ពលរដ្ឋ​ខេត្ត​តាកែវ​តវ៉ា​បិទ​ផ្លូវ​និង​ដុត​កង់ឡាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួសជុល​ផ្លូវ

ដោយ ជាតិ ចំណាន
2018.03.20
Share on WhatsApp
Share on WhatsApp
តវ៉ា​បិទ​ផ្លូវ តាកែវ ដីហុយ ៦២២ សកម្មភាព​ពលរដ្ឋ​ស្រុក​ទ្រាំង និង​ស្រុក​បុរីជលសារ ខែត្រ​តាកែវ តវ៉ា​បិទ​ផ្លូវ និង​ដុត​កង់ឡាន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨។
Photo Provided

ពលរដ្ឋ​ចំនួន​៣​ឃុំ នៅ​ស្រុក​ទ្រាំង និង​ស្រុក​បុរីជលសារ ខែត្រ​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នាំគ្នា​តវ៉ា បិទ​ផ្លូវ និង​ដុត​កង់ឡាន ដើម្បី​តវ៉ា​ដី​ហុយ​ខ្លាំង និង​ទាមទារ​ឲ្យ​អាជ្ញាធរ ជួសជុល​ផ្លូវ​ឡើងវិញ ព្រោះ​ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នេះ អះអាង​ថា ខ្លះ​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ដី​ហុយ​ខ្លាំង។ អាជ្ញាធរ​សន្យា​ជាមួយ​ពលរដ្ឋ​ថា នឹង​រក​ដំណោះស្រាយ នៅ​ថ្ងៃ​ទី​២១ មីនា ខាងមុខនេះ។

ពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​គ្រួសក្រហម ក្នុង​ស្រុក​ទ្រាំង និង​ស្រុក​បុរីជលសារ អះអាង​ថា ការ​ដុត​កង់ឡាន ដោយសារតែ​អាជ្ញាធរ បាន​បណ្ដោយ​ឲ្យ​ឡាន ដឹក​គ្រឿងសំណង់ ស៊ីម៉ង់ និង​សម្ភារៈ ពី​ព្រំដែន​ប្រទេស​វៀតណាម ចូល​ដោយ​សេរី និង​បាន​បំផ្លាញ​ផ្លូវ​មួយ​នេះ ខូច​ខ្ទេចខ្ទី បណ្ដាល​ឲ្យ​អ្នកស្រុក រង​ផល​ប៉ះពាល់ ហិត​ដី​ហុយ​រាល់ថ្ងៃ។ អ្នកស្រុក​អះអាង​ថា ពួកគាត់​មួយ​ចំនួន​បាន​ធ្លាក់ខ្លួន​ឈឺ​កើត​នូវ​ជំងឺ​ផ្សេងៗ ដោយសារ ដី​ដែល​ហុយ​ចូល​ផ្ទះ​រាល់ថ្ងៃ។

ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ នៅ ឃុំ​អង្គខ្នុល ស្រុក​ទ្រាំង ម្នាក់​ប្រាប់​ថា ពលរដ្ឋ​នៅ​ឃុំ​អង្គខ្នុល ប្រហែល ៦០​នាក់ បាន​នាំគ្នា​ដុត​កង់ឡាន នៅ​លើ​ផ្លូវ​ដែល​ខូច​នោះ ហើយ​បន្ទាប់ពី​ដុត​រួច អាជ្ញាធរ​ថ្នាក់ ឃុំ និង​ស្រុក បាន​មក​សម្របសម្រួល ដើម្បី​ឲ្យ​ពលរដ្ឋ​បញ្ឈប់​សកម្មភាព និង​សន្យា​ថា មក​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅ​២​ថ្ងៃ​បន្ទាប់៖ «បាទ​ដុត​កង់ឡាន​តវ៉ា​ព្រោះ​ផ្លូវ​វា​ហ៊ុយ​ព្រោះ​ឡាន​វា​មក​ឈូស​ដី​ហ៊ុយ​គ្មាន​ទំនេរ ហ៊ុយ​ពេញ​ផ្ទះ​អស់ហើយ គ្នា​ធ្វើ​មិនបាន​បាន​ធ្វើ​អ៊ីចឹង»

