អាជ្ញាធរជាតិខេត្តព្រះវិហារ អះអាងថា បច្ចុប្បន្ន ស្ថានភាពនយោបាយនៅក្នុងប្រទេសខ្មែរ និងស្ថានភាពជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ គឺមានភាពប្រសើរឡើងច្រើនជាងកាលពីឆ្នាំមុន។
បរិយាកាសល្អដូចនេះ កំពុងជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាំគ្នាទៅទស្សនាប្រាសាទព្រះវិហារ លើខ្នងភ្នំដងរែក កាន់តែច្រើនឡើងៗ។ យ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងប្រកបរបរក្នុងតំបន់ទេសចរណ៍នេះ ត្អូញត្អែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនភ្ញៀវបានចាប់ផ្ដើមថយចុះ។
ក្រុមប្រជាពលរដ្ឋរស់នៅឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាអ្នកប្រកបរបរបើកឡាន និងរត់ម៉ូតូឌុប ដឹកអ្នកទេសចរឡើងភ្នំ ឱ្យដឹងថា រយៈពេលជិត ១សប្ដាហ៍ចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាប្រាសាទព្រះវិហារ បានថយចុះបន្តិច ដោយសារតែមានភ្លៀងខ្លាំង និងទឹកជន់លិចនៅតំបន់ខ្លះ បង្កឱ្យប៉ះពាល់កំណាត់ផ្លូវពិបាកធ្វើដំណើរ។
ការអះអាងនេះ គឺផ្ទុយគ្នាពីរបាយការណ៍របស់អាជ្ញាធរខេត្តព្រះវិហារ ដែលទើបតែបង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០១៤ គឺចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាប្រាសាទព្រះវិហារ កើនឡើងប្រមាណ ៥៣ភាគរយ។
ក្រុមអ្នកបើកឡានឈ្នួល អ្នករត់ម៉ូតូឌុប និងអ្នកថតរូបអនុស្សាវរីយ៍នៅប្រាសាទព្រះវិហារ បានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា រយៈពេលជិត ១សប្ដាហ៍ចុងក្រោយនេះ ពួកគេមិនសូវរកចំណូលប្រចាំថ្ងៃបានច្រើនទេ ដោយសារតែពុំសូវមានភ្ញៀវឡើងទៅទស្សនាប្រាសាទព្រះវិហារ។
បុរសអ្នកបើកឡានដឹកភ្ញៀវទេសចរទៅទស្សនាប្រាសាទព្រះវិហារម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ដោយឈរជិតឡាន រង់ចាំដឹកភ្ញៀវក្រោមដំណក់ភ្លៀងធ្លាក់តិចៗថា ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅតាមតំបន់ខ្លះមក ចំនួនភ្ញៀវទេសចរជាតិ ដែលទៅទស្សនាប្រាសាទព្រះវិហារ បានថយចុះ។ បុរសដដែលបញ្ជាក់ថា ដោយសារតែភ្ញៀវទេសចរជាតិ មិនសូវសម្បូរ ហើយរថយន្តដឹកអ្នកទេសចរកាន់តែច្រើនឡើងៗ ដោយមានបែងចែកវេនគ្នាដឹកនោះ គឺគាត់មិនសូវរកចំណូលប្រចាំថ្ងៃបានច្រើនទេ៖ «កំណើនបរទេសរាងច្រើនជាងមុន ក៏ប៉ុន្តែគ្រាន់ថា នៅខែវស្សានេះ ខ្មែរយើងអត់សូវដើរ។ អត់ទៀងដែរ ជួនកាល ២-៣ថ្ងៃបាន១ជើង វាដោយថ្ងៃ ជួនកាលថ្ងៃខ្លះមានបុណ្យ គឺមានមកច្រើន។ ភ្ញៀវយើងគិត ៦នាក់ ១ជើង ១០ម៉ឺនរៀលដូចគ្នា ខ្មែរបាន ១០នាក់។ បើខែវស្សានេះអាច ១អាទិត្យបានត្រឹម ២-៣ជើង។ ខ្ញុំគិតថា ដូចមិនសូវធូរធារអីទេ គ្រាន់តែថា ពួកខ្ញុំនៅតំបន់នេះចេះតែរកទៅ ព្រោះនៅការពារភ្នំ»។
បុរសឈ្មោះ ស៊ុន សាត ជាអ្នកប្រកបរបរថតរូប និងក៏ជាអ្នករត់ម៉ូតូឌុបដឹក អ្នកទេសចរទៅទស្សនាប្រាសាទព្រះវិហារ ម្នាក់ទៀតមានប្រសាសន៍ថា រយៈពេលជិត១សប្ដាហ៍ចុងក្រោយនេះ ចំនួនអ្នកទេសចរជាតិ និងអន្តរជាតិឡើងភ្នំទៅទស្សនាប្រាសាទព្រះវិហារ មិនសូវសម្បូរទេ។ គាត់រកកម្រៃបានតិចតួចពីការថតរូបឱ្យអ្នកទេសចរក្នុង១ថ្ងៃៗ។ បុរសដដែលបញ្ជាក់ថា ពេលខ្លះគាត់ដាច់ចំណូលប្រចាំថ្ងៃ ដោយសារតែមិនសូវមានអ្នកទេសចរ៖ «ជួនកាល ៣ថ្ងៃបានលុយ ៣ម៉ឺនរៀល ជួនកាលបាន ៤-៥ម៉ឺន អ៊ីចឹងទៅវាអត់ទៀង។ មិនអាចគ្រប់គ្រាន់ទេ មិនដឹងទៅរកអីទាល់ ចេះតែមករកទៅបានខ្លះ មិនបានខ្លះយកទៅហូប។ ខ្ញុំចង់ឱ្យភ្ញៀវទេសចរជាតិអន្តរជាតិ មកលេងប្រាសាទព្រះវិហារ ឱ្យច្រើន ដើម្បីគ្រាន់បានថតបានអី និងឌុបបានកម្រៃខ្លះ យកទៅហូប ដោះស្រាយជីវភាព។ ម៉ូតូឌុបមិនបានដែរ ជួនកាល២ថ្ងៃអ៊ីចឹងអត់បាន ជួនកាលខ្ញុំមក២ថ្ងៃ បានលុយតែ ៣ម៉ឺនរៀល ក៏មាន។ ថ្ងៃខ្លះខ្ជិលដែរ ទ័លទៅខ្ជិលមក អត់ទៅ បើថ្ងៃខ្លះទំនេរ មិនដឹងរកអ្វី ចេះតែឆ្លៀតមកក្រែងបានខ្លះ»។
