា និង​ពី​ប្រទេស​ហ្វីលីពីន​មក»។​

លោក​បន្ត​ទៀត​ថា ជន​ជាតិ​ចិន​ទាំងនេះ​នាំគ្នា​ដើរ​ទាំង​ហ្វូងៗ ដោយ​អ្នកខ្លះ​មាន​ពាក់​ម៉ាស់​និង​ខ្លះ​ទៀត​មិន​មាន​ពាក់​ម៉ាស់​ការពារ​ជំងឺ​កូវីដ​១៩​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់ទៀត​ឱ្យ​ដឹង​ថា ជនបរទេស​ទាំងនេះ​ទំនង​មក​ពី​ក្រៅ​ប្រទេស​ដោយ​ចូល​មក​កម្ពុជា​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប រួម​ធ្វើ​ដំណើរ​រថយន្ត​ទេសចរណ៍​មក​ក្រុង​ប៉ោយប៉ែត​។ ពលរដ្ឋ​រូប​នេះ​ព្រួយបារម្ភ​ខ្លាច​ជន​ជាតិ​ចិន​ទាំងនេះ នាំ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩ មក​ជាមួយ​ហើយ​ចម្លង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពីព្រោះ​អាជ្ញាធរ​ពុំបាន​ដាក់​ពួកគេ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ​នោះ​ឡើយ៖ «ខ្ញុំ​ព្រួយបារម្ភ​ព្រោះ​យើង​អត់​ដឹង​ប្រភព​តើ​គាត់​មក​ពី​ណា គាត់​មក​ពី​តំបន់​ដែល​មាន​មេរោគ​កូវីដ​ហ្នឹង ឬក៏​គាត់​មក​ពី​ណា។ អីចឹង​ជាក់ស្ដែង​យើង​ឃើញ​ហើយ​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ដូច​មិន​មាន​ឆ្លង​ទេ ក៏ប៉ុន្តែ​យើង​ឃើញ​ជាក់ស្ដែង​ថ្មី​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​មក​ក៏​ផ្ទុះ​ជំងឺ​កូវីដ​១៩ ដោយសារ​តែ​​ការ​​ធ្វេសប្រហែស​​របស់​ក្រសួង​សុខាភិបាល»

ទាក់ទង​នឹង​បញ្ហា​នេះ​ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ លោក អេង លីហួ ប្រាប់​អាស៊ីសេរី​ថា ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ភាគច្រើន​ពួកគេ​បាន​មក​ស្នាក់នៅ​កម្ពុជា នៅមុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ ហើយ​ពួកគេ​តែង​ប្ដូរ​ទីតាំង​ស្នាក់នៅ​ពី​ខេត្ត​មួយ​ទៅ​តំបន់​មួយទៀត​ដែល​មាន​បន្ទប់​ជួល​ថោក។ លោក​បន្ថែម​ថា អាជ្ញាធរ​ក៏​តែង​ចុះ​អប់រំ​ដល់​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​ខេត្ត​មួយ​នេះ​ឱ្យ​ពាក់​ម៉ាស់ និង​លាង​សំអាត​ដៃ​ដើម្បី​ការពារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ​ជាប្រចាំ៖ «ភាគច្រើន​បើ​ថា​គាត់​នៅ​កាស៊ីណូ​មួយ​មិន​ពេញចិត្ត​ហើយ​កន្លែង​ណា​ធូរ​ថ្លៃ​គាត់​ទៅ​កន្លែង​នោះ។ ឥឡូវ​ពាក់ព័ន្ធ​មក​ម៉ោង​ហ្នឹង​កាលណា​ថយ​អតិថិជន​ម្ចាស់​អគារ​គាត់​ត្រូវ​ដេញថ្លៃ​គ្នា​អីចឹង។ មាន​មក​ពី​កំពង់សោម​មាន​មក​តិច​តូច»

ទោះជា​យ៉ាងណា អេង លីហួ មិន​ទាន់​មាន​តួលេខ​អំពី​ជនជាតិ​ចិន​ដែល​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​មាន​ប៉ុន្មាន​នាក់​ពិតប្រាកដ​នៅឡើយ​ទេ ហើយ​លោក​ថា នឹង​ចុះ​ធ្វើ​ជំរឿន​ជនបរទេស​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

អាស៊ីសេរី​ក៏​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ដែរ នៅ​ថ្ងៃ​ទី​២៥ មីនា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ទោះជា​យ៉ាង​នេះ​ក្ដី​ប្រធាន​សហព័ន្ធ​សហជីព​និយោជិក​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា​លោក ម៉ម រិទ្ធី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរតែ​បិទ​ជើង​ហោះហើរ​កុំ​ឱ្យ​ជនជាតិ​ចិន​ចូល​កម្ពុជា​អំឡុង​ពេល​ជំងឺ​កូវីដ​១៩​កំពុង​រាតត្បាត​នេះ​ទេ ដោយសារ​ប្រទេស​ចិន​សព្វថ្ងៃ​ក៏​នៅតែ​ជា​ប្រទេស​ដែល​ប្រឈម​នឹង​ការ​រាតត្បាត​មេរោគ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ​ដដែល ពីព្រោះ​លោក​ថា ប្រទេស​មួយ​នេះ​ជា​ប្រភព​ដើម​នៃ​ការ​កកើត​ជំងឺ​កូវីដ១៩៖ «អីចឹង​ខ្ញុំ​គិត​ថា រឿង​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន បើសិនជា​យើង​មាន​ការ​បើក​ឱ្យ​ជនជាតិ​ចិន​ចូល​មក​បន្ថែម​ទៀត​ក្នុងអំឡុងពេល​មក​ដែល​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ផង។ ខ្ញុំ​គិត​ថា អត់​សម​ហ្នឹង​អ្វី​ដែល​ចិន​មក​ចាយវាយ​ធ្វើ​ឱ្យ​ប្រទេស​យើង​រីក​ចំរើន​ទេ។ ឥឡូវ​យើង​មើល​គាត់​ចំលង​មនុស្ស​ម្នាក់ តើ​ក្រសួង​សុខាភិបាល​តើ​គាត់​មាន​ចំណាយ​អី​ខ្លះ ចំណាយ​កន្លែង​ស្នាក់នៅ​ចំណាយ​កន្លែង​ធ្វើ​ហើយ​ត្រូវ​តាមដាន​ថែរក្សា​ពួកគាត់​ទៀត​។​អីចឹង​គ្រាន់តែ​កើត​ជំងឺ​នេះ​ម្នាក់​ត្រូវ​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ចុះ​ទម្រាំ​កើត​ដល់​៣០​ទៅ​១០០​នាក់​ទៀត យើង​ពិចារណា​មើល តើ​ក្រសួងសុខាភិបាល​ចំណាយ​អី​ខ្លះ»

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ឱ្យដឹង​ថា ជនជាតិ​ចិន​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ប្រមាណ​៣​.០០០​នាក់ ក្នុង​នោះ​ចិន​ប្រហែល ៨០០​នាក់​ជា​អ្នក​ចំណូល​ថ្មី​ដែល​ទើប​មកពី​ក្រៅ​ប្រទេស បន្ទាប់​ពី​ពួកគេ​បាន​ចេញ​ពី​កម្ពុជា​អំឡុង​ពេល​យុទ្ធនាការ​បង្ក្រាប​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។