សមត្ថកិច្ច​បន្ត​កាយ​កម្ទេច​​អគារ​រលំ​​នៅ​ខេត្ត​ព្រះសីហនុ​ ​រក​​ឃើញ​ជន​រង​គ្រោះ​​​ស្លាប់​​​​កើន​ឡើង ៥នាក់​ទៀត

ដោយ ហេង រស្មី
2019.06.23
រលំ​បាក់​អគារ ព្រះសីហនុ ៦២២ សកម្មភាព​រុករក​ជន​រងគ្រោះ​ក្នុង​អគារ​រលំ​បាក់​ នា​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា ​២០១៩។
Photo courtesy of Royal du Cambodge's Facebook Page

សមត្ថកិច្ច និង​ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​បន្ត​កាយ​គំនរ​បាក់បែក​នៃ​អគារ​សំណង់​ដែល​ដួល​រលំ​នៅ​ខេត្ត​ព្រះសីហនុ ចូល​ដល់​ថ្ងៃ​ទីហើយ។ ឈាន​ចូល​ថ្ងៃ​ចន្ទ ទី​២៤ មិថុនា​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​​សាកសព​កម្មករ​សំណង់​ ៥នាក់​បន្ថែម​ទៀត។ សាច់ញាតិ​ និង​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា នៅ​មាន​មនុស្ស​ជាច្រើន​ទៀត​កំពុង​បាត់​ខ្លួន។ អាជ្ញាធរ​អះអាង​ថា អគារ​សំណង់​រលំ​បាក់​នេះ គឺជា​របស់​ជនជាតិ​ចិន ​ដែល​កំពុង​សាងសង់​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត។

យោង​តាម​សេចក្ដីរាយការណ៍​ពី​សារព័ត៌មាន​ក្នុង​ស្រុក​​​បញ្ជាក់​ថា តួលេខ​សាកសព​កម្មករ​ដែល​ស្លាប់​កើន​ដល់​ ២៥នាក់ គិត​ត្រឹម​ម៉ោង​​​ជាង ៨​ព្រឹកថ្ងៃ​ទី២៤ មិថុនា។

កម្មករ​សំណង់​ដែល​ស្លាប់​ និង​របួស​ក្នុង​ហេតុការណ៍​រលំ​បាក់​អគារ​កំពុង​សាង​សង់​កម្ពស់ ៧​ជាន់​ស្ថិត​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​បាន​ក្រុម​អ្នក​ជួយសង្គ្រោះ​រក​ឃើញ​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​ទី២៣ មិថុនា ​គេ​រក​ឃើញ​​​អ្នក​ស្លាប់ ១៨​នាក់ ​ដែលក្នុង​ចំណោមនោះ មាន​ស្រី ៤​នាក់។ រហូត​មក​ទល់​ពេល​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​បន្ត​ប្រតិបត្តិការ​កាយ​គំនរ​សំណង់​បាក់បែក​ ដើម្បី​ស្វែង​ជនរងគ្រោះ​​​ដែល​គេ​សង្ស័យ​ថា កំពុង​សង្កត់​ជាប់​នៅ​ក្នុង​អគារ​ដែល​បាក់​ស្រុត​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ឱ្យ​ដឹង​ថា ជនរងគ្រោះ គឺជា​ពលរដ្ឋ​ចំណាកស្រុក​មកពី​តាម​ខេត្ត​នានា ​ដើម្បី​ធ្វើការ​ជា​កម្មករ​សំណង់ ហើយ​ស្នាក់នៅ​ក្នុង​ការដ្ឋាន​នោះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា កម្មករ​សំណង់​ដែល​ស្លាប់​ទាំង​ប្ដី និង​ប្រពន្ធ​ គឺ​មាន​ចំនួន​ពីរ​គូ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាលខេត្ត​ព្រះសីហនុ​លោក យន្ត មីន និង​ស្នងការ​ខេត្ត​គឺ​លោក ជួន ណារិន្ទ ដើម្បី​សុំ​ពន្យល់​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី២៣ មិថុនា។

កាល​ពី​​ថ្ងៃ​ទី​២៣ មិថុនា​ ​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារម្យ ប្រាប់​អាស៊ីសេរី​​ថា ​ជនរងគ្រោះ​ស្លាប់​កើន​ដល់ ១៨​នាក់ ក្នុង​នោះ​មាន​ស្រី ៤​នាក់ និង​អ្នក​របួសធ្ងន់​ និង​ស្រាល ២៤​នាក់ មាន​ស្រី ២​នាក់។

