ប្រជាពលរដ្ឋមានជីវភាពក្រីក្រជាច្រើនគ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នាប្រថុយជីវិតដើររើសអេតចាយ ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពគ្រួសារអំឡុងពេលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង។ ពលរដ្ឋដើររើសអេតចាយទាំងនោះ អះអាងថា ចាប់តាំងពីមេរោគនៃជំងឺកាចសាហាវនេះ ឆ្លងចូលសហគមន៍លើកទី៣ មក ពុំទាន់មានអាជ្ញាធរណាផ្ដល់ស្បៀងអាហារជូនដល់ពួកគាត់នៅឡើយទេ។
ប្រជាពលរដ្ឋដែលមានជីវភាពតោកយ៉ាកជាច្រើនគ្រួសារនៅក្រុងប៉ោយប៉ែត ត្អូញត្អែរថា ពួកគេមិនចង់ដើររើសអេតចាយអំឡុងពេលនេះទេ ប៉ុន្តែដោយសារជីវភាពលំបាកគ្មានប្រាក់ទិញស្បៀងអាហារហូបចុកទើបនាំគ្នាប្រថុយជីវិតធ្វើបែបនេះ។
ពលរដ្ឋដែលមានរបរដើររើសអេតចាយនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក តុត លឹម រៀបរាប់ប្រាប់អាស៊ីសេរីថា អំឡុងពេលផ្ទុះរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍លើកទី៣ នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់គាត់ ធ្វើឱ្យរកប្រាក់ចំណូលបានតិចជាងមុនដោយសារកន្លែងខ្លះត្រូវបានអាជ្ញាធរបិទខ្ទប់ មិនអាចចេញចូលបាន។ ពលរដ្ឋវ័យ ៥៣ឆ្នាំរូបនេះ បន្តថា គ្រួសារគាត់មានសមាជិក ៧នាក់ រស់នៅពឹងផ្អែកទាំងស្រុងលើរបរដើររើសអេតចាយលក់រកប្រាក់ដោះស្រាយជីវភាព។ លោកបញ្ជាក់ថា បើទោះបីជាអាជ្ញាធរបិទខ្ទប់តំបន់ខ្លះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្ដី ក៏លោកនៅតែបន្តដើររើសអេតចាយដដែល ព្រោះជីវភាពក្រីក្រ ដូច្នេះប្រសិនបើមិនបានរើសអេតចាយទេនោះ គឺគ្មានប្រាក់ទិញស្បៀងអាហារឡើយ៖ «បើនិយាយថា ក្រវិញវាកម្រិតចង់ដល់សូន្យទៅហើយ គិតទៅបើខានរកតែមួយថ្ងៃដឹងតែអត់មានអីហូបហើយ។ យើងអត់មានអីហូបសួរថា តើយើងចង់នៅម៉េចបាន ព្រោះមនុស្សយើងសំខាន់រឿងហូបហ្នឹង។ វាសំខាន់ជាងជំងឺទៀតបើនិយាយឱ្យដល់ទៅ អានេះចំពោះខ្ញុំផ្ទាល់ទេ បើចំពោះគេមានហូបចុកខ្ញុំអត់ដឹងទេ។ ប៉ុន្តែចំពោះខ្ញុំផ្ទាល់ហូបចុកវាសំខាន់ជាងជំងឺឆ្លង ចំពោះសុវត្ថិភាពការឆ្លងវាតែងតែខ្លាចហើយ តែយើងប្រុងប្រយ័ត្នទៅ តែសំខាន់អាពោះឃ្លាននេះ វានៅមិនសុខទេ»។
