ចៅក្រម​សួរ​ចម្លើយ ជួប សម្លាប់ បន្ថែម​ទាក់ទង​នឹង​ភស្តុតាង​និង​ឯកសារ​មួយ​ចំនួន

ដោយ ប្រាជ្ញ ចេវ
2016.09.16
ជួប សម្លាប់ អឿត អាង ២០១៦ ៨៥៥ ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក  សេង លាង បាន​សួរ​​ចម្លើយ​បន្ថែម​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ទាក់ទង​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន​នៃ​សំណុំរឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា នេះ។ ចំណែក​សង្គម​ស៊ីវិល​ដែល​តាមដាន​ដំណើរ​រឿង​នេះ​យល់​ថា សមត្ថកិច្ច និង​តុលាការ​លាក់លៀម​លទ្ធផល​ខ្លះ​នៃ​រឿង​នេះ​ ដែល​ធ្វើ​ឲ្យ​សាធារណជន​សង្ស័យ​លើ​ការ​អនុវត្ត​ការងារ​នៃ​ស្ថាប័ន​ទាំង​នេះ។

ស្ថិត​ក្នុង​សំលៀកបំពាក់​ពណ៌​ស្លា​ទំ ដៃ​ទាំង​ពីរ​ជាប់​ខ្នោះ ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ ត្រូវ​អនុរក្ស​ពន្ធនាគារ​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ​បន្ទាប់​ពី​ចៅក្រម​បាន​សួរ​យក​ចម្លើយ​ក្នុង​រយៈពេល​ជាង ៤​ម៉ោង។

​ដោយ​ឡែក​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម (Telegram) ក្រោយ​ការ​សាកសួរ​ថា ការ​សួរ​ចម្លើយ​បន្ថែម​របស់​ចៅក្រម​កាន់​សំណុំ​រឿង​នេះ គឺ​លោក  សេង លាង ជុំវិញ​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន​ក្នុង​សំណុំរឿង​បាញ់​សម្លាប់​លោក កែម ឡី។ នេះ​ជា​ការ​សាកសួរ​លើក​ទី​២​ហើយ​នៃ​ដំណើរការ​ក្តី​ដែល​ឈាន​ដល់​ចៅក្រម​ស៊ើបសួរ​ជន​ត្រូវ​ចោទ​នេះ នៅ​តែ​ប្រើ​សិទ្ធិ​មិន​ពឹង​ពាក់​មេធាវី​ដដែល។

​ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង បាន​សារភាព​ថា ខ្លួន​បាញ់​សម្លាប់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី ព្រោះ​រឿង​ជំពាក់​លុយ ៣.០០០​ដុល្លារ កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ហាង​កាហ្វេ ជាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្ដុប​បូកគោ រាជធានី​ភ្នំពេញ។

ទោះ​សំណុំរឿង​បាន​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ក្តី ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាម​ដំណើរ​រឿង​នេះ នៅ​តែ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុវត្ត​ការងារ​របស់​ស្ថាប័ន​ប៉ូលិស និង​តុលាការ​ក្រុង​ភ្នំពេញ។ លោក​ថា ការ​បង្ហាញ​ខ្សែ​វីដេអូ បាញ់​សម្លាប់ លោក កែម ឡី នៅ​ក្នុង​ស្តារម៉ាត កាល់តិច ការ​មិន​បង្ហាញ​តម្រុយ​ថ្មី​ក្រៅ​តែ​ពី​ការ​ចាប់​ខ្លួន​លោក ជួប សម្លាប់ ទាំង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក កែម ឡី និង​សាធារណជន បង្ហាញ​ភាព​អស់​សង្ឃឹម​ក្នុង​ការ​រក​យុត្តិធម៌​ជូន​សព​លោក កែម ឡី៖ «ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើប​អង្កេត​ក៏ដោយ ប៉ុន្តែ​គួរ​បង្ហាញ​លទ្ធផល​ខ្លះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មាន​ជំនឿ​ជឿជាក់ កុំ​បង្ហាញ​ភាព​អស់​សង្ឃឹម និង​អស់​ជំនឿ​សម្រាប់​ការ​ស្វែង​រក​យុត្តិធម៌​ចំពោះ​លោក​បណ្ឌិត កែម ឡី»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ព្រួយ​បារម្ភ​ថា ករណី​បាញ់​សម្លាប់ លោក កែម ឡី មិន​អាច​ផ្ដល់​យុត្តិធម៌​ឈាន​ទៅ​ចាប់​ឃាតក​ពិត ឬ​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​បាន​នោះ​ទេ  ដែល​ដូច​គ្នា​ទៅ​នឹង​ករណី​បាញ់​សម្លាប់​លោក ជា វិជ្ជា លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេង​ទៀត។

ខណៈ​សាធារណៈ​មតិ​មួយ​ចំនួន​មិន​សូវ​មាន​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា បែប​នេះ មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី គ្លបល ឌីលីជិនស៍ (Global Diligence) ដែល​តំណាង​ពលរដ្ឋ​រងគ្រោះ​ក្រោម​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដាក់​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី និង​ឯកសារ​ថ្មីៗ​បន្ថែម​ទៀត​ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​ក្នុង​ពាក្យបណ្ដឹង​របស់​លោក​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។