ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​ប្រថុយ​ជីវិត​ដើរ​រើស​អេតចាយ​ពេល​ជំងឺ​កូវីដ​រាតត្បាត​ខ្លាំង

ដោយ ជីវិតា
2021-05-16
Share
ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន​នៅ​ប៉ោយប៉ែត​ប្រថុយ​ជីវិត​ដើរ​រើស​អេតចាយ​ពេល​ជំងឺ​កូវីដ​រាតត្បាត​ខ្លាំង បុរសម្នាក់​បន្តប្រកប​របរ​រើស​អេតចាយ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទោះ​ខេត្ត​នេះ​កំពុង​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ រូប​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០២១។
Photo Provided

ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​ជាច្រើន​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នាំគ្នា​ប្រថុយ​ជីវិត​ដើរ​រើស​អេតចាយ ដើម្បី​លក់​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​អំឡុង​ពេល​ជំងឺ​កូវីដ១៩ កំពុង​រាតត្បាត​ខ្លាំង​។ ពលរដ្ឋ​ដើរ​រើស​អេតចាយ​ទាំងនោះ អះអាង​ថា ចាប់តាំងពី​មេរោគ​នៃ​ជំងឺ​កាច​សាហាវ​នេះ ឆ្លង​ចូល​សហគមន៍​លើក​ទី​៣​ មក ពុំ​ទាន់​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​ជូន​ដល់​ពួកគាត់​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​តោកយ៉ាក​ជាច្រើន​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ​ថា ពួកគេ​មិន​ចង់​ដើរ​រើស​អេតចាយ​អំឡុង​ពេលនេះ​ទេ ប៉ុន្តែ​ដោយសារ​ជីវភាព​លំបាក​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ហូបចុក​ទើប​នាំគ្នា​ប្រថុយ​ជីវិត​ធ្វើ​បែប​នេះ។

ពលរដ្ឋ​ដែល​មាន​របរ​ដើរ​រើស​អេតចាយ​នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត លោក តុត លឹម រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា អំឡុង​ពេល​ផ្ទុះ​រាលដាល​ជំងឺ​​កូ​វីដ១៩ ​ចូលក្នុង​សហគមន៍​លើក​ទី​៣​ នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​គ្រួសារ​របស់​​​​គាត់ ធ្វើ​ឱ្យ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​មុន​ដោយសារ​កន្លែង​ខ្លះ​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់ មិនអាច​ចេញចូល​បាន​។ ពលរដ្ឋ​វ័យ ៥៣​ឆ្នាំ​រូប​នេះ បន្ត​ថា គ្រួសារ​គាត់​មាន​សមាជិក ​៧នាក់ រស់នៅ​ពឹងផ្អែក​ទាំងស្រុង​លើ​របរ​ដើរ​រើស​អេតចាយ​លក់​រកប្រាក់​ដោះ​ស្រាយ​ជីវភាព​។ លោក​បញ្ជាក់​ថា បើ​ទោះ​បី​ជា​អាជ្ញាធរ​បិទ​ខ្ទប់​តំបន់​ខ្លះ​ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​​កូ​វីដ១៩ ​ក្ដី ក៏​លោក​នៅតែ​បន្ត​ដើរ​រើស​អេតចាយ​ដដែល ព្រោះ​ជីវភាព​ក្រីក្រ ដូច្នេះ​ប្រសិនបើ​មិន​បាន​រើស​អេតចាយ​ទេ​នោះ គឺ​គ្មាន​ប្រាក់​ទិញ​ស្បៀងអាហារ​ឡើយ​៖ «បើ​និយាយ​ថា ក្រ​វិញ​វា​កម្រិត​ចង់​ដល់​សូន្យ​ទៅ​ហើយ គិត​ទៅ​បើ​ខាន​រកតែ​មួយថ្ងៃ​ដឹង​តែ​អត់​មានអី​ហូប​ហើយ។ យើង​អត់​មានអី​ហូប​សួរ​ថា តើ​យើង​ចង់​នៅ​ម៉េច​បាន ព្រោះ​មនុស្ស​យើង​សំខាន់​រឿង​ហូប​ហ្នឹង​។ ​វា​សំខាន់​ជាង​ជំងឺ​ទៀត​បើ​និយាយ​ឱ្យ​ដល់​ទៅ អានេះ​ចំពោះ​ខ្ញុំ​ផ្ទាល់​ទេ បើ​ចំពោះ​គេ​មាន​ហូបចុក​ខ្ញុំ​អត់​ដឹង​ទេ។ ​ប៉ុន្តែ​ចំពោះ​ខ្ញុំ​ផ្ទាល់​ហូបចុក​វា​សំខាន់​ជាង​ជំងឺឆ្លង ​ចំពោះ​សុវត្ថិភាព​ការ​ឆ្លង​វា​តែងតែ​ខ្លាច​ហើយ​ តែ​យើង​ប្រុង​ប្រយ័ត្ន​ទៅ តែ​សំខាន់​អា​ពោះ​ឃ្លាន​នេះ​ វា​នៅ​មិន​សុខ​ទេ»

