ទាក់ទងនឹងរបរកសិកម្មនៅឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋមួយចំនួនមានជំនឿថា ដំណាំបីមុខ គឺស្រូវ ពោត និងសណ្ដែក នឹងទទួលបានផលច្រើនជាងគេ ក្នុងចំណោមផលដំណាំជាច្រើនផ្សេងទៀត។ ជំនឿនេះពួកគាត់ពឹងផ្អែកតាមព្រះរាជពិធីច្រត់ព្រះនង្គ័លនៅក្នុងខេត្តតាកែវ នៅថ្ងៃទី២២ ឧសភា ដែលគោឧសភរាជ បានបរិភោគស្រូវ ពោត និងសណ្ដែកច្រើនជាងគេ ក្នុងចំណោមអាហារផ្សងប្រផ្នូលទាំង ៧មុខ ដែលដាក់កណ្ដាលវាលព្រះស្រែ។ ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល នៅតែបារម្ភអំពីបញ្ហាអាកាសធាតុ និងបញ្ហាខ្វះទីផ្សារលក់កសិករផល។
ពិធីច្រត់ព្រះនង្គ័ល ដែលព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី យាងចូលរួមជាព្រះរាជអធិបតីនោះ គឺព្រះអង្គ បានព្រះរាជទានឱ្យអភិបាលខេត្តតាកែវ លោក អ៊ូច ភា ធ្វើជាស្ដេចមាឃ និងភរិយារបស់លោក ធ្វើជាមេហួរ ក្នុងព្រះរាជពិធីដែលបានប្រារព្ធឡើងនៅក្នុងកីឡដ្ឋានក្រុងដូនកែវ ខេត្តតាកែវ រយៈពេលជាង ៣ម៉ោង នៅព្រឹកថ្ងៃទី២២ ខែឧសភា។ «»
ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានព្រះមហាក្សត្រយាងចូលរួមជាអធិបតីនេះ គឺជាការផ្សងនូវភោគផលកសិកម្មផង និងជាការប្រកាសប្រាប់ឱ្យកសិករគ្រប់ៗរូបនៅទូទាំងប្រទេសដឹងថា រដូវធ្វើស្រែចម្ការ បានចូលមកដល់ហើយ។ ដូច្នេះត្រូវត្រៀមលក្ខណៈបង្កបង្កើនផលឱ្យបានទាន់ពេល។
តាមលំអានប្រពៃណីនៃព្រះរាជពិធីដែលធ្វើឡើងជារៀងរាល់ឆ្នាំ គឺតែងតែមានការបួងសួងដល់វត្ថុសក្ដិសិទ្ធិជាមុន។ បន្ទាប់មកទើបដល់ពិធីច្រត់ព្រះនង្គ័ល និងធ្វើពិធីផ្សងប្រផ្នូលដែលគេធ្វើឡើងតាមរយៈសកម្មភាពគោឧសភរាជ ដោយភ្ជាប់ទៅនឹងភោគផលកសិកម្មសម្រាប់ចុងឆ្នាំ។ «»
ក្រោយពិធីបួងសួង និងច្រត់ព្រះនង្គ័លចប់កាលណា គេក៏ចាប់ផ្ដើមប្រលែងគោឧសភរាជ ឬគោបា មួយនឹមរបស់ព្រះមហាក្សត្រឱ្យបរិភោគអាហារចំនួន៧មុខ ដែលដាក់លើជើងពានកណ្ដាលវាលព្រះស្រែ មានដូចជាស្រូវ ពោត សណ្ដែក ល្ង ទឹក ស្រា និងស្មៅ ដើម្បីចង់ដឹងប្រផ្នូល ឬទំនាយនៅឆ្នាំនេះ ថាតើមុខដំណាំណាមួយមានផលល្អ និងមានគ្រោះកាចចង្រៃអ្វីខ្លះក្នុងរបរកសិកម្មនៅឆ្នាំថ្មី។
ព្រាហ្មណ៍ព្រះរាជគ្រូ គឺជាមនុស្សសំខាន់ជាងគេ ក្នុងការយល់ដឹងអំពីប្រផ្នូលនៃការផ្សងក្នុងពិធីច្រត់ ព្រះនង្គ័លនេះ។
ក្រោយពីមើលឃើញនូវលទ្ធផលគោឧសភរាជទទួលទានអាហារដែលរៀបចំទុកជាស្រេចនៅកណ្តាលវាលព្រះស្រែនោះ លោកត្រូវទូលថ្វាយព្រះមហាក្សត្រ និងជំរាបជូនមន្ត្រីអ្នកមុខអ្នកការ រួមទាំងប្រជារាស្ត្រនៅខាងក្រោយការបញ្ចប់នៃពិធីច្រត់ព្រះនង្គ័ល។
ផ្អែកតាមលទ្ធផលប្រផ្នូលជំនឿនៃការផ្សងតាមរយៈគោឧសភរាជ គឺវិស័យកសិកម្មឆ្នាំ២០១៩នេះ សណ្ដែក នឹងទទួលបានផលល្អស្មើនឹង ៩០% រីឯស្រូវនិងពោត នឹងទទួលផលប្រមាណ ៨៥%។ «»
ពិធីនេះ មានប្រជារាស្ត្រចូលរួមទស្សនាយ៉ាងច្រើនផងដែរ ប៉ុន្តែកសិករ និងអ្នកធ្វើការក្នុងវិស័យកសិកម្មមួយចំនួនយល់ថា ជាបុណ្យប្រពៃណីមួយ ប៉ុន្តែវាមិនបានជះឥទ្ធិពលដល់សេដ្ឋកិច្ច ឬវិស័យកសិកម្មកម្ពុជាប៉ុន្មានទេ។