លោក​បន្ត​ថា អាច​នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​បាន​កប់​នៅ​ក្នុង​គំនរ​ឥដ្ឋ​នៃ​អគារ​បាក់​នោះ ខណៈ​ដែល​ក្រុម​ជួយសង្គ្រោះ​ប្រមាណ ១​ពាន់​នាក់​កំពុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ដើម្បី​រក​អ្នក​នៅ​រស់រាន​មាន​ជីវិត។ តែ​ទោះ​យ៉ាងណា លោក​មិន​ទាន់​គិត​ដល់​ថា ហេតុការណ៍​នេះ​អ្នកណា​ជា​អ្នក​ទទួលខុសត្រូវ​នៅឡើយ​ទេ៖ «ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ មក​ទល់​ម៉ោង​នេះ យើង​ដូច​ជា​​មិន​អាច​ទាន់​និយាយ​បាន​ទេ។ អ្វី​ដែល​ខ្ញុំ​អាច​ជម្រាប​លោក​បាន​ គឺចំពោះ​មុខ រដ្ឋបាល​ខេត្ត​ទីមួយ អាទិភាព​ចម្បង​ គឺ​សង្គ្រោះ​ជន​រងគ្រោះ​សិន។ ទីពីរ ដែល​ថា​អ្នក​ណា​ដែល​ត្រូវ​ទទួល​ខុសត្រូវ គឺ​រឿង​សំណង»

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ករណី​រលំ​បាក់​អគារ​មួយ​កម្ពស់ ៧​ជាន់​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ៤​ទៀបភ្លឺ ថ្ងៃទី២២ មិថុនា​ ដោយមាន​ក្រុម​ជាង​សំណង់ និង​កម្មករ​ស្នាក់នៅ​ធ្វើ​ការងារ​ក្នុង​អគារ​នោះ​ផង​។ អគារ​នោះ​មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ និង​បណ្ដោយ​ ៣០​ម៉ែត្រ និង​កំពុង​ដំណើរការ​សាងសង់​ទើប​បាន​ប្រមាណ​ ៧០ ទៅ ៨០​ភាគរយ។

មន្ត្រី​សម្របសម្រួល​សមាគម ​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​ចុះទៅ​ឃ្លាំមើល​ករណី​នេះ ប្រាប់​អាស៊ីសេរី​ថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នោះ​គឺ​មាន​កម្លាំង​ច្រើន​ប៉ុន្តែ​មិន​សូវ​មាន​បច្ចេកទេស​នោះ​ទេ។ អ្នកស្រី​សង្ស័យ​ថា អ្នក​ស្លាប់​អាច​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​ ដោយសារ​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​ហាក់​ដូចជា​យឺតយ៉ាវ ព្រោះ​គំនរ​សំណង់​បាក់បែក​នៅសល់​ប្រមាណ ៤០​ភាគរយ​ទៀត​ ដែល​មិនទាន់​កាយ​ចេញ។ អ្នកស្រី​បន្ត​ថា ក្នុង​គំនរ​បាក់បែក​នោះ ចាប់​ផ្ដើម​​មាន​ក្លិនស្អុយ​កាន់តែ​ខ្លាំង ហើយ​សាច់ញាតិ​ជនរងគ្រោះ​មួយ​ចំនួន​ថា នៅ​មាន​កម្មករ​សំណង់​បាត់​ខ្លួន​ជាច្រើន​នាក់​ទៀត៖ «មាន​ក្លិនស្អុយ​ខ្លាំង​ណាស់​ដែរ អ៊ីចឹង​បាន​សេចក្ដី​ក្នុង​នោះ នៅ​មាន​សាកសព​ទៀត ប៉ុន្តែ​គេ​បាញ់ថ្នាំ​បំបាត់​ក្លិន​និង​មេរោគ​ដែរ។ ខាង​អង្គការ CPU បាន​យក​ឆ្កែ​ដែល​បង្វឹក​សម្រាប់​រុករក​សាកសព​ទៅ​ដែរ ប៉ុន្តែ​មិន​អាច​រក​ឃើញ​ទេ ព្រោះ​គំនរ​ថ្ម​និង​កម្ទេច​ដែក​នៅ​ច្រងេងច្រងាង​ច្រើន ដែល​មិន​អាច​ត្បុល​ចូល​ទៅ​បាន។ កម្មករ​ដែល​នៅ​មាន​ជីវិត​ប្រាប់​ថា អគារ​នេះ បាន​ឱ្យ​សំឡេង​​នៃ​ភាព​មិន​ប្រក្រតី​ពីរ​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​បាន​ចាប់​អារម្មណ៍»

