សមត្ថកិច្ច​ចាប់​បាន​អ្នក​ទោស​គ្រឿងញៀន ដែល​ក្រុម​ខ្មាន់​កាំភ្លើង​បាន​រំដោះ​នៅ​ខេត្តសៀមរាប​កាល​ពី​សប្ដាហ៍​មុន

អ្នកទោស​មេខ្លោង​គ្រឿងញៀន​ជា​ជនជាតិ​តៃវ៉ាន់ ដែល​ក្រុម​ខ្មាន់​កាំភ្លើង​ភ្ជង់​មន្ត្រី​ពន្ធនាគារ​រំដោះ​នៅ​ខេត្តសៀមរាប កាល​ពី​សប្ដាហ៍​មុន កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់​បាន​វិញ​ហើយ នៅ​ថ្ងៃ​ទី២២ ខែសីហា។ មន្ត្រី​សិទ្ធិមនុស្ស​ថា ករណី​នេះ ជា​បទ​ពិសោធន៍​ថ្មី​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​សន្តិសុខ​សង្គម ហើយ​ពួក​គេ​ទទូច​ដល់​អាជ្ញាធរ​បន្ត​ស៊ើប​អង្កេត​ដោយ​តម្លាភាព ចំពោះ​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្រុម​ជនល្មើស និង​អ្នក​លក់​អាវុធ​ឱ្យ​ក្រុម​ខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព។

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បញ្ជាក់​ថា សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ស្វែងរក​មុខ​សញ្ញា​ពាក់ព័ន្ធ និង​អ្នក​រៀបចំ​ផ្ដល់​អាវុធ​ឱ្យ​ក្រុម​ជន​ល្មើស​ធ្វើ​សកម្មភាព បើ​ទោះ​បី​ជា​ពេល​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នកទោស​ជា​មេខ្លោង​គ្រឿងញៀន​ជនជាតិ​តៃវ៉ាន់​យក​មក​វិញ​យ៉ាង​ណា​ក្ដី។

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៣ ខែសីហា​ថា ប្រតិបត្តិការ​ចាប់​អ្នកទោស​មេខ្លោង​គ្រឿងញៀន​តៃវ៉ាន់​នោះ ធ្វើ​ឡើង​ក្រោម​កម្លាំង​សរុប​ចំណុះ​ក្រសួង​មហាផ្ទៃ​ទាំង​អស់ ដែល​រួម​មាន​ទាំង​ព្រះរាជអាជ្ញា​នៅ​ខេត្តសៀមរាប បាត់ដំបង់ និង​នៅ​រាជធានី​ភ្នំពេញ។ លោក​បញ្ជាក់​ថា ការ​ឈាន​ដល់​ឃាត់​ខ្លួន​អ្នកទោស​ជា​ជនជាតិ​តៃវ៉ាន់ គឺ​ក្រុម​ការងារ​សម្ងាត់​នៃ​កម្លាំង​នគរបាល​ជាតិ​បាន​ដឹង​តម្រុយ​តាម​រយៈ​ការ​ស៊ើបការណ៍​សម្ងាត់ និង​មាន​ប្រជាពលរដ្ឋ​ធ្វើ​ជា​សាក្សី និង​ផ្ដល់​ដំណឹង​នៃ​ទីតាំង​លាក់​ខ្លួន​របស់​អ្នក​ទោស ដែល​ក្រុម​ខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព​រំដោះ​បាន​នោះ។

លោក ម៉ក់ ជីតូ៖«មកដល់ពេលនេះហើយ យើងបានរៀបចំផែនការស្រាវជ្រាវបន្ថែម គឺមិនទាន់ចប់ទេ។ យើងដឹងមុខសញ្ញាខ្លះទៀត ដែលយើងកំពុងតែបំភ្លឺ និងស្រាវជ្រាវ។ ជាគោលការណ៍ទីមួយ តាមស្រាវជ្រាវតាមចាប់មុខសញ្ញាសេសសល់។ សេសសល់ឥឡូវនេះមានគ្រាន់តែ តួកគីមាន ៦នាក់ ហើយខ្មែរ ២នាក់ទៀត ដែលជាឧក្រិដ្ឋជនចេញពីពន្ធនាគារ។ ដោយឡែកនឹងស្រាវជ្រាវតាមរកមុខសញ្ញាដែលពាក់ព័ន្ធទៀត ឃើញដល់ណា យើងធ្វើដល់ហ្នឹង»។