ប្រជាកសិករមួយរូប គឺលោក អួន សុផល រៀបរាប់ថា ថ្វីត្បិតគោឧសភរាជ បង្ហាញប្រផ្នូលល្អយ៉ាងណាក្តី ប៉ុន្តែលោកនៅតែបារម្ភរឿងអាកាសធាតុ និងរឿងតម្លៃទីផ្សារកសិផលដដែល។ លោក អំពាវនាវឱ្យក្រសួងកសិកម្មជួយបន្តអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ បង្រៀនប្រជាកសិករពីរបៀបដាំដុះ និងជួយរកទីផ្សារឱ្យបានទូលាយ និងមានតម្លៃខ្ពស់។ «»
ប្រជាពលរដ្ឋឱ្យដឹងថា សព្វថ្ងៃនេះ ប្ករភាគច្រើន ហាក់អស់សង្ឃឹមទៅលើការធ្វើកសិកម្ម។ យុវជនពេញកម្លាំងភាគច្រើន នាំគ្នាចាកចោលភូមិស្រុកទៅធ្វើចំណាកស្រុកទាំងនៅទីក្រុង និងក្រៅ ប្រទេស។ ចំណែកអ្នកដែលបន្តធ្វើកសិកម្មគឺភាគច្រើនជាមនុស្សចាស់ដែលគ្មានជម្រើសសម្រាប់រកការងារខាងក្រៅ។
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន មានប្រសាសន៍ថា ការផ្សង ប្រផ្នូលក្នុងពិធីច្រត់ព្រះនង្គ័លនេះ គឺមានប្រសិទ្ធភាពកាលពីសម័យបុរាណ ដោយសារតែមាន អំណោយផលល្អទាំងអាកាសធាតុ និងការដាំដុះសម្រាប់វិស័យកសិកម្ម ប៉ុន្តែក្នុងពេលបច្ចុប្បន្នគឺ មានបញ្ហាអាកាសធាតុប្រែប្រួល ហើយការដាំដុះទាមទារឱ្យមានជំនាញបច្ចេកទេសខ្លាំងថែមទៀត។ លោកបន្តថា ដើម្បីឱ្យការផ្សងប្រផ្នូលនេះ បានជោគជ័យគឺទាមទារឱ្យប្រជាកសិករនិងមន្ត្រីរាជការ សាធារណៈ ត្រូវតែបំពេញការងារឱ្យកាន់តែខ្លាំងបន្ថែមទៀត ដូចជា ការកសាងប្រព័ន្ធធារាសាស្ត្រ ឬកន្លែងស្តុកទឹកសម្រាប់ស្រោចស្រពផលដំណាំ និងមានបច្ចេកទេសដាំដុះនិងវេច្ចខ្ចប់ជាដើម។ «»
លោក ថេង សាវឿន បន្ថែមថា រដ្ឋាភិបាលគួរតែខិតខំរក្សាទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប និងប្រទេសធំៗ ផ្សេងៗ ទៀត ដើម្បីពង្រីកទីផ្សារកសិកម្មជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានទឹកចិត្តក្នុងការផលិត។ «»
ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើឡើងនៅខេត្តតាកែវឆ្នាំនេះ មានរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហាស់ សារ៉េត ជាអ្នកកាន់នង្គ័លទី១។ អភិបាលខេត្តតាកែវ លោក អ៊ូច ភា ជាស្ដេចមាឃ ជាអ្នកកាន់នង្គ័លទី២ និងភរិយារបស់លោក ជាមេហួរ ដើរបាចគ្រាប់ស្រូវ។ចំណែកទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល គឺ លោក ម៉ែន វុទ្ធី ជាអ្នកកាន់នង្គ័លទី៣។
ពិធីច្រត់ព្រះនង្គ័លនេះ ក៏មានការចូលរួមពីប្រធានរដ្ឋសភា លោក ហេង សំរិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងមន្ត្រីជាន់ខ្ពស់នៅក្នុងរបបលោក ហ៊ុន សែន ជាច្រើននាក់ទៀត ព្រមទាំង មន្ត្រីទូតរបស់ប្រទេសនានាផងដែរ។
កាលពីឆ្នាំ២០១៨ កន្លងទៅ ពិធីច្រត់ព្រះនង្គ័លដែលបានប្រារព្ធឡើងនៅឯខេត្តស្វាយរៀង គឺគោឧសភរាជ ក៏បានបរិភោគគ្រាប់ស្រូវ ពោត និងសណ្ដែកច្រើនជាងគេដែរ ប៉ុន្តែតម្លៃកសិករផលទាំងបីប្រភេទ ជាពិសេស ស្រូវ បានចោទជាបញ្ហាយ៉ាងខ្លាំង រហូតដល់មានពលរដ្ឋត្អូញត្អែរតវ៉ាគ្រប់ទីកន្លែង ឱ្យរបបក្រុងភ្នំពេញជួយរកទីផ្សារ ខណៈតម្លៃបានធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ដែលមិនអាចបានផលចំណេញគ្រាន់ចិញ្ចឹមជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។