អាជ្ញាធរខេត្តព្រះសីហនុមិនទាន់គិតគូរត្រូវធ្វើយ៉ាងណាជាមួយម្ចាស់សំណង់អគារខ្មោច ឬអគារមិនទាន់សាងសង់រួចរាល់ក្នុងតំបន់ខេត្តជាប់មាត់សមុទ្រនេះនៅឡើយ។ អគារខ្មោច ឬអគារទុកចោលមិនទាន់សាងសង់រួចទាំងនោះមានរាប់រយអគារ កំពុងធ្វើឱ្យខូចសោភ័ណភាពទីក្រុងព្រះសីហនុ។
អគារខ្មោចរាប់រយអគារដែលកំពុងមាននៅក្នុងក្រុងទេសចរណ៍ព្រះសីហនុមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជារឿងគួរឱ្យព្រួយបារម្ភសម្រាប់ពលរដ្ឋប្រឈមនឹងគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរតាមដងផ្លូវ ដោយសារតែនៅតាមអគារទាំងនោះមានចន្ទាសដែកពាសពេញដែលម្ចាស់សំណង់អគារ និងអាជ្ញាធរពុំបានអើពើរុះរើ រៀបចំឱ្យមានសណ្ដាប់ធ្នាប់នោះទេ។
សំណង់អគារខ្មោច ទាំងនោះភាគច្រើនជាកម្មសិទ្ធិរបស់វិនិយោគិនជនជាតិចិនដែលពួកគេខ្លះបានជួល និងទិញដីពីពលរដ្ឋខ្មែរ ដើម្បីសាងសង់សណ្ឋាគារ បនល្បែងកាស៊ីណូ ហាងម៉ាស្សា បារស៊ីផឹកនាពេលរាត្រីជាដើម។ រដ្ឋបាលខេត្តព្រះសីហនុឱ្យដឹងថា ដើមចមដែលធ្វើឱ្យសំណង់អគាររាប់រយផ្អាកការសាងសង់ដោយសារតែម្ចាស់សំណង់អគារជនជាតិចិនមួយចំនួនបានត្រឡប់ទៅប្រទេសពួកគេវិញក្នុងពេលអំឡុងជំងឺកូវីដរាតត្បាត ហើយវិនិយោគិនខ្លះទៀតបានក្ស័យធន។ ទោះជាយ៉ាងណា នារយៈពេលជាង ៣ឆ្នាំមកនេះអាជ្ញាធរខេត្តព្រះសីហនុមិនបានចាត់វិធានការ និងរៀបចំកែលម្អសំណង់អគារទាំងនោះ ដើម្បីសម្រួលការរកស៊ីរបស់ពលរដ្ឋ និងកែសម្រួលសោភ័ណភាពទីក្រុងជាប់មាត់សមុទ្រមួយនេះឱ្យមានរបៀបរៀបរយនៅឡើយទេ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា វិនិយោគិនល្អៗ នឹងគ្មានទំនុកចិត្តមកបណ្ដាក់ទុនបន្តសាងសង់សំណង់អគារមិនទាន់រួចរាល់ទាំងនោះឡើយ ដោយសារតែទីក្រុងព្រះសីហនុនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះល្បីល្បាញខ្លាំង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងបញ្ហាជនបរទេសជាពិសេសជនជាតិចិនមួយចំនួនតែងមានកាំភ្លើងបាញ់បោះ និងកាប់ចាក់គ្នាតាមទីសាធារណៈដោយសេរី។
ពលរដ្ឋរត់កង់បីលោក ម៉ៅ ស៊ីធន់ ថ្លែងថា សំណង់អគារចាស់ៗ ឬអគារមិនទាន់សាងសង់រួចរាល់វាជាចំណែកមួយដែលធ្វើឱ្យភ្ញៀវទេសចរធ្លាក់ចុះ ដ្បិតលោកយល់ថា សំណង់អគារទាំងនោះបានធ្វើឱ្យប៉ះពាល់សម្រស់ទីក្រុង។ លោកព្រួយបារម្ភថា បើអាជ្ញាធរនៅតែមិនអើពើរៀបចំសំណង់អគារឱ្យមានរបៀបរៀបរយ ទីក្រុងព្រះសីហនុនឹងត្រូវភ្ញៀវទេសចរអន្តរជាតិមើលឃើញថា ជាទីក្រុងមានសំណង់អនាធិបតេយ្យ ដែលធ្វើឱ្យពលរដ្ឋប្រកបរបរពីវិស័យទេសចរប្រឈមការលំបាក។