ដូចគ្នា​នេះ​ដែរ​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​​​​​​​​​​​​​​​​​​​​​​កណ្ដាល​ម្នាក់ទៀត លោកស្រី ដុំ សុភ័ណ ថ្លែង​ថា គ្រួសារ​របស់​គាត់​មាន​គ្នា ​៥​នាក់ រស់​ពឹង​ផ្អែកលើ​ប្ដី​ដើរ​រើស​អេតចាយ​លក់​យក​ប្រាក់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ស្ត្រី​វ័យ ​៤៧​ឆ្នាំ​រូប​នេះ បន្ត​ថា អំឡុង​ពេលនេះ​គ្រួសារ​គាត់​រើស​អេតចាយ​លក់​បាន​ប្រាក់​ប្រហែល​ ២០.០០០​រៀល​ក្នុង​មួយថ្ងៃ គឺ​តិច​ជាង​កាល​មិនទាន់​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ ដែល​ពេលនោះ​អាច​រក​​​​ប្រាក់​ចំណូល​ប្រមាណ​ពី ៣ ទៅ​ ៥​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ លោកស្រី​បញ្ជាក់​ថា ចំណូល​ដែល​គាត់​រកបាន​សព្វថ្ងៃ​នេះ មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ​។ បន្ថែម​ពី​នេះ ទំនិញ​គ្រប់មុខ​ក៏​ឡើងថ្លៃ​ជាង​មុន ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​គ្រួសារ​គាត់ ធ្វើ​ឱ្យ​មិន​​​​មាន​អាហារ​ហូប​គ្រប់គ្រាន់៖ «មកពី​ជីវភាព​ខ្ញុំ​ខ្វះខាត​អត់​អី​ហូប ខ្ញុំ​គ្មាន​លុយ​តម្កល់ទុក​ទេ រក​មួយថ្ងៃ​ហូប​មួយថ្ងៃ​ទេ។ ​ខ្ញុំ​ទៅ​ទាំង​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់ គេ​មិន​ឱ្យ​ចេញ​ដើរ​ហ្នឹង ព្រោះ​បើ​ខ្ញុំ​មិន​ទៅ​អត់​អី​ហូប ខ្ញុំ​រើស​ថ្ងៃ​ណា​ពីរ​យប់​បាន​ ៣​ម៉ឺន​រៀល។ មុខរបរ​ខ្ញុំ​មានតែ​រើស​អេតចាយ​ហើយ​ខ្ញុំ​នៅផ្ទះ ជួយ​ជ្រេ​អេតចាយ​ប្ដី​តិច​តួច អាណា​គាត់​រើស​បាន​មក​ខ្ញុំ​ចេះតែ​ប្រមូល​ទុក​លក់»

