ក្រសួងមហាផ្ទៃសម្រេចបកស័ក្ដិនគរបាលខេត្តព្រៃវែងម្នាក់ និងបញ្ជូនទៅតុលាការជាមួយអ្នកពាក់ព័ន្ធ ៣នាក់ទៀតពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ពលរដ្ឋម្នាក់ដោយចោទថា ចោរ។
ក្រសួងមហាផ្ទៃក៏កំពុងតាមចាប់ខ្លួននគរបាលខេត្តព្រៃវែងម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ។សង្គមស៊ីវិល ជំរុញឱ្យក្រសួងមហាផ្ទៃអនុវត្តច្បាប់លើមន្ត្រីប្រដាប់អាវុធដែលប្រព្រឹត្តខុសតួនាទីឱ្យបានតឹងរ៉ឹងដើម្បីកុំឱ្យមន្ត្រីដទៃយកគំរូតាម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ឱ្យដឹងថាសមត្ថកិច្ច បានបញ្ជូននគរបាលខេត្តព្រៃវែងម្នាក់ និងដើមបណ្ដឹង ឬអ្នកផ្ដល់សក្ខីកម្មមិនពិតចំនួន ៣នាក់ទៅតុលាការនៅថ្ងៃទី២៦ ខែមីនា ពាក់ព័ន្ធនឹងសំណុំរឿងបាញ់ពលរដ្ឋស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ដោយប្រឡំថាជាចោរកាលពីយប់ថ្ងៃទី២៣ ខែមីនា កន្លងទៅ។
លោក ឆាយ គឹមខឿន បញ្ជាក់ថា នគរបាលដែលឃាត់ខ្លួន និងបញ្ជូនទៅតុលាការនេះ មានឈ្មោះ ជិន វិន ជានគរបាលប៉ុស្តិ៍កំពង់សឹង ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកនគរបាលម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះ ជឹម រតនៈ ជាអធិការរងស្រុកព្រះស្ដេចទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ សមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ អ្នកទាំងពីរ ត្រូវបានបកស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ហើយបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៖ « យើងបានដាក់ពិន័យមេប៉ុស្តិ៍ដោយសារជាបញ្ជាអត្តនោម័តិ ហើយ៣នាក់ទៀតជាអ្នកផ្តល់សក្ខីកម្មមិនពិតដល់កងកម្លាំងធ្វើឱ្យមានការផ្ទុះអាវុធព្រោះម្នាក់នោះ គាត់បានប្ដឹងថា មានចោរលួចរថយន្តហើយគាត់ស្នើឱ្យសមត្ថកិច្ចប្រតិបត្តិការទៅ។ នេះគេជាដើមចមបង្កើតរឿងនេះ។ អ៊ីចឹងយើងឃាត់ខ្លួនសាកសួរសិន»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេដោយលោកមិនទទួលទូរស័ព្ទ។
កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនគរបាលប៉ុស្តិ៍កំពង់សឹង សហការជាមួយនគរបាលស្រុកព្រះស្ដេចបានស្ទាក់បាញ់ជាច្រើនគ្រាប់លើជនរងគ្រោះឈ្មោះយ៉ន រ៉ាវុធ អាយុ៣២ ឆ្នាំជាអ្នកម៉ៅការសំណង់បណ្ដាលឱ្យស្លាប់ភ្លាមៗក្នុងរថយន្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ រ៉ាន ខេមរិន រងរបួសធ្ងន់ស្ថិតនៅឃុំ រក្សជ័យ ស្រុកបាភ្នំ។ ការស្ទាក់បាញ់ ប្រហារនេះដោយសារនគរបាលទទួលបណ្ដឹងថា ពួកគេទាំងពីរនាក់ជាចោរលួចរថយន្តនឹងបានបើករត់ពីភ្នំពេញទៅព្រៃវែង។ បន្ទាប់ពីធ្វើការស្រាវជ្រាវទើបដឹងថា លោក យ៉ន រ៉ាវុធ មិនមែនជាចោរលួចរថយន្តទេ ហើយរថយន្តដែលនគរបាលខេត្តព្រៃវែងស្ទាក់បាញ់នោះ គឺជារថយន្តដែលលោក យ៉ន រ៉ាវុធ ទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣ពាន់ដុល្លារទៀត ប៉ុន្តែត្រូវបានម្ចាស់ដើមឈ្មោះ ផាន់ សុឌី យកទៅជួលឱ្យជនជាតិចិនជិះដែលជាហេតុធ្វើឱ្យលោក យ៉ន រ៉ាវុធ ទៅស្ទាក់យករថយន្តនោះពីជនជាតិចិនវិញ ហើយបានជិះមកស្រុកកំណើតទើបមានបណ្ដឹងថា គាត់ជាចោរលួចរថយន្ត។
ក្រោយហេតុការណ៍នេះកើតឡើង លោក ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យស្វែងរកយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ និងសម្ដែងការសោកស្ដាយដែលករណីបែបនេះមិនគួរកើតឡើងឡើយ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត កាលពីថ្ងៃម្សិលមិញលោក ហ៊ុន សែន បានបញ្ជាក់ថា បើទោះជាចោរពិតក៏ដោយ សមត្ថកិច្ចមិនអាចប្រើអាវុធទៅបាញ់សម្លាប់នោះទេ ប្រសិនបើជននោះគ្មានអាវុធនៅក្នុងដៃសម្រាប់ការពារខ្លួន៖ «បើទោះបីជាវាចោរមែនក៏ដោយ ប៉ុន្តែនៅពេលយើងតាមវាទាន់ត្រូវចាប់វា មិនត្រូវបាញ់អ៊ីចឹងទេ តែនេះហេតុអីបានវាធ្វើដល់ថ្នាក់ប៉ុណ្ណឹងមិនយល់ទេ ហេតុអីបានទៅអ៊ីចឹង។ ឥឡូវចាប់បានមួយហើយនៅសល់មួយទៀតរឿងអស់នេះត្រូវប្រយ័ត្នប្រយែងព្រោះប្រតិបត្តិការប្រដាប់ដោយអាវុធកាត់ក្ដីដោយអាវុធមិនមែនជាជម្រើសល្អទេ»។
លោកបន្តថា៖ «មនុស្សអត់មានអាវុធអីផងហ្នឹងតាមអ្នកដែលនៅរស់គ្នាលើកដៃសំពះទៅទៀតតែបាញ់ដល់ទៅប៉ុន្មានគ្រាប់អំពើទាំងអស់នេះជាអំពើត្រូវដាស់តឿនទៅដល់គ្រប់ទីកន្លែងទាំងអស់គ្មានការចាំបាច់ដែលត្រូវការពារខ្លួនគ្នាអត់មានកាំភ្លើងអីដែលត្រូវការពារខ្លួនផងហើយខ្លួនធ្វើរបៀបអ៊ីចឹង»។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការចាត់វិធានការភ្លាមៗរបស់រដ្ឋាភិបាលនេះ គឺជាចំណុចល្អមួយ ប៉ុន្តែរដ្ឋាភិបាលគួរតែពង្រឹងការអប់រំ និងហ្វឹកហ្វឺនបន្ថែមទៀត ដល់កងកម្លាំងប្រដាប់អាវុធក្នុងការប្រើប្រាស់អាវុធ និងការចុះប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ។លោកបន្តថា ការបង្ក្រាបដ៏ហិង្សាពីសំណាក់កងកម្លាំងប្រដាប់អាវុធលើជនសង្ស័យដែលសង្ស័យ ថា ជាចោរ ឬប្រព្រឹត្តបទល្មើសអ្វីមួយ និងជួនកាលប្រើអំពើហិង្សានិងភ្ជង់កាំភ្លើងលើពលរដ្ឋសាមញ្ញ ដោយគ្រាន់តែមានទំនាស់ពាក្យសម្ដីតិចតួច គឺជាអំពើរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «រយៈពេលចុងក្រោយនេះយើងមានការបារម្ភ ។ អ៊ីចឹងបញ្ហាទាំង អស់នេះ ប្រសិនបើរដ្ឋាភិបាល ឬអាជ្ញាធរមិនបានចាត់វិធានការឱ្យបានតឹងរ៉ឹងទេគឺអាវប្បធម៌នេះ ចេះតែបន្តទៅទៀត ព្រោះនេះជាវប្បធម៌អាក្រក់ ជាគំរូអាក្រក់ » ។
