អ្នក​ជំនួញ​ធំៗ សម្រុក​​​ចូល​​លុយ​​ជួយ​​​កាកបាទ​ក្រហម​ ​ខណៈ​អ្នក​​​​​ក្រីក្រ​ខ្លះ​​មិន​​ទទួល​​បាន​​ជំនួយ​​​

0:00 / 0:00

កាកបាទ​ក្រហម​​កម្ពុជា​ នឹង​​បន្ត​​ផ្អាក​ការ​​ប្រារព្ធ​កម្ម​វិធី​​មិទ្ទិង​​ថ្នាក់​ជាតិ​​ទៀតនៅ​ឆ្នាំ​​នេះ ​ដោយ​មូល​ហេតុ​​ការ​រីក​រាល​ដាល​​​ជំងឺ​កូវីដ​១៩​ (Covid-19)។ ​តែ​យ៉ាង​ណា​ ស្ថាប័ន​​​មនុស្ស​ធម៌​​មួយ​នេះ​ អំពាវនាវ​​ឲ្យ​​សប្បុរស​ជន​​ចូលរួម​​​វិភាគទាន​​ សម្រាប់​​ជួយ​​ឧបត្ថម្ភ​​ដល់​​ពលរដ្ឋ​​ងាយ​​រង​គ្រោះ​។​

​​អគ្គ​លេខាធិការ​រង​​ទី​១​​ និង​​ជា​​អ្នក​នាំ​ពាក្យ​​កាក​បាទ​​ក្រហម​​កម្ពុជា​​អ្នកស្រី​ ម៉ែន នារី​សោភ័គ​​ ប្រាប់​​អាស៊ី​សេរី​​ថា កាក​បាទ​​ក្រហម​​ចាប់​ផ្ដើម​​ទទួល​​​វិភាគ​ទាន​​​ពី​​ដើម​​ខែ​​មេសា​​​នេះ​ត​ទៅ​​​ ហើយ​​មាន​​សប្បុរស​ជន​​ជាច្រើន ​បាន​ចាប់​ផ្ដើម​​ចូលរួម​​វិភាគ​ទាន​ជា​បន្ត​បន្ទាប់​​ហើយ។ ​អ្នក​ស្រីអះអាង​ថា​ ថវិកា​ដែល​​កាកបាទ​ក្រហម​​កម្ពុជា​ ​រ៉ៃអង្គាស​បាន​​ត្រូវ​​ជួយ​​ដល់​​ជន​​ក្រីក្រ​​ងាយ​រង​គ្រោះ​​ទូទៅ​​ដោយ​​គ្មាន​​ការ​​រើស​អើង​​​នយោបាយ​​ទេ។​ នៅ​ឆ្នាំ​នេះ​ កាក​បាទ​​​ក្រហម​​កម្ពុជា​ នឹង​​បន្ថែម​​​​សកម្មភាព​​ជួយ​​ពលរដ្ឋ​រងគ្រោះ​​ពី​​​វិបត្តិ​​ជំងឺ​កូវីដ​​១៩៖ « យើង​អត់​មាន​​ប្រកាន់​​និន្នាការ​​នយោបាយ​​ទេ។ យើង​​ឲ្យ​តែ​​ឃើញមាន​​ភាព​រងគ្រោះ​​ យើង​​ជួយ​​ហើយ។ យើង​​មិន​​ដែល​​ប្រកាន់​​និន្នាការ​​នយោបាយ​​ទេ។ ​មិន​អ៊ីចឹង ​ប្រជាពលរដ្ឋ​​ជាង​​ដប់​មួយ​​ម៉ឺន​​គ្រួសារ​​​ហ្នឹង​ យើង​​ដើរ​សួរ​គេ​​ហើយ ​អ្នក​​ឯង​​នយោបាយ​​អ្វី ?​ គឺ​យើង​​មិន​​ដែល​​​យក​​រឿង​​នយោបាយ​មក​​ដាក់​ជា​​ទុន​ទេ​ គឺ​​យើង​​ត្រូវ​ដើរ​​ទៅ​លើ​​គោលការណ៍​​មនុស្ស​ធម៌​​របស់​យើង»។

