ពលរដ្ឋ​និង​​សង្គម​ស៊ីវិល​ស្នើសុំ​អាជ្ញាធរ​​​រឹត​​បន្តឹង​​បម្រាម​​​​លក់​​គ្រឿង​​ស្រវឹង​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​

0:00 / 0:00

ពលរដ្ឋ​ និង​​អង្គការ​សង្គម​​ស៊ីវិល​លើក​​ឡើងថា​ បំរាមលក់​គ្រឿង​​ស្រវឹង​ក្នុង​​អំឡុង​ពេល​​ចូល​ឆ្នាំ​ខ្មែរ​​នេះ​នឹង​មិន​​អាច​ទៅ​រួច​ទេ​បើ​អាជ្ញាធរ​មិន​​​ព្រម​​រឹត​បន្តឹង​​ការ​​អនុវត្ត​។

យុវជន​​ម្នាក់​រស់​នៅ​​រាជធានី​ភ្នំពេញលោក ខាន់ ភូមិន្ទ ​​ជំរុញ​​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន​រឹត​បន្តឹង​​ការ​លក់​គ្រឿង​​ស្រវឹង ក្នុង​​មូលដ្ឋាន​​របស់​ខ្លួន​ព្រោះ​កន្លែង​​លក់​​គ្រឿង​ស្រវឹង​​មាន​​ច្រើន ងាយ​​នឹង​មាន​​ករណី​​លួច​លក់គ្រឿងស្រវឹង។ លោកគាំទ្រ បំរាម​លក់​គ្រឿង​ស្រវឹង ក្នុង​ពិធី​បុណ្យ​ធំៗ​របស់​ជាតិ ដើម្បី​កាត់​បន្ថយអំពើ​​ហិង្សា និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាដើម៖ « ខ្ញុំ​គិត​ថា អាជ្ញាធរ គាត់​​ប្រឹងប្រែង​រារាំង​ឬ​ក៏​ប្រកាស​ហាមឃាត់​ (​ លក់​គ្រឿង​ស្រវឹង )​ អ៊ីចឹង​ណា​បង។ រឿង​មួយ​ចំនួន ​នៅ​តែ​កើត​មាន មិន​អត់​ទេ។ តែ​គ្រាន់​ថា មិន​អាច​កើត​ឡើង​ជា​ទ្រង់ទ្រាយ​ធំ ជួប​ជុំ​គ្នា ជា​លក្ខណៈ​ធំ។ ប៉ុន្តែ តូចតាច​ ខ្ញុំ​គិត​ថា វា​អាច​មាន​។ នេះ​ជា​យោបល់​ខ្ញុំ។ ប៉ុន្តែ​ វា​អាច​ជួយ​បាន​ច្រើន​ កាត់​បន្ថយ​បាន​ច្រើន។ បើ​ទោះ​បី គាត់​​លួចលាក់​ហូប​តិចតួច អា​ហ្នឹង ជា​សិទ្ធិ​របស់​គាត់។ ប៉ុន្តែ​បើ​កាលណា អាជ្ញាធរ​ដឹង ជា​រឿង​មួយ ដែល​ត្រូវ​ប្រឈម​ដែរ»។

អាជ្ញាធរ​​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន (កណ្ដាល កំពង់ឆ្នាំង ជាដើម) បាន​ដាក់​ចេញ​បំរាម​លក់​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ ៣​ថ្ងៃ ដើម្បី​ទប់​ស្កាត់​ការ​ជួប​ជុំ​គ្នា និង​​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​​​(Covid-19)។​ ក្នុង​រយៈ​ពេល​នេះ​ អាជ្ញាធរក៏​បាន​ណែនាំឲ្យ​តាម​ហាង​លក់​​ចំណី​អាហារ​ ភោជនីយដ្ឋាន កន្លែង​លក់​កាហ្វេ ហាង​លក់​ភេសជ្ជៈ​​ ជាដើម​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អតិថិជន​ ហូប​នៅ​នឹង​កន្លែង​ទេ គឺ​​ត្រូវ​តែ​​​វិច​ខ្ចប់​​​អាហារ​ យក​ទៅ​ពិសា​​ នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ជា​ដាច់​ខាត។

