តុលាការខេត្តព្រះសីហនុ កំពុងបើកការស៊ើបអង្កេតលើម្ចាស់ការដ្ឋានសំណង់មួយកន្លែងក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកម្មករសំណង់ចំនួន៤នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ ដោយសារតែកំហុសបច្ចេកទេស បណ្ដាលឱ្យពួកគាត់ដាច់ខ្សែយោងធ្លាក់ពីលើអគារជាន់ទី១៥។
អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា សមត្ថកិច្ចបានចាប់មេការសំណង់ម្នាក់ក្នុងការដ្ឋានដែលកម្មករធ្លាក់ពីលើអគារនោះ បញ្ជូនទៅកាន់តំណាងអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុរួចហើយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ឧសភាថា មកដល់ពេលនេះ មេការសំណង់រូបនោះ កំពុងស្ថិតក្នុងការសាកសួររបស់ចៅក្រមនៅឡើយ ហើយមិនទាន់មានការទទួលខុសត្រូវផ្នែកសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះនោះទេ។ លោកអះអាងថា សមត្ថកិច្ច ក៏កំពុងស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៖ «ដំណាក់កាលនេះទៅដល់ដៃ ឯកឧត្តម ព្រះរាជអាជ្ញា ហើយ។ ប៉ុនគ្រាន់ថា សំណងរដ្ឋប្បវេណី មិនទាន់ទេ ប៉ុន្តែខាងក្រុមហ៊ុន យកចិត្តទុកដាក់លើ សព និងក្រុមគ្រួសារ ក្នុងការដំណោះស្រាយ។ ទី២ យើងនៅតែអនុវត្តនូវវិធានការច្បាប់ដែរ កំពុងតែស្ថិតនៅដៃតុលាការ កំពុងប្រតិបត្តិការ»។
វិទ្យុអាស៊ីសេរីក៏មិនទាន់អាចទាក់ទងប្រធានសាលាដំបូងខេត្តព្រះសីហនុ លោក កោ វណ្ឌី ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ ថ្ងៃទី២៨ ឧសភា។
ចំណែកឯ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្លែងថា សមត្ថកិច្ចកំពុងរៀបចំរាយការណ៍បន្ថែម បញ្ជូនទៅកាន់មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីអនុវត្តតាមនីតិវិធី ថានឹងអនុញ្ញាតឱ្យមានការសាងសង់អគារបន្ត ឬផ្អាកដំណើរការ៖ «រឿងសំណង រឿងអីហ្នឹង គឺគេមានក្រុមការងារ របស់មន្ទីរការងារ លោកចុះធ្វើកិច្ចការហ្នឹង រួមជាមួយក្រុមការសំណង់ ក្នុងការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងមន្ទីរដែនដី។ អ៊ីចឹង ពាក់ព័ន្ធរឿង សំណង នីតិវិធី វានៅក្នុងក្រុមការងារ អាហ្នឹងលោកអាចលម្អិតបន្ថែមនៅមន្ទីរការងារ»។
កាលពីថ្ងៃទី២០ ឧសភា កម្មករសំណង់ជាជនជាតិខ្មែរ ចំនួន ៥នាក់ បានជិះកន្ត្រកយោងយកសម្ភារៈការងារឡើងអគារការដ្ឋានកំពុងសាងសង់មួយកន្លែងនៅខេត្តព្រះសីហនុ ហើយបានធ្លាក់ពីលើអគារជាន់ទី១៥ ដោយមានកម្មករចំនួន ៣នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែកកម្មករពីរនាក់ប្តីប្រពន្ធផ្សេងទៀតត្រូវ គេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែប្រពន្ធឈ្មោះ សយ ម៉ាលីស ដែលកំពុងមានផ្ទៃពោះផងនោះ បានស្លាប់ក្នុងមន្ទីរពេទ្យពេលកំពុងជួយសង្គ្រោះ។
