សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ចាប់​ជនជាតិ​ចិន ២​នាក់​រឿង​ប្រើប្រាស់​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា វត្តមាន​នៃ​ជន​ជាតិចិន​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ កំពុងតែ​បង្ក​ភាព​វឹកវរ​សង្គមជាតិ​កាន់តែ​ខ្លាំង ព្រមទាំង​ធ្វើ​ឱ្យ​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​នេះ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព ដោយសារតែ​ពួកគេ​ភាគច្រើន​មាន​កាំភ្លើង​ប្រើប្រាស់ និង​បាញ់សម្លាប់​មនុស្ស​តាម​ទំនើងចិត្ត​។ ប្រតិកម្ម​សង្គម​ស៊ីវិល​បែបនេះ ធ្វើឡើង​បន្ទាប់​ពី សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន ២​នាក់​ក្រោយ​ពួកគេ​បាន​ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​មួយ​ស្ថិតនៅ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​មាន​មន្ទិល និង​ដាក់​ការសង្ស័យ​ចំពោះ ជនជាតិ​ចិន​ថា អាច​មាន​ទំនាក់​ទំនងជា​មន្ត្រី​អាជ្ញាធរ និង​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​ក្នុង​ការ​ជួញដូរ​អាវុធ ដ្បិត​ជនជាតិ​ចិន​ភាគច្រើន​មាន​កាំភ្លើង​ប្រើប្រាស់​បាញ់បោះ​ដោយ​សេរី បើ​ទោះ​បី​ជា​ច្បាប់​កម្ពុជា​មិន​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​ប្រើប្រាស់​អាវុធ​យ៉ាងណាក្ដី។

អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ តុលា​ថា ជន​ជាតិចិន​មួយចំនួន​នៅតែ​មិន​ញញើត​ក្នុង​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​បាញ់សម្លាប់​មនុស្ស​នោះ​ទេ​។ អ្នកស្រី​បន្ត​ថា ទីក្រុង​ព្រះសីហនុ​ពី​មុន​មក​ពុំ​មែន​ជា​ក្រុង​ដែល​សម្បូរ​ដោយ​បទល្មើស​បែប​ឧក្រិដ្ឋកម្ម​ដូចជា ការ​ជួញដូរ​អាវុធ ជួញដូរ​មនុស្ស និង​មាន​សកម្មភាព​នៃ​ជនបរទេស​ប្រើ​កាំភ្លើង​បាញ់បោះ​គ្នា​ដោយ​សេរី​ដូច​ពេល​បច្ចុប្បន្ន​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា កន្លងមក​ការ​ប្រកប​របរ​អាជីវកម្ម និង​ការរស់នៅ​របស់​ពលរដ្ឋ​វិញ ពួកគាត់​រស់នៅ​ដោយ​សុខដុមរមនា បើ​ទោះ​បីជា​មិន​មាន​វត្តមាន​ជនជាតិ​ចិន​មក​សាងសង់​អគារ​បន​ល្បែង​នៅក្នុង​ខេត្ត​នេះ​យ៉ាងណាក្ដី។

អ្នកស្រី ជៀប សុធារី លើកឡើង​បន្ត​ថា ក្រោយ​មាន​វត្តមាន​ចិន​ចូល​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​ច្រើន បទល្មើស​ប្លែកៗ​ដូច​ការ​បាញ់សម្លាប់​តាម​ទី​សាធារណៈ ការ​ជួញដូរ​គ្រឿងញៀន និង​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ក៏បាន​លេចឡើង​។ អ្នកស្រី​ឱ្យដឹង​ថា ពលរដ្ឋ​ភាគច្រើន​នៅ​ខេត្ត​ព្រះសីហនុ​តែងតែ ព្រួយបារម្ភ​ពី​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម ដោយសារ​តែ​មាន​វត្តមាន​នៃ​ជន​ជាតិចិន​មួយ​ចំនួន​មាន​ចរិត​កោងកាច ហើយ​ពួកគេ​ក៏​មិនបាន​គោរព​សិទ្ធិ​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក និង​ច្បាប់​កម្ពុជា​នោះ​ទេ។

អ្នកស្រី ជៀប សុធារី៖«កន្លងមក​យើង​ក៏​ធ្លាប់​ដឹង​ដែរ​ថា ពួកគាត់[​ជនជាតិ​ចិន​]ហ្នឹង​ទិញ​អាវុធ​តាមរយៈ​ការលក់​អន​ឡាញ(Online)​។ អ៊ីចឹង ខ្ញុំ​ចេះតែ​ឆ្ងល់​ដែរ នៅ​ពេល​ដែល​យើង​សាកសួរ ជន​ដែល​ប្រព្រឹត្ត​នូវ​បទល្មើស​គាត់​បាន​បង្ហាញ​ហើយ​ថា គាត់​បាន​អាវុធ​ហ្នឹង​តាម​ណា​។ ខាង​សមត្ថកិច្ច លោក​បាន​សិក្សា​ស្រាវជ្រាវ​បន្ត​ទៀត​ទេ​?ឆ្ងល់​ដែរ​ការ​លក់​អាវុធ​ហ្នឹង​ធម្មតា យើង​មិន​ឱ្យ​ជនសង្ស័យ​គាត់​បង្ហាញថា អនឡាញ​ហ្នឹង​អ្នកណា ឈ្មោះ​អី លក់​ចេញ​អី​របៀប​ម៉េច គាត់​មាន​ក្នុង​កំណត់ហេតុ​នៃ​ការសាកសួរ​ជនសង្ស័យ​ទាំងអស់​។ ប៉ុន្តែ ការស្រាវជ្រាវ​ហ្នឹង បាន​រក​ឃើញ​ពួកគាត់​ដែល​ធ្វើការ​ចរាចរ​ជួញដូរ​អាវុធ​តាមរយៈ​ការ​លក់​អនឡាញ(Online)ហ្នឹង​កម្រិត​ណា​ដែរ?»។