ជាមួយ​គ្នា​នេះ អភិបាល​​​រាជធានី​ភ្នំពេញលោក ឃួង ស្រេង នៅ​ថ្ងៃ​ទី​១៣ ខែមេសា បាន​ចេញ​សេចក្ដី​សម្រេច បន្ត​អនុវត្ត​វិធានការ​​រដ្ឋបាល​​បណ្ដោះ​អាសន្ន​​រយៈ​ពេល​​ពីរ​​សប្ដាហ៍​ទៀត គឺ​រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមេសា​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។

វិធានការ​ទាំង​នោះ មាន​ដូចជា បន្ត​​ឲ្យ​ផ្អាក​ការ​ធ្វើ​ដំណើរ​ និង​​ហាម​ឃាត់​ការ​ទទួល​ទាន​អាហារ ភេសជ្ជៈ និង​​គ្រឿង​ស្រវឹង​ជុំ​គ្នា នៅ​​ចន្លោះ​ម៉ោង ​៨​យប់ ដល់​ម៉ោង ​៥​ព្រឹក។ អ្នក​ល្មើស​បម្រាប​នេះ នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ស្ដីពី​ការ​ទប់ស្កាត់​​ការ​ឆ្លង​ជំងឺ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​បទដ្ឋាន​គតិយុត្តិ​​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ពាក់ព័ន្ធ​នឹង​​អ្នក​ល្មើស​បម្រាប​លក់​គ្រឿង​ស្រវឹង​ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​​ពិន័យ​តាម​ច្បាប់​ ប្រសិន​បើ​​រក​ឃើញ​ថា មាន​ករណី​លួច​លក់​គ្រឿង​ស្រវឹង​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋនិង​អ្នក​ពាក់ព័ន្ធ​គោរព​​បំរាម​​របស់​​អាជ្ញាធរ និង​ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ប្រសិន​បើ​ទីតាំង​ណា លួច​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ចូល​ឆ្នាំ។ លោកបញ្ជាក់​ថា អាជ្ញាធរនឹង​បិទ​កន្លែង​ប្រកប​អាជីវកម្ម​នោះ​មិន​ឲ្យ​បើក​ដំណើរ​ការ​វិញ​ទេ​ ​ ប្រសិន​បើ​រក​ឃើញថា មាន​ករណីលួច​លក់​គ្រឿង​ស្រវឹងក្នុង​ថ្ងៃ​ចូលឆ្នាំ។ ចំណែក​អ្នក​លួច​ជួបជុំ​គ្នា​ពិសា​គ្រឿង​ស្រវឹង លោក​ថា ក៏​នឹង​ត្រូវ​រង​ពិន័យ​ដែរ៖ «​ អា​ហ្នឹង គេ​ដើរ​ចាប់​រាល់​តែ​យប់។ គេ​ដើរ​គោះ​រាល់​យប់​។ គេ​ដើរ​ចាប់​យក​ទៅ​តុលាការ មាន​បី បួន នាក់ គេ​ចាប់​បាន។ រួច​សុំ​ជម្រាប​ជួន​ផង កន្លែង​ណា ដែល​លួច​លក់​គ្រឿង​ស្រវឹង​ហ្នឹង គឺ​ប្រឈម​នឹង​ការ​បិទ​ហាង ឈប់​ឲ្យ​ប្រកប​អាជីវកម្ម។ អា​ហ្នឹង សុំ​ប្រាប់​ទៅផង»។