ករណី​រំលំ​បាក់​អគារ​នេះ សាកសព​ខ្លះ​ត្រូវ​ក្រុម​អ្នក​ជួយសង្គ្រោះ​រក​ឃើញ​ដេក​ស្លាប់​ក្នុង​មុង ហើយ​សាកសព​ខ្លះ​ទៀត​​ដាច់​​ជា​​ចំណែកៗ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ក្រសួង​រៀបចំ​ដែនដី បាន​អះអាង​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ដូចគ្នា​ថា មូលហេតុ​នៃ​ការ​​បាក់​​រលំ​អគារ​កម្ពស់​ ៧​ជាន់​នេះ គឺ​ដោយសារតែ​សាងសង់​ខុស​បច្ចេកទេស ហើយ​ការ​សាងសង់​នេះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នោះ​ទេ។ អាជ្ញាធរ​ជំនាញ​បាន​ហាមឃាត់​មិន​ឱ្យ​សាងសង់​ចំនួន ២​ដង​រួចហើយ​ដែរ ប៉ុន្តែ​ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន​​មិន​ចូលរួម​​សហការ។

សាច់ញាតិ​ជនរងគ្រោះ​ម្នាក់​រៀបរាប់​ថា លោក​មាន​សាច់ញាតិ ៦​នាក់ និង​អ្នក​រស់​នៅ​ក្នុង​ឃុំ​ជាមួយគ្នា​ ៦​នាក់ សរុប​ទាំងអស់ ១២​នាក់ បាន​បាត់​ខ្លួន​ក្នុង​គំនរ​បាក់បែក​នោះ ប៉ុន្តែ​ទើបតែ​រក​ឃើញ​សាកសព​ម្នាក់​ត្រូវជា​ពូ​របស់​លោក នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា។ ពួកគេ​ទាំង​ ១២​នាក់​នោះ​មកពី​ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង គឺជា​កម្មករ​រៀប​ឥដ្ឋការ៉ូ ហើយ​ស្នាក់​នៅ​ក្នុង​ជាន់​ទី​៣ នៃ​អគារ​ដួល​រលំ​នោះ។ លោក​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ព្រោះ​ពួកគេ​គឺជា​អ្នករក​ចំណូល​សំខាន់​សម្រាប់​គ្រួសារ​ក្រីក្រ​របស់​ពួកគេ ហើយ​បើ​គាត់​បាត់​បង់ជីវិត ​គឺ​គ្រួសារ​ពួកគាត់​នឹង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព៖ «គ្រួសារ​ពួកគាត់​សុទ្ធតែ​ក្រីក្រ​លំបាក ហើយ​ដូចជា​ពូ​របស់​ខ្ញុំ​មួយ និង​ប្អូន​របស់ខ្ញុំ​សុទ្ធ​តែ​ជា​កូន​អ្នកក្រ ហើយ​ម្នាក់ទៀត​ឪពុក​របស់​គាត់​ពិការ​ភ្នែក​ទៀត។ ជំហរ​គឺ​ពឹង​ផ្អែកលើ​ពួកគាត់​ដែល​រកស៊ី​ដើម្បី​បង់​គេ ខ្ចី​លុយ​គេ​និង​ធ្វើ​ផ្ទះ​ធ្វើ​អី»

នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មិថុនា ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​បាន​មក​អុជ​​ធូប ​ដើម្បី​​ហៅ​​ព្រលឹង​​ជន​រង​គ្រោះ​​ត្រឡប់​​ទៅ​​ស្រុក​កំណើត​​វិញ យ៉ាង​​សោក​​សង្រេង​​បំផុត។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ដែល​តែងតែ​ប្រកាស​ការពារ​ជនជាតិ​ចិន​ថា មក​ជួយ​អភិវឌ្ឍន៍​​កម្ពុជា ​ជាពិសេស ​ខេត្ត​ព្រះសីហនុ​រហូត​នោះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ និង​​ចាត់​ទុក​សោកនាដកម្ម​បាក់​អគារ​របស់​ជនជាតិ​ចិន នៅ​​ខេត្ត​ព្រះសីហនុ ​គឺ​ជា​​រឿង​​ឈឺ​ចាប់​​របស់​​ជាតិ និង​សាច់ញាតិ​ជនរងគ្រោះ​។ លោក​បាន​ប្រកាស​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​ក្នុង​មួយ​នាក់ ៤០​លាន​រៀល ឬ​ស្មើ ១​ម៉ឺន​ដុល្លារ ហើយ​សម្រាប់​អ្នក​ត្រូវរបួស​ទាំងអស់​ ត្រូវ​​ទទួល​​បាន​​ការ​ព្យាបាល​ដោយ​​ឥត​គិត​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ និង​ទទួល​បាន​ជំនួយ​ក្នុង​មួយ​នាក់​ចំនួន ៥​លាន​រៀល។ លោក ហ៊ុន សែន មិន​ទាន់​ប្រកាស​ចាត់វិធានការ​ច្បាប់​បែប​ណា​ ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ដែល​បណ្តោយ​ជនជាតិ​ចិន​សាងសង់​អគារ​ទាំង​​គ្មាន​​ច្បាប់​​អនុញ្ញាត​​នោះ​​ទេ ដោយ​លោក​គ្រាន់តែ​បន្ត​ជំរុញ​ឱ្យ​យកចិត្តទុកដាក់ និង​ពន្លឿន​ជួយសង្គ្រោះ​បន្ថែម​ទៀត។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ប្រកាស​ថា លោក​នឹង​ចាត់វិធានការ​ជាក់ស្ដែង​ចំពោះ​មុខ​ដទៃ​ទៀត ដោយ​ត្រូវ​បន្ត​ជំរុញ​​ស្រាវជ្រាវ និង​ស្វែងរក​ឱ្យ​ឃើញ​នូវ​ដើមហេតុ​ដែល​នាំ​ឱ្យ​កើតមាន​សោកនាដកម្ម​ដ៏​អាណោចអាធ័ម​នេះ ព្រមទាំង​ចាត់វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ​ដើម្បី​ទទួលខុសត្រូវ​តាម​ផ្លូវ​ច្បាប់។

អ្នកស្រី ជៀប សុធារី យល់ថា ការ​យក​ថវិកាជាតិ​ជួយ​ជនរងគ្រោះ គឺ​គ្រាន់តែ​ជួយ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ អ្នកស្រី​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ចំពោះ​មន្ត្រី​ និង​ក្រុមហ៊ុន​ចិន ដើម្បី​ផ្ដល់​យុត្តិធម៌​​ដល់​​ជន​រងគ្រោះ៖ «ប្រជា​ពលរដ្ឋ​​មិន​មែន​​តែ​​នៅ​​ខេត្ត​ព្រះសីហនុ​ទេ គឺ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​រក​អ្នក​ទទួលខុសត្រូវ និង​​អ្នក​​ដែល​​ពាក់ព័ន្ធ​​ចូល​រួម​​ផ្សំ​​គំនិត​​គ្នា​​ក្នុង​​ការ​​ធ្វេស​ប្រហែស​ឱ្យ​សំណង់​អគារ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ដំណើរការ​សាងសង់​រហូត​ស្ទើរ​តែ​រួចរាល់»

ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​រលំ​បាក់​អគារ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៣​នាក់​ដែល​ជា​ម្ចាស់​សំណង់ និង​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ និង​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ម្ចាស់​ដី​ជួល​ឱ្យ​ជនជាតិ​ចិន។

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅតែ​នាំគ្នា​សម្ដែង​ការ​ហួសចិត្ត និង​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់ ចំពោះ​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យ​សំណង​កម្ពស់ ដល់​ទៅ ៧​ជាន់ អាច​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​មិន​ហ៊ាន​ចាត់វិធានការ​ច្បាប់។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រួមមាន​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​លោក ចេង ស្រុង លាលែង​ពី​តំណែង ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ដោយសារតែ​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​​បំពេញ​​តួនាទី​​មិន​​បាន​​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។