លោក ម៉ក់ ជីតូ បញ្ជាក់​ទៀត​ថា អ្នកទោស​ជា​មេខ្លោង​គ្រឿងញៀន​តៃវ៉ាន់​នឹង​ត្រូវ​កាត់​ទោស​សា​ជា​ថ្មី ដែល​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ កាល​ពី​រសៀល​ថ្ងៃ​ទី២២ ខែសីហា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចេញ​ប្រតិបត្តិការ​ចាប់​អ្នក​ទោស​ជនជាតិ​តៃវ៉ាន់ ស្ថិត​នៅ​ទីតាំង​បុរី​មួយ​កន្លែង​ក្នុង​សង្កាត់​ព្រែកលាប ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​សមត្ថកិច្ច​អះអាង​ថា ក៏​ចាប់​បាន​ជន​សង្ស័យ ២នាក់​ទៀត នៅ​ទីតាំង​ផ្សេង​គ្នា ដែល​ធ្វើ​សកម្មភាព​រំដោះ​អ្នកទោស។ លោក ម៉ក់ជីតូ បញ្ជាក់​ថា ក្នុង​នោះ​ជន​សង្ស័យ​ម្នាក់​ជា​ជនជាតិ អារ៉ាប៊ី សាអូឌីត (Saudi Arabia) មាន​តួនាទី​ចង្អុល​បង្ហាញ​ព័ត៌មាន​ក្នុង​ប្រតិបត្តិ​រំដោះ​អ្នកទោស ហើយ​សមត្ថកិច្ច​ចាប់​បាន​នៅ​រាជធានី​ភ្នំពេញ ខណៈ​ជន​សង្ស័យ​ម្នាក់​ទៀត ជា​ជនជាតិ​ចិន មាន​តួនាទី​កាន់​កញ្ចប់​លុយ ដើម្បី​ចំណាយ​ថ្លៃ​អាហារ​ស្នាក់នៅ​របស់​ក្រុម​ធ្វើ​សកម្មភាព ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ខេត្តបាត់ដំបង។ លោក ម៉ក់ ជីតូ ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី២២ ខែសីហា​ដដែល សមត្ថកិច្ច​ក៏​បង្ក្រាប​បាន​ជន​សង្ស័យ​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ខេត្តសៀមរាប ដែល​មាន​តួនាទី​ក្នុង​ការ​រៀបចំ​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ក្រុម​ប្រដាប់​អាវុធ។

លោក ម៉ក់ ជីតូ៖«គាត់មានក្រុមរបស់គាត់។ ក្នុងនោះ មានក្រុមរៀបចំអាវុធឱ្យគាត់។ ឥឡូវនេះយើងមានព័ត៌មានហើយទិញពីណា ប៉ុន្តែ យើងកំពុងស្វែងរកចាប់ក្រុមទីមួយដឹកចេញ ដឹកចូលឱ្យសញ្ញា ហើយតួកគី ៦នាក់ ដែលដឹកនាំដោយ អារ៉ាប៊ី សាអូឌីត ហើយមានក្រុមឃ្លាំមើល ក្រុមត្រៀមបម្រុង ក្រុមដឹកជញ្ជូន ក្រុមនេះមានផែនការច្រើនមុខ»។

ចំណែក​មតិ​រិះគន់​ពាក់ព័ន្ធ​នឹង​ក្រុម​ជន​ល្មើស​អាច​ប្រើ​អាវុធ​ធ្វើ​ប្រតិបត្តិ​រំដោះ​អ្នក​ទោស​វិញ លោក ម៉ក់ ជីតូ បក​ស្រាយ​ថា ក្រុម​ស៊ី​ឈ្នួល​ធ្វើ​សកម្មភាព​គឺ ពួក​គេ​មក​ពី​អាមេរិក​មិន​មាន​អាវុធ​នោះ​ទេ ហើយ​ពេល​ពួក​គេ​មក​ដល់​កម្ពុជា គឺ​មាន​ក្រុម​ការងារ​របស់​ពួក​គេ​រៀបចំ​អាវុធ​សម្រាប់​ធ្វើ​ប្រតិបត្តិការ។ លោក​ថា អ្នក​ដែល​រៀបចំ​អាវុធ​ទាំង​នោះ គឺ​ជា​ជនជាតិ​តួគី​មាន​គ្នា​យ៉ាង​ហោច​ណាស់ ៦នាក់ និង​ជន​ខ្មែរ​ធ្លាប់​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ២នាក់ ដែល​កំពុង​រត់​គេច​ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​បើក​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន។

