សមត្ថកិច្ចខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៦នាក់ ព្រមទាំងដកហូតថ្នាំញៀន និងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត។
គេហទំព័រនគរបាលខេត្តព្រះសីហនុ ដែលបានដកស្រង់សំដី ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ កាលពីថ្ងៃទី២៨ ខែកញ្ញាឲ្យដឹងថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា នៅចំណុច សង្កាត់២ និងសង្កាត់៤ ក្នុងក្រុងព្រះសីហនុ។
ជនសង្ស័យទាំង ៦នាក់នោះ មានម្នាក់ជាស្ត្រី ដែលមានអាយុ ចន្លោះពី ២៩ឆ្នាំ ដល់ ៤៩ឆ្នាំ។ អាជ្ញាធរ ក៏បានដកហូតវត្ថុតាងមួយចំនួន ក្នុងនោះ រួមមាន ថ្នាំញៀនកេតាមីន (Ketamine) ទំងន់ ជិត ៤០០ក្រាម (៣៩២,៩៦ ក្រាម) ថ្នាំញៀន អៃស (Ice) ទម្ងន់ជិត ៥រយក្រាម (៤៦៨,៦៥ក្រាម) កញ្ឆាក្រៀមចំនួន ២កញ្ចប់ និងរថយន្ត ២គ្រឿង ព្រមទាំងទូរស័ព្ទដៃចំនួន ១០គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។