ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ត្រូវ​បាន​ជួយ​សម្រួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សមត្ថកិច្ច

ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​​ខេត្ត​តាកែវ នៅ​ថ្ងៃទី២៤ កក្កដា ត្រូវ​បាន​ជួយ​សម្រួល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​សំណាក់​អាជ្ញាធរ​​មាន​សមត្ថកិច្ច។

បើ​ទោះបីជា​ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ ឆ្លង​កាត់​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​ស្ថានភាព​កក​ស្ទុះ ហើយ​អូស​បន្លាយ​ពេល​ជាង​៥​ម៉ោង​ក្ដី ក៏​ក្បួន​ទាំង​រថយន្ត និង​ម៉ូតូ រួម​ទាំង​អ្នក​ថ្មើរ​ជើង​ផង នៅ​តែ​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ដោយ​សន្សឹមៗ។

រហូត​ដល់​ម៉ោង​ប្រមាណ​១​រសៀល ទើប​ក្បាល​ក្បួន​ដង្ហែ​សព បាន​មក​ដល់​ម្ដុំ​រង្វង់​មូល​ចោមចៅ ខណៈ​កន្ទុយ​ក្បួន​នៅ​រហូត​សង្កាត់​ទឹកថ្លា។

ចំណែក​ក្បួន​ដង្ហែ​ដែល​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៣ ទៅ​តាកែវ ក៏​មាន​សមត្ថកិច្ច​នៅ​បន្ត​ចាំ​សម្រួល​ផ្លូវ​សម្រាប់​ក្បួន​ដង្ហែ​សព ត្រង់​ចំណុច​ណា​ដែល​មាន​ពលរដ្ឋ​ឆ្លង​កាត់​ច្រើន។

ក្នុង​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ស្រុក​កំណើត​របស់​លោក ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​អ្នក​ចូលរួម​រាប់​សែន​នាក់។ ចំណែក​ពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ក៏​ចេញ​ឈរ​ទទួល​ក្បួន​ដង្ហែ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​យក​ទឹក​សុទ្ធ ចែក​ដល់​អ្នក​ដែល​កំពុង​ហែ​សព​ ហើយ​អ្នក​​ខ្លះ​ទៀត​យក​ទូរស័ព្ទ​ខ្លួន​ផ្ដិត​យក​រូបភាព​នោះ​ផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។