ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ ជួប​​ការ​លំបាក​​ខ្លាំង ក្រោយ​​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្នុង​​ខេត្ត​​

ដោយ ហេង រស្មី
2021-03-05
Share
ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ ជួប​​ការ​លំបាក​​ខ្លាំង ក្រោយ​​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្នុង​​ខេត្ត​​ ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ ជួប​​ការ​លំបាក​​ខ្លាំង ក្រោយ​​ផ្ទុះ​រាតត្បាត​ជំងឺ​កូវីដ-១៩​ក្នុង​​ខេត្ត​​ព្រះសីហនុ។
រូប៖ ហ្វេសប៊ុក ស្នងការនគរបាលខេត្តព្រះសីហនុ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រជាពលរដ្ឋ​​មួយ​​ចំនួន​នៅ​ខេត្ត​​ព្រះសីហនុ កំពុង​​រស់​​ក្នុង​​ស្ថាន​ភាព​លំបាក​លំបិន បន្ទាប់​​ពី​​ជំងឺ​កូវីដ-១៩ បាន​​វាយ​​លុក​​ទូទាំង​​ខេត្ត​​ជាប់​មាត់​​សមុទ្រ​មួយនេះ។

អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់លោក សួន ណារ៉ា ប្រាប់​អាស៊ីសេរី​ថា អ្នក​រត់​ម៉ូតូឌុប និងរត់​កង់​បីរង​ផល​ប៉ះពាល់​ជីវភាព​ខ្លាំង ព្រោះ​មិន​សូវ​មាន​ភ្ញៀវ​ដឹក ហើយរកមួយ​ថ្ងៃ សឹង​មិន​គ្រប់​ហូប​មួយ​​ថ្ងៃ​ផង។ លោក​បន្ថែម​ទៀត​ថា ​ជីវភាព​គ្រួសារលោក និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត កំពុង​រស់​នៅទាំង​វេទនាខំសន្សំ​លុយ​ទាំងត្រដាប​ត្រដួស និង​ខំ​រត់​ទៅ​ខ្ចី​បុល​បង​ប្អូន​​ផង ដើម្បី​យក​លុយ​ទៅ​បង់​ធានាគារ ទឹក ​ភ្លើង និង​ថ្លៃ​ផ្ទះ​ជួល​ប្រចាំខែ។ ជា​ពិសេស លោក​ត្រូវ​​សម្រេច​ចិត្ត​ឱ្យកូន​ឈប់​រៀន​គួរ​មួយ​រយៈ​សិន ព្រោះ​លោក​គ្មាន​លុយ​សម្រាប់​ផ្គត់ផ្គង់​ឱ្យកូន​រៀន​បន្ត​ទៀត​ទេ៖ «ខ្ញុំ​ចង់​ឱ្យ​ជួយ​ខ្លាំង​ណាស់ ព្រោះ​អី​យើង​ដឹង​ស្រាប់​ហើយជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប៉ះពាល់​ខ្លាំង​ជាង​គេ ពិសេស​អ្នក​រត់​ម៉ូតូ អ្នក​កង់​បី អាជីវករ​តូចតាច​លក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ហ្នឹង អត់​មាន​ភ្ញៀវ​ គាត់​លក់​អត់​ដាច់​ទេ នៅ​ហ្នេះយូរ​ដែល​ហើយ ខ្ញុំ​អត់​មាន​ផ្ទះ​សំបែង​អី​ទេ នៅ​ផ្ទះ​ជួល​ហ្នឹង ខ្ញុំ​រក​បានមួយ​រស់ៗ ឥឡូវ​នឹង​ត្រូវ​បង់​ទឹក​បង់​ភ្លើង​គេ​ទៀត​បើ​អត់​លុយ មិន​ដឹង​សុំ​ម្ចាស់ផ្ទះ​បាន​អត់​ទេ»

