ជីវប្រវត្តិរបស់ប្ដីប្រពន្ធតស៊ូចិញ្ចឹមកុមារកំព្រាជាង៣០នាក់
2013.03.09
ការចិញ្ចឹមបីបាច់កុមាររបស់អតីតសិល្បករទាំងពីរនាក់ប្ដីប្រពន្ធរូបនោះ ពុំមានចំណូលអ្វីក្រៅតែពីសម្ដែងសិល្បៈ ដើម្បីយកកម្រៃបន្តិចបន្តួចមកជួយផ្គត់ផ្គង់អាហារបាយទឹក និងឲ្យកុមារបានទៅសិក្សារៀនសូត្រ។
នៅក្នុងសង្គមខ្មែរសព្វថ្ងៃ ទាក់ទងនឹងបញ្ហាកុមារកំព្រា កុមារជួបការលំបាកក្នុងជីវភាពរស់នៅ គេឃើញនៅតែមានបញ្ហាចោទធ្ងន់នៅឡើយទេ បើទោះបីជាកន្លងមកមានការជួយដោះស្រាយពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនយ៉ាងណាក៏ដោយ។
ប្រការនោះហើយ ទើបមានប្រជាពលរដ្ឋខ្លះដែលមានចិត្តសប្បុរសធម៌ បានស្ម័គ្រចិត្តប្រមែប្រមូលកុមារកំព្រា និងកុមារទីទ័លក្រមួយចំនួន ឲ្យមករស់នៅជាមួយក្នុងក្រុមគ្រួសាររបស់គេ។
ជាក់ស្ដែង ដូចជាគ្រួសារអតីតតារាចម្រៀងកំប្លែង និងអតីតតារាវីដេអូ គឺលោក គង់ វុទ្ធី ហៅនាយ ក្វាន់ ទុង និងអ្នកស្រី ជុំ ណារី ជាដើម។ ទាំងពីរនាក់ប្ដីប្រពន្ធរូបនេះ សព្វថ្ងៃបានទទួលចិញ្ចឹមកុមារកំព្រាគ្មានទីពឹង និងកុមារក្រីក្រប្រមាណជាង ៣០នាក់ ឲ្យមករស់នៅក្រោមដំបូលផ្ទះតែមួយរបស់លោកនៅទីក្រុងភ្នំពេញ។
លោក គង់ វុទ្ធី ហៅនាយ ក្វាន់ ទុង បានប្រាប់ឲ្យដឹងថា តាមពិតទៅ គ្រួសាររបស់លោកមានបញ្ហាខ្វះខាតជីវភាពខ្លាំងណាស់ ប៉ុន្តែប្រការដែលពួកគាត់ពីរនាក់ប្ដីប្រពន្ធបានទទួលចិញ្ចឹមកុមារទាំងនោះ ពីព្រោះបានឃើញពួកគេមិនមានទីពឹងអ្វីសោះ ពិសេសគឺកុមារកំព្រា។
លោកបានបន្ថែមទៀត ដោយរៀបរាប់ពីប្រវត្តិដើមទងដំបូងដែលធ្វើឲ្យរូបលោក និងភរិយា ទទួលចិញ្ចឹមកុមារកំព្រា គឺថា នៅកាលនោះក្នុងអំឡុងឆ្នាំ២០០២ លោកទាំងពីរនាក់ប្ដីប្រពន្ធ ព្រមទាំងតារាសម្ដែងជាច្រើននាក់ទៀត បានចេញទៅសម្ដែងក្នុងពិធីប្រគំតន្ត្រីមួយ នៅខេត្តកំពង់ចាម។ ក្រោយពីសម្ដែងចប់ រៀបនឹងត្រឡប់មកភ្នំពេញវិញ ក៏ស្រាប់តែមានកុមារពីរនាក់បងប្អូន បានដឹកដៃគ្នាមកសុំលោកទៅនៅជាមួយ ដោយប្រាប់ថា ពួកគេជាកុមារកំព្រាឪពុក មានតែម្ដាយ ហើយម្ដាយធ្វើជាកម្មករឡឥដ្ឋ មានជីវភាពរស់នៅលំបាក។