អ្នកស្រី ម៉ែន​ នារី​សោភ័គ បន្ត​​ថា​​ ​កន្លង​មក​ កាកបាទ​​ក្រហម​​បាន​​ជួយ​​​​ឧបត្ថម្ភ​​ជា​​ស្បៀង​អាហារ​សម្រាប់​​ពលរដ្ឋ​រងគ្រោះ​ពី​​​គ្រោះ​ធម្មជាតិ​ ភ្លើង​ឆេះ​ផ្ទះ​ជាដើម។​ បន្ថែម​​ពី​នេះ​ កាក​បាទ​ក្រហម​​ក៏​​បាន​​​ជួយ​ជា​អណ្ដូង​ទឹក​ តាម​ភូមិ​​ឃុំ ​ដែល​​នៅ​តំបន់​​ដាច់​​ស្រយាល​​ផង​ដែរ។​ អ្នកស្រីនារី​សោភ័គ ​បញ្ជាក់​​​ថា​ ​ជន​ងាយ​​រងគ្រោះ​​​ មិន​​ចាំ​​បាច់​​​​ដាក់​​សំណើ​សុំ​​ជំនួយក៏​​​​នឹង​​ទទួល​បាន​​ការ​​ជួយ​​ឧបត្ថម្ភ​ដែរ​ ព្រោះ​​ស្ថាប័ន​​មនុស្ស​ធម៌​​មួយ​​នេះមាន​​បណ្ដាញ​ទូទាំង​​ប្រទេស​។

ទោះ​ជា​​មាន​​ការ​​អះអាង​បែប​​នេះ​ ​តែ​​ពលរដ្ឋ​​ក្រីក្រ​​រស់នៅ​​ក្នុង​​សហគមន៍​​មាន​​ជម្លោះ​​ដីធ្លី​ខ្លះ​អះអាង​​ថា ​ពួកគាត់​មិន​​ដែល​​ទទួល​​បាន​​ការ​​ជួយ​​ឧបត្ថម្ភ​​ពី​កាក​បាទក្រហម​​កម្ពុជា​​ទេ។​ ពលរដ្ឋ​ម្នាក់​​នៃ​​សហគមន៍​​ជម្លោះ​ដីធ្លី​​ ​១៩៧គ្រួសារ​​ នៅ​​ស្រុក​​ស្រែ​អំបិល​ ខេត្ត​កោះកុង​ លោកស្រី ដេត​ ហ៊ួរ ​បញ្ជាក់​​ថា​ អ្នក​ភូមិ​ចង់​​បាន​​អំណោយ​​ និង​​ការ​​ជួយ​​ឧបត្ថម្ភ​​ពី​​កាក​បាទ​ក្រហ​ម​ និង​​អាជ្ញាធរ​ណាស់ តែ​ស្ថាប័ន​​ទាំង​ពីរ​​នេះ​មិន​យក​​ចិត្ត​ទុក​ដាក់​​ជួយ​​អ្ន​ក​​ក្រី​ក្រ​ ក្នុង​​សហគមន៍​ទេ​ និង​​បន្ថែម​​ការ​ចោទ​​ថា​ ពួក​គាត់​​ជា​ក្រុម​ប្រឆាំង​​ទៅ​វិញ។

តំណាង​​សហគមន៍​​រូប​នេះស្នើសុំ​ឲ្យ​​ស្ថាប័ន​រដ្ឋ​ និង​​ស្ថាប័ន​​មនុស្ស​ធម៌​កាកបាទ​​ក្រហម​​កម្ពុជា​​​ជួយ​ទំនុក​បម្រុង​ និង​​ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​​សហគមន៍​ឲ្យ​​​ទទួល​​បាន​​​ការ​​ឧបត្ថម្ភ​ ​​ដូច​អ្នក​ក្រីក្រ​​ផ្សេង​​ទៀត និង​​បញ្ឈប់​​ការ​​រើស​អើង​ដោយសារ​​តែ​សកម្មភាព​​តវ៉ា​ទាមទារ​​ដីធ្លី​​ពួកគាត់​៖ « អត់​ដែល​បាន ( ជំនួយ )​ សោះ​ ខាង​​កាក​បាទ​​ក្រហម។ ​និយាយ​រួម​ទៅ ​ខ្ញុំ​សឹង​តែ​​អត់​ស្គាល់​​កាកបាទ​​ក្រហម​​ហ្នឹង​ជា​អ្វី ! ​ យើង​​មិន​​ដែល​បាន​​ទទួល​​អ្វី​ពី​គាត់​​សោះ​​ អ៊ីចឹង​​ណា។ ពួក​ខ្ញុំ​នេះ ​អត់​​ដែល​​បាន​​ទៅ​​ពឹង​​ពាក់​​អ្វី​ទេ ​ដោយសារ​តែ​​យើង​​អត់​ស្គាល់​ ហើយ​​ក៏​មិន​​ដឹង​​ថា​ ទៅ​ពឹង​​ពាក់​តាម​​ខ្សែ​​រយៈ​អ្នក​ណា​ ហើយ​​រាល់​​ថ្ងៃ​ភូមិ​ឃុំ ​ក៏​គាត់​​​មាន​​​ដែរ​ តែ​​គាត់​​អត់​​ស្រង់​ឈ្មោះ​​ពួក​​យើង​​ ឃើញ​​ពួក​​យើង​​អត់​​អ្វី​អ៊ីចឹង​​ទៅ។ រង​​ទុក្ខ​វេទនា​​ ដោយសា​រ​ដី​​ហើយ​ ត្រូវ​ពិបាក​​ដោយសា​រ​កូវីដ​ហើយ ​ជំពាក់​បំណុល​គេ​ ហើយ​គាត់​​អត់មាន​​មើល​​ឃើញ។ អ៊ីចឹង​ហើយ ​យើង​​អត់​ដឹង​​​ថា​ ត្រូវ​​ទៅ​​ពឹង​​ពាក់​​នរណា​​ដែរ​​ណា»។

សហគមន៍​​ក្រីក្រ​ផ្សេង​​ទៀត​ ដែល​តែង​​ចេញ​​តវ៉ា​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី ក៏​​មិន​​ដែល​​​ទទួល​​បាន​​អំណោយ​​ពី​កាក​បាទ​​ក្រហម​​កម្ពុជា​​ដែរ​។​ តំណាង​ស​ហគមន៍​​​បឹង​​ឈូក​​អេ​ ​(A) ​នៅ​​ម្ដុំ​ផ្លូវ​​រថភ្លើង​ ខណ្ឌ​ឫស្សីកែវ​​​ លោក ស៊ឹម​ វីរៈ អះអាង​ថា​ អ្នក​ក្នុង​​សហគមន៍​​នេះ​ តែងតែ​​ផ្ដាំ​​តាម​​អាជ្ញាធរ​សុំ​ជំនួយ​​នានា​ ទាំង​​ជំនួយ​​រដ្ឋ ជំនួយ​​កាក​បាទ​​ក្រហម​​កម្ពុជា​ និង​​ជំនួយ​​សប្បុរសជន​​នានា ​តែ​មិន​​ទទួល​​បាន​​ការ​យក​​ចិត្ត​ទុក​ដាក់​​ទេ។

លោកសង្ស័យ​ថា​ អាជ្ញាធរ​ចាត់​ទុក​ ក្រុម​​អ្នក​រស់​​នៅ​​​​ម្ដុំ​ផ្លូវ​រថភ្លើង​ ថា​ជា​ក្រុម​​បក្ស​ប្រឆាំង​ទើ​ប​​មិន​​ព្រម​​​អើពើ​​​ពី​សុខទុក្ខ​​របស់​​អ្នក​ក្រីក្រ​​ទាំង​អស់​​​នេះ។ ​លោកបន្ត​​ទៀត​​ថា​ អ្នក​ក្រីក្រ​ ក្នុ​ង​​សហគមន៍​បឹង​ឈូក​​អេ ​ចាប់​ផ្ដើម​​ដុនដាប​សឹ​ង​​តែ​​ធ្លាក់​ខ្លួន​​​ចង់​ដាច់​បា​យ​ម្ដងៗ​​ទៅ​ហើយ​ ចាប់​តាំង​ពី​​រ​ង​​វិបត្តិ​​ជំងឺ​​កូវីដ​​១៩​ ក្នុង​​ព្រឹត្តិការណ៍​សហគមន៍​​២០​ កុម្ភៈ​​មក។​ លោកចង់​ឲ្យ​​អាជ្ញាធរ​ រាយការណ៍​​ទៅ​កាកបាទ​ក្រហម​ ដើម្បី​ផ្ដល់​ជំនួយ​​ឲ្យ​ពលរដ្ឋ​រស់​នៅ​​ក្នុង​​សហគមន៍​ផង៖ « ពួក​ខាង​ខ្ញុំ ទៅ​ដាក់​សុំ​អំណោយ​​ខាង​កាក​បាទ​ក្រហម​មែន ខ្ញុំ​អត់​អាច​ដាក់​បាន​ទេ។ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​គេ​អត់​ទទួល​ស្គាល់​សហគមន៍​ផង។ គេ​អត់​ទទួល​ស្គាល់​សហគមន៍ ហើយ​យើង​ដាក់​លិខិត​​ទៅ​សុំ​គេ​ក៏​អត់​មាន​ន័យ​អ្វីដែរ»។​​

