ពលរដ្ឋមួយចំនួនមិនពេញចិត្តចំពោះការចាប់ខ្លួន និងការចោទសកម្មជនបរិស្ថានទាំង ៣នាក់ទេ។ ពួកគាត់ទាមទារឲ្យមន្ត្រីតុលាការដោះលែងសកម្មជនបរិស្ថាន និងសកម្មជនសង្គមទាំងអស់ឲ្យមានសេរីភាពឡើងវិញ។
យុវជនរស់នៅរាជធានីភ្នំពេញ និងជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ហ៊ឹម អ៊ឹមរ៉ន មិនទាន់ជឿថាយុវជនទាំង៣នាក់ គឺកញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និងលោក យីម លាងហ៊ី មានកំហុសដូចការចោទប្រកាន់ទេ។ យុវជនរូបនេះ ចង់ឲ្យមន្ត្រីតុលាការបង្ហាញភស្តុតាងបញ្ជាក់ពីបទល្មើសរបស់យុវជនទាំង៣នាក់ជាសាធារណៈ។ លោក ក៏សោកស្ដាយចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរលើយុវជនទាំង៣នាក់នេះដែរ៖ « វាធ្វើឲ្យយុវជនជំនាន់ក្រោយដែលចង់ធ្វើអ៊ីចឹងដែរវាមកបង្អាក់ឲ្យខ្លាចៗអ៊ីចឹងណា។ទោះជាមិនមែនខ្លួនឯងខ្លាចក៏សមាជិកក្រុមគ្រួសារហ្នឹងខ្លាចដែរ។នឹងមានការហាមឃាត់។ឧបមាថាកូនគាត់ចង់បញ្ចេញយោបល់អ្វី ? ឧបមាថាគាត់ឃើញសំរាមច្រើនអ្វីគាត់ចង់បញ្ចេញយោបល់ថាសំរាមច្រើន ការចោលសំរាមអ៊ីចឹងមិនល្អទេវាប៉ះពាល់ដល់បរិស្ថាន ម៉ាក់ប៉ាគាត់ឃើញម៉ាក់ប៉ាគាត់ថាឲ្យហើយមើលទៅគេចាប់អ៊ីចឹងណា។វាប៉ះពាល់អ៊ីចឹង។ខ្ញុំគិតដល់អ្នកជំនាន់ក្រោយច្រើនជាង។ខ្ញុំគិតថាបច្ចុប្បន្នវារឿងហ្នឹងហើយតែវាអាចប៉ះពាល់ដល់ភាពក្លាហានឬក៏ឱកាសយុវជនជំនាន់ក្រោយណា»។
ពលរដ្ឋម្នាក់ទៀតគឺជាអាជីវករលក់ដូរនៅរាជធានីភ្នំពេញ សុំលាក់ឈ្មោះ និយាយថាលោកមោទនភាពនៅក្នុងចិត្ត ដែលឃើញយុវជនជាបន្តបន្ទាប់មានបេះដូងស្រលាញ់ជាតិខុសពីមន្ត្រីមួយចំនួន។ លោកទាមទារឲ្យតុលាការដោះលែងយុវជនបរិស្ថាន និងយុវជនសង្គមទាំងអស់ ឲ្យមានសេរីភាពវិញ៖ « ខ្ញុំសរសើរដែរក្រុមយុវជនទាំងអស់ មិនថាយុវជនខ្មែរថាវរៈ យុវជនបរិស្ថានធ្វើហ្នឹងគឺជាការល្អប្រពៃហើយដែលធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានទទួលផលតែបើវាមិនចេះមើល គឺមិនដឹងទេណា»។