ដូចគ្នានេះដែរពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាលម្នាក់ទៀត លោកស្រី ដុំ សុភ័ណ ថ្លែងថា គ្រួសាររបស់គាត់មានគ្នា ៥នាក់ រស់ពឹងផ្អែកលើប្ដីដើររើសអេតចាយលក់យកប្រាក់ទិញអង្ករច្រកឆ្នាំង។ ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ បន្តថា អំឡុងពេលនេះគ្រួសារគាត់រើសអេតចាយលក់បានប្រាក់ប្រហែល ២០.០០០រៀលក្នុងមួយថ្ងៃ គឺតិចជាងកាលមិនទាន់ផ្ទុះរាលដាលជំងឺកូវីដ ដែលពេលនោះអាចរកប្រាក់ចំណូលប្រមាណពី ៣ ទៅ ៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ លោកស្រីបញ្ជាក់ថា ចំណូលដែលគាត់រកបានសព្វថ្ងៃនេះ មិនគ្រប់សម្រាប់ដោះស្រាយជីវភាពគ្រួសារនោះទេ។ បន្ថែមពីនេះ ទំនិញគ្រប់មុខក៏ឡើងថ្លៃជាងមុន ហើយបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពគ្រួសារគាត់ ធ្វើឱ្យមិនមានអាហារហូបគ្រប់គ្រាន់៖ «មកពីជីវភាពខ្ញុំខ្វះខាតអត់អីហូប ខ្ញុំគ្មានលុយតម្កល់ទុកទេ រកមួយថ្ងៃហូបមួយថ្ងៃទេ។ ខ្ញុំទៅទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់ គេមិនឱ្យចេញដើរហ្នឹង ព្រោះបើខ្ញុំមិនទៅអត់អីហូប ខ្ញុំរើសថ្ងៃណាពីរយប់បាន ៣ម៉ឺនរៀល។ មុខរបរខ្ញុំមានតែរើសអេតចាយហើយខ្ញុំនៅផ្ទះ ជួយជ្រេអេតចាយប្ដីតិចតួច អាណាគាត់រើសបានមកខ្ញុំចេះតែប្រមូលទុកលក់»។
ក្រុមប្រជាពលរដ្ឋទាំងនេះអះអាងថា បើទោះបីជាពួកគាត់វេទនាបែបនេះក្ដី ក៏ពុំមានអាជ្ញាធរណាផ្ដល់ស្បៀងអាហារដល់ពួកគាត់នៅឡើយទេ ដោយសារពួកគាត់មិនជាប់សែស្រឡាយអាជ្ញាធរមូលដ្ឋាន។
ឆ្លើយតបនឹងបញ្ហានេះ ចៅសង្កាត់ផ្សារកណ្ដាល លោក ស្រិល អិន អះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរចុះចែកស្បៀងជូនពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដជារៀងរាល់ថ្ងៃ។ លោកបញ្ជាក់ទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រាតត្បាតនៅតំបន់ព្រំដែនមក អាជ្ញាធរចែកអំណោយដល់ពលរដ្ឋ ដែលមានជីវភាពក្រីក្រនៅសង្កាត់ផ្សារកណ្ដាលបានជាង ២ពាន់គ្រួសារហើយ ។ លើសពីនេះ លោកថា ការចែកស្បៀងនេះធ្វើឡើងដោយស្នើភាពគ្នាគ្រប់និន្នាការគណបក្សនយោបាយទាំងអស់ ឱ្យតែពលរដ្ឋរស់នៅតំបន់ក្រហម ហើយមានជីវភាពក្រីក្រទទួលបានស្បៀងអាហារដូចគ្នា៖ « អីចឹងបានថា ទាំងមេភូមិ ទាំងសង្កាត់បើសិនប្រជាពលរដ្ឋណាអត់ហ្នឹងឱ្យទៅជួបមេភូមិ មេភូមិរាយការណ៍មកសង្កាត់។ ស្បៀងតម្កល់ទុកនៅក្នុងសាលាសង្កាត់ស្រេចមិនពិបាកទេ យើងតម្កល់ស្បៀងទុកប្រហែលបួនប្រាំរយកញ្ចប់ឯណោះ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋដែលខ្វះខាត។ យើងចំហលេខ ១០ខ្សែ លេខចៅសង្កាត់ក៏ចំហដែរ ប្រជាពលរដ្ឋទូរស័ព្ទមក ជួនកាលវាពិបាករក គាត់ខលវាអត់មានគោលដៅមិនដឹងផ្ទះគាត់នៅត្រង់ណាទេ ពិបាកទៅរកគាត់អត់ឃើញក៏មាន»។
