មន្ត្រី​វាំង​បារម្ភអំពី​សុវត្ថិភាព​ព្រះមហាក្សត្រ

0:00 / 0:00

មន្ត្រី​ព្រះ​បរម​រាជ​វាំង​បារម្ភ​អំពី​សុវត្ថិភាព​ព្រះមហាក្សត្រ ដោយសារ​តែ​មាន​គេ​សង់​អគារ​សណ្ឋាគារ​ក្បែរ​ព្រះ​បរម​រាជវាំង​ខ្ពស់​ជាង​វាំង ដែល​អាច​ធ្វើ​ឲ្យ​ជន​ខិលខូច​ឆ្លៀត​ឱកាស​ប្រើប្រាស់​សណ្ឋាគារ​នេះ បង្ក​ការ​គំរាម​កំហែង​ដល់​សុវត្ថិភាព​ផ្ទាល់​របស់​ព្រះអង្គ និង​ក្រុម​គ្រួសារ​រាជវង្សានុវង្ស ព្រោះ​ថា គេ​អាច​មើល​ឃើញ​បរិវេណ​វាំង​ពី​សណ្ឋាគារ​នោះ​មក​ដោយ​ភ្នែក​បាន​ងាយ។

មន្ត្រី​ព្រះ​បរម​រាជវាំង​ឲ្យ​ដឹង​ថា ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង​បាន​សុំ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​រុះរើ​អគារ​ថ្ម ដែល​កំពុង​សាងសង់​ជា​សណ្ឋាគារ​នៅ​ជិត​វាំង​នោះ​ចេញ​ ដើម្បី​ការពារ​សុវត្ថិភាព​ព្រះមហាក្សត្រ និង​មន្ត្រី​ការទូត​នានា។

មន្ត្រី​​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មេសា ថា សំណង់​អគារ​សណ្ឋាគារ​នោះ ស្ថិត​ចម្ងាយ​ប្រមាណ ៨០​ម៉ែត្រ ទិស​ខាង​ជើង​ឆៀង​ខាង​លិច​ព្រះបរមរាជវាំង​នោះ ត្រូវ​បាន​គេ​សង់​កម្ពស់​ប្រហែល ៣០​ម៉ែត្រ គឺ​ខ្ពស់​ជាង​ច្បាប់​ដែល​កំណត់​ឲ្យ​សង់​​ប្រហែល ២០​ម៉ែត្រ នៅ​តំបន់​ក្បែរ​ព្រះបរមរាជវាំង។

លោក​ព្រួយ​បារម្ភ​ថា ការ​សង់​អគារ​ខ្ពស់​ជិត​​ព្រះ​បរម​រាជវាំង​ដូច្នេះ គឺ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​ព្រះមហាក្សត្រ​ រួម​ទាំង​មន្ត្រី​ដទៃៗ​​ទៀត​ផង៖ «វា​ប៉ះពាល់​ដល់​ទី​១ សន្តិសុខ​ផ្ទាល់​ខ្លួន​ព្រះមហាក្សត្រ ទី​២ សុវត្ថិភាព​ផង។ សន្តិសុខ​ស្អី? សន្តិសុខ​ហ្នឹង​ខ្ញុំ​បាន​ឃើញ​ពេល​ដែល​ថា អូតែល​ហ្នឹង​សង់​អត់​ទាន់​ហើយ​ក្ដី​ គឺ​ដល់​ដំបូល​ហើយ មើល​ទៅ​ចំ​ព្រះរាជ​ដំណាក់​សេរីមង្គល ព្រះរាជ​ដំណាក់​សេរីមង្គល​ហ្នឹង គឺ​ថា​សន្តិសុខ​ហ្នឹង គឺ​ថា​ជា​ព្រះរាជ​ដំណាក់​មួយ​ដែល​ព្រះមហាក្សត្រ​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​យើង​ទទួល​ផ្ញៀវ​ធំៗ ដូច​ជា​ប្រមុខរដ្ឋ ប្រធានាធិបតី​អី​ហ្នឹង​មក​ជួប​គ្នា​កន្លែង​ហ្នឹង។ ដល់​ពេល​ខ្ញុំ​មើល​ទៅ​ចំ​ហ្នឹង​តែម្ដង ខាង​លើ​ហ្នឹង​គឺ​ថា​មនុស្ស​យើង​អាច​ដាក់​កាំភ្លើង​មួយ​មក ចង់​ធ្វើ​ឃាត​នរណា​ក៏​បាន​ដែរ»