ចំណែកយុវតី ដែលតែងតែចូលរួមសកម្មភាពសង្គម កញ្ញា ហូ ស្រីនិច ហៅការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់និងការប្រើបទចោទធ្ងន់ធ្ងរនេះ គឺជាការបំបាក់ស្មារតីយុវជនលែងឲ្យហ៊ានធ្វើកិច្ចការងារសង្គម។ កញ្ញាទាមទារឲ្យតុលាការដោះលែងសកម្មជនទាំង ៣នាក់វិញ ដោយឥតលក្ខខណ្ឌ៖ « ខ្ញុំចង់ឲ្យរដ្ឋាភិបាលដោះលែងពួកគាត់ទាំង៣នាក់នោះវិញ។ ពួកគាត់ទាំង៣គ្រាន់តែជាយុវជន ដើម្បីការពារព្រៃឈើ ការពារបរិស្ថាន ដើម្បីជួយដល់ពលរដ្ឋខ្មែរ។ សុំឲ្យដោះលែងពួកគាត់អ៊ីចឹងណា ដោយសារតែពួកគាត់អត់មានកំហុសអ្វីដែលធ្វើអ្វីធ្ងន់។ អត់មានថាទៅកាប់ព្រៃឈើ ទៅឆក់ប្លន់គេទេ។ គាត់មានតែជួយពលរដ្ឋខ្មែរតែប៉ុណ្ណឹង»។
សកម្មជនបរិស្ថាន លោកស្រី លឹម គឹមស័រ យល់ឃើញដូចពលរដ្ឋដទៃទៀតដែរ គឺការចោទប្រកាន់យុវជនទាំង៣នាក់ គឺជាចេតនាបំបាក់ស្មារតីសុទ្ធសាធ។ លោកស្រី ទាមទារឲ្យតុលាការដោះលែងអ្នកទាំង៣ និងសកម្មជនបរិស្ថានផ្សេងទៀត៖ « មានទោសក្បត់ជាតិ ទាល់តែគាត់មានអាវុធមានអ្វីនៅក្នុងដៃ។ តែនេះមានឯណាគាត់យកតែពាក្យសំដី មានតែកាមេរ៉ាមួយដើមសម្រាប់ថតសកម្មភាពបង្ហាញសាធារណៈជន ហើយបង្ហាញទៅអាជ្ញាធរឲ្យគាត់មើលឃើញពីចំណុចខ្វះខាតរបស់គាត់ហ្នឹង។ អ៊ីចឹងមានរឿងអ្វី ត្រូវចាត់ទុកថាជាទោសក្បត់ជាតិ ហើយកាលដែលគាត់ធ្វើអ៊ីចឹងវាដូចជាការគំរាមកំហែងដល់យុវជនផ្សេងទៀត ដែលកំពុងធ្វើការរឿងបរិស្ថានហ្នឹង»។
រីឯអ្នកប្រើបណ្ដាញសង្គម (facebook) ក៏បង្ហាញប្រតិកម្មខ្លាំងដែរ ចំពោះការចោទយុវជនបរិស្ថានទាំង ៣នាក់នេះ។ អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ ម៉ើ ច័ន្ទតារា (Moeu Chandara) សរសេរលើហ្វេសប៊ុកថាការចោទយុវជនទាំង ៣នាក់ ពីបទរួមគំនិតក្បត់ជាតិក្រោមហេតុផលប្រើប្រាស់ "ហិរញ្ញប្បទានភេរវកម្ម" គឺជាការចោទប្រកាន់ធ្ងន់ធ្ងរបំផុតមិនអាចទទួល។ លោកថាការចោទនេះ នឹងក្លាយទៅជាការបន្លាច យុវជនដទៃទៀតមិនឱ្យហ៊ានចេញមុខនិយាយការពិត និយាយពីការបំភ្លេចបំផ្លាញសម្បត្តិធម្មជាតិ និងមិនហ៊ានធ្វើសកម្មភាពទាំងឡាយណាដែលបម្រើប្រយោជន៍សាធារណៈ និងយុត្តិធម៌សង្គម។ លោកសរសេរទៀតថា ការចោទនេះនឹងធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនទាំង៣នាក់ ព្រោះពួកគាត់គឺជាមនុស្សដែលមានសក្ដានុពលក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ បញ្ហាបរិស្ថាន និងប្រយោជន៍ជាតិនានា។ លោកសោកស្ដាយថាក្មេងៗដែលមានទាំងចំណេះដឹង ជំនាញ មានបេះដូងស្រឡាញ់បរិស្ថាន និងមានទឹកចិត្តជួយកិច្ចការងារសង្គមបែរជាជាប់ឈ្មោះជាអ្នកចូលរួមគំនិតក្បត់ជាតិ។ លោកមិនយល់ត្រង់ថាថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែនិយាយពីការលើកទឹកចិត្តឱ្យយុវជនការពារបរិស្ថាន តែដល់យុវជនចូលរួមការពារ បែរជាចាប់ចងពួកគេទៅវិញ។