ស្រដៀង​​គ្នា​​នេះ​​ដែរ អាជីវករ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្មក្រុង​ព្រះសីហនុ សុំមិន​បញ្ចេញ​ឈ្មោះប្រាប់​អាស៊ីសេរី​ថា ការ​ផ្ទុះជំងឺ​កូវីដ១៩នេះ អាជីវករ​នៅតាម​ផ្សារ និង​អ្នក​លក់​ដូរ​នៅតាម​ឆ្នេរ​ក៏​លក់​មិន​ដាច់​ដែរ ដោយ​សារ​ពុំ​មាន​ភ្ញៀវទេសចរណ៍​មក​លេង​ខេត្ត​នេះ។ លោក​ថា ​អ្នក​យក​លុយ​ធនាគារ​ទៅ​ធ្វើ​ផ្ទះ​ជួលកំពុង​ទទួល​រង​ផលវិបាកដោយ​ផ្ទះ​មិន​មាន​អ្នក​ទៅ​ជួល​នៅ។ លោក​ថា ប្រសិន​បើរដ្ឋាភិបាល​មិន​ឆាប់​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ឱ្យ​ទាន់​ពេល​វេលា និង​មិន​មានវិធានការណ៍​ជួយ​​ពលរដ្ឋ​​នោះ​ទេ អាជីវករ និង​អ្នក​រស់​នៅ​តាម​តំបន់​ឆ្នេរ​ក្នុង​ខេត្ត​​ព្រះសីហនុ នឹង​ជួប​បញ្ហា​កាន់​តែ​ខ្លាំង​ពី​វិបត្តិ​នេះ៖ «បើ​រដ្ឋាភិបាល​ជួយ​ទប់​ស្កាត់ការ​រាល​ដាល​កូវីដ​បាន​រហ័ស ​ប្រជាពលរដ្ឋ​អាច​ងើប​វិញ​បាន បើ​រដ្ឋាភិបាល​លោក​នៅ​មិន​ទាន់ទប់ស្កាត់​មិន​ទាន់​ពេល ឬ​គ្មាន​វិធានការណ៍​អី​ទេ អ្នក​រស់​នៅ​តាម​តំបន់​ឆ្នេរ​ជួប​ហានិភ័យ​ខ្លាំង»

ប្រធាន​សហគមន៍​ដីធ្លី​ខេត្ត​ព្រះសីហនុលោក ស៊ុន សុផាត ថ្លែង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​​របស់​​លោក​​មិន​ហ៊ាន​ចេញ​ទៅ​រក​ស៊ី​នៅ​ឆ្ងាយ​ទេ ព្រោះ​ខ្លាច​ការ​ឆ្លងជំងឺ ធ្វើ​​ឱ្យ​​ពួក​​គាត់​​ពុំ​​មាន​​ចំណូល​​ប្រចាំថ្ងៃ​នោះ​ឡើយ។ លោក​ថា​ស្ថានភាពនេះ ក៏​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាពរបស់​ប្រជាសហគមន៍​ដីធ្លី ក្នុង​​ការ​​ចេញ​តវ៉ា​រក​​ដំណោះ​ស្រាយ​​ដីធ្លី​ នៅ​ក្នុង​ខេត្ត​នេះផង​ដែរ៖ «ការ​លក់​ដូរ ការ​អី​ហ្នឹង​មិន​សូវ​ដាច់​ទេ​នៅ​តាម​សហគមន៍ ធម្មតា​គាត់​លក់​ដូរ​អី​ទៅ សេដ្ឋកិច្ច​មិន​សូវ​ដើរ​អ៊ីចឹង​ទៅ​ណា៎ អ៊ីចឹង​ក៏​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​គាត់​ដែរ គាត់​លក់​ដូរ​មិន​សូវ​បាន រក​លុយ​មិន​សូវ​បាន ព្រោះ​ណាមួយ​ចំ​ជំងឺ​កូវីដ​កើត​ឡើង ម្នាក់ៗ​គេ​រក​អី​មិន​បាន​គេ​ត្អូញត្អែរ​ថា​បញ្ហា​កូវីដ​កើតឡើង​រក​អ្វី​មិន​បាន»។