កាលពីថ្ងៃទី៥-៦ ខែសីហា កន្លងទៅ ទឹកជំនន់ដែលបណ្ដាលមកពីភ្លៀងខ្លាំង បានហូរកាត់ផ្លូវជាតិចន្លោះពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មកឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឱ្យដាច់ស្ពានមួយកន្លែងនៅអូរតាខៀវ មិនអាចឱ្យរថយន្តតូចធំឆ្លងកាត់ទៅមកបានទេ។ ចំណែកឯផ្លូវឡើងភ្នំទៅទស្សនាប្រាសាទព្រះវិហារ ក៏ត្រូវទឹកភ្លៀងហូរច្រោះរលំដើមឈើ និងបាក់ថ្មភ្នំ រមៀលធ្លាក់មកលើផ្លូវដែរ។
ទោះយ៉ាងណា មន្ត្រីផ្នែកស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិខេត្តព្រះវិហារ អះអាងថា រយៈពេល ៦ខែឆ្នាំ២០១៤ គឺចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ កើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៣ កន្លងទៅ។
មន្ត្រីគ្រប់គ្រងផែនការ និងស្ថិតិភ្ញៀវទេសចររបស់អាជ្ញាធរជាតិខេត្តព្រះវិហារ លោក យាន ស៊ុនថារ៉ាត់ មានប្រសាសន៍ថា បច្ចុប្បន្ន ទាំងស្ថានភាពជម្លោះព្រំដែនខ្មែរថៃ ជិតប្រាសាទព្រះវិហារ និងទាំងនយោបាយនៅក្នុងប្រទេស គឺប្រសើរជាងកាលពីឆ្នាំកន្លងទៅ។ លោក យាន ស៊ុនថារ៉ាត់ បញ្ជាក់ទៀតថា ដោយសារស្ថានភាពប្រសើរនេះ ធ្វើឱ្យភ្ញៀវទេសចរបរទេសដែលទៅទស្សនាប្រាសាទព្រះវិហារ មានកំណើនខ្ពស់ជាងភ្ញៀវទេសចរជាតិទៅទៀត៖ «កាលពីឆ្នាំមុន យើងមានបញ្ហាទាក់ទងនឹងគ្រោះទឹកជំនន់ផង ស្ថានភាពនយោបាយផង គឺមនុស្សអត់សូវដើរលេង។ ដល់ឆ្នាំនេះ វាងាយស្រួលជាងច្រើន បើគិតជាមធ្យម យើងបូកគុណចែកទៅឃើញថា ១ថ្ងៃៗមានប្រហែល ២០០នាក់ជាង ក៏ប៉ុន្តែថ្ងៃបុណ្យទានមនុស្សច្រើន ជាពិសេសថ្ងៃចូលឆ្នាំ ឬក៏ភ្ជុំអីហ្នឹង មនុស្សច្រើនមែនទែន»។
មន្ត្រីអាជ្ញាធរជាតិខេត្តព្រះវិហារ ឱ្យដឹងថា ក្នុងឆ្នាំ២០១៤ គឺអាជ្ញាធរកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនាប្រាសាទព្រះវិហារ កាន់តែច្រើនឡើង។ ការប្រឹងប្រែងនោះ គឺអាជ្ញាធរជាតិខេត្តព្រះវិហារ ធ្លាប់បានរៀបចំតាំងពិព័រណ៍អំពីប្រាសាទព្រះវិហារ និងជួយបង្ហាត់បង្រៀនដល់ប្រជាពលរដ្ឋរស់នៅជិតប្រាសាទជាច្រើន ឱ្យចេះដឹងពីបែបបម្រើសេវាកម្មចំពោះភ្ញៀវទេសចរ ដើម្បីឱ្យគេចាប់អារម្មណ៍ ព្រមទាំងចង់មកទស្សនាថែមទៀត។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរទេសចរណ៍ លោក គង់ វិបុល ដើម្បីសុំការអធិប្បាយអំពីស្ថានភាពទេសចរណ៍នៅក្នុងខេត្តនោះ បានថាយ៉ាងណានៅឡើយ។
អាជ្ញាធរខេត្តព្រះវិហារ ធ្លាប់បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបរទេស កាលពីចុងខែកក្កដា ថា ក្នុងរយៈពេល ៦ខែឆ្នាំ២០១៤ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ៦ម៉ឺន ៣ពាន់នាក់ ទៅទស្សនាប្រាសាទព្រះវិហារ។ ចំនួននេះ មានការកើនឡើងប្រមាណ ៥៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៣ កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។