អាជ្ញាធរ​ដោះលែង​តំណាង​​យុវជន៦​នាក់​វិញ​ក្រោយ​បង្ខំ​ពួកគេ​ធ្វើ​កិច្ចសន្យា​ទទួល​កំហុស​

ដោយ សុជីវី
2021.03.25
អាជ្ញាធរ​ដោះលែង​តំណាង​​យុវជន៦​នាក់​វិញ​ក្រោយ​បង្ខំ​ពួកគេ​ធ្វើ​កិច្ចសន្យា​ទទួល​កំហុស​ កញ្ញា កែវ ទិត្យលីដា ប្រធានសមាគមស្ត្រីដើម្បីសង្គមត្រូវបានអាជ្ញាធររដ្ឋបាលខ័ណ្ឌស្ទឹងមានជ័យ១ ហៅទៅធ្វើកិច្ចសន្យា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។
រូប៖ គេ​ផ្ដល់​ឱ្យ

ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​ស្ត្រី​ដើម្បី​សង្គមលោក យាន រក្សា​ ប្រាប់​អាស៊ី​សេរី​ថា ក្រុម​យុវជន​ទាំង ៦​នាក់ ​រួម​មាន​ ប្រធាន​សមាគម​ស្ត្រី​ដើម្បី​សង្គម ​កញ្ញា ​កែវ ទិត្យ​លីដា និង​យុវជន​៥នាក់​ផ្សេង​ទៀត​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​អស់​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​មីនា។ លោក​បញ្ជាក់​ថា ប៉ូលិស​​សង្កាត់​​ស្ទឹងមានជ័យ​ទី​១​ បាន​​បង្ខំ​ឱ្យ​​ក្រុម​យុវជន​ទាំង​ ៦​នាក់ ​ផ្ដិត​មេដៃ​ធ្វើ​កិច្ច​សន្យា​​ឈប់​​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​បន្ត​ទៀត ដើម្បី​ជា​ថ្នូរ​បាន​ដោះលែង​មាន​សេរីភាព​វិញ​។ ​លោក​បន្ត​ថា ​​​រឿង​នេះ​ទំនង​ដោយសារ​ក្រុម​យុវជន​ទាំង​នោះ​​គ្មាន​ជម្រើស ​ព្រោះ​ខ្លាច​អាជ្ញាធរ​​ចាប់​ពួកគេ​ដាក់​ឃុំ​នៅ​ពន្ធនាគារ​​​៖ «បើ​តាម​ចំលើយ​ដែល​ខ្ញុំ​បាន​សួរ​គាត់​តើ​គាត់​គិត​យ៉ាង​ណា​ចំពោះ​ការ​ដាក់​ញត្តិ​ថ្ងៃ​ទី​២៦​ មីនា​ ដែល​គាត់​បាន​ប្រកាស​។ គាត់​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ សុំ​សំរាក​សិន​ មិន​ចង់​និយាយ​អី​។ ​ខ្ញុំ​មិន​ដឹង​ថា ចន្លោះ​ពេល​ហ្នឹង​គាត់​រង​សម្ពាធ​អ្វី​ ឬ​មួយ​ក៏​គាត់​ទទួល​បាន​ពាក្យ​ពេជ្រ​ណែនាំ​កម្រិត​ណា​យើង​ក៏​អត់​ដឹង​ដែរ​ ។​ នេះ​គឺមាន​ន័យ​ថា​ ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​​យ៉ាង​ច្បាស់​ថា​ គាត់​ពិត​ជា​មាន​ចំណុច​រអា​​របស់​គាត់​»

អាស៊ី​សេរី​មិន​អាច​ទាក់​​ទងក្រុម​យុវជន​ទាំង​ ៦​នាក់ ​ដើម្បី​សាកសួរ​បន្ថែម​ជុំ​វិញ​ពី​ការ​ដោះលែង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា​ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។​

​​ការ​ដោះលែង​ក្រុម​យុវជន​ទាំង ​៦នាក់​ នេះ​​ បន្ទាប់​ពី​​ពួកគេ​ជាប់​ឃុំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​១​​ អស់​មួយ​យប់​។ ក្រុម​យុវជន​ទាំង​នេះ ​​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួនកាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មីនា​​ ទាក់ទងនឹងការ​ប្រមូល​ស្នាម​ដៃ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។