ការ​​ត្អូញត្អែ​រ​របស់​​ប្រជាពលរដ្ឋ​​នេះ គឺ​​ដោយ​សារ​​តែ​​រដ្ឋាភិបាល​​បាន​​ដាក់​​ចេញវិធានការ​​រឹត​បន្តឹង​សន្តិសុខ និង​​ការ​​ធ្វើ​ដំណើរ​​ចេញ​ចូល​​ខេត្ត​​ព្រះសីហនុ បន្ទាប់​ពី​​ខេត្ត​​ទេសចរណ៍និង​​ឧស្សាហកម្ម​​មួយ​​នេះ បាន​​ផ្ទុះ​​រាល​ដាល​​ជំងឺ​កូវីដ-១៩ ចូល​ក្នុង​​សហគមន៍។

ជុំវិញ​បញ្ហា​លំបាក​​របស់​​ពលរដ្ឋ​នេះ អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុលោក ឃាង ភារម្យ លើក​ឡើង​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោល​នយោបាយ​សង្គមកិច្ច ជួយ​អ្នក​រង​ផល​ប៉ះពាល់ជា​បន្តបន្ទាប់​ហើយ។ លោក​ថា អាជ្ញាធរ​មិន​ព្រងើយកន្តើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ ទន្ទឹម​នឹង​ការ​ប្រយុទ្ធ​ប្រឆាំងជាមួយ​ជំងឺ​កូវីដ១៩នោះ​ទេ៖ «ការងារ​សង្គម​កិច្ច​ហ្នឹង គឺ​រដ្ឋាភិបាល​បាន​ទំលាក់​ថវិកា ជួយ​ទៅ​លើ​ការងារ​សង្គម​ហ្នឹង បាន​ជួយ​ទៅ​ដល់​បង​ប្អូនដែល​រង​ផល​ប៉ះពាល់ចំពោះ​បងប្អូន​ក្រីក្រី គឺ​ទទួល​បាន​គោល​នយោបាយ​តាម​ការវាយ​តម្លៃ តាមស្ថានភាព​ជីវភាព​រស់​របស់​គាត់​ជាក់ស្តែង ជាមួយ​គ្នា​នេះ​ដែរ កម្មភាពមនុស្ស​ធម៌ កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ ក៏​យើង​បាន​ចុះ​ចែក​អំណោច​ជា​បន្តបន្ទាប់»

ទាក់ទង​​រឿង​នេះ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្សនៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​​ប្រសាសន៍ថា រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ឱ្យបាន​គ្រប់ជ្រុងចំពោះ​ការ​ដោះស្រាយ​បញ្ហា​ជីវភាពក្នុង​កាលៈទេសៈរឹតបណ្តឹង​នៅ​​ខេត្ត​​ព្រះសីហនុ​នេះ។ លោក​ចង់​ឃើញ​រដ្ឋាភិបាល​ត្រៀម​កញ្ចប់​ថវិកាដោយ​តម្លាភាព ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋដែល​ប៉ះពាល់ឱ្យ​ទាន់​ពេលវេលា៖ «យើង​ត្រូវការ​ដោះស្រាយ​ជា​បន្ទាន់ ពី​ព្រោះ​យើង​ដឹងហើយ​ថា​ ប្រជាពលរដ្ឋ​យើងមួយ​ចំនួន​ដែល​គាត់​ក្រីក្រ ពិសេស​អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​កង​បី អ្នក​កម្មករ​មួយ​ចំនួន​ទៀត រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ​ទេ អត់​មានលុយ​កាក់អី​ច្រើន​ទៅ​ទុក​ដាក់ សម្រាប់​ដោះស្រាយ​ជីវភាព​បាន​រាប់ខែ គឺ​អត់មាន​ទេ»

ក្រុម​​ពលរដ្ឋ​ខេត្ត​​ព្រះសីហនុ​ ​ដែល​​កំពុង​​ជួប​​ការ​​ខ្វះខាត​ សំណូម​ពរ​​ដល់​​រដ្ឋាភិបាល​ឱ្យ​​​គិត​គូរ​បន្ថែម​​ទៀត​​​ដល់​សុខទុក្ខ​​របស់​ពួក​​គាត់ ដូច​​ជា ការ​ផ្តល់​​ជំនួយជា​ស្បៀង​អាហារ និង​​ថវិកា ព្រម​​ទាំង​​ជួយ​​សម្រួល​​រឿង​​បំណុល​​ធនាគារ​ និង​បញ្ចុះ​ថ្លៃ​​ទឹក​ ភ្លើង ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល