ប្រជាពលរដ្ឋជាកម្មករកម្មការិនីបោសសម្អាតសួនសាធារណៈ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្អូញត្អែរថា ធ្វើការងារច្រើនម៉ោង តែទទួលបានប្រាក់ខែតិចតួច គឺមិនសមស្របទៅនឹងភារកិច្ចប្រចាំថ្ងៃ។ ពួកគាត់បញ្ជាក់ថា ប្រសិនបើកម្មករណាឈប់នៅថ្ងៃបុណ្យជាតិ និងនៅក្នុងម៉ោងធ្វើការងារដោយពុំមានការអនុញ្ញាតទេ នឹងត្រូវមេការកាត់ប្រាក់ម្នាក់ ៩ពាន់រៀលក្នុងពេលឈប់មួយថ្ងៃ។
ជីវិតជាកម្មករបោសសម្អាតសួនសាធារណៈនៅក្រុងបាត់ដំបង ក្មេងចាស់ប្រុសស្រី គឺពួកគាត់ម្នាក់ៗធ្វើការក្នុងមួយថ្ងៃពីរពេល គឺពេលព្រឹកចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ១០ព្រឹក និងនៅពេលរសៀលចាប់ពីម៉ោង ២ ដល់ម៉ោងប្រមាណ ៤ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ គឺឈប់សម្រាកនៅថ្ងៃអាទិត្យមួយថ្ងៃក្នុងមួយសប្ដាហ៍។
ក្រុមកម្មករបោសសម្អាតសួននៅក្រុងបាត់ដំបង រៀបរាប់បណ្ដើរបោសសម្អាតសួនបណ្ដើរថា ការងារបោសសម្អាតសួនរបស់ពួកគាត់ជាការងារមួយលំបាកលំបិននៅក្រោមកម្ដៅថ្ងៃ គឺរកប្រាក់បានត្រឹមតែដោះស្រាយ ដើម្បីរស់ពីមួយថ្ងៃទៅមួយថ្ងៃប៉ុណ្ណោះ៖ «មិនដឹងទៅរកអីចេះតែធ្វើសិនទៅ បើមានកន្លែងណាប្រាក់ច្រើនខ្ញុំទៅហើយ ម៉ោង ១០ ចេញទៅផ្ទះទៅដាំបាយដាំទឹក ហើយចេញការងារនេះបើមានគេហៅទៅបោកអ៊ុតខោអាវ ខ្ញុំនឹងទៅធ្វើបន្តទៀត។ ការងារនេះហត់ខ្លាំងតែខែនេះឯង ដល់ខែវស្សាអីលែងអីហើយ»។
ពួកគាត់ត្អូញត្អែរថា ទទួលបន្ទុកការងារច្រើន តែទទួលបានប្រាក់ខែតិច ដោយម្នាក់ទទួលបានប្រាក់ចំនួន ២២ម៉ឺនរៀលក្នុងមួយខែ ដែលប្រាក់ចំនួននេះមិនសមស្របនឹងការងារដែលធ្វើប្រចាំថ្ងៃឡើយ។ ពួកគាត់បញ្ជាក់ថា ប្រាក់ខែតិចតួចជារឿងមួយលំបាកទៅហើយ ប៉ុន្តែអ្វីដែលលំបាកជាងនោះ គឺធ្វើការងារជាប្រចាំពុំថាជាថ្ងៃឈប់សម្រាកថ្ងៃបុណ្យជាតិនោះឡើយ៖ «ធ្វើការងារនៅនេះខ្ញុំមិនដែលបានទទួលទេប្រាក់ឧបត្ថម្ភពីខាងក្រៅនោះ។ ហើយថ្ងៃបុណ្យជាតិសំខាន់យ៉ាងណា ក៏គេមិនឲ្យខ្ញុំសម្រាកដែរ ហើយពេលឈប់មួយថ្ងៃគេកាត់ ៩ពាន់រៀល ខ្ញុំសុំគេ ៣០ម៉ឺនរៀលមួយខែ តែឡើងមិនបានទេ»។
