ប៉ូលិស​រក​ឃើញ​ម៉ូតូ និង​ស្លាក​លេខ​ម៉ូតូ​ជា​ច្រើន​រក្សា​ទុក​ក្នុង​ឃ្លាំង​មួយ​នៅ​ខណ្ឌ​ទួលគោក

សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​ដែល​ត្រូវ​ចោរ​លួច​ចំនួន ៣១​គ្រឿង និង​ស្លាក​ម៉ូតូ​ចំនួន​១១២ ពេល​ចុះ​បង្ក្រាប​ឃ្លាំង​មួយ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក។

ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ទួលគោក​សហការ​ជាមួយ​ឧក្រិដ្ឋកម្ម​តូចតាច នៃ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ បាន​ចុះ​ឆ្មក់​នៅ​ទីតាំង​ទិញ​លក់​ម៉ូតូ​មួយ​កន្លែង នៅ​ផ្លូវ​លេខ​១៩២ សង្កាត់​ទឹកល្អក់​៣ ហើយ​សមត្ថកិច្ច​ក៏​បាន​ដក​ហូត​ម៉ូតូ ស្លាក​ម៉ូតូ និង​ប័ណ្ណ​បើកបរ​ម៉ូតូ ៧២​សន្លឹក ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត មក​រក្សាទុក​នៅ​អគ្គស្នងការ​នគរបាល​ជាតិ។ ចំណែក​ម្ចាស់​អាជីវកម្ម បាន​រត់​គេច​ខ្លួន​បាត់។

សមត្ថកិច្ច អំពាវនាវ​ដល់​សាធារណជន​ថា ប្រសិនបើ​មាន​បាត់​ម៉ូតូ ឬ​ស្លាក​លេខ សូម​យក​ឯកសារ​កម្មសិទ្ធិ មក​ផ្ទៀងផ្ទាត់ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ទទួល​បាន​ម៉ូតូ ឬ​ស្លាក​របស់​ខ្លួន​មក​វិញ​។ សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​គម្រោង​ចុះ​បង្ក្រាប​ទីតាំង​ផ្សេង​ទៀត​នៅ​ឡើយ​ទេ ដោយសារ​កំពុង​ស៊ើប​អង្កេត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។