ក្រុម​ប្រជាពលរដ្ឋ​ទាំងនេះ​អះអាង​ថា បើ​ទោះ​បី​ជា​ពួកគាត់​វេទនា​បែបនេះ​ក្ដី ក៏​ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​ដល់​ពួកគាត់​នៅឡើយ​ទេ ដោយសារ​ពួកគាត់​មិន​ជាប់សែស្រឡាយ​អាជ្ញាធរ​មូលដ្ឋាន​។

ឆ្លើយតប​នឹង​បញ្ហា​នេះ ចៅសង្កាត់​ផ្សារ​កណ្ដាល លោក ស្រិល អិន អះអាង​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​ចុះ​ចែក​ស្បៀង​ជូន​ពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ជា​រៀងរាល់ថ្ងៃ​។ លោក​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ១៩ ​រាតត្បាត​នៅ​តំបន់​ព្រំដែន​មក អាជ្ញាធរ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​សង្កាត់​ផ្សារ​កណ្ដាល​បាន​ជាង ​២​ពាន់​គ្រួសារ​ហើយ ។ លើស​ពី​នេះ លោក​ថា ការ​ចែក​ស្បៀង​នេះ​ធ្វើឡើង​ដោយ​ស្នើ​ភាព​គ្នា​គ្រប់​និន្នាការ​គណបក្ស​នយោបាយ​ទាំងអស់ ឱ្យ​តែ​ពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ហើយ​មាន​ជីវភាព​ក្រីក្រ​ទទួល​បាន​ស្បៀងអាហារ​ដូចគ្នា៖ «​អីចឹង​បាន​ថា ទាំង​មេភូមិ ទាំង​សង្កាត់​បើសិន​ប្រជាពលរដ្ឋ​ណា​អត់​ហ្នឹង​ឱ្យទៅ​ជួប​មេភូមិ មេភូមិ​រាយការណ៍​មក​សង្កាត់។ ស្បៀង​តម្កល់ទុក​នៅក្នុង​សាលាសង្កាត់​ស្រេច​មិន​ពិបាក​ទេ យើង​តម្កល់​ស្បៀង​ទុក​ប្រហែល​បួន​ប្រាំ​រយ​កញ្ចប់​ឯណោះ ដើម្បី​ជួយ​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​។ យើង​ចំហ​លេខ​ ១០​ខ្សែ លេខ​ចៅសង្កាត់​ក៏​ចំហ​ដែរ ប្រជាពលរដ្ឋ​ទូរស័ព្ទ​មក ជួន​កាល​វា​ពិបាក​រក គាត់​ខល​វា​អត់​មាន​គោលដៅ​មិនដឹង​ផ្ទះ​គាត់​នៅ​ត្រង់​ណា​ទេ ពិបាក​ទៅ​រក​គាត់​អត់​ឃើញ​ក៏​មាន»

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​បិទ​ខ្ទប់​តំបន់​ខ្លះ​នៅ​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារ​កណ្ដាល​ក្រុង​ប៉ោយប៉ែត ចាប់តាំងពី​ថ្ងៃទី​២៤ មេសា ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​។ ចៅ​សង្កាត់​ផ្សារ កណ្ដាល​លោក ស្រិល អិន ប្រាប់​ទៀត​ថា រហូត​មក​ដល់​ពេលនេះ​មាន​តំបន់​ខ្លះ​បន្ត​បិទ​ខ្ទប់​នៅ​ឡើយ ដោយសារ​ក្រសួង​សុខាភិបាល​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​​កូ​វីដ១៩​ នៅ​តំបន់​នោះ។ ចំពោះ​ការ​ចែក​ស្បៀងអាហារ​ដល់​ពលរដ្ឋ​វិញ លោក​ថា ពលរដ្ឋ​ក្រីក្រ​ទាំង​២​សង្កាត់​នេះ​អាជ្ញាធរ​ផ្ដល់​ជំនួយ​សប្បុរសធម៌​បាន​ជាង ៣ពាន់​គ្រួសារ​ហើយ​។ លោក​បន្ថែម​ថា អាជ្ញាធរ​បន្ត​ចុះ​ចែក​អង្ករ​ត្រីខកំប៉ុង និង​ទឹកត្រី ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​រហូតដល់​ស្ថានការណ៍​បាន​ប្រសើរ​ឡើងវិញ។junk1.PNG

ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត លោកស្រី កង វត្តី អះអាង​ថា អំឡុង​ពេល​ផ្ទះ​ជំងឺ​​កូវីដ១៩ ​នេះ ពុំ​មាន​អាជ្ញាធរ​ណា​ផ្ដល់​ស្បៀងអាហារ​ជូន​គ្រួសារ​គាត់​នៅ​ឡើយ​ទេ​។ ស្ត្រី​វ័យ​ ៤៣​ឆ្នាំ​រូប​នេះ បន្ត​ថា លោកស្រី​បង្ខំចិត្ត​ដើរ​រើស​អេតចាយ​ទាំង​កូនខ្ចី ដើម្បី​ជួយ​ប្ដី​រក​ចំណូល​យក​ទៅ​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ គ្រួសារ​លោកស្រី​មានកូន​តូច ២​នាក់ គឺ​ទារក​អាយុ ៣​ខែ​ម្នាក់ និង​កុមារ​អាយុ​ជាង ២​ឆ្នាំ​ម្នាក់​។ លោកស្រី​បន្ត​ថា នៅ​ពេល​ដើរ​រើស​អេតចាយ​លោកស្រី​តែងតែ​ដាក់​កូន​នៅ​ក្នុង​អង្រឹង​មួយ​ដេក​គ្នា​ ២នាក់​ នៅ​លើ​រទេះ​ដើរ​រុញ​តាម​ផ្លូវ៖ «ទោះបី​ឈឺ​ប៉ុណ្ណា​សរសៃ​ខ្ចី​ប៉ុណ្ណា​ក៏​យើង​ត្រូវ​ទៅ​រើស​ដែរ អូស​រទេះ​កាត់​ភ្លៀង​កាត់​ខ្យល់​ហ្នឹង ដើម្បី​ឱ្យ​កូន​ហូប។ តែ​វា មិនបាន​គ្រប់​ទៀត​ខ្វះមុខ​ខ្វះក្រោយ ។ ពេល​ហ្នឹង​ចង​អង្រឹង​មួយ​ដេក​ឆ្វេង​មួយ​ដេក​ស្ដាំ​ផ្ទុយគ្នា មូស​ខាំ​ឡើង​ដំបៅ អាណិតកូន តែ​មិនដឹង​ធ្វើ​ម៉េច​បើសិនជា​ទុកចោល​អត់​មាន​អ្នកណា​មើល។ ក្មេង​វា​ត្រូវការ​ឃ្លាន​ច្រើន​វា​មិន​ដូច​យើង​មនុស្ស​ធំ​ចេះ​ទ្រាំ​ចេះ​អី​ទេ វា​ឃើញ​នំ​ទារ​ឃើញ​អី​ទារ​ខ្ញុំ​ខ្លោចចិត្ត​អង្គុយ​យំ​ក៏មានដែរ»

ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រហែល​ ៥០​គ្រួសារ​ដែល​បាន​ប្រថុយ​ជីវិត​នាំគ្នា​ដើរ​រើស​អេតចាយ​លក់​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​ថា នៅ​តំបន់​ព្រំដែន​ថៃ​មួយ​រយៈ​នេះ ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ដុនដាប ដោយសារ​អាជ្ញាធរ​កម្ពុជា និង​ថៃ​បិទ​ច្រកទ្វារ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​យូរ​ពេក ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​។ លោក​បញ្ជាក់​ទៀត​ថា ស្ថានការណ៍​បែបនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ពល​រដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត។ ចំណែក​ការ​ផ្ដល់​ជំនួយ​សប្បុរស​ធម៌​វិញ​លោក​ថា អាជ្ញាធរ​បែងចែក​មិន​បាន​ស្មើភាព​គ្នា​នោះ​ទេ ជាពិសេស​ពលរដ្ឋ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល និង​អ្នក​ដែល​តែងតែ​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​កន្លង​ទៅ​៖ «អីចឹង​គាត់​ដើរ​រើស​អេតចាយ​ហ្នឹង​សួរ​ថា​គាត់​បាន​លុយ​ប៉ុន្មាន? ក្នុង​មួយ​គ្រួសារ សួរ​បើ​អស់​លោក​មន្ត្រី​វិញ លុយ​ហ្នឹង​វា​ស្នើ​នឹង​ចុង​ក្រចក​ដៃ​អស់​លោក​អត់ អត់​ទេ​។ អីចឹង​អាស្ថាន​ភាព​លំបាក​លំបិន​ហ្នឹង​ស្ទើរ​ដាច់​បាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ហ្នឹង​វា​មិនមែន​ជា​ការ​សម្ដែង​លេង​សើច​ទេ ជា​ការ​លំបាក​មែនទែន ប៉ុន្តែ​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​ហ្នឹង​មិន​បាន​គ្រប់​ជ្រុងជ្រោយ។ សូម្បីតែ​ការចែក​អំណោយ​ហ្នឹង​អង្ករ​ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ​បី​បួន​ដប​អី​ចែក​ក្នុង​មួយ​ខែ​ក៏​អ្នក​ទទួល​អំណោយ​ក៏​មិន​អាច​រស់​បាន​ដែរ អ្នកក្រ​នោះ»

លោក ឌិន ពុទ្ធី យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរតែ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ​ចុះ​ផ្ដល់​ជំនួយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ឱ្យ​បាន​ដល់ដៃ​គ្រប់គ្នា និង​ធ្វើ​សកម្មភាព​ឱ្យ​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ។

ថ្មីៗ​ នេះ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​រដ្ឋាភិបាល ចាត់​វិធានការ​បន្ទាន់​ដើម្បី​បញ្ចៀស​វិបត្តិ​មនុស្សធម៌ និង​វិបត្តិ​សិទ្ធិមនុស្ស ដោយសារ​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​កំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ​។ អង្គការ​នេះ ក៏បាន​ទទួល​សេចក្ដីរាយការណ៍​នានា​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ដែរ​ថា អាជ្ញាធរ​រដ្ឋាភិបាល​រារាំង មិន​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​មនុស្សធម៌​ចុះ​ឱ្យ​ចែក​ស្បៀងអាហារ និង​ផ្តល់​ជំនួយ​ចាំបាច់​ផ្សេងទៀត​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម បើ​ទោះ​បី​ជា​ពលរដ្ឋ​ទាំងនោះ​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ក៏​ដោយ។

បន្ថែម​ពី​បញ្ហា​ខ្វះខាត​ស្បៀង​អាហារ​របស់​ពលរដ្ឋ​នេះ អង្គការ យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ (Human Rights Watch) ព្រួយបារម្ភ​ពី​ការប្រើ​កម្លាំង​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​ពេក​របស់​អាជ្ញាធរ​ទៅលើ​ពលរដ្ឋ និង​ការ​​​​បំពាន​ចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ ។ អង្គការសិទ្ធិមនុស្ស​ទាំង​នោះ​ក៏​ព្រួយបារម្ភ ពី​ការចោទប្រកាន់​របស់​អាជ្ញាធរ​ខ្លះ​លើ ពលរដ្ឋ​ថា និយាយ​កុហក​រឿង​គ្មាន​អាហារ​ហូបចុក ដែល​ពួក​ពលរដ្ឋ​ទាំងនោះ​គឺជា​ក្រុមប្រឆាំង ដែល​ហ៊ាន​ចេញ​ទាមទារ​រក​ស្បៀងអាហារ និង​រិះគន់​អាជ្ញាធរ​តាម​បណ្ដាញ​សង្គម​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល