ពលរដ្ឋនៅច្រកអូរស្មាច់រិះគន់ប៉ូលិសបង្ខំឲ្យអ្នកដំណើរបង់លុយ
2013.03.09

ពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធគួរចាត់វិធានការណាមួយប្រឆាំងនឹងមន្ត្រីអន្តោប្រវេសន៍ដែលប្រើប្រាស់ហិង្សា បង្ខំឲ្យពលរដ្ឋត្រូវបង់លុយនៅតាមច្រកត្រួតពិនិត្យ ជាថ្នូរនឹងការបានត្រឡប់មកលំនៅឋានវិញ។
អតីតយោធាតស៊ូនៃកងទ័ពបារ៉ា លោក ញាណ សារុំ មានប្រសាសន៍កាលពីថ្ងៃទី២០ កុម្ភៈ ថា ពលរដ្ឋខ្មែរដែលធ្វើចំណាក់ស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃ បានក្លាយជាជនរងគ្រោះតាមរយៈការជំរិតទារប្រាក់ជាបន្តបន្ទាប់ ពីមន្ត្រីការពារច្រកព្រំដែនអូរស្មាច់។ បុរសមានដើមកំណើតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ លោក ញាណ សារុំ បន្តថា រដ្ឋាភិបាលគួរកែទម្រង់តាមរយៈការផ្លាស់ប្ដូរមេដឹកនាំនៅតាមច្រកនីមួយៗ ដើម្បីធានាភាពងាយស្រួល និងសុខសាន្ត ដល់ការប្រកបការងាររបស់ពលរដ្ឋ។
លោកបន្តថា៖ «ចុះដល់ពេលដែលខ្មែរយើងចូលមកដល់ស្រុកខ្មែរហើយ ម៉េចក៏ខ្មែរថា យើងខុសទៀត? តើខ្ញុំចង់សួរថា ខ្មែរយើងខុស ដល់ពេលខុសហើយទាមទារឲ្យគ្នាបង់លុយ ១០០ទៀត។ អ៊ីចឹងបើមិនឲ្យមកវៃគ្នាទៀត ម្នាក់ ១០០បាត»។
កាលពីចុងខែធ្នូ ឆ្នាំ២០១២ ពលករកម្ពុជា ជាង ១៦ម៉ឺននាក់ ត្រូវបានក្រសួងការងារថៃ សម្រេចផ្ដល់ប័ណ្ណសម្គាល់ខ្លួនស្របច្បាប់ ដើម្បីមានភាពងាយស្រួលក្នុងការចេញចូលទៅធ្វើការនៅក្នុងប្រទេសរបស់ខ្លួន។ ការបង្កើតយន្តការនេះ ធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរ កម្ពុជា-ថៃ រកឃើញថាមានពលករកម្ពុជា ខុសច្បាប់ជាច្រើននាក់ ត្រូវចាញ់បោកមេខ្យល់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។
ក្រៅពីការផ្ដល់ភាពស្របច្បាប់នេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ថៃ លើកទី៨ នៅទីក្រុងបាងកក កាលពីចុងខែធ្នូ ឆ្នាំ២០១២ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ខាងភាគីកម្ពុជា ដឹកនាំដោយលោក ហោ ណាំហុង ចំណែកភាគីថៃ ដឹកនាំដោយលោក ស៊ូរ៉ាពង់ តូវីចាក់ចៃគល់ (Surapong Tovichakchaikul) ក៏បានបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីត្រួតពិនិត្យលើពលករខ្មែរចំណាក់ស្រុក ដែលចូលឆ្លងដែនកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ ថែមទៀត។
