ពលរដ្ឋខ្មែរដែលរស់នៅតាមបណ្តារដ្ឋមួយចំនួនជាពិសេសតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន(Washington-DC) គឺពួកគាត់ស្គាល់លោក ទន់ សុវណ្ណ ដែលគេតែងហៅតាមរបៀបអាមេរិកាំងថា Dr. Sovan Tun។
ប្រធានសមាគមខ្មែរ-អាមេរិកាំង ព្រះសង្ឃ និងក្រុមគ្រួសារបណ្ឌិត ទន់ សុវណ្ណ ផ្ទាល់បានឲ្យដឹងក្រោយពិធីបូជាសព កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា នៅសហរដ្ឋអាមេរិកថា ក្នុងរយៈពេលជាង៤០ឆ្នាំ រស់នៅលើទឹកដីអាមេរិករហូតដល់ថ្ងៃលោកទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ បណ្ឌិត ទន់ សុវណ្ណ បានបូជាទាំងកម្លាំងកាយ និងបញ្ញាស្មារតី ដើម្បីការងារមនុស្សធម៌ជួយសហគមន៍ខ្មែរ ជាពិសេសជួយពលរដ្ឋខ្មែរ ដែលជាជនភៀសខ្លួនទើបមកកសាងជីវិតថ្មីដោយបាតដៃទទេ និងខ្វះខាតចំណេះដឹងផ្នែកភាសានិងរបៀបរបបរស់នៅថ្មីនៅលើទឹកដីអាមេរិក។
ក្រៅពីនេះទៀត លោកក៏សកម្មណាស់ដែរ លើកិច្ចការអប់រំ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងវប្បធម៌ខ្មែរនៅលើទឹកដីសហរដ្ឋអាមេរិក។ ភរិយារបស់បណ្ឌិត ទន់ សុវណ្ណ គឺលោក ស្រី ង៉ោ យ៉ក់ប៉ាន(បៀន) បានឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីថ្ងៃទី១៦ ខែតុលា ក្រោយពីបុណ្យសពរួចរាល់ថា មួយជីវិតរបស់ស្វាមីគាត់នៅលើទឹកដីអាមេរិកនេះ គឺគាត់ចំណាយពេលច្រើនទៅលើកិច្ចការសង្គម វប្បធម៌ និងសាសនា ដោយមិនសូវខ្វល់ពីការងារផ្ទះប៉ុន្មានឡើយ។
លោកស្រីបន្ថែមថា សូម្បីតែពេលឈឺ សម្រាកនៅមន្ទីរពេទ្យ ក៏លោកនៅព្យាយាមទាក់ទងទៅស្ថានប័នជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងកិច្ចការសហគមន៍ខ្មែរ ដែលមានអ្នកពឹងឲ្យលោកជួយដោះស្រាយ៖ «ការងារគាត់នោះច្រើនណាស់ ឈឺនៅលើគ្រែពេទ្យហើយហ្នឹងក៏នៅមានគេខលមកឲ្យជួយទៀត តែគាត់ថា ធ្វើលែងកើតហើយ »។

ខ្មែរអាមេរិកាំងភាគច្រើនទទួលស្គាល់ថា លោក ទន់ សុវណ្ណ គឺជាកូនខ្មែរម្នាក់ មានចំណេះដឹងជ្រៅជ្រះ មានទេពកោសល្យខ្ពស់ មានបទពិសោធន៍ការងារច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ព្រះចៅអធិការវត្តពុទ្ធិការាម ឬវត្តខ្មែរ ម៉ារីលែន(Maryland) ព្រះតេជគុណ សុវណ្ណជោតោ អ៊ុក ច័ន្ទហន មានថេរដីកាថា ការបាត់បង់លោក ទន់ សុវណ្ណ ផ្ដល់ផលលំបាកជាច្រើន ក្នុងការអភិវឌ្ឍន៍ ការលើកស្ទួយកេរឈ្មោះប្រពៃណី វប្បធម៌ខ្មែរ និងការកសាងទីវត្តអារាមខ្មែរ ដើម្បីឲ្យគេស្គាល់ខ្មែរក្នុងសហគមន៍អន្តរជាតិ។ ជាក់ស្តែង ជាច្រើនឆ្នាំមកនេះ លោក គឺជាមនុស្សសំខាន់មួយរូបក្នុងជួរថ្នាក់ដឹកនាំវត្តពុទ្ធិការាម ដែលជាវត្តខ្មែរធំជាងគេនៅតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន(Washington-DC)។ លោកតែងជួយជ្រោមជ្រែងសហគមន៍ខ្មែរ និងសហគមន៍ជាតិសាសន៍ផ្សេងទៀត ដែលជាជនអន្តោប្រវេសន៍ចម្រុះជាតិសាសន៍៖ « បាត់ម្នាក់ពិបាកដែរ.... គាត់ធ្វើអី ជួយមិនរើសមុខ មិនគិតពេលយប់ថ្ងៃទេ ចំពោះក្រីក្រលំបាក អ្នកខ្លះជួយធ្វើការងារអីទាល់តែមានផលប្រយោជន៍ គាត់អត់ទេ អាត្មាអស់ពីគាត់ដូចវាលដៃជើងយ៉ាងម៉េចមិនដឹងទេ?»។
ព្រះតេជគុណ អ៊ុក ច័ន្ទហន បន្តថា កូនខ្មែរអ្នកចេះដឹងខ្ពស់ បានរៀនដល់ថ្នាក់បណ្ឌិតមានច្រើន ប៉ុន្តែអ្នកដែលយកចំណេះដឹង លះបង់ពេលវេលា និងផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីជួយដល់កិច្ចការសាសនា សហគមន៍ខ្មែរ វប្បធម៌ខ្មែរនោះ គឺមានតិចណាស់៖ «គាត់ជាខ្មែរម្នាក់ដែលប្រឡូកចូលក្នុងសង្គមជ្រៅ ខ្មែរយើងផ្សេងទៀតមានឌុកទ័រច្រើនដែរ តែជ្រៅតែក្នុងផ្ទះគេអត់ចេញមកជួយសង្គមផង ខ្វះអីបណ្ឌិតខ្មែរម៉ាគគោកជុំវិញវត្ត ប៉ុន្តែគេមិនដែលមកវត្តផង មកវត្តក៏មិនដឹងមកធ្វើអី!»។

តើលោកបណ្ឌិត ទន់ សុវណ្ណ ជាអ្នកណា? តើគាត់មានអតីតភាពភាពយ៉ាងដូចម្តេចខ្លះ?
តាមរយៈគ្រួសារ និងឯកសារមួយចំនួន ដែលចងក្រងដោយសង្ខេបអំពីប្រវត្តិនៃការសិក្សា និងការងាររបស់លោក ទន់ សុវណ្ណ បានឲ្យដឹងថា លោក ទន់ សុវណ្ណ កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៤០ ក្នុងខេត្តបាត់ដំបង។
តាំងពីកុមារភាព និងពេលធំពេញវ័យ លោកជាអ្នកឧស្សាហ៍ព្យាយាម និងមានភាពឆ្លាតវ័យក្នុងការសិក្សា និងការងារ។ លោកមានកូនប្រុសស្រីចំនួន៣នាក់។
លោកបានប្រឡងជាប់ អាហារូបករណ៍ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅឆ្នាំ១៩៦២។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោក ទន់ សុវណ្ណ បានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញឆ្នាំ១៩៦៦។
លោកក៏បានចូលទៅបម្រើការងាររាជការនៅក្រសួងកសិកម្ម ដែលពេលនោះ លោកបានបង្រៀននៅសាលាកសិកម្មព្រែកលៀប វិទ្យាល័យខ្មែរ-អង់គ្លេស សាកលវិទ្យាល័យភ្នំពេញ និងសាកលវិទ្យាល័យកសិកម្ម នៅឆ្នាំ១៩៧១។
