ពលរដ្ឋក្រីក្ររស់នៅក្រុងសៀមរាប ខ្វល់ចិត្តយ៉ាងខ្លាំង ក្នុងពេលដែលអាជ្ញាធរបិទខ្ទប់សង្កាត់ចំនួន ៣ រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២៩ ខែមេសា ដើម្បីប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩។ ប្រការនេះ ធ្វើឱ្យពួកគេមិនអាចធ្វើដំណើរទៅស៊ីឈ្នួល ធ្វើសំណង់ រើសអេតចាយ និងការងារផ្សេងៗទៀតបានឡើយ ដើម្បីរកប្រាក់ទិញអង្កបរិភោគ។
ពលរដ្ឋរស់នៅក្រុងសៀមរាបលោក អរ យិន ឱ្យដឹងនៅថ្ងៃទី២០ ខែមេសាថា លោកមិនជំទាស់ការបិទខ្ទប់ផ្លូវរបស់អាជ្ញាធរនោះទេ ប៉ុន្តែបញ្ហាខ្វះស្បៀងចិញ្ចឹមជីវិត គឺជារឿងសំខាន់ ព្រោះពួកគាត់មិនអាចចេញក្រៅ ស្វែងរកប្រាក់ចំណូលបាន។ លោកថា មកទល់ពេលនេះ ពលរដ្ឋក្រីក្រជាច្រើនគ្រួសារ កំពុងដង្ហើយរកជំនួយមនុស្សធម៌ ព្រោះមិនទាន់ឃើញអាជ្ញាធរជួយសង្គ្រោះនៅឡើយទេ។ លើសពីនេះ ក្នុងពេលដែលអាជ្ញាធរបិទខ្ទប់ផ្លូវក្នុងក្រុងសៀមរាប គ្រួសារលោកស្ទើរតែគ្មានប្រាក់ទិញអង្កច្រកឆ្នាំង៖ «សឹងតែទាំងអស់គ្នាស្ទើរតែគ្រប់ក្រុមគ្រួសារ ខ្វះខាតទាំងអស់គ្នា គ្មាននរណាទៅធូរធាជាងនរណា។ ខ្វះចង់លក់ពោតក៏គេបិទតំបន់ តាមប្រាសាទគេបិទមិនឱ្យចេញចូល ពោតក៏ចុះថោក បន្លែថោក ហើយអ្នកធ្វើការសំណង់ភាគច្រើនគឺគេបិទក្រុង គឺអត់មានការងារធ្វើទាំងស្រុងទៅទៀត។ អត់ឃើញមានជំនួយមានអីទេ »។
ពលរដ្ឋរស់នៅក្រុងសៀមរាបម្នាក់ទៀតលោកស្រី មីង ឡាង វ័យ ៥៥ ឆ្នាំ ថ្លែងថា ក្នុងពេលអាជ្ញាធរបិទខ្ទប់ផ្លូវ កូនៗរបស់លោកស្រី ៣នាក់ បានផ្អាកធ្វើការងារ សំងំតែនៅក្នុងផ្ទះជាច្រើនថ្ងៃមកហើយ។ រីឯផ្សារជាច្រើនកន្លែងក្នុងក្រុងសៀមរាបបានបិទទ្វារ លំបាកទិញស្បៀងអាហារបរិភោគ។ លោកស្រីថា ពលរដ្ឋក្រីក្រជាច្រើនគ្រួសារកំពុងប្រឈមដាច់ស្បៀង ព្រោះគ្មានការងារធ្វើ៖ «ចេះតែត្បិតត្បៀតកូនក្មេងចេះតែរកនេះ រកនោះលក់បន្តិចទៅ អេតចាយក៏លក់ទៅ បងប្អូនចេះតែឱ្យ សុំខ្ចីបងប្អូនពីនេះពីនោះទៅ »។
ពលរដ្ឋម្នាក់ទៀត គឺលោក ប៉ក់ ថូរ អំពាវនាវឱ្យអាជ្ញាធរចែកអង្ក និងម្ហូបអាហារតិចតួចជូនពលរដ្ឋទីទ័លក្រពិតប្រាកដ ដើម្បីសម្រាលការលំបាកមួយគ្រា ព្រោះ ក្នុងពេលនេះពួកគាត់ជាច្រើនគ្រួសារ កំពុងអត់ឃ្លាន។ លោកថា នៅគ្រាដែលអាជ្ញាធរបិទខ្ទប់នេះ ពលរដ្ឋក្រីក្រមិនអាចធ្វើដំណើររកក្តាមខ្យង ត្រីសាច់ និងបន្លែបង្កាតាមវាលស្រែមកបរិភោគបានទៀតទេ ដែលជាហេតុធ្វើឱ្យពួកគាត់ជួបការលំបាកខ្លាំង៖ «ក្នុងពេលដែលពលរដ្ឋរងគ្រោះដោយសារ ការរីករាលដាលជំងឺកូវីដ១៩ហ្នឹង រដ្ឋាភិបាលគួរតែហាមឃាត់ទំនិញឡើងថ្លៃ គឺទំនិញឡើងថ្លៃតាមទំនើងចិត្ត