ក្ដី​កង្វល់​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែបនេះ កើតឡើង​បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​បាន​ដក​កាំភ្លើង​បាញ់រះ​ជាច្រើន​គ្រាប់​ដែល​ស្ថិត​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​មួយ​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​២៤ តុលា។

គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​២៥ តុលា បង្ហាញ​ថា បន្ទាប់ពី​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ស្រាវជ្រាវ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ០២​នាក់ និង​រឹបអូស​បាន​អាវុធខ្លី​ម៉ាក​ហ្គុក (Glock) ចំនួន ០២​ដើម បង់​កាំភ្លើង​ចំនួន ២ ដែល​មាន ១២​គ្រាប់ គ្រាប់កាំភ្លើង​ប្រភេទ ៩​អឹម អឹម (mm) ចំនួន ២៩​គ្រាប់ និង​ខ្នោះដៃ ០២​គូរ ព្រមទាំង​គ្រឿងញៀន​ចំនួន ៣​កញ្ចប់។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២៥ ខែ​តុលា​។ ចំណែក អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​វិទ្យុ​អាស៊ីសេរី​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) យ៉ាង​ខ្លី​ថា ជនជាតិ​ចិនតៃវ៉ាន់​ចំនួន ០២​នាក់ កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​សមត្ថកិច្ច និង​តុលាការ។

ចាប់តាំងពី​ដើមឆ្នាំ​២០២២ នេះ​មក ការ​ផ្ទុះអាវុធ​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​បាន​កើតមានឡើង​មិន​ក្រោម ២០​ករណី​ឡើយ​។ ករណី​ខ្លះ​ជនជាតិ​ចិន​បាន​បាញ់សម្លាប់​ជន​ជាតិចិន​ដូចគ្នា រួច​ទម្លាក់​ពីលើ​រថយន្ត​។ ជាងនេះ​ទៅ​ទៀត​កន្លងមក ក៏​មាន​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​បាន​ដក​កាំភ្លើង​ភ្ជង់​ក្បាល​អ្នក​រត់​កង់​បី​ជា​ជនជាតិ​ខ្មែរ​ដែរ​។ ករណី​ដែល​ការ​ផ្ទុះ​អាវុធ​ជា​បន្តបន្ទាប់​មកនេះ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​នៅតែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ជួញដូរ​អាវុធ​ទៅ​ឱ្យ​ជនជាតិ​ចិន​។ ប៉ុន្តែ មក​ទល់​នឹង​ពេលនេះ លោក ជួន ណារិន្ទ មិនទាន់ បង្ហាញ​របាយការណ៍​ចុងក្រោយ​នៃ​លទ្ធផល​ស៊ើបអង្កេត និង​បង្ហាញមុខ​មេខ្លោង​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​នេះ​នៅ​ឡើយ។

កាលពី​ខែមិថុនា​កន្លងទៅ សមត្ថកិច្ច​ចាប់ខ្លួន​មេខ្លោង​ដែល​នាំចូល​អាវុធ​មក​កម្ពុជា​ចំនួន ៦​នាក់ និង​រឹបអូស​បាន​កាំភ្លើង​វែង​ខ្លី សរុប​ចំនួន ៤២ ដើម ព្រមទាំង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​ឧបករណ៍​ជួសជុល​កាំភ្លើង​មួយ​ចំនួន​ធំ​។ លោក ជួន ណារិន្ទ បញ្ជាក់​ថា អាវុធ​ទាំងនោះ មាន​ឈ្មួញ​ទុច្ចរិត​ក្នុងស្រុក កុម្ម៉ង់​ទិញ​ពី​ជនខិលខូច ឆ្លងដែន​តាម​ប្រទេសជិតខាង​កម្ពុជា​។ ក្រៅ​ពី​នេះ លោក​ថា ឧក្រិដ្ឋជន​ចំនួន ៦​នាក់​ដែល​សមត្ថកិច្ច​ក្នុង​នោះ​មាន​អ្នកបញ្ជា​ទិញ អ្នក​រកស៊ី​ឈ្មួញកណ្ដាល និង​អ្នក​ដែល​នាំចូល​តាម​ច្រកព្រំដែន។

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល ត្រូវតែ​មាន​ចំណាត់ការ​ឱ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​វត្តមាន​ជនជាតិ​ចិន ដែល​តែង​មាន​អាវុធ​ប្រើប្រាស់​ក្នុង​ការ​ចាប់ជំរិត និង​ធ្វើការ​គំរាមកំហែង​ដល់​ពលរដ្ឋ​នៅ​ក្រុង​ខេត្ត​ព្រះសីហនុ​នា​ពេល​កន្លង​មក​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។