ម្ចាស់គណនី ឈ្មោះ ឡឺហ្គាល់ឡូត (Le Gal Lout) បង្ហោះសារថា ការការចោទលើសកម្មជនបរិស្ថាន វាហួសហេតុនិងមិនសមទំនង។ លោក សង្កេតឃើញថាពលរដ្ឋខ្មែរបានសម្ដែងការមិនពេញចិត្តលើការចោទប្រកាន់នេះទាល់តែសោះ។ លោកបន្តថាទំនងដោយសារមានប្រតិកម្មពីមហាជនលើសលប់ពេកទើបអាជ្ញាធរទាញរឿងនេះទៅពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រវិញ។ លោកសង្ឃឹមថា ស្ថាប័នព្រះមហាក្សត្រនឹងចេញមុខបដិសេធការចោទប្រកាន់នេះ និងផ្ដល់ការគាំទ្រចំពោះសកម្មជនបរិស្ថាន ព្រោះពួកគេនេះហើយគឺជាកូនចៅរបស់ព្រះអង្គ និងជាអ្នកបន្តវេនក្នុងការជួយបរិស្ថាន និងសង្គមជាតិខ្មែរ។
ឯអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី បានឆ្លៀតឱកាសក្នុងខួបចម្រើនព្រះជន្មព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បង្ហោះសារសុំព្រះអង្គអន្តរាគមន៍ដោះលែងយុវជនបរិស្ថានឱ្យមានសេរីភាពវិញ។ លោកបន្តថា យុវជនទាំងនោះទើបមានអាយុជាង ២០ឆ្នាំប៉ុណ្ណោះ ហើយនឹងអាចការពារធនធានធម្មជាតិ និងបរិស្ថានជូនប្រទេសរបស់ព្រះអង្គបានជាង ៤០ឆ្នាំទៅមុខទៀតយ៉ាងតិច។ លោកបណ្ឌិតអះអាងថា ពួកគេជាចៅទួតដ៏ល្អរបស់ព្រះអង្គ។ សូមព្រះអង្គជួយយុវជនបរិស្ថានទាំងអស់នោះផង។
ទន្ទឹមគ្នានេះ សមាជិកគណៈមេធាវី លោក កង ឫទ្ធិគិរី សរសេរថា គួរឲ្យចង់សើច ដែលបទល្មើសក្បត់ជាតិ ត្រូវបានយកទៅប្រើប្រឆាំងយុវជនធ្វើការតំណាងឲ្យមនសិការសង្គម តែអំពើប្រទូសរដ្ឋាភិបាលនៅកណ្ដាលវាលបែរជាបិទភ្នែកទៀតហើយ។ លោកសរសេរលើហ្វេសប៊ុកពន្យល់ថា បទល្មើសក្បត់ជាតិមិនជាប់ពាក់ព័ន្ធនឹងមូលនិធិភេរវកម្មទេ។ លោកអំពាវនាវទៅមន្ត្រីមួយចំនួនឲ្យធ្វើល្មមបានហើយ ព្រោះយុវជនខ្មែរទាំងនោះ គ្នាគ្មានចេតនាអាក្រក់លើអស់លោកពេកទេ។
ឯអ្នកប្រើហ្វេសប៊ុកឈ្មោះ សម្បូរ ម៉ែក ចំអកថា ពលរដ្ឋខ្មែរឈឺឆ្អាលរឿងប្រទេសមិនបានទេ នឹងត្រូវជាប់ទោសក្បត់ជាតិ តែអ្នកបើកដៃឲ្យយួន (វៀតណាម) រស់នៅខុសច្បាប់ពេញប្រទេស អាហ្នឹងគេហៅថាទោសស្អីវិញទៅ។ ម្ចាស់ហ្វេសប៊ុករូបនេះបន្តថា អត់យល់ទេស្រុករំដួលខ្ញុំ ខុសគេតែឯងមួយហ្នឹង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។