ជុំវិញ​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​ក្រុម​ប្រដាប់​អាវុធ​រំដោះ​អ្នកទោស​នេះ នៅតែ​មាន​មន្ទិល​សង្ស័យ​ច្រើន និង​ជា​រឿង​ដ៏​ចម្រូងចម្រាស ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព ស្វែងរក​អ្នក​ពាក់ព័ន្ធ​នៅ​ពី​ក្រោយ​ខ្នង​នៃ​ក្រុម​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព និង​អ្នក​ជួញដូរ​អាវុធ​ឱ្យ​ក្រុម​ជនល្មើស។

លោក អំ សំអាត៖«ករណីនេះ វាក្លាយជាមេរៀនមួយសម្រាប់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងពន្ធនាគាក្នុងការបញ្ជូនឧក្រិដ្ឋជនព្យាបាលត្រូវមានការរៀបចំកម្លាំងឱ្យបានត្រឹមត្រូវ ក្នុងការការពាររក្សានូវព័ត៌មានសន្តិសុខសុវត្ថិភាពចំពោះឧក្រិដ្ឋជនធំៗហ្នឹង ទីមួយកុំឱ្យមានការរិះគន់ផង ឧក្រិដ្ឋជនគ្រឿងញៀនធំៗដែលមានលុយមានកាក់អាចនឹងបញ្ជូនទៅ ប៉ុន្តែអ្នកទោសផ្សេងទៀតដូចជា សកម្មជនសង្គមសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ឬក៏សកម្មជនគណបក្សនយោបាយមានភាពយឺតយ៉ាវតឹងរឹងក្នុងបញ្ជូនទៅ [ព្យាបាល] កុំឱ្យមានការរិះគន់ដែរ»។

មក​ទល់​ពេល​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ជន​សង្ស័យ​ចំនួន ១១នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់ ខ្មែរ​មាន​សញ្ជាតិ​អាមេរិក​កាំង ៦នាក់ ជនជាតិ​អារ៉ាប៊ី សាអូឌីត ជនជាតិ​តៃវ៉ាន់​ម្នាក់ និង​ជនជាតិ​ចិន ២នាក់ ដែល​នគរបាល​យុត្តិធម៌​ចោទ​ប្រកាន់​ថា ពួក​គេ​បាន​ចូលរួម​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​អាវុធ​ភ្ជង់​មន្ត្រី​ពន្ធនាគារ ដើម្បី​រំដោះ​អ្នកទោស​តៃវ៉ាន់​ឈ្មោះ ឆេន ស៊ីនហាន (Chen Hsin Han) ជាប់​ទោស​ចំនួន ៥២ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន ក្នុង​គ្រា​ដែល​មន្ត្រី​ពន្ធនាគារ​បញ្ជូន​អ្នក​ទោស​រូប​នោះ​ទៅ​ព្យាបាល​ធ្មេញ​នៅ​គ្លីនិក​ធ្មេញ ជុំ ចិន្តា ក្នុង​ខេត្តសៀមរាប កាល​ពី​ថ្ងៃ​ទី១៧ ខែសីហា។ លោក ម៉ក់ ជីតូ បញ្ជាក់​ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​បញ្ជូន​ជន​សង្ស័យ ១១នាក់ រួមទាំង​អ្នក​ទោស​ជា​មេខ្លោង​គ្រឿងញៀន​ទៅ​តុលាការ​នៅ​ឡើយ ហើយ​ពួក​គេ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការ​ការពារ​សន្តិសុខ​តឹងរ៉ឹង​របស់​កម្លាំង​នគរបាល​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។