តម្លៃមួយគុណជាពីរ គុណជាបី ត្រីសាច់ស្អីៗ ក្នុងផ្សារលក់ថ្លៃ អត់មានការត្រួតពិនិត្យឱ្យច្បាស់លាស់ »។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអភិបាលក្រុងសៀមរាបលោក នួន ពុទ្ធារ៉ា និងអភិបាលខេត្តសៀមរាបលោក ទៀ សីហា បាននៅឡើយទេ នៅថ្ងៃទី២០ ខែមេសា ព្រោះពួកលោកមិនលើកទូរសព្ទ។ នៅក្នុងខេត្តសៀម មានសង្កាត់ចំនួន ៣ ដែលអាជ្ញាធរសម្រេចបិទខ្ទប់ហាមមិនឲ្យពលរដ្ឋធ្វើដំណើរ រួមមាន សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្នុងក្រុងសៀមរាប។
ចៅសង្កាត់ស្វាយដង្គុំលោក ម៉ៃ ម៉េត មានប្រសាសន៍ថា អាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង បានផ្តល់ស្បៀងអាហារចែកជូនពលរដ្ឋក្រីក្របានមួយចំនួនដែរ ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា ប៉ុន្មានគ្រួសារនោះទេ។ លោកថា បច្ចុប្បន្នអាជ្ញាធរកំពុងប្រឹងប្រែងស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីចែកជូនពលរដ្ឋក្រីក្រពិតប្រាកដ តែជំនួយនេះនៅមានកម្រិតនៅឡើយ៖ « យើងមើលតាមជាក់ស្តែង យើងបានជួយតិចតួច ផ្តល់ដែលបន្ធូគាត់ទីទ័លច្រកផ្តល់ជាអង្ក ស្បៀងបរិភោគ ដើម្បីជួយកាត់បន្ថយដែលគាត់ទ័លច្រក។ យើងបិទទប់ស្កាត់ក្នុងសង្កាត់ស្វាយដង្គុំ ហើយអាជ្ញាធរក្រុងបានចាត់ចែងជួយ ហើយនឹងព្រះសង្ឃ »។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជួយជ្រោមជ្រែងពលរដ្ឋក្រីក្រឱ្យគ្រប់ជ្រុយជ្រោយ នឹងផ្តល់ស្បៀងចែកជូនពលរដ្ឋដែលរងផលប៉ះពាល់ជាក់ស្តែង។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្តល់ទស្សនៈថា អាជ្ញាធរត្រូវឆ្លើយតបឱ្យទាន់ពេលវេលា ដោះស្រាយក្តីកង្វល់រួមរបស់ពលរដ្ឋ មិនត្រូវអូសបន្លាយពេលដែលនាំឱ្យពលរដ្ឋកាន់តែលំបាកវេទនានោះទេ ៖ « ក្នុងឱកាសនេះខ្ញុំសូមឱ្យរដ្ឋត្រូវគិតឱ្យបានល្អិតល្អន់ ទៅការរស់នៅរបស់ពលរដ្ឋ ជាពិសេសអង្ក។ ខ្ញុំឃើញថ្នាក់ជាតិមានឯកសារ គតិយុត្តិជាច្រើនជំរុញឱ្យ អាជ្ញាធរថ្នាក់មូលដ្ឋាន ត្រូវអនុវត្តបន្ទាន់នូវការសង្គ្រោះពលរដ្ឋ »។
ពលរដ្ឋមួយចំនួន លើកឡើងថា អាជ្ញាធរខេត្តសៀមរាប មិនអាចគិតតែពីវិធានការបិទខ្ទប់មិនឲ្យពលរដ្ឋធ្វើដំណើរ ដោយមិនបានយកចិត្តទុកដាក់ជួយ ផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្របែបនេះនោះទេ។ ពួកគេ យល់ថា វិធានការបែបនេះ គឺជាការខ្វះការទទួលខុសត្រូវ និងរំលោភសិទ្ធិពលរដ្ឋ ព្រមទាំងគ្មាន ប្រសិទ្ធិភាពក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។