អាជ្ញាធរខេត្តបន្ទាយមានជ័យបានបិទខ្ទប់តំបន់ខ្លះនៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ចាប់តាំងពីថ្ងៃទី២៤ មេសា ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ចៅសង្កាត់ផ្សារ កណ្ដាលលោក ស្រិល អិន ប្រាប់ទៀតថា រហូតមកដល់ពេលនេះមានតំបន់ខ្លះបន្តបិទខ្ទប់នៅឡើយ ដោយសារក្រសួងសុខាភិបាលនៅតែបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់នោះ។ ចំពោះការចែកស្បៀងអាហារដល់ពលរដ្ឋវិញ លោកថា ពលរដ្ឋក្រីក្រទាំង២សង្កាត់នេះអាជ្ញាធរផ្ដល់ជំនួយសប្បុរសធម៌បានជាង ៣ពាន់គ្រួសារហើយ។ លោកបន្ថែមថា អាជ្ញាធរបន្តចុះចែកអង្ករត្រីខកំប៉ុង និងទឹកត្រី ជូនដល់ពលរដ្ឋក្រីក្ររហូតដល់ស្ថានការណ៍បានប្រសើរឡើងវិញ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត លោកស្រី កង វត្តី អះអាងថា អំឡុងពេលផ្ទះជំងឺកូវីដ១៩ នេះ ពុំមានអាជ្ញាធរណាផ្ដល់ស្បៀងអាហារជូនគ្រួសារគាត់នៅឡើយទេ។ ស្ត្រីវ័យ ៤៣ឆ្នាំរូបនេះ បន្តថា លោកស្រីបង្ខំចិត្តដើររើសអេតចាយទាំងកូនខ្ចី ដើម្បីជួយប្ដីរកចំណូលយកទៅទិញអង្ករច្រកឆ្នាំង។ គ្រួសារលោកស្រីមានកូនតូច ២នាក់ គឺទារកអាយុ ៣ខែម្នាក់ និងកុមារអាយុជាង ២ឆ្នាំម្នាក់។ លោកស្រីបន្តថា នៅពេលដើររើសអេតចាយលោកស្រីតែងតែដាក់កូននៅក្នុងអង្រឹងមួយដេកគ្នា ២នាក់ នៅលើរទេះដើររុញតាមផ្លូវ៖ «ទោះបីឈឺប៉ុណ្ណាសរសៃខ្ចីប៉ុណ្ណាក៏យើងត្រូវទៅរើសដែរ អូសរទេះកាត់ភ្លៀងកាត់ខ្យល់ហ្នឹង ដើម្បីឱ្យកូនហូប។ តែវា មិនបានគ្រប់ទៀតខ្វះមុខខ្វះក្រោយ ។ ពេលហ្នឹងចងអង្រឹងមួយដេកឆ្វេងមួយដេកស្ដាំផ្ទុយគ្នា មូសខាំឡើងដំបៅ អាណិតកូន តែមិនដឹងធ្វើម៉េចបើសិនជាទុកចោលអត់មានអ្នកណាមើល។ ក្មេងវាត្រូវការឃ្លានច្រើនវាមិនដូចយើងមនុស្សធំចេះទ្រាំចេះអីទេ វាឃើញនំទារឃើញអីទារខ្ញុំខ្លោចចិត្តអង្គុយយំក៏មានដែរ»។
ក្រុមប្រជាពលរដ្ឋទាំងនោះឱ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋប្រហែល ៥០គ្រួសារដែលបានប្រថុយជីវិតនាំគ្នាដើររើសអេតចាយលក់រកចំណូលដោះស្រាយជីវភាពគ្រួសារ។
ជុំវិញរឿងនេះប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា នៅតំបន់ព្រំដែនថៃមួយរយៈនេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែដុនដាប ដោយសារអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែននៃប្រទេសទាំងពីរយូរពេក ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ លោកបញ្ជាក់ទៀតថា