យ៉ាងណាក៏ដោយ ចៅសង្កាត់ទី២នៃគណបក្ស សម រង្ស៊ី លោក ញាណ សារុំ មានប្រសាសន៍ថា បើទោះជាពលករកម្ពុជា ត្រូវបានធានាដោយច្បាប់ក៏ដោយ ក៏លោកនៅតែសង្កេតឃើញថា ពលករកម្ពុជា នៅតែក្លាយជាជនរងគ្រោះនៅឡើយ។ រងគ្រោះត្រង់ថា ពួកគេត្រូវបានប៉ូលិសអន្តោប្រវេសន៍ខ្មែរនៅតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ បង្ខំឲ្យបង់ប្រាក់ក្នុងម្នាក់យ៉ាងតិច ១០.០០០ម៉ឺនរៀល ជាថ្នូរនឹងការបានវិលត្រឡប់មកកម្ពុជាវិញ។
លោក ញាណ សារុំ៖ «អ៊ីចឹងខ្ញុំមិនដែលបានឱកាស នេះជាឱកាសដែលខ្ញុំចង់និយាយប្រាប់ដល់អាស៊ីសេរី ជួយប្រកាសប្រកូក ដើម្បីឲ្យរដ្ឋាភិបាលផ្លាស់មនុស្សឲ្យមកនៅកាន់ច្រកល្អៗ កុំឲ្យធ្វើបាបខ្មែរខ្លួនឯងទៀត។ ដូចយួន ចូលមកដល់ស្រុកខ្មែររាប់រយរាប់ពាន់ រាប់លាននាក់ រដ្ឋាភិបាល និងអន្តោប្រវេសន៍ ដែលជាអ្នកមើលច្បាប់ហ្នឹងអត់មើលផង មើលឃើញតែខ្មែរខ្លួនឯង ជាន់លើទឹកដីខ្មែរ អ៊ីចឹងធ្វើបាបគ្នាណាស់»។
ឆ្លើយតបបញ្ហានេះ ប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអូរស្មាច់ លោក ខូង ទីន បដិសេធថា ពុំមានអំពើពុករលួយទេ ទោះតាមរូបភាពណាក៏ដោយ។ លោកអះអាងថា ប្រសិនរកឃើញមានអំពើស៊ីសំណូកសូកប៉ាន់ ឬបង្ខំពលរដ្ឋទារលុយជាថ្នូរដើម្បីបានឆ្លងដែនត្រឡប់មកកម្ពុជាវិញមែននោះ លោកព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងទង្វើបែបនេះ ចំពោះមន្ត្រីក្រោមបង្គាប់។
លោក ខូង ទីន៖ «ម្យ៉ាងទៀតកុំស្ដាប់តាមគេថា កូនចៅខ្ញុំៗហានដាក់ជីវិតបងបាទ! ខ្ញុំមិនមែនដាក់ថា ហាមដាច់ខាតច្រកហ្នឹងមានតិចណាស់ តិចដែលថា ចំណាកស្រុកគេចូលទៅតាមច្រកស្អី ច្រក ម៉ាច្រកបឹងត្រកួនបឹងអីហ្នឹង គឺគេចាប់ជួយ។ ខែនេះ គឺជូនមកបាន ២៩នាក់»។
មជ្ឈដ្ឋាននានារិះគន់ចំណាត់ការរបស់មន្ត្រីប៉ូលិសអន្តោប្រវេសន៍នៅតាមចក្ររបៀង និងច្រកអន្តរជាតិ នៅជាប់ព្រំដែនកម្ពុជា-ថៃ ថាពួកគេតែងរងគ្រោះជាបន្តបន្ទាប់ ដូចជាត្រូវជាប់ឃុំរយៈពេលខ្លីនៅតាមច្រកព្រំដែន ព្រោះពុំមានលុយបង់ឲ្យប៉ូលិសប៉ុស្តិ៍ ឬត្រូវទទួលរងទារុណកម្ម ដោយការប្រើប្រាស់ហិង្សាពីសមត្ថកិច្ចជាដើម។
បញ្ហានេះត្រូវគេសង្កេតឃើញថា ពុំមែនកើតមានតែច្រកអូរស្មាច់នេះទេ ដែលត្រូវរងការរិះគន់នោះ ក៏ប៉ុន្តែសម្រាប់ច្រករបៀង និងច្រកអន្តរជាតិជាប់ព្រំដែនកម្ពុជា-ថៃ ជាទូទៅក៏ត្រូវគេចាត់ទុកថា មានរូបភាពកើតឡើងមិនខុសពីច្រកអូរស្មាច់នេះដែរ។
ករណីនេះពលរដ្ឋនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ លោក ទេព ពីង ដែលតែងចេញចូលទៅប្រកបការងារនៅប្រទេសថៃ អះអាងថា បើទោះជាខ្លួនពុំធ្លាប់រងគ្រោះដោយការបង្ខំពីប៉ូលិសអន្តោប្រវេសន៍ក៏ដោយ ក៏ប៉ុន្តែលោកបញ្ជាក់ថា គេតែងសង្កេតឃើញប៉ូលិសអន្តោប្រវេសន៍កម្ពុជា តែងចាប់បង្ខំឲ្យពលរដ្ឋខ្មែរបង់លុយ មុននឹងត្រូវឆ្លងចូលមកស្រុកកំណើតវិញជាញឹកញាប់។
លោក ទេព ពីង៖ «បើថាគំរាមរកលុយមែន បើថា រឿងវៃតប់អីមិនដែលមានទេ បើថាយកលុយមែន។ សុំលុយយើងចាយ បើថាយើងឲ្យហាហុកសិបចេះមិនយកទេ កំណត់យកពី ៣០០អ៊ីចឹងទៅណាស់។ ហ្នឹងហើយវាយ៉ាប់អ៊ីចឹងឯង។ បើថារឿងថៃ គេកំណត់យកតែ ២០០ ១០០អី យើងក៏បាត់ទៅ។ យ៉ាប់តែខ្មែរយើងដូចថា បើថាយកក៏យក ២០០ ៣០០។ បើយើងមិនងាយឲ្យក៏ដាក់ខាំងយើងទុកមួយសន្ទុះអ៊ីចេះទៅ បើយើងអត់បិទបានឲ្យចេញមែន»។
អ្នកឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់ទទួលបន្ទុកពលករចំណាកស្រុករបស់អង្គការលីកាដូ លោក សែម ចៅសុខ ទទួលស្គាល់ថា ពិតជាមានអំពើពុករលួយនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលត្រូវគេរកឃើញថា កំពុងកើតឡើងពេញបន្ទុកនូវអំពើពុករលួយ តាមរយៈការបង្ខំឲ្យពលរដ្ឋត្រូវបង់លុយតាមច្រកនីមួយៗនោះយ៉ាងពិតប្រាកដ។
លោកគិតថា បញ្ហាទាំងនេះបានក្លាយជាការប្រឈមកាន់តែខ្ពស់សម្រាប់ពលករចំណាកស្រុកក្រៅពីត្រូវរងគ្រោះនៅក្នុងប្រទេសថៃ ហើយថែមទាំងត្រូវដោះស្រាយសុវត្ថិភាពមួយផ្នែកទៀត ជាមួយប៉ូលិសរបស់ខ្លួននៅក្នុងប្រទេស៖ «ពេលដែលគាត់ធ្វើដំណើរមកហ្នឹង គឺគាត់មានការជួបប្រទះខ្លះៗនៅតាមព្រំប្រទល់ប្រទេសខ្មែរ-ថៃ ដោយសារទី១ គឺតម្រួតថៃ ក៏គាត់ចាប់ឆែកយកថវិកាពីគាត់ ទី២ អើបញ្ហាឆ្លងដែនមកវិញហ្នឹង ក៏ប្រជាជន ប្រជាពលរដ្ឋអស់ហ្នឹងក៏គាត់ត្រូវការបង់លុយទៅឲ្យតាមច្រកទ្វារគ្រប់ដែរ បានអាចចេញមកបាន»។
ទោះជាយ៉ាងណា លោក ខូង ទីន ប្រធានប៉ុស្តិ៍អូរស្មាច់ មានប្រសាសន៍ថា បញ្ហានេះត្រូវបានរដ្ឋាភិបាលកំពុងពង្រឹងគោលនយោបាយ ដើម្បីប្រយុទ្ធប្រឆាំងភាពមិនស្របច្បាប់ដែលកើតឡើង ដើម្បីធានាភាពងាយស្រួល និងភាពសុខសាន្តសម្រាប់ពលរដ្ឋ៖ «ចាប់មកយើងនឹងណែនាំ យើងនឹងប្រាប់ថា កុំទៅទៀតបងអ្ហើយ មានអីអស្ចារ្យទេស្រុកនោះ។ ជួនណាបងប្អូនធ្វើបានហើយ វាបោកយើងទៀត ហើយបើយើងស្របច្បាប់។ សព្វថ្ងៃគេធ្វើឲ្យយើងស្របច្បាប់តើ យើងសុំសំបុត្រស្នាមអីត្រឹមត្រូវ ទៅធ្វើ គាត់ថា ធ្វើកម្មករអីទៅ ធ្វើនៅឯណា ឮថាប៉ោយប៉ែតគេធ្វើអ្ហី យើងទៅធ្វើ។ ខ្ញុំក៏បានណែនាំអ៊ីចឹង អ៊ីចឹងទេកុំទៅអាឆៅៗអ៊ីចឹង»។
មន្ត្រីអង្គការលីកាដូ និយាយថា របាយការណ៍របស់រដ្ឋាភិបាលដែលទទួលបន្ទុកពលករចំណាកស្រុកចេញផ្សាយដើមឆ្នាំ២០១៣ រកឃើញថា ការធ្វើចំណាកស្រុករបស់ពលរដ្ឋកម្ពុជា ទៅប្រទេសថៃ ដើម្បីរកការងារធ្វើ មានការកើនឡើងប្រហែល ៥០ម៉ឺននាក់ គិតមកដល់ឆ្នាំ២០១២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។