ទោះយ៉ាងនេះក្ដី អ្នកស្រីថ្លែងមិនឲ្យបញ្ចេញឈ្មោះទៀតថា ចាប់តាំងពីពួកគាត់ធ្វើការងារជាអ្នកបោសសម្អាតសួនក្នុងក្រុងបាត់ដំបង មក គឺមានកម្មករកម្មការិនីខ្លះធ្វើការរហូតដល់ជិត ១០ឆ្នាំហើយក៏មាន ហើយការងារកន្លងមក ម្នាក់ៗមិនធ្លាប់ទទួលប្រាក់ឧបត្ថម្ភបន្ថែមពីស្ថាប័នណាមួយនោះទេ គឺទើបតែអាជ្ញាធរខេត្តបាត់ដំបង ផ្ដល់ប្រាក់ឲ្យកាលពីបុណ្យចូលឆ្នាំខ្មែរកន្លងទៅម្ដងប៉ុណ្ណោះ៖ «កន្លងមកធ្លាប់លោកអភិបាលខេត្តបាត់ដំបង ឲ្យម្នាក់ ១០ម៉ឺនរៀលក្នុងរដូវចូលឆ្នាំខ្មែរ គ្រាន់ចាយវាយខ្លះដែរ ព្រោះគាត់អាណិត។ ចំណែកឯរឿងមិនកាត់ប្រាក់ខែពេលឈប់អី ធ្លាប់អភិបាលថានឹងជួយដោះស្រាយឲ្យដែរ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទទួលបានលទ្ធផលនៅឡើយទេ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគ្រប់គ្រងការងារកម្មករបោសសម្អាតក្រុងបាត់ដំបង លោក វណ្ណា មានប្រសាសន៍ទទួលស្គាល់ថា កម្មករបោសសម្អាតសួនសាធារណៈក្នុងក្រុងបាត់ដំបង ពិតជាទទួលប្រាក់ខែតិចតួចមែន ហើយថា រឿងប្រាក់ខែតិចនេះលោកពុំមានលទ្ធភាពជួយពួកគាត់ទាំងនោះបានទេ៖ «រឿងហ្នឹងអន្តរក្រសួង គឺក្រសួងហិរញ្ញវត្ថុ និងមុខងារសាធារណៈជាអ្នកកំណត់មក ពុំមែនខេត្តជាអ្នកកំណត់ឲ្យប្រាក់ខែ ២២ម៉ឺនរៀលនោះទេ។ ហើយខាងខេត្តយើងចេះតែរិះរកផ្សំឲ្យពួកគាត់បានប្រាក់ខែប៉ុណ្ណឹង»។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ (Licadho) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ប្រាក់ខែ ២២ម៉ឺនរៀលសម្រាប់កម្មករបោសសម្អាតសួនសាធារណៈ ជាប្រាក់ខែតិចតួចមិនគ្រប់គ្រាប់សម្រាប់ដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់ឡើយ។ លោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ គួរគិតគូរដំឡើងប្រាក់ខែកម្មករបោសសម្អាតឲ្យបានសមរម្យ ដូចកម្មករនៅក្នុងស្ថាប័នដទៃទៀតដែរ ដើម្បីឲ្យពួកគាត់បោសសម្អាតទីសាធារណៈឲ្យបានស្អាត ជាមុខមាត់របស់ប្រទេសជាតិ៖ «អ្នកបោសសម្អាតទីក្រុងយើងមើលឃើញមានសារសំខាន់ណាស់ ព្រោះអ្នកមានទ្រព្យប៉ុណ្ណាក៏ដោយ គឺមិនអាចរស់នៅក្នុងក្រុងដែលមានសុទ្ធតែសំរាមពេញក្រុងនោះទេ»។
សព្វថ្ងៃ កម្មករកម្មការិនីបោសសម្អាតសួនសាធារណៈក្នុងក្រុងបាត់ដំបង សរុបប្រមាណ ៦០នាក់។ ពួកគេទាំងនោះទទួលខុសត្រូវបោសសម្អាតសួនក្នុងក្រុង មានជាអាទិ៍ សួនតាមមាត់ស្ទឹងសង្កែ សួននៅមុខសាលាខេត្តបាត់ដំបង និងសួនសាធារណៈមួយចំនួនទៀតជុំវិញក្រុង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។