សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនមនុស្សរាប់សិបនាក់ រួមមានជនជាតិចិន និងវៀតណាម ដែលប្រមូលផ្ដុំគ្នានៅកន្លែងកម្សាន្តមួយឈ្មោះ ឡាវ ខ្លឹប (Lao Club) ក្នុងសង្កាត់បឹងរាំង កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី១៩ ខែកក្កដា។ ការឃាត់ខ្លួនេះ គឺដោយសារតែសកម្មភាពទាំងនោះ ខុសទៅនឹង បម្រាមរបស់សាលារាជធានីភ្នំពេញ ដែលហាមមិនឲ្យជួបជុំ ក្នុងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៩ ខែកក្កដាថា ក្រុមមនុស្សដែលលួចមកកម្សាន្តនៅក្លឹបក្នុងខុនដូនោះ គឺមានចម្រុះជាតិសាសន៍ ដោយមិនទាន់អាចកំណត់ចំនួនមនុស្សពិតប្រាកដបាននៅឡើយទេ ថាមានជនជាតិណាខ្លះទេ ស្រីប៉ុន្មាននាក់ និងប្រុសប៉ុន្មាននាក់។ លោកឲ្យដឹងថា ជាជំហានដំបូង សមត្ថកិច្ចទុកឲ្យមន្ទីរជំនាញខាងក្រសួងសុខាភិបាល ពិនិត្យពួកគេរកមើលជំងឺកូវីដ១៩ ជាមុនសិន ថាតើមានមនុស្សប៉ុន្មានមានផ្ទុកជំងឺនេះ បន្ទាប់មកនឹងប្រគល់ឲ្យមន្ត្រីជំនាញប្រឆាំងគ្រឿងញៀន ពិនិត្យរកសារធាតុញៀនជាក្រោយ ថាតើមានមនុស្សប៉ុន្មាននាក់ មានប្រើប្រាស់គ្រឿងញៀន។
លោក សាន សុខសីហា បញ្ជាក់ថា ក្រោយពីពិនិត្យមនុស្សទាំងអស់នោះរួចរាល់ហើយ សមត្ថកិច្ចនឹងអនុវត្តតាមនីតិវិធី ចំពោះអ្នកល្មើសបម្រាបរដ្ឋាភិបាល និងអ្នកលួចប្រើប្រាស់សារធាតុញៀន ផ្អែកទៅតាមច្បាប់ដែលមានចែង។
ទោះជាយ៉ាងណា សារព័ត៌មានក្នុងស្រុកចុះផ្សាយថា ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សជិត៩០នាក់ ដែលភាគច្រើន គឺជាជនជាតិចិន។ ប្រភពដដែល ឲ្យដឹងថា មានបុរសជនជាតិចិន បើករថយន្តស៊េរីទំនើបៗ ដឹកនារីៗចិន និងវៀតណាម ចូលទៅរាំកម្សាន្ត និងប្រើប្រាស់គ្រឿងញៀនប្រភេទថ្នាំគ្រវីនៅទីនោះ។
កាលពីថ្ងៃទី៩ ខែកក្កដា កន្លងមកនេះ សាលារាជធានីភ្នំពេញ បានដាក់ចេញវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនមិនឲ្យលើសពី១៥នាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
អាជ្ញាធររាជធានីភ្នំពេញ បញ្ជាក់ថា ក្នុងករណីរកឃើញថាបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តតាមចាប់ស្ដីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ដោយគ្មានការលើកលែងឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។