សង្គម​ស៊ីវិល ស្វាគមន៍​បំរាម​នេះ តែ​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បង្កើន​ការ​​ផ្សព្វផ្សាយ និង​ចុះ​អនុវត្ត​ក្នុង​មូលដ្ឋាន ទើបបំរាម​លក់​គ្រឿង​ស្រវឹង​ ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរមាន​ប្រសិទ្ធិ​ភាព។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​​អភិវឌ្ឍន៍​ និង​សន្តិភាពលោក យង់ គឹមអេង ជំរុញ​ ឲ្យ​​អាជ្ញាធរ​ដាក់​បំរាម​លក់​គ្រឿង​ស្រវឹង​នៅ​គ្រប់​​កន្លែង​ទាំង​អស់ទូទាំង​ប្រទេស ​ដើម្បី​ទប់​ស្កាត់​ការ​ជួប​ជុំ​គ្នា ​និង​ជា​ការ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​ពលរដ្ឋ ក្នុង​ស្ថាន​ភាព​ជួប​វិបត្តិ​​កូវីដ​១៩។ ម្យ៉ាង​ទៀត លោក​​ថា ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​​ដូច្នេះ​ ​ពលរដ្ឋ​​មិន​គួរ​​​នាំ​គ្នាពិសា​គ្រឿង​ស្រវឹង​ទេ៖ « បម្រាប​នេះ នឹង​មាន​ប្រសិទ្ធិ​ភាព​ល្អ​ប្រសើរ​ទៅ​បាន​ គឺ​ទាល់​តែ​អាជ្ញាធរ​ហ្នឹង គាត់​មាន​ការ​ចូលរួម​ តាម​ដាន​ការ​អនុវត្ត​ហ្នឹង​។ ជា​​ពិសេស​ គឺ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង គឺ​ត្រូវ​តែ​​តាមដាន នូវ​ការ​អនុវត្ត​ហ្នឹង​ ឲ្យ​បាន​​សម្រេច​ដែរ បើ​សិន​ជា​គ្រាន់​តែ​ចេញ​វិធានការ​ ហើយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​ពី​អាជ្ញាធរ​​ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សង្កាត់​ហ្នឹង មិន​អាច​ជោគជ័យ​បាន​ទេ គឺ​ភាគ​ជោគជ័យ​ ឬ​មិន​ជោគជ័យ​ នៃ​វិធានការ​នេះ គឺ​អាជ្ញាធរ​នៅ​ដែនដី​ផ្ទាល់»។

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក បង្ហាញ​ថា ​រៀង​រាល់​ឆ្នាំ មាន​​មនុស្ស​ប្រមាណ​​បី​លាន ​(៣.០០០.០០០)​​ នាក់​ ស្លាប់​ ដោយសារផល​ប៉ះពាល់​​បង្ក​ពី​ការ​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង តាម​រយៈ​ជំងឺ​ជាង​ពីរ​រយ (២០០) ​ប្រភេទ​​ដូចជា ជំងឺ​មហារីក​បំពង់​អាហារ មហា​រីក​ថ្លើម លើស​សំពាធ​ឈាម ស្ទះ​សរសៃ​ឈាម​បេះដូង និង​ខួរក្បាល ក្រិន​ថ្លើម រលាក​លំពែង ជំងឺ​វិកលវិបល្លាស ជាដើម។ ក្រៅពី​ផលវិបាក​នៃ​សុខភាព ការ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង បង្ក​អោយ​មាន​គ្រោះថ្នាក់​ចរាចណ៍ អំពើ​ហិង្សា ​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ និង​បញ្ហា​សង្គម ជាច្រើន​ទៀត។

ប្រជាពលរដ្ឋ​ និង​សង្គម​ស៊ីវិល ​ស្នើសុំ​​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គ្រប់​រូប​ភាព កាត់​បន្ថយ​ភាព​ងាយ​ស្រួល​រក​ទិញ​គ្រឿង​ស្រវឹង ការ​កំណត់​អាយុ​​អ្នក​ទិញ និង​អាយុ​​អ្នក​ពិសា​គ្រឿង​ស្រវឹង និង​ការ​ដំឡើង​ថ្លៃ​ពន្ធ​​​លើ​ផលិត​ផល​គ្រឿង​ស្រវឹងឲ្យ​ខ្ពស់​ ជាដើម ដើម្បីកាត់​បន្ថយការ​ប្រើប្រាស់​គ្រឿងស្រវឹង​នៅកម្ពុជា​៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។