លោក ម៉ៅ ស៊ីធន់៖ «អគារទាំងអស់ហ្នឹងវាប៉ះពាល់ព្រោះអីមើលទៅអត់ល្អ មើលទៅអត់ស្អាតទីក្រុងតែមិនដឹងធ្វើម៉េច»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ និងលោក ឡុង ឌីម៉ង់ ដើម្បីសាកសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី៤ ខែតុលា។ ចំណែក អភិបាលខេត្តនេះគឺ លោក គួច ចំរើន ក៏មិនអាចទាក់ទងបានដែរ។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីខែកុម្ភៈឱ្យដឹងថា អគារខ្មោច ឬអគារទុកចោលមានជាង ១ពាន់អគារ (១.០០៦) ក្នុងនោះអគារផ្អាកការសាងសង់ទាំងស្រុងមានជាង ៣រយអគារ (៣៥៩) អគារកំពុងសាងសង់ឡើងវិញមានជិត ១រយអគារ។ ប្រភពដដែលឱ្យដឹងទៀតថា ទីក្រុងព្រះសីហនុបច្ចុប្បន្នមានអគារខ្ពស់ទាប ដែលបានសាងសង់មួយរយភាគរយ ហើយមានពលរដ្ឋកំពុងធ្វើការងារមានជាង ៣រយអគារ (៣០៣)។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យដឹងថា ពលរដ្ឋខ្មែរភាគច្រើនកំពុងបម្រើការងារនៅតាមអគារមួយចំនួននៅក្រុងព្រះសីហនុពុំទទួលបានបទពិសោធន៍ ឬចំណេះជំនាញអ្វីក្រៅពីវិស័យបនល្បែងនោះទេ ដ្បិតអ្នកស្រីថា នៅតាមអគារជាច្រើនក្នុងក្រុងភាគច្រើនជនជាតិចិនសាងសង់ ដើម្បីបើកវិស័យកាស៊ីណូ។ ចំណែក អគារខ្មោចដែលទុកចោលវិញអ្នកស្រីរិះគន់ថា គឺជាការធ្វេសប្រហែសរបស់រដ្ឋាភិបាលអាណត្តិចាស់ ដែលមិនបានសិក្សា ឬដាក់លក្ខខណ្ឌតឹងរ៉ឹងចំពោះវិនិយោគិនចូលមកវិនិយោគលើវិស័យសំណង់ ដែលធ្វើឱ្យពលរដ្ឋម្ចាស់ដីប្រឈមហានិភ័យជាច្រើនជាពិសេសពាក់ព័ន្ធការបង់ពន្ធជាដើម។
អ្នកស្រី ជៀប សុធារី៖ «ម្ចាស់អចលនទ្រព្យហ្នឹងខំប្រឹងដែរអនុវត្តតាមនីតិវិធីច្បាប់ លុបចោលកិច្ចសន្យានៃការសាងសង់ ហើយលុយដែលគាត់[អ្នកវិនិយោគ]ដែលគាត់ដាក់តម្កល់យកមកចំណាយរុះរើសំណង់អគារទាំងអស់ហ្នឹងមិនគ្រាន់ផង ព្រោះសំណង់ទាំងអស់ហ្នឹងធំៗខ្ពស់ៗណាស់។ អ្នកខ្លះមានការព្រួយបារម្ភមែនទែនគឺអត់លុយបង់ពន្ធ។ អ្នកណាក៏ឃើញដែរមកខេត្តព្រះសីហនុឧបករណ៍ដែរគាត់ធ្វើហ្នឹងគឺនៅចោលនៅហ្នឹង កន្លែងខ្លះមានដែកពុកនៅហ្នឹង យើងក៏មានការព្រួយបារម្ភដែរថា ចុះបើប្រសិនជាពេលណាមួយវាជ្រុះធ្លាក់មកវាក៏បង្កគ្រោះថ្នាក់ដែរ»។
ចាប់តាំងពីឆ្នាំ២០១៥ មកខេត្តព្រះសីហនុត្រូវបានរដ្ឋាភិបាលបើកដៃឱ្យជនបរទេសគ្រប់ជាតិសាសន៍ ជាពិសេសជនជាតិចិនចូលមកវិនិយោគឱ្យប្រែក្លាយជាទីក្រុងរណបពហុបំណង តាមរយៈការកសាងសំណង់អគារសហគ្រាស សណ្ឋាគារ វិស័យបនល្បែង ក្លឹបកម្សាន្តនៃជនបរទេសនាពេលរាត្រីជាដើម។ បន្តិចម្ដងៗខេត្តជាប់មាត់សមុទ្រមួយនេះ បានប្រែក្លាយជាតំបន់មួយសម្បូរដោយបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងជាទីតាំងនៃក្រុមឧក្រិដ្ឋជនចាប់ជំរិតមនុស្ស ខណៈជនបរទេសខ្លះទៀតអាចមានកាំភ្លើងប្រើប្រាស់ និងបាញ់បោះដោយសេរីមិនខ្លាចញញើតចំពោះអាជ្ញាធរនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។