អតីតតារាចម្រៀងកំប្លែងបានបន្តថា ពេលនោះលោកមិនទាន់យល់ព្រមជាមួយក្មេងទាំងពីរនោះភ្លាមៗទេ ហើយក៏ទៅស៊ើបសួរដំណឹងរកម្ដាយរបស់កុមារ។ ម្តាយកុមារក៏បានមកជួបលោកទាំងពីរនាក់ ហើយក៏សុំឲ្យជួយចិញ្ចឹមកូនទាំងពីរនោះផង។ ដោយបានឃើញជាក់ស្ដែងថាគ្រួសារកុមារនោះពិតជាលំបាក លោកទាំងពីរនាក់ប្ដីប្រពន្ធក៏សម្រេចទទួលកុមារនោះមកចិញ្ចឹម ដែលកាលនោះពួកគេមានអាយុប្រមាណ ៧ឆ្នាំ។
លោក គង់ វុទ្ធី៖ «ខ្ញុំក៏យកកូនហ្នឹងមករស់នៅ ប៉ុន្តែខ្ញុំអត់មានអ្វីទេ។ ខ្ញុំហូបតែមីកញ្ចប់ហ្នឹង ជាមួយអំបិលជាមួយអី តស៊ូណាស់ ជីវិតគ្រួសារខ្ញុំពិបាកមែនទែន»។
អ្នកស្រី ជុំ ណារី ដែលជាភរិយា បានប្រាប់ឲ្យដឹងដែរថា ក្រោយពីទទួលកុមារទាំងពីរនាក់បងប្អូនមកចិញ្ចឹម កាលពីឆ្នាំ២០០២ ពេលនោះ គ្រួសាររបស់អ្នកស្រីត្រូវកើនសមាជិកដល់ទៅ ៤នាក់ថែម រួមទាំងកូនស្រីបង្កើតរបស់ខ្លួនឯងម្នាក់ផង ដូច្នេះរូបគាត់ជាឪពុកម្ដាយ ក៏ខិតខំរកប្រាក់ចំណូលឲ្យកើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់កូនៗបានទៅសាលារៀន។
អ្នកស្រីបានបន្ថែមថា ការរកប្រាក់ចំណូលរបស់គាត់ទាំងពីរនាក់ប្ដីប្រពន្ធ គឺគ្មានអ្វីក្រៅពីសម្ដែងសិល្បៈរាំច្រៀង និងកំប្លែងជូនមហាជនទស្សនានោះទេ គឺចេញទៅសម្ដែងនៅតាមខេត្តឆ្ងាយៗក៏មាន ជិតក៏មាន។
នាថ្ងៃមួយនោះ អ្នកស្រី និងស្វាមី បានទៅសម្ដែងនៅក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ក៏បានជួបនឹងស្ត្រីមេម៉ាយទីទ័លក្រមួយរូប មានកូន ៤នាក់ រួមទាំងកូននៅក្នុងពោះផង។ ស្ត្រីមេម៉ាយនោះ បានដឹកដៃកូនបីផង ពរផង ហើយមកសុំអ្នកស្រី និងស្វាមីរបស់អ្នកស្រី ឲ្យជួយចិញ្ចឹមកូនទាំងបីនាក់នោះ ដោយហេតុថា ឪពុករបស់ក្មេងនេះបានស្លាប់ទៅហើយ ដោយត្រូវខ្សែភ្លើងឆក់ក្នុងពេលកំពុងធ្វើការងារនៅក្នុងកន្លែងបូជាសពមួយ នៅក្នុងតំបន់នោះ។
អ្នកស្រីអតីតតារាវីដេអូ បានបញ្ជាក់ទៀតថា ដោយបានដឹងពីទុក្ខលំបាក និងដោយមានការសុំអង្វរពីស្ត្រីជាម្ដាយរបស់កុមារ យ៉ាងដូច្នោះ អ្នកស្រី និងស្វាមី ក៏បានសម្រេចគ្នាជួយយកកុមារកំព្រាឪពុកទាំងបីនាក់នោះ មកចិញ្ចឹមទៀត៖ «ខ្ញុំមើលឃើញថា វាកំសត់ពេក សឹងថាដូចជានាងបដាចាអីចឹង មានអាដឹកដៃផង មានអាពរផ្ទៃពោះផង ហើយមានអាយុ៥ ហើយ មានអា៦-៧អីចឹង»។
ការទទួលចិញ្ចឹមកុមារកំព្រា និងកុមារក្រីក្ររបស់អតីតតារាចម្រៀងកំប្លែង លោក គង់ វុទ្ធី ឬនាយ ក្វាន់ ទុង និងភរិយា គឺអ្នកស្រី ជុំ ណារី ក៏បានឮតៗគ្នាទៅដល់ភូមិស្រុកមួយចំនួន នៅពេលដែលតារាទាំងពីររូបនោះបានទៅសម្ដែងសិល្បៈនៅទីនោះ។
