គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ បដិសេធសំណើរបស់ម្ចាស់ និងអ្នកបើកបររថយន្តធុនធ្ងន់។
សំណើទាំងនោះរួមមាន ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩ ទៅ១៥ តោន បន្ថែមលើរថយន្តនៃច្បាប់បានកំណត់។ ស្នើសុំត្រឹមផាកពិន័យ ដោយមិនបាច់ឃាត់ទុករថយន្តមួយឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី២០% ឡើងទៅ និងស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមកឲ្យម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញ ដោយគ្រាន់តែធ្វើការផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនថ្ងៃទី២១ ខែកក្កដា បញ្ជាក់ថា គណៈកម្មាធិការនេះយល់ថា សំណើទាំង៣ចំណុចនេះ ផ្ទុយពីបទប្បញ្ញត្តិមាត្រា២៦ និងមាត្រា៦០ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ដែលមានគោលដៅការពារផ្លូវថ្នល់ និងស្ពានឱ្យគង់វង្ស និងរឹងមាំតាមអាយុកាលបច្ចេកទេស។ គណៈកម្មាធិការនេះជំរុញឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់ឬអ្នកបើកបររថយន្តធុនធ្ងន់ចូលរួមសហការនិងអនុវត្តច្បាប់។
លិខិតឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីម្ចាស់ និងអ្នកបើកបររថយន្តធុនធ្ងន់ កាលពីថ្ងៃទី២០ ខែកក្កដា បានប្រមូលផ្ដុំគ្នាតវ៉ានិងដាក់សំណើ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។