ពលរដ្ឋ​នៅ​ស្ទឹងត្រែង​រិះគន់​នគរបាល​និង​អាជ្ញាធរ​ថា​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ពាក្យ​បណ្ដឹង​ពួកគេ

ដោយ ម៉ែន សុធីរ
2017.02.03
ផែនទី​ខេត្ត​ស្ទឹងត្រែង ៨៥៥ ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

ពលរដ្ឋ​រស់​នៅ​ឃុំ​កោះស្នែង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង រិះគន់​មេ​ប៉ុស្តិ៍​កោះស្នែង និង​អាជ្ញាធរ​មូលដ្ឋាន​ថា មិន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទារក​អាយុ ៤​ខែ។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​មិន​បាន​យកចិត្តទុកដាក់​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​នោះ​ទេ។ ចំណែក​អាជ្ញាធរ​ឃុំ​កោះស្នែង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ជាំធំ ឃុំ​កោះស្នែង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អាប់អន់​ចិត្ត​នៅ​គ្រា​ដែល​មេ​ប៉ុស្តិ៍​ឃុំ​កោះស្នែង និង​អាជ្ញាធរ​មូលដ្ឋាន​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ។

ពលរដ្ឋ​រស់​នៅ​ឃុំ​កោះស្នែង លោកស្រី ស៊ិន សាវិន  ចោទ​ប្រកាន់​ថា មេ​ប៉ុស្តិ៍​កោះស្នែង លោក ថៃ ណា និង​មេ​ឃុំ​កោះស្នែង លោក ដួង លៀន ហាក់​កំពុង​មើល​រំលង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​កើត​មាន​នៅ​មូលដ្ឋាន​ពួកគេ​រស់​នៅ។ លោកស្រី​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​២០ មករា កូនស្រី​របស់​លោកស្រី​ឈ្មោះ មុន ចន្នី វ័យ ២៧​ឆ្នាំ និង​ទារក​អាយុ​ជាង ៤​ខែ ត្រូវ​បាន​បុរស​ម្នាក់ ឈ្មោះ ជីង ម៉ុន ដាក់​ថ្នាំ​បំពុល​ក្នុង​ពាង​ទឹក​បណ្ដាល​ឲ្យ​សន្លប់​បាត់​ស្មារតី បែក​ពពុះ​មាត់​របួស​ធ្ងន់ ហើយ​លោកស្រី​បាន​ប្ដឹង​នគរបាល​កោះស្នែង​ឲ្យ​អន្តរាគមន៍ បែរ​ជា​ពុំ​មាន​ដំណោះស្រាយ បណ្ដាល​ឲ្យ​ជនល្មើស​ដែល​ត្រូវជា​ប្តី​របស់​លោកស្រី​រត់​គេច​ខ្លួន​បាត់។