លោក​ថា ទន្ទឹម​ពេល​មិន​ទាន់​មាន​ចម្លើយ​អំពី​ការ​រុះរើ​សំណង់​នោះ​តាម​ការ​ស្នើសុំ​របស់​មន្ត្រី​ព្រះបរមរាជវាំង តាម​រយៈ​អាជ្ញាធរ បែរ​ជា​ម្ចាស់​សំណង់​សង់​ព្រះ​បរម​រូប​អតីត​ព្រះ​វីរក្សត្រ​លើ​ដំបូល​អគារ​ថែម​ទៀត ដែល​ទង្វើ​នេះ​លោក​ថា ខុសច្បាប់ និង​ផ្គើន​ទៅ​នឹង​បទបញ្ជា។

លោក អ៊ុំ ដារាវុធ៖ «បើ​សិន​ជា​យើង​មិន​ព្រម​រុះរើ ហើយ​យើង​ទៅ​សង់​បន្ថែម​ទៀត មាន​ន័យ​ថា យើង​​ឌឺ​ដាក់​អាជ្ញាធរ។ ទី​២ តាម​គំនិត​របស់​ខ្ញុំ ខ្ញុំ​យល់​ថា ម្ចាស់​ហ្នឹង​អត់​មាន​ភាព​ត្រឹមត្រូវ​ទេ ពី​ព្រោះ​គាត់​សាងសង់​នេះ​សំអាង​ទៅ​លើ​ស្អី? ទី​១ អត់​ច្បាប់​ពី​បរម​រាជវាំង។ ទី​២ គាត់​សាងសង់​ជា​រូប​បរម​រូប​ហ្នឹង ជា​ថ្ម ស៊ីម៉ង់ត៍ បេតុង​នៅ​កណ្ដាល​វាល។ ដូច​យើង​ជ្រាប​ស្រាប់​ហើយ ព្រះ​បរម​រតន​កោដ្ឋ​យើង សូម្បី​រដ្ឋាភិបាល​យើង​សង់​នៅ​សួន​ច្បារ​សម្ដេច ហ៊ុន សែន ក៏​មាន​គ្រប​ជា​ដំបូល​កុំ​ឲ្យ​លោក​ក្ដៅ អា​នេះ​ដាក់​កណ្ដាលវាល ហាល​ថ្ងៃ ហាល​ភ្លៀង អ៊ីចឹង​អត់​សម?»

ចំណែក​ម្ចាស់​សំណង់​អគារ លោក ស៊ឹន គឹមហេង បដិសេធ​មិន​ឆ្លើយ​តប​រឿង​នេះ​ទេ។ ក៏ប៉ុន្តែ​លោក​បាន​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២២ មេសា ថា មូលហេតុ​ដែល​លោក​សង់​ព្រះ​បរមរូប​លើ​អគារ​របស់​លោក​នេះ គឺ​ដោយសារ​លោក​គោរព​ស្រឡាញ់​សម្ដេច​ឪ ហើយ​លោក​ថា លោក​នឹង​រើ​ព្រះ​បរម​រូប​នេះ​បើ​សិន​ជា​អាជ្ញាធរ​បញ្ជា។

រឿង​សុំ​ឲ្យ​ម្ចាស់​សណ្ឋាគារ​រុះរើ​សំណង់​ឲ្យ​នៅ​ទាប​ជាង​កម្ពស់​ព្រះ​បរម​រាជវាំង​នេះ លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​ថា មន្ត្រី​វាំង​បាន​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចាត់​វិធានការ​ហើយ តែ​លោក​នៅ​មិនទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ។

រីឯ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​ពិចារណា​លើ​វិធានការ​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​រក្សា​ផល​ប្រយោជន៍​នៃ​ភាគី​ទាំងពីរ។ លោក​ថា អាជ្ញាធរ​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​សំណង់​នោះ​ថា តើ​គួរ​ត្រូវ​វាយ​តម្រឹម​កម្ពស់​ឲ្យ​ទាប ឬ​ក៏​ត្រូវ​បាំង​ជញ្ជាំង​វាំង​ឲ្យ​ខ្ពស់​បន្ថែម ដើម្បី​កុំឲ្យ​មើល​ឃើញ​បរិវេណ​វាំង​ពី​សណ្ឋាគារ​នោះ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។