រដ្ឋាករ​ទឹក​ភ្នំពេញ​សម្រេច​លើកលែង​ថ្លៃ​ទឹក​៣​ខែ​សម្រាប់​អ្នក​នៅ​ផ្ទះ​ជួល​ក្នុង​តំបន់​ក្រហម

រដ្ឋាករទឹក​ក្រុងភ្នំពេញ សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់​ទឹក​ពី​កម្មករ និង​សិស្ស និស្សិត ស្នាក់នៅ​ផ្ទះ​ជួល ក្នុង​តំបន់​ក្រហម​ដែល​កំពុង​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​៣​ខែ ដោយ​គិត​ចាប់​ពី​ខែ​មីនា មេសា និង​ខែ​ឧសភា។

អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា ប្រាប់​សារព័ត៌មាន ក្នុង​ស្រុក នៅ​ថ្ងៃទី​០៨ ខែឧសភា​ថា ការ​សម្រេច​នេះ ជា​ការ​ឆ្លើយតប​តាម​ការ​អំពាវនាវ របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃទី៨ ខែ​ឧសភា ដែល​ស្នើ​សុំ​ឲ្យ​រដ្ឋាករទឹក​ក្រុងភ្នំពេញ និង​អគ្គិសនី​កម្ពុជា ពិនិត្យមើល​លទ្ធភាព​ផ្តល់​ការ​អនុគ្រោះ​ថ្លៃ​ទឹក និង​ភ្លើង សម្រាប់​កម្មករ នៅក្នុង​តំបន់ ក្រហម ឬ​តំបន់​បិទ​ខ្ទប់។

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ វាយ​តម្លៃ​ថា ផ្ទះ​ជួល​របស់​កម្មករ កម្មការិនី និង​សិស្ស និស្សិត នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ក្នុង​តំបន់​ក្រហម កំពុង​បិទ​ខ្ទប់​មាន​ប្រមាណ ៨៧០​ផ្ទះ​ជួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។