លើស​ពី​នេះ លោកស្រី​បាន​ប្ដឹង​ករណី​នេះ​ទៅ​មេ​ឃុំ​កោះស្នែង ក៏ប៉ុន្តែ​មេ​ឃុំ​រូប​នោះ​បាន​ផ្ទេរ​កាតព្វកិច្ច​ទៅ​មេ​ប៉ុស្តិ៍៖ «ខ្ញុំ​តេ​តាម​ទូរស័ព្ទ​ម្ដង​ហើយ សាមី​ខ្លួន​ខ្ញុំ​ទៅ​បញ្ជាក់​ម្ដង គេ​ថា​បើ​ជនល្មើស​នៅ​បាន​គេ​ចេះ​ដោះស្រាយ​ឲ្យ បើ​ជនល្មើស​រួច​គេ​មិន​ចេះ​ដោះស្រាយ​ឲ្យ​ទេ។ ប៉ះពាល់​ខ្លាំង​ដែរ ដូច​ថា​ប្រជាជន​អត់​មាន​កក់ក្ដៅ​លើ​ថ្នាក់ដឹកនាំ​សោះ។ ធ្វើ​អ៊ីចឹង​ជន​ល្មើស​ដូច​បាន​ចិត្ត។ មិន​ដឹង​ថា ប្តី​ខ្ញុំ​ត្រឡប់​មក​វិញ មិន​ដឹង​ថា អារ​ក​ខ្ញុំ​ថ្មើរ​ណា»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​កោះស្នែង លោក ដួង លៀន និង​មេ​ប៉ុស្តិ៍ លោក ថៃ ណា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ចំណែក​ជំនួយការ​រដ្ឋបាល​ឃុំ​កោះស្នែង លោក វាន់ សំផន បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លើក​ហេតុផល​ថា អាជ្ញាធរ​ឃុំ​តែងតែ​យក​ចិត្ត​ទុក​ដាក់​អន្តរាគមន៍​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ក៏​ប៉ុន្តែ​សំណុំ​រឿង​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ អាជ្ញាធរ​ឃុំ​បាន​ចាត់​ឲ្យ​នគរបាល​កោះស្នែង អនុវត្ត​ច្បាប់។ លោក​ថា ប៉ុស្តិ៍​នគរបាល​កោះ​ស្នែង បាន​ចាត់​វិធានការ​រឿង​ក្ដី​នេះ​ដែរ និង​បាន​ធ្វើ​របាយការណ៍​ទៅ​អធិការ​ស្រុក​ថាឡាបរិវ៉ាត់ ដោះស្រាយ​បន្ត។

លោក​កត់សម្គាល់​ថា ជម្លោះ​ក្នុង​គ្រួសារ​នេះ តែង​តែ​កើត​មាន​ជា​ហូរហែ និង​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ហើយ​កន្លង​ទៅ​អាជ្ញាធរ​ឃុំ​តែង​ចុះ​សម្របសម្រួល​ជា​ហូរហែ៖ «អត់​មាន​ការ​ពិត​ទេ ឯកសារ​អី​បំពេញ​ឲ្យ​គាត់​គ្រប់​រឿង ខាង​ប៉ូលិស​បំពេញ​ឲ្យ​គាត់ ហើយ​ក្នុង​គ្រួសារ​គាត់​វា​មិន​ចុះ​សម្រុង​គ្នា»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ហូ សំអុល ឲ្យ​ដឹង​ថា គ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​រឿង​នេះ​ទៅ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង។ លោក​ថា សមាគម​អាដហុក ទទួល​ព័ត៌មាន​ថា អាជ្ញាធរ​ឃុំ និង​នគរបាល​មួយ​ចំនួន​អនុវត្ត​ច្បាប់​មាន​ការ​រើសអើង និង​បក្ខពួក​និយម ជាពិសេស​មិន​អើពើ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ក្រីក្រ។

លោក​ពន្យល់​ថា ប្រសិនបើ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង​កើត​ឡើង សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់ ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​សមត្ថកិច្ច​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ អនុវត្ត​នីតិវិធី មិន​ត្រូវ​ផ្អឹប​ទុក​សំណុំរឿង​នោះ​ទេ។ លោក​ថា បើ​សមត្ថកិច្ច​ព្រងើយកន្តើយ​មិន​ដោះស្រាយ​ពាក្យ​បណ្ដឹង នឹង​នាំ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត និង​បង្ក​ឲ្យ​ជនល្មើស​មិន​រាងចាល៖ «សេវា​បម្រើ​សេវា​សាធារណៈ​គឺ​អន់​បំផុត ហើយ​បក្ខពួក​និយម ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ យើង​ឃើញ​ថា ដូចជា​មាន​ការ​រើសអើង​ច្រើន​ទៅ​ប្ដឹង​ដូច​មិន​មាន​ការ​រវល់​អី​ទេ»

ក្រមព្រហ្មទណ្ឌ​ថ្មី មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ដល់ ៦​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។