ដោយបានដឹងដូច្នោះ អ្នកស្រុកដែលមានជីវភាពខ្វះខាតទីទ័លក្រ និងកុមារកំព្រាដែលគ្មានទីពឹងនៅក្នុងភូមិស្រុកនោះ ក៏បានមកស្នើសុំដល់តារាគូស្វាមីភរិយាទាំងពីររូបនោះ ឲ្យជួយយកក្មេងៗនោះមកចិញ្ចឹមជាបន្តបន្ទាប់ រហូតឡើងចំនួនដល់ ៦០នាក់។
ដោយសារតែមានកុមារបានមកសុំស្នាក់នៅកាន់តែកើនឡើងៗ ហើយដើម្បីកុំឲ្យមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ទាំងពីរនាក់ប្ដីប្រពន្ធ ក៏ទៅសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃ ដើម្បីបង្កើតជាសមាគមមួយដែលមានឈ្មោះថា "សមាគមសិល្បៈចម្រុះ កុមារជ័យប្រាជ្ញ"។
លោក គង់ វុទ្ធី ហៅនាយ ក្វាន់ ទុង បានមានប្រសាសន៍ថា ក្រោយពីបានបង្កើតសមាគមរួចមក បន្ទុកនៃការចិញ្ចឹមបីបាច់កុមាររបស់រូបលោក និងភរិយា កាន់តែមានការពិបាកខ្លាំង ប៉ុន្តែដោយមានទឹកចិត្តអាណិតក្មេងៗកំព្រា និងក្រីក្រ ពួកលោកទាំងពីរនាក់ប្ដីប្រពន្ធ ក៏ចេះតែប្រឹងប្រែងតស៊ូទៅសម្ដែងសិល្បៈយកប្រាក់ចំណូលមកឧបត្ថម្ភកូនៗចិញ្ចឹម។
លោកបានបន្ថែមថា ទោះជាយ៉ាងនេះក្តី បញ្ហាជីវភាពកាន់តែប្រឈមមុខខ្លាំង ពីព្រោះតម្រូវការរបស់កុមារកាន់តែច្រើន ហើយវ័យរបស់គេក៏កាន់តែធំ ដូច្នេះទាំងសម្ភារៈសិក្សា និងម្ហូបអាហារប្រចាំថ្ងៃ ក៏កើនឡើងច្រើនទៅតាមនោះដែរ។
ដោយមិនដឹងដោះស្រាយតាមវិធីណាផ្សេង ពីព្រោះរូបលោកទាំងពីរនាក់ប្ដីប្រពន្ធមានចំណេះដឹងតែផ្នែកសិល្បៈ ហេតុដូច្នោះហើយ ក៏នាំគ្នាសម្រេចចិត្តបង្ហាត់បង្រៀនកុមារឲ្យចេះសម្ដែងសិល្បៈ គឺបង្ហាត់នៅពេលដែលកុមារសម្រាកពីការរៀនសូត្រនៅថ្ងៃអាទិត្យ។
លោកបានឲ្យដឹងទៀតថា លោកបានជួយបង្ហាត់កុមារ និងជួយចិញ្ចឹមបីបាច់រក្សារហូតដល់កុមារខ្លះបានធំពេញវ័យ ហើយក៏រៀបឲ្យមានគូស្រករមួយចំនួន និងកុមារខ្លះទៀតដែលនៅមានម្ដាយ ក៏វិលត្រឡប់ទៅនៅជាមួយម្តាយរបស់គេវិញ។ មកដល់សព្វថ្ងៃនេះ នៅសល់កុមារ និងយុវវ័យចំនួនជាង ៣០នាក់ ដែលលោកកំពុងតែគ្រប់គ្រង និងបន្តឲ្យរៀនសូត្រ។
លោក គង់ វុទ្ធី ឬនាយ ក្វាន់ ទុង បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះលោកមានអាយុជាង ៦០ឆ្នាំហើយ ហើយសុខភាពមិនសូវល្អមាំមួនទេ។ ប្រការនោះហើយ ទើបលោកជំរុញឲ្យកូនៗនាំគ្នាស្វែងរកប្រាក់ចំណូលដោយខ្លួនឯងខ្លះៗ ទៅតាមរយៈការសម្ដែងសិល្បៈដូចរូបលោកដែរ៖ «ប៉ុន្តែមិនមែនចេះតែយកកូនទៅដើរសម្ដែងទេ លុះត្រាតែថ្ងៃវ៉ាកង ថ្ងៃឈប់បុណ្យ កម្មវិធីបុណ្យអីទេ»។