លោកសង្កេតឃើញថា ករណីនគរបាលដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាលើពលរដ្ឋ ក៏ដូចជាបំពេញតួនាទីមិនបានល្អ ពេលចុះបង្ក្រាបបទល្មើស គឺភាគច្រើនគឺជាកូនអ្នកមានអំណាច ឬកូនអ្នកមានបុណ្យសក្តិធំៗដែលធ្វើឱ្យមានការសង្ស័យថា តើពួកគេចូលជាមន្ត្រីនគរបាលនោះតាមលក្ខន្តិកៈនិងគោលការណ៍ត្រឹមត្រូវ ឬក៏តាមរយៈខ្សែស្រឡាយ និងអំពើពុករលួយដោយមិនបានឆ្លងកាត់ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ត្រឹមត្រូវ៖ «យើងជាអ្នកអនុវត្តច្បាប់ជាអ្នកបម្រើរាស្ត្រមិនមែនបាញ់បង្ក្រាបបាញ់មនុស្សដូចបាញ់សត្វ ហើយគេគ្មានអាវុធក្នុងដៃយើងមានអាវុធ ហើយហាក់បីដូចជាចង់បង្ហាញឥទ្ធិពលអំណាចយកអាវុធទៅបាញ់គេតាមទំនើងចិត្តអ៊ីចឹងគឺវាជារឿងមួយធ្ងន់ធ្ងរហើយវាធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលផងដែរ។ អ៊ីចឹងរឿងទាំងអស់នេះរដ្ឋាភិបាល ត្រូវតែពិនិត្យឡើងវិញហើយបើសិនជាមានអ្នកចូលតាមខ្សែតាមស្រឡាយមិនបានចូលតាមសាលាទេក៏គួរតែទៅហ្វឹកហ្វឺនឱ្យមានការអប់រំ និងជំនាញឱ្យបានត្រឹមត្រូវ»។
ករណីមន្ត្រីសមត្ថកិច្ចប្រើអំពើហិង្សាទាំងបំពានច្បាប់លើប្រជាពលរដ្ឋ ឬជនសង្ស័យនេះ ត្រូវបានគេសង្កេតឃើញថា កើតមានជាញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី៨ខែ កុម្ភៈថ្មីៗនេះ ក៏មានមន្ត្រីនគរបាលក្រសួងមហាផ្ទៃមួយក្រុម ព្រួតចាប់ និងប្រើហិង្សាលើមន្ត្រីក្រសួងធនធានទឹកម្នាក់ឈ្មោះ ឡាយ ប៊ុនថូ ដោយច្រឡំថា មន្ត្រីរូបនេះ ពាក់ព័ន្ធគ្រឿងញៀន។ ចំណែកកាលពីថ្ងៃទី២៤ ខែមករា កងកម្លាំងសមត្ថកិច្ចចម្រុះ ៣រយនាក់បានបើកការបាញ់ប្រហារដោយកាំភ្លើងគ្រាប់ពិត និងចាប់ចងអ្នកតវ៉ាដីធ្លី រួចប្រើអំពើហិង្សាយ៉ាងឃោរឃៅ បណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ ដោយគ្រាប់កាំភ្លើង និងជាច្រើននាក់ទៀតរងរបួសដោយការប្រើហិង្សានៅក្នុងការអនុវត្តសាលដីការបស់តុលាការកំពូលលើដីមានវិវាទមួយកន្លែងស្ថិតនៅឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ករណីមួយទៀតគឺនគរបាលផ្សារដេប៉ូ១ មានគ្នា៣នាក់បានចាប់ក្រៀកយុវជនមានសតិមិនសូវល្អម្នាក់ហើយធ្វើការវាយដុំយ៉ាងដំណំ ដោយសារយុវជននោះរករឿងក្នុងគ្រួសារ។
អ្នកជំនាញផ្នែកច្បាប់យល់ថា មូលហេតុ ដែលសមត្ថកិច្ចតែងតែប្រើអំពើហិង្សាលើពលរដ្ឋ ឬជន សង្ស័យនោះ គឺដោយសារពួកគេមិនសូវយល់ដឹងពីច្បាប់ និងតែងតែរួចខ្លួនពីសំណាញ់ច្បាប់ព្រមទាំងទំនងជាទម្លាប់អាក្រក់ ដែលបន្សល់មកពីរបបខ្មែរក្រហម បូករួមទាំងគ្មានគំរូល្អ ពីថ្នាក់ដឹកនាំកំពូលៗថែមទៀតផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។