លោក​អះអាង​ថា ការ​នាំ​គ្នា​ដុត​កង់ឡាន ទាមទារ​ឲ្យ​មានការ​ជួសជុល​ផ្លូវ​នេះ មិន​មាន​ការ​ញុះញង់​ទេ ប៉ុន្តែ ជា​ការ​ទាមទារ​ធ្វើឡើង​ដោយសារ​ពលរដ្ឋ ក្នុង​គោលបំណង​ឲ្យ​មានការ​ជួសជុល​ផ្លូវ​នេះ ឡើងវិញ។ ពលរដ្ឋ ដែល​នាំគ្នា​ធ្វើ​សកម្មភាព​ដុត​កង់ឡាន ទាមទារ​ឲ្យ​មានការ​ជួសជុល​ផ្លូវ ទទូច​ឲ្យ​អាជ្ញាធរ កុំ​លាប​ពណ៌​ពួកគេ ថា ជា​ក្រុម​នយោបាយ ឬ​ជា​ក្រុម​ញុះញង់ ដើម្បី​គេចវេះ​ពី​ការ​ទទួលខុសត្រូវ ដោយ​គ្រាន់តែ​ដោះស្រាយ​ករណី​ដី​ហុយ​ខ្លាំង ប៉ះពាល់​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទៅ។

ពលរដ្ឋ​ម្នាក់ទៀត រស់​នៅ​ក្នុង​ឃុំ​ដូងខ្ពស់ ស្រុក​បុរីជលសារ ឈ្មោះ ប៊ុន ធឿន ឲ្យ​អាស៊ីសេរី​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ ឆ្លងកាត់​ឃុំ៣ គឺ​ឃុំ​ព្រៃស្លឹក ឃុំ​អង្គខ្នុល ស្រុក​ទ្រាំង និង​ឃុំ​ដូងខ្ពស់ របស់​ស្រុក​បុរីជលសារ។ លោក​ថា ផ្លូវ​នេះ ពិត​ជា​មាន​លក្ខណៈ​ហុយ​ខ្លាំង។ ពលរដ្ឋ​រូប​នេះ អះអាង​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ជូន​ពលរដ្ឋ​ទេ អ្នកស្រុក​បុរីជលសារ អាច​នឹង​នាំគ្នា​តវ៉ា ដុត​កង់ឡាន​លើ​ផ្លូវ​នេះ ដូច​អ្នក​រស់នៅ​ស្រុក​ទ្រាំង​ដែរ៖ «បញ្ហា​ផ្លូវ​ដង្ហើម​នឹង​វា​ធ្ងន់ធ្ងរ​ដែរ​នឹង​ដូចជា​កូន​ខ្ញុំ​អី​បើ​ភូមិ​ខ្ញុំ​មានការ​ធ្វើ ខ្ញុំ​ចូលរួម​ដែល​ឥលូវ ប៉ុន្តែ​គ្រាន់តែ​ភូមិ​ខ្ញុំ​អត់​មាន​អ្នកណា​គេ​ធ្វើ»

ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ក្រាល​គ្រួស​ក្រហម​មួយ​នេះ មើល​ឃើញ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ ផ្លូវ​ខូច​ដោយសារ ឡាន​ដឹកទំនិញ​ធំៗ ដែល​យក​ទំនិញ​មកពី​ព្រំដែន​ប្រទេស​វៀតណាម បើក​ធ្ងន់ៗ ទើប​បណ្ដាល​ឲ្យ​ផ្លូវ​ខូច​ធ្ងន់ធ្ងរ និង​មាន​ដី​ហុយ​ខ្លាំង។ ទំនិញ ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម តាម​ផ្លូវ​ទឹក ដឹក​តាម​កាណូត ឬ​កប៉ាល់ មក​សំចត នៅ​ម្ដុំ​សាលាស្រុក​បុរីជលសារ មាន​គ្រឿងសំណង់ ស៊ីម៉ង់ ដែក ជាដើម ត្រូវ​បាន​ពលរដ្ឋ អះអាង​ថា ដឹក​បន្ត​តាម​ឡាន​ធំៗ យ៉ាង​គគ្រឹកគគ្រេង តាម​ផ្លូវ​ក្រាល​គ្រួស​ក្រហម កាត់​តាម​មុខ​ផ្ទះ​របស់​ពួកគាត់ ជា​រៀងរាល់ថ្ងៃ។

អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​អភិបាលស្រុក​ទ្រាំង និង​ស្រុក​បុរីជលសារ បាន​ទេ ចំពោះ​ករណី​ដី​ហុយ​ខ្លាំង និង​ការ​បិទផ្លូវ ដុត​កង់ឡាន តវ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មីនា នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើលឃើញ​ថា ការ​ដឹកនាំ​ជាង​៣០​ឆ្នាំ របស់​គណបក្ស​កាន់អំណាច ដែល​តែង​អួត​ថា មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ រហូត​មកនេះ មិនទាន់​ត្រឹមត្រូវ​ទេ។ ម្យ៉ាងទៀត លោក សន ជ័យ យល់ថា ការ​បណ្ដោយ​ទុក​ឲ្យ​ផ្លូវ​ហុយ​ទ្រលោម ដែល​ពលរដ្ឋ​ទ្រាំ​មិនបាន ដល់​ថ្នាក់​ដុត​កង់ឡាន​តវ៉ា​បែបនេះ គឺ​បណ្ដាល​មក​ពី​គណនេយ្យភាព​សង្គម របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​តាកែវ នៅ​មាន​បញ្ហា៖ «ខ្ញុំ​យល់​ថា ការអភិវឌ្ឍន៍​ប្រទេស​មួយ​ដែល​នៅ​តែ​មាន​ដី​ហ៊ុយ​បែបនេះ​ខ្ញុំ​យល់ថា វា​មិន​ទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ក្នុង​ការ​អភិវឌ្ឍន៍​នៅ​ឡើយ​នោះ​ទេ ការ​ឆ្លើយ​តប​ដោយ​មានការ​សមស្រប​ជាមួយ​ពលរដ្ឋ​នឹង ទី​១ គេ​ហៅថា​គេ​គួរ​រក​មធ្យោបាយ កុំ​ឲ្យ​ដី​ហ៊ុយ ហើយ​ទី​២ អាជ្ញាធរ​ខេត្ត​តាកែវ​ខ្លួនឯង​នឹង​គួរតែ​រក​វិធី​ណា​ល្អ​ជាង​នេះ​ដូចជា​ការ​ចាក់​ផ្លូវ​កៅស៊ូ​ផ្ដល់​ជូន​ពលរដ្ឋ»

សម្រាប់​ដំណោះស្រាយ​វិញ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​គួរតែ​រក​វិធី​ជួល​ជុល​ផ្លូវ ឬ​ក្រាល​កៅស៊ូ តាម​សំណើ​របស់​ពលរដ្ឋ​ឲ្យ​ខាង​តែ​បាន។ ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​វិញ អះអាង​ថា ប្រសិនបើ​ការ​ដោះស្រាយ​នៅ​ថ្ងៃ​ទី​២១ មីនា នៅតែ​គ្មាន​ប្រសិទ្ធភាព ពួកគេ​នឹង​ដុត​កង់​ឡាន​តវ៉ា​ខ្លាំង​ជាង​មុន នៅ​ចំពោះ​មុខ​អាជ្ញាធរ​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។