អ្នកស្រី ជុំ ណារី ភរិយាអ្នកចម្រៀងកំប្លែង បានមានប្រសាសន៍ប្រាប់ដែរថា បើទោះបីជាពួកគាត់ និងកូនៗចិញ្ចឹម បាននាំគ្នារកប្រាក់ចំណូលតាមរយៈការសម្ដែងសិល្បៈយ៉ាងនេះក៏ដោយ ប៉ុន្តែមិនអាចទប់ទល់ជីវភាពបានទេ ពីព្រោះការចំណាយក្នុង១ថ្ងៃៗ ដូចជាទិញម្ហូបអាហារ បាយទឹកសម្រាប់កូនៗដែលមានគ្នាចំនួនជាង ៣០នាក់ គឺអស់ជាង ១០ម៉ឺនរៀល។
រីឯការរកចំណូលវិញ តាមរយៈការសម្ដែងសិល្បៈនោះ គឺជួនកាលបានតិចជាងចំណាយនេះក៏មាន។ ដោយហេតុថា នូវរាល់ការចេញទៅសម្ដែងសិល្បៈ ទាំងរូបគាត់ជាឪពុកម្តាយ និងកូនៗ គឺសម្ដែងឲ្យអ្នកស្រុកទស្សនា ហើយបើគេអាណិត គេក៏ដាក់ជាបច្ច័យលុយកាក់ទៅតាមកម្លាំងសទ្ធាដែលគេមាន៖ «មួយពាន់ក្តី ពីរពាន់ក្តី គេដាក់ឲ្យចា៎ គេសម្លឹងមើលឃើញក្មេងៗសុទ្ធតែកំព្រា រស់ដោយសារម្តាយឪពុកចិញ្ចឹមហ្នឹង»។
លោក គង់ វុទ្ធី ឬនាយ ក្វាន់ ទុង បានប្រាប់ឲ្យដឹងដែរថា ការចិញ្ចឹមបីបាច់កូនៗកុមារកំព្រាដែលលោកបានជួយសព្វថ្ងៃនេះ គឺឆ្នៃប្រឌិតទៅតាមគំនិតរបស់ខ្លួនឯងសុទ្ធសាធ ដោយពុំមានជំនួយឧបត្ថម្ភពីខាងក្រៅណាមួយឡើយ។ លោកបានឲ្យដឹងទៀតថា ការមិនស្វែងរកជំនួយពីក្រៅនេះ មិនមានន័យថាលោកមិនចង់ពឹងឲ្យគេជួយនោះទេ ប៉ុន្តែបញ្ហា គឺលោកមិនដឹងជាស្វែងទៅរកទីណា។
ទាក់ទងនឹងប្រវត្តិគ្រួសារលោក គង់ វុទ្ធី ឬនាយ ក្វាន់ ទុង បានឲ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ មុនពេលប្រទេសកើតសង្គ្រាម លោកជាកូនចៅអ្នកមានទ្រព្យធនម្នាក់នៅក្នុងខេត្តនោះ ហើយក៏បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាដែរ ដែលនៅពេលនោះលោកក៏ជាអ្នកនិពន្ធអក្សរសិល្ប៍មួយរូបក្នុងទសវត្សរ៍ទី៧០។
លោកបញ្ជាក់ទៀតថា លោកបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម កាលពីអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នៅក្នុងរបបនោះ លោកបានបាត់បង់ឪពុកម្តាយ បងប្អូន ព្រមទាំងភរិយា។ ចំណែកឯអ្នកស្រី ជុំ ណារី ជាភរិយារបស់លោកសព្វថ្ងៃ គឺលោកបានជួបគ្នាជាគូស្រករ បន្ទាប់ពីប្រទេសបានរំដោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។