ទាក់ទង​នឹង​បញ្ហា​នេះ ​​អ្នកនាំពាក្យ​ស្នងការនគរបាល​រាជធានីភ្នំពេញលោក សាន សុខសីហា ​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ​លោក​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​​ឃុំ​ខ្លួន​និង​ដោះលែង​ក្រុម​យុវជន​ទាំង​៦នាក់​នោះ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ​ ព្រោះ​ប៉ុន្មាន​ថ្ងៃ​នេះ​ ខ្ញុំ​មាន​ការ​រវល់​បន្តិច​ ដល់​ពេល​អីចឹង​​មើល​ខ្ញុំ​ឆេក​មើល​ហើយ​ចាំ​ខ្ញុំ​ប្រាប់​វិញ។​ចាំ​មើល​ខ្ញុំ​ឆែក​មើល​ជា​ខាង​ខណ្ឌ​ថា​តើ​ការងារ​​របៀប​ម៉េច​អី​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ច្បាស់​ដែរ»

​ក្រុម​យុវជន​រួមជាមួយអ្នកទាំង​​៦នាក់​នេះ​មាន​គម្រោង​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​នៅថ្ងៃទី២៦ ខែមីនា ប៉ុន្តែត្រូវ​សាលារាជធានីភ្នំពេញ​ហាមឃាត់ ដោយតម្រូវ​អោយ​មាន​មនុស្សតែម្នាក់​ទៅដាក់ញត្តិវិញ ដើម្បី​ទប់ស្កាត់ការឆ្លង​រាលដាល​ជំងឺកូវីដ-​១៩។ ​ញត្តិ​នោះ​មាន​សំណូមពរ ​និង​ស្នាម​មេដៃ​ពលរដ្ឋ​ជិត​២០០នាក់ ដែល​អះអាង​ថា ពួកគេ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩​។ ពួកគេ​ស្នើ​សុំ ៤​ចំណុច ​ទៅលោក ហ៊ុន សែន គឺ​សុំ​អន្តរាគមន៍​លើក​លែង​ថ្លៃ​ទឹក​ភ្លើង​ចំនួន​ ៣ខែ រក្សា​តម្លៃ​ប្រេង​សាំង​ឱ្យ​នៅ​ក្រោម ​៣០០០​រៀល ​ក្នុង​១លីត្រ លើក​លែង​ការ​សង​ប្រាក់​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​បញ្ចុះ​តម្លៃ​បន្ទប់​ជួល​ពាក់កណ្តាល​ក្នុង​រយៈពេល ៣ខែ។

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក​ នី សុខា​ ​យល់​ថា សកម្មជន​របស់​ក្រុម​យុវជន​​ទាំង​នេះ​​ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​ឡើយ​ ព្រោះ​​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ​បញ្ជាក់​ថា ​ការ​ឃុំ​ខ្លួន​និង​បង្ខំ​ឱ្យ​ក្រុម​យុវជន​ធ្វើ​កិច្ច​សន្យា​នេះ​​ ជា​ការ​រឹតត្បិត​​ធ្ងន់ធ្ងរ​​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​៖ «ជា​ធម្មតា​គាត់​គ្រាន់​តែ​រក​ការ​គាំទ្រ​ដើម្បី​ឱ្យ​មាន​ជា​សំឡេង​ ពីព្រោះ​យើង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​យើង​ត្រូវ​ការ​សំឡេង​របស់​ប្រជាពលរដ្ឋ​។ សំឡេង​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ សំឡេង​ដែល​ប្រជាពលរដ្ឋ​ទទឹង​រង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ត្រូវ​តែ​ទុក​សេរីភាព​ឱ្យ​គេ​ក្នុង​ការ​គេ​ទាមទារ​ គេ​ស្នើ​ទៅ​រដ្ឋាភិបាល​អីចឹង​ហើយ​ ហើយ​បើ​សិន​ជា​យើង​ទៅ​រឹតត្បិត​អីចឹង​ជា​លក្ខណៈ​នៃ​ការ​រឹតត្បិត​សេរីភាព​ហើយ​»

រដ្ឋធម្មនុញ្ញ​មាត្រា​ ៣៥​ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​ សង្គម​កិច្ច​និង​វប្បធម៌​របស់​ប្រទេស​ជាតិ ។ សេចក្ដី​ស្នើ​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។