កាលពីចុងខែមិថុនា ឆ្នាំ២០១៩ អគារខុនដូ (Condo) កម្ពស់ ៧ជាន់ កំពុងសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលមានម្ចាស់ និងអ្នកម៉ៅការសាងសង់ជាជនជាតិចិន បានបាក់ដួលរំលំសង្កត់កម្មករ ដែលកំពុងដេកនៅក្នុងការដ្ឋានដែលបណ្ដាលឱ្យកម្មករស្លាប់ចំនួន ២៨នាក់ និងរបួសចំនួន ២៦នាក់។ ចំណែកឯ ក្នុងឆ្នាំ២០២០ កន្លងទៅ គ្រោះថ្នាក់បាក់រលំអគារកំពុងសាងសង់កម្ពស់ ៧ជាន់ នៅខេត្តកែបដោយសារតែសាងសង់ខុសបច្ចេកទេស បណ្ដាលឱ្យកម្មករសំណង់ និងសាច់ញាតិចំនួន ៣៦នាក់ ក្នុងនោះមានស្រី១៤នាក់ និងមានក្មេងចំនួន៦នាក់ បានស្លាប់ នៅក្រោមគំនរផ្ទាំងថ្ម នៃអគារ។ រីឯ មនុស្សចំនួន ២៣នាក់ (ស្រី ៨នាក់) ទៀតរងរបួសធ្ងន់។
ទោះជាយ៉ាងណាក្ដី សហជីពការពារសិទ្ធកម្មករលើកឡើងថា ករណីសោកនាដកម្មបែបនេះបានកើតមានច្រើនលើកច្រើនសាមកហើយ ប៉ុន្តែ រដ្ឋាភិបាលមិនដែលមានចំណាត់ការ ឬការដាក់ពិន័យ ទៅលើមន្ត្រីអាជ្ញាធរផ្នែកអធិការកិច្ចដែលធ្វេសប្រហែសក្នុងការត្រួតពិនិត្យបច្ចេកទេសការដ្ឋានសំណង់ និងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពជូនកម្មករឱ្យបានល្អនោះឡើយ។
អគ្គលេខាធិការ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក យ៉ាន់ ធី ជំរុញដល់តុលាការខេត្តព្រះសីហនុ និងអាជ្ញាធរមានសមត្ថកិច្ចពន្លឿននីតិវិធីក្នុងការចាប់ខ្លួនថៅកែពិតប្រាកដដែលគ្រប់គ្រងសំណង់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។ លើសពីនេះ លោកទាមទារឱ្យអាជ្ញាធរផ្សព្វផ្សាយព័ត៌មានឱ្យទូលំទូលាយជាងនេះ ដោយធានាថា គ្មានការអនុវត្តច្បាប់ដែលមានស្ដង់ដារពីរ និងឃុបឃិតគ្នាជាមួយម្ចាស់ការដ្ឋានសំណង់៖ «ខ្ញុំគិតថាម្ចាស់ អគារមិនពិបាក [ រក ] ទេ ពីព្រោះអីមុនគាត់សាងសង់ ខ្ញុំគិតថា ប្រហែលជាអាជ្ញាធរ នឹងបានដឹងខ្លះហើយ ម្ចាស់សំណង់ ម្ចាស់ជាអគារជា របស់អ្នកណា។ មួយទៀត ខ្ញុំប្រៀបធៀបករណីបាក់អគារនៅខេត្តព្រះសីហនុ ហ្នឹង ដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ បានឃាត់ខ្លួនម្ចាស់សាងសង់ ម្ចាស់ដី ហើយកាត់ទោសឱ្យជាប់ពន្ធនាគារ អ៊ីចឹងវា អត់អាចថា អនុវត្តស្តង់ដារពីរទេ។ កាលណា បណ្ដែតបណ្ដោយ ធ្វេសប្រហែសបណ្ដាលឱ្យកម្មករស្លាប់ ត្រូវមានទោសដូចគ្នា។ ទោះបីជាមានករណី មានមនុស្ស ស្លាប់ ម្នាក់ ពីរនាក់ ក៏ដោយ ប៉ុន្តែជាអាយុជីវិត ដែលមិនអាចដាក់លក់លើទីផ្សារបានទេ»។
មន្ត្រីសហជីពការពារសិទ្ធកម្មកររូបនេះ នៅតែបន្តទាមទារឱ្យអាជ្ញាធរ ជំរុញដល់ថៅកែជនជាតិចិនជាច្រើនទៀត ដែលកំពុងដំណើរការសាងសង់អគារជាច្រើនក្នុងខេត្តព្រះសីហនុ ដើម្បីឱ្យអ្នកវិនិយោគទាំងនោះ មានការទទួលខុសត្រូវខ្ពស់លើផ្នែកប្រព័ន្ធសុវត្ថិភាពជូនកម្មករខ្មែរ។ លោកបារម្ភថា បើមន្ត្រីអាជ្ញាធរអធិការកិច្ចធ្វើការដូចសព្វថ្ងៃនេះ វាសនាកម្មករខ្មែរ នឹងនៅតែប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតបន្តទៀត ដែលធ្វើឱ្យពួកគាត់ជួបទុក្ខសង្រេង ព្រាត់ប្រាសសាច់ញាតិ ឬមនុស្សជាទីស្រឡាញ់ក្នុងគ្រួសារ៕