ស្ថានការណ៍បែបនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋរាប់ពាន់គ្រួសារនៅក្រុងប៉ោយប៉ែត។ ចំណែកការផ្ដល់ជំនួយសប្បុរសធម៌វិញលោកថា អាជ្ញាធរបែងចែកមិនបានស្មើភាពគ្នានោះទេ ជាពិសេសពលរដ្ឋដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល និងអ្នកដែលតែងតែតវ៉ាទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាកន្លងទៅ៖ «អីចឹងគាត់ដើររើសអេតចាយហ្នឹងសួរថាគាត់បានលុយប៉ុន្មាន ? ក្នុងមួយគ្រួសារ សួរបើអស់លោកមន្ត្រីវិញ លុយហ្នឹងវាស្នើនឹងចុងក្រចកដៃអស់លោកអត់ អត់ទេ។ អីចឹងអាស្ថានភាពលំបាកលំបិនហ្នឹងស្ទើរដាច់បាយស្ទើរស្លាប់ស្ទើររស់ហ្នឹងវាមិនមែនជាការសម្ដែងលេងសើចទេ ជាការលំបាកមែនទែន ប៉ុន្តែការទទួលខុសត្រូវរបស់រដ្ឋាភិបាលហ្នឹងមិនបានគ្រប់ជ្រុងជ្រោយ។ សូម្បីតែការចែកអំណោយហ្នឹងអង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវបីបួនដបអីចែកក្នុងមួយខែក៏អ្នកទទួលអំណោយក៏មិនអាចរស់បានដែរ អ្នកក្រនោះ»។
លោក ឌិន ពុទ្ធី យល់ថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការឯករាជ្យមួយចុះផ្ដល់ជំនួយសប្បុរសធម៌ដល់ពលរដ្ឋក្រីក្រឱ្យបានដល់ដៃគ្រប់គ្នា និងធ្វើសកម្មភាពឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
ថ្មីៗ នេះអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងវិបត្តិសិទ្ធិមនុស្ស ដោយសារពលរដ្ឋក្នុងតំបន់បិទខ្ទប់កំពុងប្រឈមនឹងការដាច់បាយ។ អង្គការនេះ ក៏បានទទួលសេចក្ដីរាយការណ៍នានាដែលគួរឱ្យភ្ញាក់ផ្អើលដែរថា អាជ្ញាធររដ្ឋាភិបាលរារាំង មិនឱ្យអង្គការសង្គមស៊ីវិលផ្នែកមនុស្សធម៌ចុះឱ្យចែកស្បៀងអាហារ និងផ្តល់ជំនួយចាំបាច់ផ្សេងទៀតដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម បើទោះបីជាពលរដ្ឋទាំងនោះត្រូវការជំនួយជាបន្ទាន់ក៏ដោយ។
បន្ថែមពីបញ្ហាខ្វះខាតស្បៀងអាហាររបស់ពលរដ្ឋនេះ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ព្រួយបារម្ភពីការប្រើកម្លាំងមិនចាំបាច់ និងជ្រុលហួសហេតុពេករបស់អាជ្ញាធរទៅលើពលរដ្ឋ និងការបំពានចាប់ខ្លួនក្រុមអ្នករិះគន់ ។ អង្គការសិទ្ធិមនុស្សទាំងនោះក៏ព្រួយបារម្ភ ពីការចោទប្រកាន់របស់អាជ្ញាធរខ្លះលើ ពលរដ្ឋថា និយាយកុហករឿងគ្មានអាហារហូបចុក ដែលពួកពលរដ្ឋទាំងនោះគឺជាក្រុមប្រឆាំង ដែលហ៊ានចេញទាមទាររកស្បៀងអាហារ និងរិះគន់អាជ្ញាធរតាមបណ្ដាញសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។