កាកបាទក្រហម​កម្ពុជា​ក៏​​រង​ការ​រិះគន់​ថា មិន​បាន​ប្រកាន់​ខ្ជាប់​តាម​គោល​ការណ៍​គ្រឹះ​​ រួមមាន​​ ​​មនុស្សធម៌ ភាព​មិន​លំអៀង អព្យាក្រឹត​ភាព ឯករាជ្យ​​ និង​សកល​ភាព​របស់​ខ្លួន​ឡើយ។

នាយក​ប្រតិបត្តិ​​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​​កម្ពុជា​លោក សន ជ័យ ស្វាគមន៍​​​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ការ​ពង្រីក​​សកម្មភាព​​ជួយ​ពលរដ្ឋ​ងាយ​រងគ្រោះ ក្នុង​​​វិបត្តិ​​ជំងឺ​កូវីដ​​១៩។ តែ​យ៉ាង​ណា លោកជំរុញ​​ឲ្យ​​កាកបាទ​ក្រហម​​កម្ពុជា​ឈរ​លើ​​គោលការណ៍​​គ្រឹះ​​របស់​ខ្លួនទើប​មិន​រង​ការ​ចោទ​​ថា​ ធ្វើ​សកម្មភាព​​ក្នុង​រូបភាព​រើស​​អើង​​នយោបាយ​៖ « កាក​បាទ​ក្រហម​នេះ​ គឺ​មាន​​ការ​​​ជួយ​​ពលរដ្ឋ​​ដែល​រង​គ្រោះ​​ណា។ ប៉ុន្តែ​​បរិបទ​ថ្មី​​នេះ អ្នក​ដែល​​រងគ្រោះ​ដោយសារ​​កូវីដ​១៩​ នេះ​ មាន​​ចំនួន​​ច្រើន​​មែន​ទែន។ ពិសេស​គឺ​ក្រុម​​អ្នក​​ដែល​​គេ​ហៅ​ថា ​​រក​ស៊ី​មួយ​ពោះ​រស់​មួយ​ខ្លួន គឺ​អ្នក​​រក​ស៊ី​មួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ​ហ្នឹង។ អ៊ីចឹង ខ្ញុំ​គិត​ថា ក្រុម​គោល​ដៅ​ថ្មី ​គឺ​​ពួកគេ​គួរ​​តែ​​បាន​​ការ​​ជួយ​​ពី​កា​ក​​បាទ​ក្រហម»។

កាល​ពី​ឆ្នាំ​២០២០ កាក​បាទ​​ក្រហម​​កម្ពុជា​ទទួល​បាន​​ថវិកា​​ពី​​សប្បុរសជនជាង​​ដប់​លាន​ (១០.៦៦៩.២៦២) ដុល្លារ​អាមេរិក។ ភាគ​ច្រើន​ ​អ្នក​ជំនួញ​រក​ស៊ី​​ធំៗ នៅ​​កម្ពុជា​​ជា​អ្នក​​ជួយ​​ឧបត្ថម្ភ​លុយ​​ទាំង​​អស់​​នេះ។ ក្នុង​នោះមាន​​​អ្នក​ជំនួញ​​​ខ្លះ​ជាប់​ឈ្មោះ​​ក្នុង​​បញ្ជី​រកស៊ី​ទុច្ចរិត​​ ដូចជា ​កាប់​បំផ្លាញ​​​​​ព្រៃ​ឈើ​ និង​​រំលោភ​បំពាន​យក​ដី​ពលរដ្ឋ​ដែល​មាន​​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​​​សហរដ្ឋ​អាមេរិក​ ឬ​​​ក្នុង​បញ្ជី​ខ្មៅ​​នៃ​​អង្គការ​​អន្តរជាតិ​​ ដូច​ជា​ ​លោក ទ្រី ភាព​ លោក​ លី យ៉ុងផាត់ ជាដើម។ ​ឈ្មួញ​មាន​​ឈ្មោះ ​ក្នុង​បញ្ជី​ខ្មៅ​ទាំង​នេះ​​តែងតែ​​​ឧបត្ថម្ភ​លុយ​ដល់​រដ្ឋាភិបាល​​តាម​​ការ​​​អំពាវនាវ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។