អង្គការស្នាមញញឹមនៃកុមារ ហៅកាត់ថា ប៉េ.អេស.អឺ (PSE) នៅថ្ងៃទី២ ខែមិថុនា ចាប់ផ្ដើមយុទ្ធនាការ "បេសកកម្ម ១០០" ប្រកាសរៃអង្គាសថវិកាអោយបានចំនួន ១០០លានរៀល ដើម្បីគាំទ្រកម្មវិធីអប់រំសម្រាប់កុមារក្រីក្រកម្ពុជា ដែលមិនមានឱកាសរៀនសូត្រ។
បេសកកម្ម ១០០ ដែលចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែកញ្ញា គឺស្វះស្វែងរកថវិកា ១០០លានរៀល ក្នុងរយៈពេល ១០០ថ្ងៃ តាមរយៈការបរិច្ចាគរបស់ប្រជាជនកម្ពុជា ចាប់ពីក្រដាសប្រាក់ ១០០រៀលឡើងទៅ។
នាយកផ្នែកកម្មវិធីរបស់អង្គការដើម្បីភាពញញឹមនៃកុមារ លោក ពិន សារ៉ាពេជ្រ បញ្ជាក់ថា ថវិកាដែលប្រមូលបាន នឹងយកទៅប្រើសម្រាប់កម្មវិធីសិក្សា (Accelerated Learning Studies) នៅមជ្ឈមណ្ឌល ប៉េ.អេស.អឺ ដែលមានកុមារ ៦៦០នាក់។
លោកបន្ថែមថា ថវិកា ១០០លានរៀល នឹងត្រូវចំណាយលើអាហារូបត្ថម្ភ ការថែទាំសុខភាព ការថែទាំសាលារៀន ការគាំទ្រសង្គម និងគាំទ្រគ្រួសារកុមារក្រីក្រ ដែលមិនមានឱកាសសិក្សា។ លោកជឿជាក់ទៅលើការផ្ដល់ការអប់រំដល់កុមារ ដើម្បីអាចជួយពួកគេងើបចេញពីភាពក្រីក្រ៖ «កម្មវិធីនេះភាគច្រើន សម្រាប់អាយុ ១០ ឬ ១១ អ្នកខ្លះដល់ ១៥ឆ្នាំ គាត់អត់ដែលបានចូលរៀនសោះ។ ដូច្នេះបើសិនយកទាំងនេះចូលរៀនជាមួយក្មេងៗ ៦ឆ្នាំ ពួកគាត់រៀនមិនកើតទេ បោះបង់ចោលហើយ មិនអាចរៀនកើតទេ ដូច្នេះ មួយឆ្នាំយើងបង្កើត ២ថ្នាក់»។
លោក ពិន សារ៉ាពេជ្រ ថ្លែងទៀតថា យុទ្ធនាការបែបនេះជាយុទ្ធនាការច្នៃប្រឌិតថ្មី ដើម្បីផ្ដល់ឱកាសជាលើកទីពីរ ដើម្បីជួយកុមារក្រីក្រដែលបោះបង់ការសិក្សាពាក់កណ្ដាលផ្លូវឲ្យត្រឡប់ចូលសាលារៀនវិញ។ គម្រោងនេះ ជាដំណាក់កាលដំបូងផ្ដល់ការអប់រំមូលដ្ឋានដល់កុមាររយៈពេលបីឆ្នាំ ហើយបន្ទាប់ពីកុមារទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ។

នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ប្រ៊ែនស៍ ខំម្ញូនីខេសិន (Brains Communication) លោក ឡូរ៉ង់ ណូទីន (Laurent Notin) ក៏បានសហការចូលរួមយុទ្ធនាការនេះ ដើម្បីរ៉ៃអង្គាសថវិកាសម្រាប់អង្គការ ប៉េ.អេស.អឺ។ លោកកត់សម្គាល់ថា ប្រជាជនមានជីវភាពធូរធារមួយចំនួនតែងបំភ្លេចចោលនូវក្រដាសប្រាក់ ១០០រៀល ដោយទុកចោលក្នុងហោប៉ៅ ក្នុងកាបូប ក្នុងថតតុ និងលើតុជាដើម។
លោកបន្តថា គំនិតផ្ដួចផ្ដើមការរៃអង្គាសក្រដាសប្រាក់ ១០០រៀល ជានិមិត្តរូបដើម្បីប្រមូលក្រដាសប្រាក់សម្រាប់ផ្ដល់នូវទីសង្ឃឹមជីវិតទីពីរដល់កុមារក្រីក្រ។
ជាអ្នកចម្រៀង និងអ្នកនិពន្ធចម្រៀងជនជាតិខ្មែរ-អាមេរិកាំង កញ្ញា ឡូរ៉ា ម៉ម ស្ម័គ្រចិត្តធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់យុទ្ធនាការ ១០០ (Mission Ambassador)។ កញ្ញាពន្យល់ថា នាងចង់ក្លាយជាផ្នែកមួយនៃការផ្ដល់ពន្លឺ និងការអប់រំរបស់កុមារក្រីក្រ ហើយនាងចង់ឃើញកុមារក្រីក្រកម្ពុជា ទទួលបានការអប់រំ៖ «បើសិនយើងគាំទ្រយុវជនយើង យើងនឹងបានកសាងស្រុកខ្មែរល្អម្ដងទៀត។ ខ្ញុំស្រលាញ់ស្រុកខ្មែរមែនទែន ហើយចង់ឃើញស្រុកខ្មែរឡើងជោគជ័យម្ដងទៀត»។
ប្រអប់បរិច្ចាគសម្រាប់បេសកកម្ម១០០ នឹងដាក់នៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហាង ប្លូ ផាមឃីន (Blue Pumpkin) ភោជនីយដ្ឋាន ឌីម សាំ អ៊ីមផឺរ៉ (Dim Sum Emperor) អ៊ីមផឺរ៉ អូហ្វ ឆៃណា (Emperor of China) តូប៉ាស (Topaz) ហាងនំបុ័ង អ៊ីរិច ខាយស័រ (Eric Kayser) រោងភាពយន្តលេជេន (Legend Cinema) ហាង ឆាថែមស៍ (Chatime) តូបលក់សៀវភៅ ម៉ញូមែន ប៊ុក (Monument Books) និងតាមរយៈ វីង (Wing) និង ផេយ៍ អែន ហ្គោ (pay&go)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។