លោកក៏បានបម្រើការនៅក្នុងរបបសាធារណរដ្ឋខ្មែរនៃលោកសេនាប្រមុខ លន់ នល់ ក្នុងឋានៈជាក្រុមប្រឹក្សាប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជានៅឆ្នាំ១៩៧២។ ពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ចូលទៅរបបខ្មែរក្រហម លោកក៏បានភៀសខ្លួនចេញពីកម្ពុជា ដូចពលរដ្ឋខ្មែរមួយចំនួនទៀតដែរ។ ពេលនោះលោកក៏បាននាយកអង្គការសហប្រជាជាតិ ទទួលលោកឲ្យបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅសហរដ្ឋអាមេរិក ហើយបានបញ្ចប់នៅឆ្នាំ១៩៧៩។ ក្រោយមក លោកក៏បានបន្តយកថ្នាក់បណ្ឌិតទៀត។

ជីវិតរស់នៅសហរដ្ឋអាមេរិក លោកបានបម្រើការងារជាច្រើនឱ្យរដ្ឋាភិបាលអាមេរិករហូតលោកចូលនិវត្តន៍នៅឆ្នាំ២០១៨។
ពាក់ព័ន្ធនឹងការងារសង្គម លោកមានតួនាទីជាច្រើន រួមមាន ជាប្រធានពុទ្ធិកសមាគមព្រះពុទ្ធសាសនា (Cambodia Buddhist Society ) នៅក្នុងទីក្រុងស៊ីលវើស្ព្រីង(Silver Spring) រដ្ឋម៉ារីលែន (Maryland) ជាអនុប្រធានបណ្តាញពុទ្ធសាសនិកនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ជាសមាជិកស្ថាបនិកមួយរូប នៃសមាគមពុទ្ធសាសនិកអន្តរជាតិនៅអាមេរិក ហើយលោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសន្និសីទអន្តរសាសនានៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនផងដែរ។
កាន់តែសំខាន់ទៀតនោះបណ្ឌិត ទន់ សុវណ្ណ បានជួយធានាព្រះសង្ឃខ្មែររាប់សិបអង្គមកគង់នៅវត្តសហរដ្ឋអាមេរិក ជាពិសេសនៅវត្តពុទ្ធិការាមក្នុងរដ្ឋម៉ារីលែន (Maryland) និងបានជួយកិច្ចការសំខាន់ៗជាច្រើនផ្សេងទៀត។
មេដឹកនាំសហគមន៍ខ្មែរដទៃទៀត សោកស្តាយ ដែលបាត់បង់ធនធានមនុស្ស ដូចលោកបណ្ឌិត ទន់ សុវណ្ណ។ ពួកគេថា លោកជាបុគ្គលឆ្នើម និងជាមនុស្សគំរូម្នាក់ផ្នែកបណ្តុះបណ្តាលវិស័យពុទ្ធសាសនា និងកិច្ចការបម្រើសហគមន៍។
ភរិយាបណ្ឌិត ទន់ សុវណ្ណ គឺអ្នកស្រី ង៉ោ យក់ប៉ាន (អានថា៖បៀន) ឲ្យដឹងថា បណ្តាំចុងក្រោយរបស់លោក គឺគាត់មានការសោកស្តាយ ដែលគាត់ទៅចោលក្តីរំពឹងរបស់គាត់ដែលប៉ងប្រាថ្នាថា នឹងជួយសហគមន៍ខ្មែរ កូនខ្មែរ និងព្រះពុទ្ធសាសនាឱ្យបានរីកចម្រើនយូរអង្វែងតទៅមុខទៀត៖ «គាត់ផ្តាំថា កុំឲ្យចោលវត្ត គាត់អាណិតកូនខ្មែរ នៅឯស្រុកគាត់ឃើញលំបាកពេលទៅលេងស្រុកម្តងៗ !»។
លោក ទន់ សុវណ្ណ បានទទួលមរណភាពក្នុងអាយុ ៨១ឆ្នាំ ដោយសាររោគាពាធកាលពីថ្ងៃសៅរ៍ ទី៩ ខែតុលា ឆ្នាំ២០២១ ដោយបន្សល់នូវកូន៣នាក់ និងចៅ៤នាក់ ព្រមទាំងភរិយារបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។